មន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងថា អត្រាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបាន​ទៅទស្សនានៅខេត្តដែលសម្បូរទៅដោយប្រាសាទបុរាណមួយនេះ មានជាង ២លាននាក់ ក្នុងឆ្នាំ២០២៣ ដែលចំនួននេះ មាន​ការកើនឡើងជាលំដាប់​បើធៀបនឹងឆ្នាំចាស់។

យោងតាមរបាយការណ៍ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តសៀមរាប ដែលផ្តល់​ដោយ​ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ង៉ូវ សេងកាក់​ តាមបណ្តាញសង្គមតេឡេក្រាម បានឱ្យ​​​ដឹង​​ថា ចំនួន​​ភ្ញៀវទេស​​ចរ​​ទៅកាន់ខេត្តសៀមរាប ក្នុងឆ្នាំ២០២៣ សរុប​មានចំនួន​ ២ ៥២៩ ៥១៤នាក់ មានការ​កើន​ឡើង​​ប្រមាណ ៣២.៣៥% បើធៀបទៅនឹងនៅឆ្នាំ២០២២ ដែលមាន​ចំនួន ១ ៩១១ ២៩១នាក់ ក្នុងនោះអត្រាភ្ញៀវទេសចរបរទេស មានការកើនឡើងខ្លាំងគួរឱ្យ​កត់​សម្គាល់​។

របាយការណ៍ដដែល បន្ត​ថា ភ្ញៀវទេសចរ​ជាតិមានចំនួនប្រមាណ ១ ៧៣១ ៤៤៥នាក់ កើនឡើង​ប្រមាណ ៦​.៦២ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ១ ៦២៣ ៨៣៧​នាក់ ខណៈភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧៩៨ ០៦៩នាក់ មានការកើនឡើង​ដល់ទៅ ១៧៧.៦៣ភាគរយ បើធៀបនឹងឆ្នាំចាស់ដែលមានចំនួន ២៨៧ ៤៥៤នាក់។

របាយការណ៍ដដែលបន្តថា ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកកាន់ខេត្តសៀម​រាប រួមមាន អាមេរិកមានចំនួន ៨៦ ៦៣៤នាក់ អង់គ្លេសមានចំនួន ៧០ ០៤៤នាក់ ខណៈ​បារាំង កូរ៉េ ចិន អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ឥណ្ឌា និងវៀតណាម ស្ថិតនៅក្នុងលំដាប់​បន្ទាប់។

តែយ៉ាងណា Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានមន្ទីរទេស​ចរណ៍​ខេត្តសៀម​រាប លោក ង៉ូវ សេងកាក់ និងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល​ បានទេ។  

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានកត់សម្គាល់​​​ថា ចំនួន​ភ្ញៀវ​ទេសចរ​នៅខេត្តសៀមរាប ​​​មានការកើនឡើងជាលំដាប់ ជាពិសេស​ក្នុងរដូវកាលទេស​ចរណ៍ (High Season) ក្នុង​នោះភ្ញៀវទេសចរអន្តរជាតិដែលនាំមុខគេ គឺភ្ញៀវទេស​ចរ​អាមេរិក និង​អឺរ៉ុប។

លោកស្រីបន្តថា ការរៀបចំ«ពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅ​បរិវេណព្រះពន្លាជល់ដំរី(លានជល់ដំរី) ខេត្តសៀមរាប ​កាលពីយប់ថ្ងៃទី​១៣ ខែមករា កន្លងទៅនេះ ក៏​ជាឱកាស​មួយ​​របស់កម្ពុជា នៅក្នុងការផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិឱ្យ​​កាន់​តែ​ទូលំទូលាយ និង​បានបន្តបង្ហាញពីជំនឿមោះមុត​ នូវក្នុងការទាក់ទាញភ្ញៀវទេស​ចរមកទស្សនានៅ​​កម្ពុជា ជាពិសេស​ក្នុងខេត្តសៀមរាបនេះ ឱ្យ​បន្ត​កើនឡើងជាលំដាប់ផងដែរ។

លោកស្រីថា៖«យើងឃើញមានការរៀបចំនៅខេត្តសៀមរាបនេះ គឹការរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរប្រជាជនកម្ពុជា និងចិន អ៊ីចឹងវាជាឱកាសសម្រាប់យើងផ្សព្វផ្សាយ ឱ្យ​មានភាពទាក់ទាញបន្ថែមទៀតដែរ»។

លើសពីនេះទៅទៀត លោកស្រីថា តំបន់អង្គរ នៅតែជាចំណុចទាក់ទាញភ្ញៀវទេសចរច្រើន​ជាង​គេ​ដដែល បើប្រៀបធៀបជាមួយនឹងតំបន់ផ្សេងៗទៀត នៅក្នុងខេត្តសៀមរាបទាំង​មូល​ ហើយ​​តំបន់​ទាក់ទាញទេសចរណ៍បន្ទាប់នោះគឺ បឹងទន្លេសាប ខណៈរមណីយដ្ឋាន​កែច្នៃជាច្រើនទៀត ក៏ជាចំណុចទាក់ទាញ​សម្រាប់ភ្ញៀវក្នុងស្រុកផងដែរ។​

ជា​ខេត្តដែល​សម្បូរបែបទៅដោយ​​តំបន់ទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ អេកូទេស​ចរណ៍ និងទេសចរណ៍បែបជីវៈចម្រុះ​ផងនោះ លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា ខេត្តសៀម​​រាប ក៏នៅមានសក្តានុពលច្រើនយ៉ាងទៀត ដែលមិ​នទាន់លេចចេញ​រូបរាង​នៅ​ឡើយ​​ ដោយ​នៅរង់ចាំតែ​ការវិនិយោគប៉ុណ្ណោះ។

លោកស្រីថា៖«យើងមានសក្តានុពលច្រើនយ៉ាងទៅលើវិស័យទេសចរណ៍ ហើយយើងមិនទាន់បានកែច្នៃឱ្យ​​អស់​​លទ្ធភាពនៅឡើយទេ។ យើងត្រូវបន្តកែឆ្នៃលើសពីហ្នឹងទៀត ដូចជា កសិទេសចរណ៍ ទេសចរណ៍បែបសហគមន៍ និងទេសចរណ៍ផ្សងព្រេងជាដើម»

ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្មកម្ពុជា លោក ម៉ម រិទ្ធី មានប្រ​សាសន៍​​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ខេត្ត​សៀម​រាប មាន​​​ការ​កើន​ឡើង​​ក៏ពិ​​ត​​មែន តែការកើន​ឡើងនេះនៅមានកម្រិត ដោយមិនទាន់ឆ្លើយតបពេញលេញទៅនឹងសក្តានុពលដែលខេត្តនេះមាននោះទេ។

លោកថា៖«វាមានការកើនឡើងដែរ ប៉ុន្តែវាកើនឡើងនៅក្នុងកម្រិតមួយទាប មិនមែនកើនឡើងក្នុងកម្រិតមួយខ្ពស់​​ដែលអាចទទួលយកបានទេ ដោយសារខេត្តសៀមរាបយើងធំ តំបន់ទេសចរណ៍យើងធំ ប្រជាពលរដ្ឋច្រើន ហើយ​អាជីវករក៏ច្រើន»។

លោក​ក៏បានជំរុញឱ្យមានការ​​រៀបចំឡើងវិញនូវផ្នែកមួយចំនួនបន្ថែមទៀត​ ដើម្បីឱ្យ​​មាន​ការ​​ទា​ក់​ទាញភ្ញៀវទេសចរឱ្យ​​បានច្រើនជាង​មុន ឆ្លើយតបទៅនឹងសក្តានុពលខេត្ត និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

លោកថា៖«ខ្ញុំយល់ឃើញថា ការរៀបចំឡើងវិញនូវការទាក់ទាញដើម្បីឱ្យ​ភ្ញៀវទេសចរ​​ចាប់​អារម្មណ៍​ហ្នឹង ត្រូវ​តែធ្វើ​ដាច់​ខាត ពីព្រោះខេត្តសៀមរាបយើង​រាល់ថ្ងៃមិនអាចប្រកួតប្រជែងបានទេ យើងពិបាកក្នុងការប្រកួតប្រជែងជាមួយ​ប្រទេសជិតខាងណាស់។ […] ខ្ញុំមើលទៅយើងត្រូវមានការរៀបចំច្រើន ទាំងផ្នែកទទួលស្វាគមន៍ភ្ញៀវ ផ្នែកអាហារ រួមទាំងទីតាំងស្នាក់នៅនិងតម្លៃផងដែរ។ បើយើងពឹងតែលើប្រាសាទអង្គរវត្ត​ ឬប្រាសាទផ្សេងៗរបស់​ខ្មែរយើង ក៏ប៉ុន្តែភ្ញៀវគាត់មក គាត់ចង់មើលអ្វីផ្សេងដែរ មិនមែនផ្តោតទៅលើតែរឿងវត្ថុបុរាណទេ ពួកគាត់ចង់បានការកំសាន្តបែបសម័យទំនើបផងដែរ»។

ជាខេត្តដែលធំជាងគេលំដាប់ទី១០នៅកម្ពុជា សៀមរាបក៏ត្រូវបានជាប់ចំណាត់ថ្នាក់ជាខេត្តដែលល្បីល្បាញជាងគេលំដាប់ទី៤ បើធៀបទៅនឹងខេត្តផ្សេងៗនៅក្នុងប្រទេសផងដែរ និងពោរពេញទៅដោយរមណីយដ្ឋានវប្បធម៌​ធម្មជាតិ និងប្រវត្តិសាស្ត្រជាច្រើន រួម​មាន ប្រាសាទ​អង្គរ​វត្ត ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន​ ភ្នំគូលែន និងទីកំសាន្តជាច្រើនទៀត៕