សហជីព​កម្មករ​និយោជិត​វិស័យ​ទេស​ចរណ៍​ នៃ​​សណ្ឋាគារសូហ្វីតែល ភ្នំពេញ ទាម​ទារ​ឱ្យភាគីសណ្ឋា​គារ ​គោរព​តាម​កិច្ចព្រមព្រៀងនាពេល​កន្លង​មក និងចុះហត្ថលេខាលើអនុសញ្ញារួម ដែលភាគីទាំងពីរបានពិភាក្សា​។ ​

យោងតាមសេចក្តីជូនដំណឹងដែលបានផ្សព្វផ្សាយ​​នៅលើ​ទំព័រហ្វេសប៊ុករបស់​សហជីពសាមគ្គីឯករាជ្យ នៃ​សណ្ឋាគារសូហ្វីតែលភ្នំពេញ នៅ​ថ្ងៃទី២៦ ​ខែមករា ឆ្នាំ២០២៤​នេះ លើកឡើង​​ថាក្រោយ​​ពីមាន​​ការផ្សះផ្សានៅនាយកដ្ឋានវិវាទការងារចំនួន ២លើករួចមក គឺថ្ងៃទី១៧ និងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ភាគីសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា គ្មានចេតនា​ចុះហត្ថលេខាលើអនុសញ្ញារួម ដើម្បីផ្តល់ប្រយោជន៍ជូនបុគ្គលិកទេ។

សហជីពនេះ​បន្ត​ថា៖«ភាគីសណ្ឋាគារតែងតែគេចវេស និងពន្យាពេលរហូត។ តាមការឯកភាពគ្នាផល​ប្រយោជន៍ដែលបានចរចារួចមាននៅក្នុងកំណត់ហេតុ កាលពីថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៣ សណ្ឋាគារយល់ព្រម អនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៣ ប៉ុន្តែមកដល់ពេលនេះភាគីសណ្ឋាគារពុំបានអនុវត្តទេ ដោយភាគីសណ្ឋាគារទាមទារលើកពេល​អនុវត្តរហូត​ដល់​ខែកុម្ភៈ ឆ្នាំ២​០២៤ វិញ ដែលជាហេតុធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់បុគ្គលិក​»។

ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍នៅកម្ពុជា លោក ទូច កុសល លើកឡើងថា ការគេចវេស​ និងពន្យាពេល​ផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកនេះ បានធ្វើឱ្យបុគ្គលិក​ខាតបង់នូវផលប្រយោជន៍​​​រយៈពេល ៥ខែ បើគិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបន្តថា៖«ខាងសណ្ឋាគារសុំអនុវត្តត្រឹមខែកុម្ភៈនេះវិញ អញ្ចឹង​បើអនុវត្តពីខែកុម្ភៈ ២០២៤ទៅ វាធ្វើ​ឱ្យបាត់បង់​ផលប្រយោជន៍​ដែលមានដូចជា ថ្លៃទឹកដោះគោស្រ្តី លំហែមាតុភាព ប្រាក់​ធនានុគ្រោះ ការបម្លែង​វេនរបស់កម្មករនិយោជិតក្នុងមួយ​ថ្ងៃ២$ ដូចជា​ប្រាក់ឈ្នួលដំឡើងឱ្យកម្មករ១០$ ជាដើម ត្រូវបាត់បង់ផលប្រយោជន៍ក្នុងរយៈពេល៥ខែ»។

លោក ទូច កុសល បន្ថែមថា ក្រៅពីការ​ពន្យាពេលនេះ ភាគីសណ្ឋាគារ ក៏​មិនព្រមចុះហត្ថលេខាលើអនុសញ្ញារួមថែមទៀតផង ខណៈ​អនុ​សញ្ញា​រួម​នេះ ​មានលក្ខណៈល្អ​ប្រសើរជាងច្បាប់ និងមាន​ផល​ចំណេញ​ទាំង​និយោជក និង​កម្មករ​និយោជិត ព្រោះរាល់ការចង់បាននៅក្នុងអនុសញ្ញារួមគឺទាមទារឱ្យមានការព្រមព្រៀង និងមិនអាចបំពានគ្នាបាន។

លោកបន្ថែមថា៖«បើសិន​ខាង​សណ្ឋាគារ​ព្រម​ផ្តល់​សំណង​ជូនកម្មកររយៈពេល ៥ខែនោះ​អាចបញ្ចប់​​​វាទៅ ហើយ​ធ្វើកំណត់​ហេតុបញ្ជូនទៅក្រសួងការងារ ហើយសុំដកពាក្យបណ្តឹងហ្នឹងមកវាចប់ហើយ ប៉ុន្តែបើមិនព្រមទេមានតែធ្វើតាមនីតិវិធី»។

ស្រដៀងគ្នានេះ ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃសណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូគីត្រា លោក ផាត់ សារួន ឱ្យដឹងថា សហជីពទាមទារឱ្យសណ្ឋាគារសងអត្ថប្រយោជន៍ និង​ចុះហត្ថលេខាលើអនុសញ្ញារួម ព្រោះសណ្ឋាគារមិនមានឆន្ទៈផ្តល់ជូនកម្មករទេ។

លោកបន្ត​ថា៖«ឥឡូវសំណុំរឿងនេះ​​នៅក្រសួងការងារនៅឡើយ ដោយបញ្ហានេះជាវិវាទរួម ដូចនេះ ក្រសួងការងារនឹងបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល​ជាអ្នកសម្រេច ចំពោះរឿងបន្ទាប់ពីការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ខ្ញុំមិនទាន់ដឹងទេ ព្រោះនោះជាការសម្រេចរបស់កម្មករថានឹងធ្វើអ្វីបន្តទៀត»។

លោកក៏បានស្នើឱ្យ​​ក្រសួងការងារ ជួយដោះស្រាយករណីនេះ​ និងឆាប់បញ្ជូនទៅក្រុមប្រឹក្សាអាជ្ញា​កណ្តាល ជាពិសេសលោកស្នើឱ្យ​សណ្ឋាគារចុះហត្ថលេខាលើអនុសញ្ញារួម ដើម្បី​ឱ្យ​បុគ្គលិក​​ទទួលបានអត្ថប្រយោជន៍ និង​ជៀសវាង​ការពន្យារពេលកាន់តែយូរដែលធ្វើឱ្យបាត់បង់អត្ថប្រយោជន៍កាន់តែច្រើន។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍​ថា​ក្រសួង​ការងារ បានទទួលពាក្យបណ្តឹងនេះ និងកំពុងចាត់ការតាមនីតិវីធី ។

លោកថ្លែងថា៖«ក្រសួងនឹងធ្វើការពន្យល់ភាគីពាក់ព័ន្ធឱ្យយល់ពីនីតិវិធី ​នៃការបង្កើតអនុសញ្ញារួម និង​សម្របសម្រួលលើករណីនេះតាមច្បាប់ការងារ […] ចំពោះករណីខាងលើនេះ​អនុសញ្ញារួមមិនទាន់ចុះបញ្ជីនៅក្រសួងការងារនៅឡើយ»។

លោកបាន​បន្តថា ជាគោលការណ៍ច្បាប់ អនុសញ្ញារួមជាកិច្ចព្រមព្រៀងរវាងភាគីនិយោជក និងសហជីពដែលជាតំណាងកម្មករនិយោជិត ហើយក៏​ពុំមានភាគីណាអាចបង្ខំ ឬដាក់សម្ពាធលើភាគីម្ខាងទៀត​ឱ្យចុះហត្ថលេខាបានទេ។ លោកបន្ថែមថា ក្នុងករណីអនុសញ្ញារួមត្រូវបានចុះហត្ថលេខា​រួចហើយ អនុសញ្ញារួមនោះត្រូវយកមកចុះបញ្ជីការនៅក្រសួងការងារសិន ទើប​មានសុពលភាពអនុវត្ត។

គេហទំព័រ Newsroom Cambodia មិនអាច​​សុំការអត្ថាធិប្បាយជុំវិញករណីនេះពី លោក ហេង សៀក​ឆេង ប្រធានផ្នែកធនធានមនុស្ស នៃសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា បានទេ ដោយលោក​ថា​ជាប់ប្រជុំ។

លោកមានប្រសាសន៍ថា៖«ខ្ញុំឥលូវកំពុងតែស្ថិតនៅការប្រជុំ ខ្ញុំកំពុងប្រជុំ ខ្ញុំអត់ទាន់ប្រាកដព្រោះប្រជុំនេះប្រជុំរាងយូរ ចាំខ្ញុំឱ្យដំណឹងតាមក្រោយ»។

យោងតាម​កំណត់​ហេតុ​ស្តី​ពី​ការ​សម្របសម្រួល រវាងសហជីពកម្មករនិយោជិត និង​​សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ចុះ​ថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២៤ តំណាង​ភាគី​និយោជក​ បានបញ្ជាក់ថា ប្រសិន​បើ​មាន​ការឯកភាពគ្នាក្នុងការចុះអនុសញ្ញារួមនោះ សណ្ឋាគារនឹងចាប់ផ្តើមអនុវត្តលើអនុសញ្ញារួម ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ ដោយសារកន្លងមក​ភាគី​សហជីព​បាន​ទាម​ទារឱ្យភាគីសណ្ឋាគារកាត់សេវា​ភ្នាក់​ងារ​ពី​កម្មករនិយោជិត​ ដែលមិនមែនជាសមាជិក​សហជីព​ជារៀង​រាល់​ខែ​ដូច​សមាជិក​សហជីព​​ដែរ។

នៅក្នុងកំណត់​ហេតុ​ដដែល​ បានសរសេរ​ថា ដើម្បីឆ្លើយតបតាមការលើកឡើងរវាងសហជីព និងសណ្ឋាគារនេះ ប្រធានអង្គប្រជុំលើកទឹកចិត្តឱ្យភាគីទាំងពីរ ចរចាផ្ទៃក្នុងបន្តទៀតកម្រិតថ្នាក់​សហគ្រាសដើម្បីផលប្រយោជន៍រួមរបស់កម្មករនិយោជិត និងនិយោជក ដោយអនុលោមតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងបទបញ្ញត្តិផ្សេងៗជាមូលដ្ឋានសម្រាប់ការពិភាក្សាដោយសន្តិវិធី៕