អង្គការ​សង្គមស៊ីវិល និងសហគមន៍​​ចំនួន​៣៨ ស្នើរដ្ឋាភិបាលបញ្ឈប់ការបណ្តេញចេញ និងផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូន​ប្រជាពលរដ្ឋនៅសហគមន៍សំរោង​ត្បូង ព្រមទាំងស្នើតុលាការ​ទម្លាក់​បទចោទប្រកាន់​ទៅលើតំណាង​​​សហគមន៍ទាំង ១៨រូប ដើម្បីយុត្តិធម៌សង្គម។

សេចក្តីថ្លែងការណ៍រួម របស់សង្គមស៊ីវិលចំនួន ៣៨ ចេញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បាន​លើកឡើង​​ថា ​សហគមន៍សំរោងត្បូង ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុង​​រង​​សម្ពាធ​ពីអាជ្ញាធរ និងតុលាការ ដោយសារការបន្តកាត់ផ្ទៃបឹងតាមោក ហើយ​សហគមន៍អាចនឹងប្រឈម​ការ​បណ្តេញ​ចេញ​​ពី​លំនៅ​ឋានទាំង​បង្ខំ ខណៈ​​តំណាងសហគមន៍ ១៨នាក់ កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ។

សេចក្តីថ្លែងការណ៍ដដែល បន្ត​ថា ប្រជាពលរដ្ឋ បាន​​រស់​នៅ​​​សហគមន៍​សំរោងត្បួង​​ ​តាំង​ពីឆ្នាំ​១៩៩៦ មក ដែល​បច្ចុប្បន្នមាន ៧៦ខ្នង​ផ្ទះ ហើយកាលពី​ឆ្នាំ២០១៦ អនុក្រឹត្យរបស់រដ្ឋាភិបាលក៏បានបញ្ជាក់ដែរថា ​សហគមន៍សំរោងត្បូង មិនស្ថិតក្នុងការកំណត់​​ផ្ទៃ​បឹងតាមោក និង​មិនប៉ះពាល់ដល់ការពង្រីកផ្លូវផងដែរ ប៉ុន្តែពលរដ្ឋនៃសហគមន៍​នេះ បែរ​ត្រូវបានអាជ្ញាធរ​គំរាមកំហែងឱ្យចាកចេញពីលំនៅឋានទៅវិញ។

ក្រៅពីនោះ សង្គមស៊ីវិលទាំងនោះថា គិតពីឆ្នាំ២០២១ ដល់២០២៣ មានសមាជិក​តំណាងសហគមន៍ចំនួន ១៨នាក់ កំពុងរងបណ្តឹងពីតុលាការ ក្រោមបទចោទហិង្សាដោយ​ចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមាន​ស្ថានទម្ងន់ទោស​ និងក្នុងឆ្នាំ២០២៣ មានសមាជិកសហគមន៍ម្នាក់ បាន​រត់គេចខ្លួន​ដោយ​ព្រួយ​បារម្ភពីសុវត្ថិភាព។

ករណីនេះ សង្គមស៊ីវិលស្នើ​​ថា៖ «ស្នើសុំដល់រាជរដ្ឋាភិបាល សូមផ្តល់កម្មសិទិ្ធដីធ្លីស្រប​ច្បាប់ ក៏ដូចជាការអភិវឌ្ឍ​នៅនឹងកន្លែង​ជូន​ប្រជាសហគមន៍សំរោងត្បូង និងបញ្ឈប់ការបណ្តេញចេញដោយបង្ខំដោយមិនត្រឹមត្រូវ[…] អាជ្ញាធររដ្ឋបញ្ឈប់ជាបន្ទាន់នូវការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង តាមគ្រប់រូបភាពមកលើអ្នកតំណាង និងសមាជិកសហគមន៍សំរោងត្បូង ជាពិសេសស្នើសុំដល់តុលាការ សូមមេត្តាទម្លាក់​ចោលបទចោទប្រកាន់មកលើអ្នកតំណាងសហគមន៍ទាំង ១៨នាក់»

អង្គការ សមាគម និងសហគមន៍​ទាំង៣៨ នោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា សមាគមអាដហុក សមាគម​បណ្តាញយុវជនកម្ពុជា សហគមន៍ត្រពាំងរាំង សហគមន៍ផ្លូវរថភ្លើង​ អង្គការសមា​គម​ធាងត្នោត និងអង្គការលីកាដូជាដើម។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា៖ «បើតាមអនុក្រឹត្យចេញតាំងពីឆ្នាំ២០១៦ហ្នឹង ទាក់ទង​ទៅ​កំណត់​​ព្រំ​បឹងតាមោក គឺមិន​ពាក់ព័ន្ធ​ទៅនឹងដីសហគមន៍​សំរោងត្បួងទេ គឺ​ថា​ដី​របស់​គាត់​[សហគមន៍​​សំរោងត្បួង] នៅ​ក្រៅ​តំបន់​ដែល​កំណត់ដោយអនុក្រឹត្យហ្នឹង»

លោកសង្កេតឃើញថា តាំង​ពី​ឆ្នាំ​២០១៩ សហគមន៍​សំរោងត្បួង បាន​ស្វែង​រក​អន្តរាគមន៍​ជា​ច្រើន​​ដូច​ជា គណៈកម្មការ​សូរិយោដីគ្រប់ថ្នាក់ សង្កាត់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា ក្រសួងរៀបចំដែនដី ដើម្បីជួយរកដោះស្រាយ តែពុំមានលទ្ធផល ខណៈពលរដ្ឋ​មួយចំនួន​បាន​រងបណ្តឹងនៅតុលាការ​ថែមទៀត។

លោក​​បន្ត​ថា ទោះ​បីជាពលរដ្ឋទាំង​នោះ ពុំមាន​ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​មែន ប៉ុន្តែពួកគាត់​នៅ​​ជាប់​វិធាន​​ក្រោម​​ការ​ត្រួត​ពិនិត្យ​របស់​តុលាការយ៉ាង​តឹង​រឹង ដែល​ជា​សម្ពាធ និង​​ការ​បំបាក់​​ស្មារតី​​​​ពលរដ្ឋ​​កុំឱ្យ​មានការទាមទាររកដោះស្រាយ ព្រោះថាពេលចេញតវ៉ាងបើខុសលក្ខខណ្ឌ គឺ​អាច​ជាប់​ពន្ធនា​​គារ។

តំណាង​​​សហគមន៍​​សំរោងត្បួង អ្នក​ស្រី ស៊ា ដាវី លើក​ឡើង​ថា ដីរបស់​ពលរដ្ឋ​ភាគ​ច្រើន​​មាន​ត្រឹម​ប្លង់​ទន់ និងទទួល​​ស្គាល់​ត្រឹមភូមិ សង្កាត់។ អ្នក​ស្រី​បន្ថែម​ថា អាជ្ញាធរខណ្ឌព្រែកព្នៅ បាន​ប្រើវិធី​សាស្ត្រ​ដោះ​​ដូរ​ដី​ជាមួ​យពលរដ្ឋដែរ គឺ​ដោះ​ដូរ​ដីថ្មីដែលមានចម្ងាយ​ប្រមាណ​ ៣​គីឡូម៉្រែត ពីទីតាំង​ចាស់ និងជា​ដី​នៅ​ខាង​ក្នុង​លក់​ដូរ​ពុំកើត ដែល​ធ្វើ​​ឱ្យ​ពលរដ្ឋពុំព្រមដោះដូរ។

អ្នក​ស្រីបន្តថា៖ «ឱ្យដូរទៅធ្វើអី? ហើយ​រស់​នៅ​នេះ​ហេតុ​អី​រស់​នៅ​មិន​បាន? ទៅ​នោះ​រស់​នៅ​បាន ហើយ​នៅ​សង្កាត់​ជាមួយ​គ្នា សួរ​ថា​រឿង​មន្ត្រី ឧកញ៉ា ដែល​គាត់​បាន​អនុក្រឹត្យ​គាត់​នៅ​តែ​គាត់​ទៅ ហេតុអី​បណ្តេញ​ពួក​ខ្ញុំ​ចេញ ឱ្យពួកខ្ញុំរស់នៅតំបន់​អភិវឌ្ឍ​ន៍​ផង​​អត់​​បាន?»

អ្នក​ស្រី ស៊ា ដាវី បន្តថា បច្ចុប្បន្ន អាជ្ញាធរខណ្ឌបានធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ដោយ​រឹតត្បិតការធ្វើ​អត្តញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ ហាម​​មិន​ឱ្យ​ធ្វើ​កន្លែង​លក់​ដូរ ឬធ្វើរោង​បន្លែ ព្រមទាំង​បង្ក​ហិង្ស​លើ​អ្នកស្រី​ និង​ប្តឹង​​​ពលរដ្ឋ​មួយ​ចំនួនថែមទៀត។ ជាមួយគ្នានេះ អ្នកស្រីបានស្នើ​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ជួយ​​ដោះ​ស្រាយ​​វិវាទដីធ្លីនេះ ដើម្បីឱ្យពលរដ្ឋបានរស់នៅទីតាំងចាស់ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។

ចំណែកលោក ស៊ា សំបាត់ ពលរដ្ឋរស់នៅភូមិសំរោងត្បួងរយៈពេល​ ២៧ឆ្នាំ បានលើកឡើងស្រដៀង​គ្នា​នេះដែរ​ថា នៅពេល​ពលរដ្ឋ​​ចង់​សាងសង់អ្វីនៅលើដីរបស់ខ្លួន ខាងអាជ្ញាធរខណ្ឌ​មិនអនុញ្ញាត ហើយការស្នើសុំធ្វើសៀវភៅគ្រួសារ សៀវភៅ​ថ្នាក់​នៅទៀត​សោត ​កាន់​តែ​ពិបាក។

លោកបន្តថា៖ «យើងធ្វើរោង ធ្វើអីទៅ មករុះមករើ រុញផ្តួលរបស់យើងចឹង»

អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានគូសបញ្ជាក់ថា អាជ្ញាធរ​ពុំ​មាន​ការធ្វើទុក្ខបុកម្នេញ ឬ​ប៉ះពាល់​លើ​ដី​កម្មសិទ្ធិ​របស់​​ពលរដ្ឋ​​ដែលរស់នៅស្របច្បាប់នោះទេ លើក​លែង​តែ​ពលរដ្ឋ​រស់នៅមិន​ស្រប​ច្បាប់​តាម​​​ដង​ផ្លូវ​សាធារណៈប៉ុណ្ណោះ។ ទោះយ៉ាងណា លោក​សំណូមពរឱ្យ​ប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់ទាំងនោះ ប្តូរទីតាំងទៅរស់នៅតំបន់ថ្មីដែលមានការរៀបចំត្រឹមត្រូវ។

លោកថា៖ «ដីដែល​អាជ្ញាធ​ររៀបចំ​នៅ​ជិតហ្នឹង ដែល​មាន​​ទំហំ៤ម៉ែត្រកន្លះនិង១៨ម៉ែត្រ ហើយ​មាន​កម្មសិទ្ធិ​អី​ធ្វើ​ជូន​គាត់​តាំង​ពី​យូរ​ណាស់​មក​ហើយ ហើយ​ឥឡូវ​នេះក៏នៅអនុវត្តដដែរ»

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ​១៩៩៣ ត្រង់មាត្រា​៤៤ កថា​ខណ្ឌទី​៣ បាន​ចែងអំពី​សំណង​​មុន​​ដកហូត​កម្មសិទ្ធិ​​ថា៖ «​​ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឱ្យធ្វើក្នុងករណីដែល​ច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុន ដោយសមរម្យ និងយុត្តិធម៌»៕