សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ ទាមទារឱ្យភាគីសណ្ឋាគារ គោរពតាមកិច្ចព្រមព្រៀងនាពេលកន្លងមក និងចុះហត្ថលេខាលើអនុសញ្ញារួម ដែលភាគីទាំងពីរបានពិភាក្សា។
យោងតាមសេចក្តីជូនដំណឹងដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សហជីពសាមគ្គីឯករាជ្យ នៃសណ្ឋាគារសូហ្វីតែលភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ លើកឡើងថាក្រោយពីមានការផ្សះផ្សានៅនាយកដ្ឋានវិវាទការងារចំនួន ២លើករួចមក គឺថ្ងៃទី១៧ និងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ភាគីសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា គ្មានចេតនាចុះហត្ថលេខាលើអនុសញ្ញារួម ដើម្បីផ្តល់ប្រយោជន៍ជូនបុគ្គលិកទេ។
សហជីពនេះបន្តថា៖«ភាគីសណ្ឋាគារតែងតែគេចវេស និងពន្យាពេលរហូត។ តាមការឯកភាពគ្នាផលប្រយោជន៍ដែលបានចរចារួចមាននៅក្នុងកំណត់ហេតុ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ សណ្ឋាគារយល់ព្រម អនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៣ ប៉ុន្តែមកដល់ពេលនេះភាគីសណ្ឋាគារពុំបានអនុវត្តទេ ដោយភាគីសណ្ឋាគារទាមទារលើកពេលអនុវត្តរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ វិញ ដែលជាហេតុធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់បុគ្គលិក»។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍នៅកម្ពុជា លោក ទូច កុសល លើកឡើងថា ការគេចវេស និងពន្យាពេលផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកនេះ បានធ្វើឱ្យបុគ្គលិកខាតបង់នូវផលប្រយោជន៍រយៈពេល ៥ខែ បើគិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។
លោកបន្តថា៖«ខាងសណ្ឋាគារសុំអនុវត្តត្រឹមខែកុម្ភៈនេះវិញ អញ្ចឹងបើអនុវត្តពីខែកុម្ភៈ ២០២៤ទៅ វាធ្វើឱ្យបាត់បង់ផលប្រយោជន៍ដែលមានដូចជា ថ្លៃទឹកដោះគោស្រ្តី លំហែមាតុភាព ប្រាក់ធនានុគ្រោះ ការបម្លែងវេនរបស់កម្មករនិយោជិតក្នុងមួយថ្ងៃ២$ ដូចជាប្រាក់ឈ្នួលដំឡើងឱ្យកម្មករ១០$ ជាដើម ត្រូវបាត់បង់ផលប្រយោជន៍ក្នុងរយៈពេល៥ខែ»។
លោក ទូច កុសល បន្ថែមថា ក្រៅពីការពន្យាពេលនេះ ភាគីសណ្ឋាគារ ក៏មិនព្រមចុះហត្ថលេខាលើអនុសញ្ញារួមថែមទៀតផង ខណៈអនុសញ្ញារួមនេះ មានលក្ខណៈល្អប្រសើរជាងច្បាប់ និងមានផលចំណេញទាំងនិយោជក និងកម្មករនិយោជិត ព្រោះរាល់ការចង់បាននៅក្នុងអនុសញ្ញារួមគឺទាមទារឱ្យមានការព្រមព្រៀង និងមិនអាចបំពានគ្នាបាន។
លោកបន្ថែមថា៖«បើសិនខាងសណ្ឋាគារព្រមផ្តល់សំណងជូនកម្មកររយៈពេល ៥ខែនោះអាចបញ្ចប់វាទៅ ហើយធ្វើកំណត់ហេតុបញ្ជូនទៅក្រសួងការងារ ហើយសុំដកពាក្យបណ្តឹងហ្នឹងមកវាចប់ហើយ ប៉ុន្តែបើមិនព្រមទេមានតែធ្វើតាមនីតិវិធី»។
ស្រដៀងគ្នានេះ ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោក ផាត់ សារួន ឱ្យដឹងថា សហជីពទាមទារឱ្យសណ្ឋាគារសងអត្ថប្រយោជន៍ និងចុះហត្ថលេខាលើអនុសញ្ញារួម ព្រោះសណ្ឋាគារមិនមានឆន្ទៈផ្តល់ជូនកម្មករទេ។
លោកបន្តថា៖«ឥឡូវសំណុំរឿងនេះនៅក្រសួងការងារនៅឡើយ ដោយបញ្ហានេះជាវិវាទរួម ដូចនេះ ក្រសួងការងារនឹងបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលជាអ្នកសម្រេច ចំពោះរឿងបន្ទាប់ពីការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ខ្ញុំមិនទាន់ដឹងទេ ព្រោះនោះជាការសម្រេចរបស់កម្មករថានឹងធ្វើអ្វីបន្តទៀត»។
លោកក៏បានស្នើឱ្យក្រសួងការងារ ជួយដោះស្រាយករណីនេះ និងឆាប់បញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាពិសេសលោកស្នើឱ្យសណ្ឋាគារចុះហត្ថលេខាលើអនុសញ្ញារួម ដើម្បីឱ្យបុគ្គលិកទទួលបានអត្ថប្រយោជន៍ និងជៀសវាងការពន្យារពេលកាន់តែយូរដែលធ្វើឱ្យបាត់បង់អត្ថប្រយោជន៍កាន់តែច្រើន។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថាក្រសួងការងារ បានទទួលពាក្យបណ្តឹងនេះ និងកំពុងចាត់ការតាមនីតិវីធី ។
លោកថ្លែងថា៖«ក្រសួងនឹងធ្វើការពន្យល់ភាគីពាក់ព័ន្ធឱ្យយល់ពីនីតិវិធី នៃការបង្កើតអនុសញ្ញារួម និងសម្របសម្រួលលើករណីនេះតាមច្បាប់ការងារ […] ចំពោះករណីខាងលើនេះអនុសញ្ញារួមមិនទាន់ចុះបញ្ជីនៅក្រសួងការងារនៅឡើយ»។
លោកបានបន្តថា ជាគោលការណ៍ច្បាប់ អនុសញ្ញារួមជាកិច្ចព្រមព្រៀងរវាងភាគីនិយោជក និងសហជីពដែលជាតំណាងកម្មករនិយោជិត ហើយក៏ពុំមានភាគីណាអាចបង្ខំ ឬដាក់សម្ពាធលើភាគីម្ខាងទៀតឱ្យចុះហត្ថលេខាបានទេ។ លោកបន្ថែមថា ក្នុងករណីអនុសញ្ញារួមត្រូវបានចុះហត្ថលេខារួចហើយ អនុសញ្ញារួមនោះត្រូវយកមកចុះបញ្ជីការនៅក្រសួងការងារសិន ទើបមានសុពលភាពអនុវត្ត។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី លោក ហេង សៀកឆេង ប្រធានផ្នែកធនធានមនុស្ស នៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា បានទេ ដោយលោកថាជាប់ប្រជុំ។
លោកមានប្រសាសន៍ថា៖«ខ្ញុំឥលូវកំពុងតែស្ថិតនៅការប្រជុំ ខ្ញុំកំពុងប្រជុំ ខ្ញុំអត់ទាន់ប្រាកដព្រោះប្រជុំនេះប្រជុំរាងយូរ ចាំខ្ញុំឱ្យដំណឹងតាមក្រោយ»។
យោងតាមកំណត់ហេតុស្តីពីការសម្របសម្រួល រវាងសហជីពកម្មករនិយោជិត និងសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តំណាងភាគីនិយោជក បានបញ្ជាក់ថា ប្រសិនបើមានការឯកភាពគ្នាក្នុងការចុះអនុសញ្ញារួមនោះ សណ្ឋាគារនឹងចាប់ផ្តើមអនុវត្តលើអនុសញ្ញារួម ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយសារកន្លងមកភាគីសហជីពបានទាមទារឱ្យភាគីសណ្ឋាគារកាត់សេវាភ្នាក់ងារពីកម្មករនិយោជិត ដែលមិនមែនជាសមាជិកសហជីពជារៀងរាល់ខែដូចសមាជិកសហជីពដែរ។
នៅក្នុងកំណត់ហេតុដដែល បានសរសេរថា ដើម្បីឆ្លើយតបតាមការលើកឡើងរវាងសហជីព និងសណ្ឋាគារនេះ ប្រធានអង្គប្រជុំលើកទឹកចិត្តឱ្យភាគីទាំងពីរ ចរចាផ្ទៃក្នុងបន្តទៀតកម្រិតថ្នាក់សហគ្រាសដើម្បីផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក ដោយអនុលោមតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងបទបញ្ញត្តិផ្សេងៗជាមូលដ្ឋានសម្រាប់ការពិភាក្សាដោយសន្តិវិធី៕