មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថា អត្រាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនានៅខេត្តដែលសម្បូរទៅដោយប្រាសាទបុរាណមួយនេះ មានជាង ២លាននាក់ ក្នុងឆ្នាំ២០២៣ ដែលចំនួននេះ មានការកើនឡើងជាលំដាប់បើធៀបនឹងឆ្នាំចាស់។
យោងតាមរបាយការណ៍ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តសៀមរាប ដែលផ្តល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ង៉ូវ សេងកាក់ តាមបណ្តាញសង្គមតេឡេក្រាម បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក្នុងឆ្នាំ២០២៣ សរុបមានចំនួន ២ ៥២៩ ៥១៤នាក់ មានការកើនឡើងប្រមាណ ៣២.៣៥% បើធៀបទៅនឹងនៅឆ្នាំ២០២២ ដែលមានចំនួន ១ ៩១១ ២៩១នាក់ ក្នុងនោះអត្រាភ្ញៀវទេសចរបរទេស មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់។
របាយការណ៍ដដែល បន្តថា ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១ ៧៣១ ៤៤៥នាក់ កើនឡើងប្រមាណ ៦.៦២ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ១ ៦២៣ ៨៣៧នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧៩៨ ០៦៩នាក់ មានការកើនឡើងដល់ទៅ ១៧៧.៦៣ភាគរយ បើធៀបនឹងឆ្នាំចាស់ដែលមានចំនួន ២៨៧ ៤៥៤នាក់។
របាយការណ៍ដដែលបន្តថា ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកកាន់ខេត្តសៀមរាប រួមមាន អាមេរិកមានចំនួន ៨៦ ៦៣៤នាក់ អង់គ្លេសមានចំនួន ៧០ ០៤៤នាក់ ខណៈបារាំង កូរ៉េ ចិន អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ឥណ្ឌា និងវៀតណាម ស្ថិតនៅក្នុងលំដាប់បន្ទាប់។
តែយ៉ាងណា Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ និងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានទេ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប មានការកើនឡើងជាលំដាប់ ជាពិសេសក្នុងរដូវកាលទេសចរណ៍ (High Season) ក្នុងនោះភ្ញៀវទេសចរអន្តរជាតិដែលនាំមុខគេ គឺភ្ញៀវទេសចរអាមេរិក និងអឺរ៉ុប។
លោកស្រីបន្តថា ការរៀបចំ«ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅបរិវេណព្រះពន្លាជល់ដំរី(លានជល់ដំរី) ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៣ ខែមករា កន្លងទៅនេះ ក៏ជាឱកាសមួយរបស់កម្ពុជា នៅក្នុងការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ និងបានបន្តបង្ហាញពីជំនឿមោះមុត នូវក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនានៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាបនេះ ឱ្យបន្តកើនឡើងជាលំដាប់ផងដែរ។
លោកស្រីថា៖«យើងឃើញមានការរៀបចំនៅខេត្តសៀមរាបនេះ គឹការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន អ៊ីចឹងវាជាឱកាសសម្រាប់យើងផ្សព្វផ្សាយ ឱ្យមានភាពទាក់ទាញបន្ថែមទៀតដែរ»។
លើសពីនេះទៅទៀត លោកស្រីថា តំបន់អង្គរ នៅតែជាចំណុចទាក់ទាញភ្ញៀវទេសចរច្រើនជាងគេដដែល បើប្រៀបធៀបជាមួយនឹងតំបន់ផ្សេងៗទៀត នៅក្នុងខេត្តសៀមរាបទាំងមូល ហើយតំបន់ទាក់ទាញទេសចរណ៍បន្ទាប់នោះគឺ បឹងទន្លេសាប ខណៈរមណីយដ្ឋានកែច្នៃជាច្រើនទៀត ក៏ជាចំណុចទាក់ទាញសម្រាប់ភ្ញៀវក្នុងស្រុកផងដែរ។
ជាខេត្តដែលសម្បូរបែបទៅដោយតំបន់ទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ អេកូទេសចរណ៍ និងទេសចរណ៍បែបជីវៈចម្រុះផងនោះ លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា ខេត្តសៀមរាប ក៏នៅមានសក្តានុពលច្រើនយ៉ាងទៀត ដែលមិនទាន់លេចចេញរូបរាងនៅឡើយ ដោយនៅរង់ចាំតែការវិនិយោគប៉ុណ្ណោះ។
លោកស្រីថា៖«យើងមានសក្តានុពលច្រើនយ៉ាងទៅលើវិស័យទេសចរណ៍ ហើយយើងមិនទាន់បានកែច្នៃឱ្យអស់លទ្ធភាពនៅឡើយទេ។ យើងត្រូវបន្តកែឆ្នៃលើសពីហ្នឹងទៀត ដូចជា កសិទេសចរណ៍ ទេសចរណ៍បែបសហគមន៍ និងទេសចរណ៍ផ្សងព្រេងជាដើម»។
ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប មានការកើនឡើងក៏ពិតមែន តែការកើនឡើងនេះនៅមានកម្រិត ដោយមិនទាន់ឆ្លើយតបពេញលេញទៅនឹងសក្តានុពលដែលខេត្តនេះមាននោះទេ។
លោកថា៖«វាមានការកើនឡើងដែរ ប៉ុន្តែវាកើនឡើងនៅក្នុងកម្រិតមួយទាប មិនមែនកើនឡើងក្នុងកម្រិតមួយខ្ពស់ដែលអាចទទួលយកបានទេ ដោយសារខេត្តសៀមរាបយើងធំ តំបន់ទេសចរណ៍យើងធំ ប្រជាពលរដ្ឋច្រើន ហើយអាជីវករក៏ច្រើន»។
លោកក៏បានជំរុញឱ្យមានការរៀបចំឡើងវិញនូវផ្នែកមួយចំនួនបន្ថែមទៀត ដើម្បីឱ្យមានការទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនជាងមុន ឆ្លើយតបទៅនឹងសក្តានុពលខេត្ត និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
លោកថា៖«ខ្ញុំយល់ឃើញថា ការរៀបចំឡើងវិញនូវការទាក់ទាញដើម្បីឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ហ្នឹង ត្រូវតែធ្វើដាច់ខាត ពីព្រោះខេត្តសៀមរាបយើងរាល់ថ្ងៃមិនអាចប្រកួតប្រជែងបានទេ យើងពិបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងណាស់។ […] ខ្ញុំមើលទៅយើងត្រូវមានការរៀបចំច្រើន ទាំងផ្នែកទទួលស្វាគមន៍ភ្ញៀវ ផ្នែកអាហារ រួមទាំងទីតាំងស្នាក់នៅនិងតម្លៃផងដែរ។ បើយើងពឹងតែលើប្រាសាទអង្គរវត្ត ឬប្រាសាទផ្សេងៗរបស់ខ្មែរយើង ក៏ប៉ុន្តែភ្ញៀវគាត់មក គាត់ចង់មើលអ្វីផ្សេងដែរ មិនមែនផ្តោតទៅលើតែរឿងវត្ថុបុរាណទេ ពួកគាត់ចង់បានការកំសាន្តបែបសម័យទំនើបផងដែរ»។
ជាខេត្តដែលធំជាងគេលំដាប់ទី១០នៅកម្ពុជា សៀមរាបក៏ត្រូវបានជាប់ចំណាត់ថ្នាក់ជាខេត្តដែលល្បីល្បាញជាងគេលំដាប់ទី៤ បើធៀបទៅនឹងខេត្តផ្សេងៗនៅក្នុងប្រទេសផងដែរ និងពោរពេញទៅដោយរមណីយដ្ឋានវប្បធម៌ធម្មជាតិ និងប្រវត្តិសាស្ត្រជាច្រើន រួមមាន ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ភ្នំគូលែន និងទីកំសាន្តជាច្រើនទៀត៕