សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ឱ្យ​ដឹងថា កូនក្តីរបស់ខ្លួន បានស្នើសុំក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ បន្ធូរបន្ថយ​លើការរឹតត្បិតការឃុំខ្លួន​ ប៉ុន្តែត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ​​បដិសេធ។

សាលា​ឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ ​បាន​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​ ​លោក ​កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​២០១៧​ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​។ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ចៅក្រមនៃ​សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចផ្តន្ទាទោស​លោក កឹម សុខា ឱ្យ​​​ជាប់​ពន្ធនាគារ​ចំនួន​ ២៧ឆ្នាំ ប៉ុន្តែតុលាការ​បាន​តម្រូវឱ្យឃុំខ្លួន​នៅផ្ទះ និងមិនអនុញ្ញាតឱ្យ​លោក​​ជួប​​បុគ្គល​ណាទាំងអស់ទាំងសញ្ជាតិខ្មែរ និងបរទេស។​

សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺ​លោកមេធាវី អាង ឧត្តម បានថ្លែងប្រាប់អ្នកសារព័ត៌មាន​បន្ទាប់ពីសវនាការលើកដំបូង នៅមុខសាលាឧទ្ធរណ៍ភ្នំពេញថា ក្នុងសវនាការនោះ លោក កឹម សុខា បានស្នើសុំទៅតុលាការបន្ធូរបន្ថយការរឹតត្បិតការឃុំខ្លួន ប៉ុន្តែត្រូវបានតុលាការច្រានចោល។

លោកថា៖​ «គាត់ ​[លោក កឹម សុខា] ​សុំ​កុំ​ឱ្យ​រឹត​ត្បិត​ការ​ឃុំ​ខ្លួន​របស់​គាត់​ពេក ​ជាពិសេស​ប៉ះពាល់​មិន​ត្រឹម​តែ​គាត់​ទេ ​ប៉ះ​ពាល់​ដល់​គ្រួសារ​គាត់​ និង​អ្នក​ដែល​ធ្លាប់​នៅ​ជាមួយ​គាត់​រាប់​ឆ្នាំ​ទុក​ដូច​ជា​សាច់​​ញាតិ​សន្តាន​ ហើយ​មិន​ឱ្យ​នៅ​ជាមួយ​គាត់ ​ដើម្បី​​ជួយ​កិច្ចការ ​ជួយ​សុខ​ទុក្ខ​គាត់​ទៀត។ ​គាត់​សុំ​ឱ្យ​បន្ធូរ​បន្ថយ​ចំណុច​ហ្នឹង»។​

​សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា មួយរូបទៀត​គឺលោកស្រី ម៉េង សុភារី មានប្រសាសន៍ថា សវនាការ​លើសំណុំរឿង​លោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះ បានបិទបញ្ចប់​នៅម៉ោង​១១កន្លះព្រឹក​​ ហើយនឹងបន្តទៅថ្ងៃទី៨ ខែកុម្ភៈទៀត។ លោកស្រីបន្តថា ក្រុមប្រឹក្សាជំនុំជម្រះ បាន​សម្រេចលើការ​កំណត់ពេលសវនាការ ដោយគ្រោងធ្វើឡើង​ ៩ដង ក្នុងនោះនឹងបើកសវនការចំនួន​ ២ដងក្នុងមួយខែ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍។

លោកស្រី ម៉េង សុភារី យល់ថា សវនាការដែលគ្រោង​នឹងធ្វើឡើង ២ដងក្នុងមួយខែនេះ គឺមិនគ្រប់គ្រាន់ឡើយ​។​

លោកស្រីថា៖ «ខ្ញុំយល់ថាវាតិច ក្នុងមួយខែ ២ដង ខ្ញុំចង់ឱ្យច្រើនជាងនេះ»។

អ្នកនាំពាក្យសាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង បាន​ប្រាប់ Newsroom Cambodia ថាដំណើរការរឿងក្តីរបស់លោក កឹម សុខា កាលពីព្រឹកមិញនេះ គឺដើរតាមនីតិវិធីច្បាប់។​

លោកថ្លែង​ថា៖ «ការដំណើរការរឿងក្តីស្របតាមនីតិវិធីច្បាប់។ តុលាការសម្រេចនៅពេលបញ្ចប់​ការពិភាក្សាដេញដោលដោយ​ឈរលើ អង្គហេតុ ភស្តុតាង និងអង្គច្បាប់»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត ដែលឃ្លាំមើលសវនាការនេះ មានប្រសាសន៍ថា ក្រុមប្រឹក្សា​ជំនុំជម្រះនៃ​សាលាឧទ្ធរណ៍ បានបដិសេធការស្នើសុំរបស់មេធាវីចំពោះការបន្ធូរបន្ធរ​នៅលក្ខខណ្ឌដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ​​ ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានលើកហេតុផលថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ គឺមិនអាចកែប្រែបានទេ។

លោកកត់សម្គាល់ដែរ​ថា សំណុំរឿងមានពាក់ព័ន្ធនឹងអ្នក​នយោបាយ ​សកម្មជនសិទ្ធិមនុស្ស និងសកម្មជន​បរិស្ថានជាដើម ដែលត្រូវបានចោទប្រកាន់ និងកាត់ទោសនៅសាលាដំបូងហើយ គឺកម្រ​នឹង​មានការ​កែប្រែសាលដីកា នៅតុលាការជាន់ខ្ពស់ណាស់។ លោកបន្តថា ប្រសិនបើ​មានការប្រើប្រាស់នៅវប្បធម៌​នៃការសុំព្រះរាជទាន​លើកលែងទោសពីព្រះមហាក្សត្រ ឬ​ការជជែក​គ្នារវាង​អ្នកនយោបាយ និងអ្នកនយោបាយនោះ លោក កឹម សុខា អាចនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំ​។

លោក អំ សំអាត បន្ថែម​​​ថា៖ «បើនិយាយអំពីសិទ្ធិ និងសេរីភាព និងយុត្តិធម៌ចំពោះមុខច្បាប់នេះ វាហាក់​បីដូចជាមានភាពអូសបន្លាយ​សម្រាប់លោក កឹម សុខា»។

សូមរំលឹកថា​ លោក កឹម សុខា​ អតីត​ប្រធាន​​គណបក្សសង្គ្រោះជាតិ​ ត្រូវបាន​សាលាដំបូងរាជធានី​​ភ្នំពេញផ្តន្ទាទោស​ដាក់​​ពន្ធនាគាររយៈពេល​២៧ឆ្នាំ ពីបទ ​សន្ទិដ្ឋិភាពជាមួយ​បរទេស តាមមាត្រា​​៤៣៩ និងមាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។​ ក៏ប៉ុន្តែលោក កឹម សុខា ​ត្រូវបានបញ្ជូន​ទៅឃុំខ្លួន​នៅក្នុងផ្ទះ​។ តុលាការ​​​ក៏បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អ​ចិន្រ្តៃយ៍​ចំពោះ​លោក​ កឹ​ម​ ​សុខា​ ​ក្នុង​ការ​ឈរឈ្មោះ ​ឬ​ចូលរួម​បោះឆ្នោត​ ​ដែល​ជា​ទណ្ឌកម្ម​បន្ថែម​តាម​​មាត្រា​​៤​៥​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​។

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បាន​អំពាវនាវដល់សាលាឧទ្ធរណ៍​ភ្នំពេញ ឈរ​លើគោលការណ៍ឯករាជ្យ និងវិជ្ជាជីវៈ ក្នុងដំណើរការសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា នេះផងដែរ។ ប៉ុន្តែ​អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោស​ពីបទឧក្រិដ្ឋ ដោយសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ហើយ​បើតាម​បណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ និងតំណាងអយ្យការ សវនាការ​​ប្រព្រឹត្តទៅដោយផ្អែក​លើអង្គហេតុ ភស្តុតាង អង្គច្បាប់ និងដោយឯករាជ្យតាមរដ្ឋធម្មនុញ្ញ៕