ក្រុមអ្នកតស៊ូមតិកម្ពុជា អំពាវនាវដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ឈរលើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈ ក្នុងដំណើរការសវនាការជំនុំជម្រះសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ របស់ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលមានទីតាំងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មាននេះ បានលើកយករដ្ឋធម្មនុញ្ញរបស់កម្ពុជាបច្ចុប្បន្ន មាត្រា១២៨ និង១២៩ មកវែកញែក ដោយថា មាត្រានេះបានផ្តល់អំណាចតុលាការជាអំណាចឯករាជ្យ និងតម្រូវឱ្យតុលាការធានារក្សាអនាគតិ ការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងជម្រះក្តី ផ្តល់យុត្តិធម៌ ត្រូវធ្វើក្នុងនាមប្រជាពលរដ្ឋខ្មែរតាមនីតិវិធី និងច្បាប់ជាធរមាន ខណៈមាត្រា១៣០ នៃរដ្ឋធម្មនុញ្ញបានសង្កត់ធ្ងន់ថា គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយ។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ឱ្យជាប់ឃុំក្នុងផ្ទះចំនួន ២៧ឆ្នាំ និងមិនអនុញ្ញាតឱ្យគាត់ជួបបុគ្គលណាទាំងអស់ទាំងសញ្ជាតិខ្មែរ និងបរទេស។
ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លីម បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌នោះថា៖ «លទ្ធផលនៃសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ដោយសាលាឧទ្ធរណ៍ក្រុងភ្នំពេញនៅថ្ងៃទី៣០ ខែមករាខាងមុខនេះ គឺជាភស្តុតាងមួយទៀតដែលបញ្ជាក់អំពីស្តង់ដារយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជា និងឆន្ទៈនយោបាយនៃរបបគ្រប់គ្រងអំណាចបច្ចុប្បន្ន»។
លោកបន្តថា ប្រជាពលរដ្ឋខ្មែរត្រូវតែមានសិទ្ធិទទួលបានប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងគួរតែអាចរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌។
អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា លោក មួង ណារ៉េត មានប្រសាសន៍ថា ការចេញសេចក្តីប្រកាសព័ត៌មាននេះដោយសារក្រុមអ្នកតស៊ូមតិកម្ពុជា មើលឃើញថា ការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា កន្លងមក មានមន្ទិលជាច្រើន ដូចជា ការរឹតត្បឹតសិទ្ធិសេរីភាពរបស់លោក កឹម សុខា ជាពិសេសសិទ្ធិនៅក្នុងការប្រាស្រ័យទាក់ទងជាមួយមេធាវីការពារក្តីឱ្យរូបលោក។ លោកថា ការអំពាវនាវនេះ គ្រាន់តែជាការដាស់តឿនឱ្យតុលាការជាន់ខ្ពស់របស់កម្ពុជា ធ្វើអ្វីមួយឱ្យមានតម្លាភាព មានសច្ចៈ យុត្តិធម៌ ឯករាជ្យ និងមានវិជ្ជាជីវៈ។
លោកថ្លែងថា៖ «ការកាត់ក្តីនៅតុលាការជាន់ទាបកន្លងមក គឺរងការរិះគន់ពីស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ស្ថាប័នផ្សេងៗទៀត រួមទាំងអង្គការសហប្រជាជាតិ និងបណ្តាស្ថានទូតផ្សេងៗ ក៏មានសេចក្តីថ្លែងការណ៍អំពីភាពអយុត្តិធម៌ និងការកាត់ក្តីលម្អៀងទៅផ្នែកនយោបាយជាដើម»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង មិនអាចសុំការបកស្រាយលម្អិតបានទេ ដោយសារលោកជាប់ប្រជុំ។
លោកលើកឡើងថា៖ «អាហ្នឹងគឺក្រុមប្រឹក្សាគេដំណើរការតាមនីតិវិធីចឹង […] ឥលូវខ្ញុំកំពុងជាប់ប្រជុំបន្តិចសិនណា ចាំខ្ញុំពិភាក្សាសិន»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថាការលើកឡើងរបស់ក្រុមអ្នកតស៊ូមតិរបស់កម្ពុជានេះ ជាសិទ្ធិនៅក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកកត់សម្គាល់ថា នៅក្នុងសំណុំរឿងសកម្មជននយោបាយឬអ្នកនយោបាយ និងសកម្មជនសិទ្ធិមនុស្ស ជាដើម ប្រសិនបើសាលាដំបូងជំនុំជម្រះហើយ ជំហានបន្ទាប់ទៅតុលាការជាន់ខ្ពស់ គឺកម្រនឹងមានការផ្លាស់ប្តូរណាស់។
លោកថ្លែងថា៖ «កន្លងមក មានការលើកឡើងជាច្រើនថា រឿងឯកឧត្តម កឹម សុខា វាពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាងការអនុវត្តច្បាប់ ចឹងខ្ញុំគិតថា ករណីនេះមានតែអ្នកនយោបាយពិនិត្យ និងពិចារណារឿងនយោបាយដែលសេសសល់ហ្នឹង ហើយគិតលើឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំវិញ អ្នកនយោបាយយើងធ្វើម៉េចដើម្បីរួបរួមគ្នា ឱ្យមានការឯកភាពជាតិ សាមគ្គីភាពដើម្បីអភិវឌ្ឍន៍ប្រទេសយើង ដើម្បីកុំឱ្យមានការទាមទារ ឬរិះគន់ប្រទេសយើង ឱ្យស្តារឡើងវិញ ហើយនឹងគោរពសិទ្ធិមនុស្សជាដើម»។
យោងតាមសេចក្តីវិភាគអំពី អង្គហេតុ និងអង្គច្បាប់លើសេចក្តីសម្រេចនៃសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចំពោះករណី លោក កឹម សុខា របស់ក្រុមអ្នកតស៊ូមតិកម្ពុជា ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបង្ហាញថា ការសម្រេចសេចក្ដីក្នុងសាលក្រមរបស់លោក កឹម សុខា នេះ គឺមិនមានអង្គហេតុត្រឹមត្រូវ ជាពិសេសសេចក្តីសម្រេចក្នុងសាលក្រមបានបិទសិទ្ធិលោក កឹម សុខា ក្នុងការការពារខ្លួនទាំងស្រុងដោយមិនកំណត់ទីកន្លែង និងពេលវេលាក្នុងនីតិវិធីរួមទាំងសិទ្ធិមានមេធាវីផង។
សេចក្តីវិភាគនេះបន្ថែមថា ការបាត់បង់សិទ្ធិការពារខ្លួនតាមរយៈការជួបជាមួយមេធាវីផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលមានចែងពីសិទ្ធិទទួលបានការចាត់ទុកថាគ្មានទោសដរាបណាមិនទាន់មានសាល ក្រមស្ថាពរ។
សូមរំលឹកថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយលោកត្រូវបានដាក់ឱ្យឃុំខ្លួននៅក្នុងផ្ទះ។ តុលាការ ក៏បានបង្គាប់ឱ្យដកសិទ្ធិនយោបាយជាអចិន្រ្តៃយ៍ចំពោះលោក កឹម សុខា ក្នុងការឈរឈ្មោះ ឬចូលរួមការបោះឆ្នោត ដែលជាទណ្ឌកម្មបន្ថែមតាមមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ៕