មន្ទីរពេទ្យសហភាពខ្មែរសូវៀត បានធ្វើការស្រាយបំភ្លឺ និងច្រានចោលចំពោះការ​បង្ហោះសារ​របស់​គ្រួសារជនរងគ្រោះ​​ដែលបានស្លាប់​បាត់បង់ជីវិត ខណៈបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយ​ថា​ជាការអះអាងដែលមានខ្លឹមសារមិនពិត។

កាលពីថ្ងៃទី២៨ ខែមករា​ ឆ្នាំ២០២៤នេះ គណនីហ្វេសប៊ុក​​​ឈ្មោះ Sreypich Thou ដែលអះ​អាង​ថា​ជា​កូនស្រីរបស់ជនរងគ្រោះដែលបានស្លាប់ បានបង្ហោះសារមួយដែលមានខ្លឹមសារថា «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ!​ តើមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?​”​។

សាររបស់គណនីហ្វេស​ប៊ុក​ដដែលនោះ ​បានបង្ហាញពីការមិនសុខចិត្ត​ដែលឪពុករបស់ខ្លួន បាន​ស្លាប់​បាត់បង់ជីវិត ដោយសារតែភាពយឺតយ៉ាវនៅក្នុងការបំពេញតួនាទីរបស់ពេទ្យ ដោយទាមទារឱ្យ​​មានការបង់ប្រាក់ជាមុន ហើយដំណើរការនេះ​ត្រូវរងចាំរយៈពេលយូរ។
គណនី​ហ្វេសប៊ុក ស្រីពេជ្រ បានបន្តថា៖​ រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាមខាងឡានសាមុយពេទ្យរ៉ុស្សី បានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយ​មិន​ឱ្យ​​ចូល ដោយ​និយាយថាមន្ទីរពេទ្យ មិនអនុញ្ញាតឱ្យ​ឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហើយក៏ដោយ»។

ជុំវិញករណីនេះ មន្ទីរពេទ្យខ្មែរសូវៀត បាន​ចេញ​លិខិត​បំភ្លឺ នៅ​ល្ងាចថ្ងៃទី​២៩ ខែមករា ឆ្នាំ២០២៤ ដោយ​​ច្រានចោលការលើកឡើង​របស់គណនីហ្វេសប៊ុក​​ឈ្មោះ Srey​Pich Thou (Laboon) និងសារព័ត៌មាន RFI ដែល​បានចុះផ្សាយខ្លឹមសារព័ត៌មានមិន​ពិតលើករណី​អ្នកជំងឺដែលត្រូវបានក្រុមគ្រួសារបញ្ជូនមក​ផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២:៣៧នាទី​ រំលងអធ្រាត្រ ដោយអ្នកជំងឺមានសភាព​ធ្ងន់ធ្ងរខ្លាំង។

លិខិតបំភ្លឺដដែលបន្ត​ថា ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ក្រោយពីបានធ្វើការពិនិត្យ និងវិភាគ អមវេជ្ជសាស្ត្រទៅតាមលក្ខណៈបច្ចេក​ទេស ដើម្បី​រក​មូល​ហេតុ​​​ឱ្យ​​បានច្បាស់លាស់រួចមក លទ្ធផលបានបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យ​ហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។

លិខិតបំភ្លឺ បានគូសបញ្ជាក់ថា៖ «ក្រុមគ្រូពេទ្យផ្នែក​សង្គ្រោះបន្ទាន់ បានពិភាក្សា​ជាមួយក្រុម​គ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែល​ហួសពីលទ្ធភាពក្នុងការជួយសង្គ្រោះ​តាម​មធ្យោបាយ​វេជ្ជសាស្រ្តផ្សេងៗ រួមទាំងការវះ​កាត់ខួរក្បាលផងដែរ»។

លិខិតបំភ្លឺបន្ថែមថា ខាង​មន្ទីរពេទ្យ ក៏បានជួយ​​សម្របសម្រួលអនុញ្ញាត​ឱ្យ​​ចេញ​ទៅព្យាបាល​បន្ត​នៅ​ប្រទេស​វៀតណាម ដោយប្រើប្រាស់សេវារថយន្តសង្គ្រោះបន្ទាន់ខាងក្រៅ ដោយ​ខ្លួន​ឯងផងដែរ។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមពី​ប្រធានមន្ទីរពេទ្យមិត្តភាពសហភាពខ្មែរ-សូវៀត លោក ងី ម៉េង បានទេ ដោយលោកប្រាប់ថាជាប់ប្រជុំ។​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វណ្ណី បានបញ្ជាក់តាមបណ្តាញសង្គមតេឡេក្រាម​ថា កិច្ចការនេះ ត្រូវបានត្រួតពិនិត្យ និងបន្តពិនិត្យគ្រប់ជ្រុងជ្រោយ ដោយក្រុមការងារក្រសួងសុខាភិបាល។ លោក​បង្ហាញការសោកស្តាយចំពោះការ​បាត់បង់អាយុជីវិតរបស់ជន​រងគ្រោះ​ ដោយសារ​​តែ​ស្ថានភាពអ្នក​ជំងឺ ដែល​ចូលទៅព្យាបាលមានសភាព​ធ្ងន់ធ្ងរ​លើស​ពីអ្វី​ដែល​វេជ្ជសាស្ត្រ អាចជួយសង្គ្រោះបាន។

លោកថា៖ «ការឈឺចាប់នៃសមាជិកគ្រួសារ យើងទាំងអស់គ្នាពិតជាបានយល់ ជ្រួតជ្រាបយ៉ាង​ជាក់ច្បាស់។ ក្រុមការងារមន្ទីរពេទ្យនៅបន្តព្យាយាមពាំនាំការពន្យល់អំពីភាពធ្ងន់ធ្ងរនៃជំងឺ។ កិច្ចការផ្សេងៗនៅសេសសល់ខ្លះៗ ដែលគិតថាជាកិច្ចការដែលត្រូវបន្តអភិវឌ្ឍន៍ និង​កាន់តែត្រូវធ្វើឱ្យ​​បានកាន់តែប្រសើរ ក៏យើងមិនដែលធ្វេសប្រហែសទេ។ រាល់បុគ្គលដែលអនុវត្តការងារតែងតែត្រូវបានវាយតៃម្លដោយក្រុមការងារ និងទទួលការកែលម្អទៅតាមភារកិច្ចការ​ងារ»។

កញ្ញា ធូ ស្រីពេជ្រ បានបដិសេធផ្តល់​បទ​សម្ភាសន៍​មកកាន់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី​៣០​ ខែមករានេះ ​ដោយ​ថា កញ្ញាជា​ប់រវល់នៅក្នុងការដោះស្រាយជាមួយខាងមន្ទីរពេទ្យ។

តែយ៉ាងណា កញ្ញា ស្រីពេជ្រ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣០ ខែមករានេះថា៖ «ក្នុងមានខ្ញុំជាក្រុមគ្រួសារសព ក៏ដូចជាប្រជាជនខ្មែរម្នាក់ក្នុងចំណោមរាប់ម៉ឺននាក់អ្នកដែលជួបរឿង​នេះ ពិតជាមានការឈឺចាប់ណាស់។ ស្ថាប័ននៅតែគាំទ្រ​បុគ្គលិក និងកិត្តិយសស្ថាប័នខ្លួន ជាជាងទទួលយកការ​ពិត មិនឃើញទទួលស្គាល់ហើយយកមកកែតម្រូវ ព្រោះ​តែការមានៈនេះហើយ ទើបបងប្អូនអស់ជំនឿចិត្ត និងមាន​ជនរងគ្រោះច្រើនបែបនេះ (បើទោះបីមានការសង្គ្រោះច្រើន ក៏ប្រជាជនដែលត្រូវរងគ្រោះក៏មិនតិចដែរ)»។

កញ្ញាបានរៀបរាប់ដោយភ្ជាប់មកជាមួយនូវអំណះអំណាងច្បាស់ៗថា មន្ទីរពេទ្យមិនមានអ្នកប្រចាំការគ្រប់គ្រាន់ ធ្វើការ​យឺត​យ៉ាវ ពុំមានការសង្គ្រោះបឋមត្រឹមត្រូវ និង​ប្រើពាក្យពេចន៍​ខ្វះ​សុជីវធម៌​ និងក្រម​វិជ្ជាជីវៈជាពេទ្យជាដើម។

តាមរយៈសារភ្ជាប់ជាមួយនឹងរូបភាព​ដែលបង្ហោះដោយកញ្ញា ធូ ស្រីពេជ្រ បានធ្វើឱ្យ​អ្នកប្រើ​​ប្រាស់​បណ្តាញសង្គម មានការ​ចាប់អារម្មណ៍ និងអាណិតអាសូរ ព្រមទាំង​បា​ន​ជួយ​​ចែករំលែក​ជាបន្តបន្ទាប់ផងដែរ ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ក៏បាន​បញ្ចេញមតិរិះគន់លើមន្ទីរពេទ្យ និង​វិស័យ​សុខាភិបាលផងដែរ។

លោក ​អំ សំអាត ​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មានប្រសាសន៍​ថា​ សេវាសុខាភិបាល​នៅកម្ពុជា​មិនអន់ទេ បើសិនជាមានកំណែទម្រង់បានត្រឹមត្រូវ។

លោកថា៖ «សេវាសុខភាពកម្ពុជា វាមិនអន់ទេ​ បើសិនជាមានការកំណែទម្រង់បានល្អទៅលើវិស័យនេះ ជាពិសេស​គឺ​ក្រមសីលធម៌របស់គ្រូពេទ្យ និងការយកចិត្តទុកដាក់ទៅលើការផ្តល់សេវាសុខភាពទៅដល់សាធារណជន […] កន្លងមក ក៏មានការរិះគន់ច្រើនដែរ ហើយអ្នកមានទ្រព្យធន មន្ត្រីមួយចំនួននាំគ្នាទៅព្យាបាលជំងឺនៅខាងក្រៅ [បរទេស] ដែលនេះធ្វើឱ្យ​មានការបាត់ទំនុកចិត្តទៅលើសេវាសុខភាពក្នុងស្រុក»។

តែយ៉ាងណា លោកបានជំរុញឱ្យមាន​ការស្រាវជ្រាវអំពីរឿង​នេះ ដើម្បីស្វែងរកចំណុចកណ្តាលមួយ និង​ដើម្បីស្វែង​រក​យុត្តិធម៌មួយដ៏ត្រឹមត្រូវ​ជូនទៅដល់អ្នករងគ្រោះ។ លោក​ក៏បាន​​ទទូចឱ្យ​​ក្រសួងសុខាភិបាល ចាត់នូវវិធានការតឹងរឹងចំពោះបុគ្គលិកសុខាភិបាលទាំង​ឡាយ​ណា ដែលមិនគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ​ជាអ្នកផ្តល់សេវាសុខភាព ដើម្បីធានា​កុំឱ្យ​មានករណីបែបនេះកើតឡើងតទៅទៀត។​


លោកថា៖ «ពេលមានជម្លោះអ៊ីចឹង ភាគីសងខាងដណ្តើមយកត្រូវ ជាពិសេសក្រុមគ្រួសារដែលមានអ្នកស្លាប់ គឺមាន​ការតូចចិត្ត​ ហើយគាត់មានការរិះគន់ច្រើន […] ក្រសួងសុខាភិបាល គួរតែស៊ើបអង្កេតទៅលើរឿងនេះឱ្យ​​បានត្រឹមត្រូវ មិនមែន​តែ​លាង​ភាព​ស្អាតស្អំ​ទេ ប៉ុន្តែឱ្យ​មានយុត្តិធម៌សម្រាប់ភាគីទាំងសងខាង»៕