ក្រុមអ្នកតស៊ូមតិកម្ពុជា អំពាវនាវដល់សាលាឧទ្ធរណ៍ក្រុងភ្នំពេញ ឈរលើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈ ក្នុងដំណើរការសវនាការជំនុំជម្រះសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ​។

ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​​២ ខែ​មករា ​ឆ្នាំ​២០២៤ របស់​ក្រុមអ្នកតស៊ូមតិកម្ពុជា ​ដែលមាន​ទីតាំង​នៅ​ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​​​។

សេចក្តីប្រកាសព័ត៌មាន​នេះ​ ​បានលើក​យករដ្ឋធម្មនុញ្ញរបស់កម្ពុជាបច្ចុប្បន្ន មាត្រា១២៨ និង១២៩ មកវែកញែក ដោយថា មាត្រានេះបានផ្តល់អំណាចតុលាការជាអំណាចឯករាជ្យ និងតម្រូវឱ្យ​តុលាការ​​ធានា​រក្សា​អនាគតិ ការ​ពារ​សិទ្ធិ​សេរីភាពរបស់ប្រជាពលរដ្ឋ និង​ជម្រះ​ក្តី ផ្តល់​យុត្តិ​ធម៌ ត្រូវ​ធ្វើ​ក្នុង​នាម​ប្រជាពលរដ្ឋខ្មែរ​តាមនីតិវិធី និងច្បាប់ជាធរមាន ខណៈ​មាត្រា​១៣០ នៃរដ្ឋធម្មនុញ្ញបានសង្កត់ធ្ងន់ថា គ្មានអង្គការ​ណាមួយនៃអំ​ណាច​នីតិបញ្ញត្តិ ឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការ​អ្វីបានឡើយ។

សេចក្តីប្រកាសព័ត៌មានដដែល បន្តថា លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ផ្តន្ទាទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ឱ្យជាប់ឃុំក្នុងផ្ទះចំនួន ២៧​ឆ្នាំ និង​មិនអនុ​ញ្ញាត​ឱ្យ​គាត់​ជួប​បុគ្គល​ណាទាំង​អស់​ទាំងសញ្ជាតិ​ខ្មែរ និងបរទេស។

ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លីម បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌​​នោះ​​ថា៖ «លទ្ធផល​នៃសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា ដោយសាលាឧទ្ធរណ៍ក្រុងភ្នំពេញ​នៅថ្ងៃទី៣០ ខែមករា​ខាងមុខ​នេះ គឺ​ជា​ភស្តុតាងមួយទៀតដែលបញ្ជាក់អំពីស្តង់ដារយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជា និងឆន្ទៈនយោបាយនៃរបបគ្រប់គ្រងអំណាច​បច្ចុប្បន្ន»

លោកបន្តថា ប្រជាពលរដ្ឋខ្មែរត្រូវតែមានសិទ្ធិទទួលបានប្រព័ន្ធយុត្តិធម៌ឯករាជ្យ និងគួរតែអាចរស់នៅក្នុងសង្គមមួយប្រកបដោយយុត្តិធម៌។

អ្នកនាំពាក្យ​ក្រុមអ្នកតស៊ូមតិកម្ពុជា លោក មួង ណារ៉េត មានប្រសាសន៍ថា ការចេញសេចក្តីប្រកាសព័ត៌មាននេះដោយសារក្រុមអ្នកតស៊ូមតិកម្ពុជា មើលឃើញថា ការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា​ កន្លងមក មានមន្ទិលជាច្រើន ដូចជា ការរឹតត្បឹតសិទ្ធិសេរីភាពរបស់លោក កឹម សុខា ជាពិសេសសិទ្ធិនៅក្នុងការប្រាស្រ័យទាក់ទង​ជាមួយ​មេធាវី​ការពារក្តីឱ្យរូបលោក​។ លោក​ថា ការអំពាវនាវនេះ គ្រាន់តែជាការដាស់តឿនឱ្យតុលាការជាន់ខ្ពស់របស់កម្ពុជា ធ្វើអ្វីមួយឱ្យមានតម្លាភាព មានសច្ចៈ យុត្តិធម៌ ឯករាជ្យ​ និង​មានវិជ្ជាជីវៈ។

លោកថ្លែង​ថា​៖ «ការកាត់ក្តីនៅតុលាការជាន់ទាបកន្លងមក គឺរងការរិះគន់​ពីស្ថាប័នសិទ្ធិមនុស្សអន្តរជាតិ ស្ថាប័ន​ផ្សេងៗទៀត រួមទាំងអង្គការសហប្រជាជាតិ និងបណ្តាស្ថានទូតផ្សេងៗ ក៏មានសេចក្តីថ្លែងការណ៍អំពីភាពអយុត្តិធម៌ និងការកាត់ក្តីលម្អៀងទៅផ្នែកនយោបាយជាដើម»។

អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង មិនអាចសុំការ​​បក​ស្រាយលម្អិត​បាន​ទេ ដោយសា​រ​លោក​ជាប់​ប្រជុំ។

លោកលើកឡើងថា៖ «អាហ្នឹង​គឺក្រុមប្រឹក្សាគេដំណើរការតាមនីតិវិធីចឹង […] ឥលូវខ្ញុំកំពុងជាប់ប្រជុំបន្តិច​សិន​ណា ចាំខ្ញុំពិភាក្សាសិន​»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់ថាការលើកឡើងរបស់ក្រុមអ្នកតស៊ូមតិរបស់កម្ពុជានេះ ជាសិទ្ធិនៅក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ លោកកត់សម្គាល់​ថា នៅក្នុងសំណុំរឿងសកម្មជននយោបាយឬអ្នកនយោបាយ និង​សកម្ម​ជនសិទ្ធិមនុស្ស​ ជាដើម ប្រសិនបើសាលាដំបូងជំនុំជម្រះហើយ ជំហានបន្ទាប់ទៅតុលាការ​​ជាន់ខ្ពស់ គឺកម្រនឹងមានការផ្លាស់ប្តូរណាស់។

លោកថ្លែងថា៖ «កន្លងមក មានការលើកឡើងជាច្រើនថា រឿងឯកឧត្តម កឹម សុខា វាពាក់ព័ន្ធនឹងរឿងនយោបាយច្រើន​​ជាង​ការអនុវត្តច្បាប់​ ចឹងខ្ញុំគិតថា ករណីនេះមានតែអ្នកនយោបាយពិនិត្យ និងពិចារណារឿងនយោបាយដែល​សេសសល់​ហ្នឹង​ ហើយ​គិតលើ​ឧត្តម​ប្រយោជន៍​ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំវិញ​ អ្នកនយោបាយយើងធ្វើម៉េច​ដើម្បីរួប​រួម​គ្នា ឱ្យមាន​ការ​ឯកភាព​ជាតិ​ សាមគ្គីភាពដើម្បីអភិវឌ្ឍន៍​​ប្រទេស​យើង ដើម្បីកុំឱ្យមានការទាមទារ ឬរិះគន់ប្រទេសយើង ឱ្យស្តារឡើងវិញ ហើយនឹងគោរពសិទ្ធិមនុស្សជាដើម​​»។

យោងតាម​សេចក្តីវិភាគអំពី អង្គហេតុ និងអង្គច្បាប់លើសេចក្តីសម្រេចនៃសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចំពោះករណី លោក កឹម សុខា របស់ក្រុមអ្នកតស៊ូមតិកម្ពុជា ចុះថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ២០២៤ បានបង្ហាញថា​ ការសម្រេចសេចក្ដីក្នុងសាលក្រមរបស់លោក កឹម សុខា នេះ គឺមិនមានអង្គហេតុត្រឹមត្រូវ ជាពិសេសសេចក្តីសម្រេចក្នុងសាលក្រមបានបិទសិទ្ធិលោក កឹម សុខា ក្នុងការការពារខ្លួនទាំង​ស្រុងដោយមិនកំណត់ទីកន្លែង និងពេលវេលាក្នុងនីតិវិធីរួមទាំងសិទ្ធិមានមេធាវីផង។

សេចក្តីវិភាគនេះបន្ថែមថា ការបាត់បង់សិទ្ធិការ​ពារខ្លួនតាមរយៈការជួបជាមួយមេធាវីផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលមានចែងពីសិទ្ធិទទួលបានការចាត់ទុកថាគ្មានទោសដរាបណាមិនទាន់មានសាល ក្រមស្ថាពរ។

សូមរំលឹកថា​ លោក កឹម សុខា​ អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ ​ត្រូវបាន​សាលាដំបូងរាជធានី​ភ្នំពេញ សម្រេច​​ផ្តន្ទាទោសកាល​ពីថ្ងៃទី៣ ខែមីនា ​ឆ្នាំ២០២៣ ដាក់​ពន្ធនាគាររយៈពេល​២៧ឆ្នាំ ពីបទ​សន្ទិដ្ឋិភាពជាមួយ​បរទេស តាមមាត្រា​៤៣៩ និងមាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​​លោក​​ត្រូវបានដាក់ឱ្យ​​ឃុំ​ខ្លួន​នៅក្នុងផ្ទះ​។ តុលាការ​ ​ក៏បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អ​ចិន្រ្តៃយ៍​ចំពោះ​លោក​ កឹ​ម​ ​សុខា​ ​ក្នុង​ការ​ឈរឈ្មោះ ​ឬ​ចូលរួមការ​​បោះឆ្នោត​ ​ដែល​ជា​ទណ្ឌកម្ម​បន្ថែម​តាម​​​មាត្រា​​៤​៥​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​៕