លោកនាយរដ្ឋមន្រ្តី បានកំណត់ឱ្យអគ្គស្នងការនគរបាលជាតិ ពង្រឹងការពិនិត្យជាតិអាល់កុលបន្ថែមទៀត នៅតាមដងផ្លូវ និងបញ្ឈប់ការយកមនុស្ស ឬតម្រូវឱ្យពិធីករ-ពិធីការិនីទៅគាស់ស្រាបៀរលើឆាកប្រគុំតន្រ្តី។ 

ការថ្លែងដូចនេះនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក​​ន្ល​​ង​ទៅ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាចរាចរណ៍ដែលបានកើតឡើងដោយសារគ្រឿងស្រវឹងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះជារឿងដែលមិនគួរកើតមានទេជាក់ស្តែងដូចករណីដែលបានបុកមនុស្សស្លា​​ប់ និងរងរបួសជាច្រើននាក់នៅស្ពានឫស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោ​យ​​​សារតែគ្រឿងស្រវឹង។

លោកបន្តថា៖«បណ្តាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ គប្បីត្រូវមានកម្រិតដោយមិនត្រូវឱ្យពិធីករ ពិធីការិនី ឬប្រជាពលរដ្ឋ ជាពិសេសគឺយុវជន-យុវនារី គាស់កំប៉ុងភ្លក់ស្រាបៀដែលកំពុងមានការឡាយ ក្នុងកម្មវិធីអ្វីនោះឡើយ ខណៈរូបភាពដែលបង្ហាញពីយុវជនឱ្យមានការភ្លក់ស្រាបៀនៅលើប្រព័ន្ធផ្សព្វផ្សាយទៅកាន់មហាជននោះ វាជះឥទ្ធិពលអាក្រក់ដល់សង្គមទាំងមូល»។

លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាប័នដែលមានសមត្ថកិច្ចត្រូវតែអនុវត្តន៍ និងពិនិត្យជាតិអាល់កុលចំពោះអ្នកបើកបរតាមដងផ្លូវបន្ថែមទៀត ឱ្យបានតឹងរឹងចាប់ពីពេលនេះទៅ។

លោកបន្តថា៖ «ខ្ញុំសុំឱ្យឯកឧត្តម ស ថេត ពង្រឹងឡើងវិញនូវការត្រួតពិនិត្យជាតិអាកុល[…]បួននាក់ថ្ងៃមុនសុទ្ធតែជាអ្នកខំប្រឹងរៀន អ្នកខ្លះគ្រួសារក្រីក្រ អណាគត់វែងឆ្ងាយ យើងសង្វែកណាស់ ហើយគ្រោះថ្នាក់ធំរបស់យើ​​ងឥឡូវ គឺរឿងគ្រោះថ្នាក់ចរាចណ៍ហ្នឹងឯង ស្លាប់ច្រើជាងគ្រាប់បែក គ្រាប់មីនទាំងអស់ អញ្ជឹងសូមពិនិត្យ​​មើ​​ល ជាពិសេសអនុវត្តនូវវិធានច្បាប់ដែលយើងមានហើយ »។

​តួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បានព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ គ្រប់ភាគីពាក់ព័ន្ធមិនបាន​បង្កើនសកម្មភាព ជាពិសេសការ​គោរព និង​អនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះទេ អត្រាអ្នកស្លាប់​នឹង​បន្តកើនឡើង​លើស​ពី​២ ០០០នាក់​ក្នុងមួយឆ្នាំ​ពុំខាន។

ដោយឡែក លោក គីម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រាប់ Newsroom Cambodia ថា លោកគាំទ្រចំពោះវិធានការ និងសកម្មភាពរបស់រដ្ឋាភិបាល ពិសេសកងកម្លាំងនគរបាលចររាចរ ក្នុងការត្រួ​​ត​ពិនិត្យ និងអនុវត្តច្បាប់។

លោកលើកឡើងថា៖ «គ្រោះថ្នាក់ចរាចរណ៍មានមូលហេតុច្រើន អញ្ជឹងគ្រឿងស្រវឹងនេះ ជាមូលហេតុមួយក្នុងមូលហេតុផ្សេងទៀត ​មានទាក់ទងជាមួយនឹងល្បឿន ការនិយាយទូរស័ព្ទក្នុងពេលបើកបរ ការមិនពាក់មួកសុ​​វត្ថិភាពជាដើម »។

ក្នុងនាមស្ថាប័នដែលគាំពារការអនុវត្តច្បាប់ លោក គីម បញ្ញា ស្នើឱ្យនគរបាលចរាចរណ៍ត្រួតពិនិត្យអនុវត្តច្បា​​ប់​ឱ្យបានម៉ឹងម៉ាត់ និងជាប់លាប់ជាពិសេសពេលយ​ប់ គឺផ្តោតលើជាតិអាកុល ឬគ្រឿងស្រវឹងជាចម្បង។ជា​​ង​នេះទៀតការអនុវត្តច្បាប់ដោយនគបាលចរាចរណ៍ផ្លូវគោកត្រួតពិនិត្យឱ្យបានត្រឹមត្រូវដោយគ្មានការអនុ​​គ្រោះ​ ទាក់ទងគ្រឿងស្រវឹង ហើយត្រូវមានច្បាប់ឬគោលនយោបា​​យ​គ្រប់គ្រង ឬត្រួតពិនិត្យ។

លោកបន្តថា៖ « មិនត្រឹមតែការផ្សព្វផ្សាយពាណិជ្ជកម្មទេ តែការលក់ដូ អាយុដែរអាចទិញបានអាហ្នឹងក៏យើងត្រូវតែគ្រប់គ្រងដែរ[…]យើងចាំបាច់ត្រូវមានច្បាប់ ឬគោលនយោបាយត្រួតពិនិត្យ គ្រប់គ្រងគ្រឿងស្រវឹងហ្នឹង បន្ថែមពីលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ដែលមានជាធរមាន »។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន លើកឡើងថាកន្លងមកក៏មានការត្រួតពិនិត្យជា​​តិ​អាកុលនេះដែរ។ 

លោកបន្តថា៖ « មានផែនការរួចស្រេចទៅហើយទាក់ទងនឹងការត្រួតពិនិត្យអាល់កុលនៅតាមដងផ្លូវនេះ​ ប៉ុន្តែក្រោយពីការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីមកយើងនឹងពង្រឹងបន្ថែមទៀត​ឱ្យបានតឹងរឹងបំផុត ចំ​​ណែកការផ្សាយមិនមែនជាសមត្ថកិច្ច មិនចេះតែធ្វើអ្វីគេបានទេ […] បើមានច្បាប់ថាគាស់ស្រាមានច្បាប់កាត់ទោស អីចឹងបានប៉ូលីសមានសិទ្ធិទៅធ្វើបាទ »

ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លើកឡើងថា ក្នុងរយៈពេញមួយឆ្នាំ ២០២៣ មានជនរងគ្រោះជាង១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ ចំណែកមូលហេតុបណ្ដាលឱ្យកើ​​ត​មានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ 

លោករដ្ឋមន្ត្រីរូបនេះបន្ថែមថា៖«ក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស  ឬស្លាប់។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុ​​​ណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ  គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែ​​ងឱ្យអ្នកជាដាច់ខាត »។

របាយការណ៍របស់ក្រសួងមហាផ្ទៃដែលចេញកាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៤ បានឱ្យដឹងថា​ គ្រោះថ្នាក់ចរា​​ច​​​​រណ៍ដែលកើតឡើង​​​​នៅឆ្នាំ២០២៣ មា​​ន​ជាង៤ពាន់ករណី(៤ ៥១៥) ដែលអត្រានេះមានការ​កើនឡើង​​ជា​​ង​ឆ្នាំ២០២២ ដែល​​មានប្រមាណ៤ពាន់ករណី(៤ ០២៦)។ចំណែក អត្រា​​អ្នកស្លាប់​ដោយសារគ្រោះថ្នាក់ចរា​​ច​រណ៍វិញ មាន​ជាង១ពាន់នាក់(១ ៥៩០)។តួលេខនេះមានការថយចុះ៧ភាគរយ បើធៀបក្នុងរយៈពេ​​ល​​​​ដូច​​គ្នាកាលពីឆ្នាំ២០២២ ដែលមានប្រមាណ១ពាន់នាក់(១ ៧០៩)៕