អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្សស្នើឱ្យតុលាការជាន់ទាប់ពន្លឿននីតិវិធីតាមផ្លូវច្បាប់ឱ្យបានឆាប់ នៅចំពេលស្ថាប័នដែលគេជឿថាអាចស្វែងរកយុត្តិធម៌មួយនេះបើកផ្លូវឱ្យមានការស៊ើបក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅម្តុំស្ពានឫស្សីកែវ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត លើកឡើងនៅថ្ងៃទី២៤ មករា នេះថាសាលាដំបូងរាជធានីភ្នំពេញ គួរជំរុញការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យបានឆាប់ ប្រយោជន៍ដើម្បីឱ្យជនរងគ្រោះទទួលបាននូវយុត្តិធម៌។
លោកបន្តថា៖ «ជនរងគ្រោះគាត់រង់ចាំភាពយុត្តិធម៌ដោយអន្តះសារ អ៊ីចឹងតុលាការចៅក្រមស៊ើបសួរគួរតែពន្លឿននីតិវិធីក្នុងការស៊ើបអង្កេតហ្នឹងដើម្បីដាក់ទៅជំនុំជម្រះឱ្យបានឆាប់ »។
បើតាម លោក អំ សំអាត ក៏ស្នើឱ្យលុបបំបាត់ចោលនូវវប្បធម៌នៃកិច្ចអន្តរាគមន៍ដោះលែងជនល្មើស និងការមិនពង្រឹងការអនុវត្តច្បាប់ ដោយលោកយល់ឃើញថា ទាំងនេះជាគំរូមិនល្អនៅក្នុងសង្គម ហើយក៏ជាដើមហេតុដែលនាំឱ្យមានសកម្មភាពនៃគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនឈប់ឈរដែរ។
លោកបន្តថា៖«វាល្មមលុបបំបាត់ចោលនូវវប្បធម៌នៃកិច្ចអន្តរាគមន៍។ អ៊ីចឹងពីដើមមក គ្រោះថ្នាក់ចរាចរណ៍ដែលវាធ្វើឱ្យអយុត្តិធម៌សម្រាប់ជនរងគ្រោះហ្នឹងគឺវប្បធម៌នៃការអន្តរាគមន៍ និងការមិនពង្រឹងក្នុងការអនុវត្តច្បាប់។ បានន័យថារឿងខ្លះអន្តរាគមន៍ទៅមនុស្សរួចខ្លួនមិនជាប់គុក។ ទី២ ទោះបីជាចាប់បានហើយ មនុស្សរួចខ្លួនទៅទៀត។ អាហ្នឹងវាសុទ្ធតែវប្បធម៌អាក្រក់ដែលបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍ហ្នឹងវានៅតែបន្តអ៊ីចឹង»។
ការលើកឡើងដូចនេះ របស់មន្រ្តីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនេះ នៅចំពេលដែលតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ មករា បានសម្រេចបើកការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌនេះ ក្រោយចោទប្រកាន់អ្នកបង្កពីបទ«បើកបរដោយធ្វេសប្រហែស »។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថាតុលាការសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ភេទប្រុស ក្រោមបទចោទប្រកាន់ «បើកបរដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ»។ក្រោយកើតហេតុរបាយការណ៍ដែលចេញដោយនគរបាល បានបង្ហាញថា ជនសង្ស័យជាមន្រ្តីក្នុងក្របខណ្ឌរដ្ឋ បម្រើការនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០.៥៤Mg ឬ០.៥៤មីលីក្រាមក្នុងមួយលីត្រខ្យល់។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃសៅរ៍ទី២០ ខែមករា បានផ្តាច់ជីវិតមនុស្ស៤នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងពេលអ្នកផ្សេងទៀតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមដែរ។
អ្នកស្រី ង៉ែត ស្រីរ័ត្ន ជាបងស្រីរបស់ កញ្ញា ង៉ែត ស្រីម៉ៅ ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានប្រាប់ Newsroom Cambodia ថាខ្លួនមិនសូវសង្ឃឹមលើតុលាការដែលអាចផ្តន្ទាទោសជនបង្ករតាមការចង់បានរបស់សាច់ញាតិ ឱ្យសមទៅតាមស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តនោះទេ។ប្រភពបន្តថា ការបាត់បង់ជំនឿចិត្តនេះ ព្រោះលុយគឺសឹងតែជាអាជ្ញាកណ្តាលទៅហើយ សម្រាប់ការស្វែងរកយុត្តិធម៌។
អ្នកស្រីបន្តថា៖ «បើអារម្មណ៍ខ្ញុំតាមត្រង់ បើសង្ឃឹមថាគាត់[ជនបង្ករ]ទទួលបានទោសកម្រិតធ្ងន់ខ្ញុំអត់សូវសង្ឃឹមទេបង ដោយសារពួកគាត់ឮរាងអ្នកមានមុខមានមាត់ដែរអ៊ីចឹងបង។ សង្គមបច្ចុប្បន្នអាចនិយាយបានថាឥឡូវលុយសឹងតែជាអាជ្ញាកណ្ដាល ដូចពួកខ្ញុំអ្នកអត់ទ្រព្យធនអ៊ីចឹងពិបាកក្នុងការដោះស្រាយរឿងអីបានយុត្តិធម៌ស្មើភាព»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព លោក យង់ គិមអេង យល់ឃើញថា ការយឺតយ៉ាវក្នុងការស៊ើបអង្កេតនេះវាក៏ជាផ្នែកមួយនៃអំពើនិទណ្ឌភាព ដែលជនរងគ្រោះមិនទទួលបាននូវយុត្តិធម៌មួយដែលពិតប្រាកដ ហើយវាអាចបង្កឱ្យបាត់បង់ជំនឿចិត្តលើសមត្ថកិច្ច និងនាំមកនូវសោកនាដកម្មផ្សេងទៀត។
លោកបន្តថា៖«ប្រសិនជាមានការយឺតយ៉ាវមិនព្រមស៊ើបអង្កេត មិនព្រមផ្ដល់យុត្តិធម៌ពេញលេញទេ ទី១គេបាត់បង់ជំនឿលើស្ថាប័នរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចរបស់យើងជួនកាលធ្វើឱ្យប្រជាពលរដ្ឋហ្នឹងចេញរកយុត្តិធម៌ដោយខ្លួនឯងតាមរយៈមធ្យបាយផ្សេងៗដែលកន្លងមកឃើញហើយ ឱ្យតែអ្នកបើកបុកបង្កគ្រោះថ្នាក់ចរាចរណ៍ទៅវ៉ៃអ្នកបង្កដែលជាបង្កើតសោកនាដកម្មមួយថែមទៀតទៅ »។
បន្ថែមពីលើនេះ លោក យង់ គិមអេង ក៏អំពាវនាវឱ្យតុលាការដាក់ទោសជនបង្កតាមច្បាប់ និងផ្ដល់សំណងដល់គ្រួសារជនរងគ្រោះតាមការទាមទាររបស់ពួកគេដែរ។
លោកបន្តថា៖«សូមឱ្យតុលាការហ្នឹងគឺដាក់ទោសទណ្ឌទៅតាមច្បាប់ហើយក៏ រួមទាំងការដោះស្រាយសំណងរដ្ឋប្បវេណីដល់ក្រុមគ្រួសារជនរងគ្រោះដែរ។ ព្រោះថាពួកគាត់មិនដឹងថាបានអីមកវិញទេគ្រាន់តែបានតែសំណង»។
ប្រភពដដែលបន្តថា ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋកុំបើបរពេលស្រវឹង និងស្នើឱ្យក្រសួងមហាផ្ទៃរឹតបន្តឹងការត្រួតពិនិត្យជាតិអាល់កុលកុំឱ្យមានអ្នកបើកបរក្រោមឥទ្ធិពលស្រវឹងតទៅទៀត ហើយលោកថាបើគ្មានវិធានការទេ ការបាត់បង់ជីវិតពលរដ្ឋនឹងមានកាន់តែច្រើន។
កម្ពុជាត្រូវគេមើលឃើញថា បានបរាជ័យក្នុងការផ្តួចផ្តើមនាំឱ្យមានច្បាប់ស្តីពីការគ្រប់គ្រងគ្រវឹង។ក្រុមអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថា ច្បាប់នេះប្រសិនបើមាននឹងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍បានក្នុងកម្រិតមួយដែលខ្ពស់។សេចក្តីព្រាងច្បាប់នេះត្រូវជាប់គាំងអស់រយៈពេលជាច្រើន មុននឹងបញ្ជូនដល់ដៃគណៈរដ្ឋមន្រ្តី តែត្រូវរំលាយទៅវិញ។
អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ធ្លាប់ឆ្លើយនៅចំពោះមុខឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ តាមរយៈការចុះផ្សាយរបស់សំឡេងប្រជាធិបតេយ្យ វីអូឌី ដោយលោក ពេជ្រ ស្រស់ អះអាងថាសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងនេះ ក្រសួងសម្រេចលុបចោលទៅវិញ ហើយផ្នែកខ្លះនៃសេចក្តីព្រាងនេះ ត្រូវដាក់បញ្ចូលទៅក្នុងច្បាប់មួយទៀត របស់ក្រសួងពាណិជ្ជកម្ម៕