របាយការណ៍សិក្សាមួយរបស់អង្គការតម្លាភាពកម្ពុជា បង្ហាញថា ពិន្ទុសន្ទស្សន៍អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ មានការធ្លាក់ចុះជាងឆ្នាំកន្លងទៅ ដែលធ្វើឱ្យកម្ពុជានៅតែស្ថិតក្នុងប្រទេសដែលមានអំពើពុករលួយខ្លាំងក្នុងសកលលោកដដែល។
យោងតាមលទ្ធផលនៃការសិក្សាស្តីពី«សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣» ដែលចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលបានពិន្ទុ២២ លើពិន្ទុអតិបរមា ១០០ពិន្ទុ ដែលជាការថយចុះចំនួន ០២ពិន្ទុ បើធៀបនឹងឆ្នាំ២០២២។
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ហៅកាត់ថា CPI គឺជាការដាក់ពិន្ទុចំណាត់ថ្នាក់ប្រទេស និងដែនដីនានានៅជុំវិញពិភពលោក ដោយផ្អែកតាមរយៈការវាយតម្លៃពីទំហំ នៃអំពើពុករលួយ ក្នុងវិស័យសាធារណៈរបស់ប្រទេស និងដែនដីទាំងនោះ ដោយផ្អែកលើមូលដ្ឋានពីពិន្ទុ ០ ដល់ ១០០ ដោយពិន្ទុសូន្យ មានន័យថា ជាប្រទេសមានអំពើពុករលួយខ្លាំងបំផុត ហើយពិន្ទុ១០០ មានន័យថា ប្រទេសឬដែនដីនោះត្រូវបានគេយល់ឃើញថា មានភាពស្អាតស្អំបំផុត។
នេះជាលើកទី២៩ ដែលអង្គការតម្លាភាពកម្ពុជា ផ្សព្វផ្សាយអំពីលទ្ធផលនៃសន្ទុះនៃការយល់ឃើញពីអំពើពុករលួយ។ របាយការណ៍សិក្សានោះ បន្តថា ពិន្ទុនេះ ធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៨ ក្នុងចំណោមប្រទេសចំនួន១៨០ ដែលត្រូវបានវាយតម្លៃ ដោយថយចុះពីចំណាត់ថ្នាក់ទី១៥០ កាលពីឆ្នាំមុន។ លទ្ធផលនេះ បានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុ CPI របស់កម្ពុជា បន្តប្រែប្រួលឡើងចុះក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ និងជាពិន្ទុមួយដែលទាប បើទោះបីជាមានការប្រសើរឡើងនៅឆ្នាំខ្លះក្តី។
របាយការណ៍សិក្សាដដែល បានបន្ថែមថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាបជាងគេបំផុតទី៤ ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ២០) មីយ៉ាន់ម៉ា (ពិន្ទុ២០) និងកូរ៉េខាងជើង (ពិន្ទុ១៧)។
ការវិភាគស៊ីជម្រៅរបស់អង្គការតម្លាភាពកម្ពុជា លើប្រភពទិន្នន័យសំខាន់ៗចំនួន៧ នៅពីក្រោយសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ (CPI) របស់ប្រទេសកម្ពុជា ឆ្នាំ២០២៣នេះ បានបង្ហាញពីកង្វះខាតវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអំឡុងឆ្នាំកន្លងទៅ។
ប្រភពទិន្នន័យដដែល ក៏បានបង្ហាញពីរូបភាពដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាប្រឈមរ៉ាំរ៉ៃនានា រួមមាន កង្វះប្រសិទ្ធភាពក្នុងការផ្តន្ទាទោសមន្ត្រីពុករលួយ ការប្រើប្រាស់ធនធានដោយមិនត្រឹមត្រូវ និងយន្តការគណនេយ្យភាពទន់ខ្សោយ។ ប្រភពទិន្នន័យក៏បានគូសបញ្ជាក់ពីហានិភ័យខ្ពស់នៃសំណូក និងការប្រព្រឹត្តពុករលួយក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ប្រព័ន្ធតុលាការដែលមិនដំណើរការ និងកំណើនឥទ្ធិពលនៃផលប្រយោជន៍របស់ក្រុមមនុស្សមួយភាគតូច។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានលើកឡើងក្នុងរបាយការណ៍នោះថា ការធ្លាក់ចុះនៃពិន្ទុនេះ គឺជាសញ្ញាបង្ហាញថាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជាកំពុងនៅស្ងៀមទ្រឹង។ លោកបន្តថា ពិន្ទុនេះក៏ជាសារក្រើនរំលឹកមួយ អំពីទំហំនៃបញ្ហាពុករលួយដែលកម្ពុជា នៅបន្តប្រឈមមុខក្នុងគ្រប់វិស័យ។
លោកបន្តទៀតថា៖ «ថ្វីបើមានវឌ្ឍនភាពនៅក្នុងវិស័យមួយចំនួន ដូចជា ការកៀរគរធនធាន និងសេវាសាធារណៈនៅថ្នាក់មូលដ្ឋានក្តី មតិអ្នកជំនាញនៅពីក្រោយCPI បានចង្អុលបង្ហាញយ៉ាងច្បាស់អំពីការបន្តកើតមាននូវអំពើពុករលួយខ្នាតធំ និងអំពើពុករលួយនយោបាយ ដែលក្នុងនោះកំណែទម្រង់សំខាន់ៗ ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ និងយុត្តិធម៌បានជាប់គាំង»។
ចំណែក លោក François Valérian ប្រធានអង្គការតម្លាភាពអន្តរជាតិ បានលើកឡើងក្នុងរបាយការណ៍សិក្សាដែរថា អំពើពុករលួយនឹងបន្តរីកធំធាត់ បើប្រព័ន្ធយុត្តិធម៌មិនអាចដាក់ទោសកំហុសលើអ្នកប្រព្រឹត្តខុស។
លោកបន្តថា៖ «នៅពេលយុត្តិធម៌ត្រូវបានគេទិញ ឬជ្រៀតជ្រែកបែបនយោបាយ ពិតហើយគឺពលរដ្ឋជាអ្នកឈឺចាប់»។
លោកស្នើឱ្យមេដឹកនាំវិនិយោគឱ្យបានពេញលេញ និងធានាឱ្យបាននូវឯករាជ្យភាពនៃស្ថាប័នដែលទ្រទ្រង់ច្បាប់ និងដោះស្រាយអំពើពុករលួយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលប្រកាសថា ខ្លួនជាប្រទេសស្អាតស្អំ ឬគ្មានអំពើពុករលួយនោះទេ ហេតុនេះហើយបានជារាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្តដឹកនាំប្រទេស យុទ្ធសាស្រ្តត្រីកោណ ចតុកោណ បញ្ជាកោណ ដោយមានកំណែទម្រង់ និងអភិបាលកិច្ចល្អជាស្នូល។
លោកបន្ថែមថា៖ «សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញទៀតហើយ គឺយុទ្ធសាស្រ្តបញ្ជាកោណ ហើយក្នុងហ្នឹងមានកំណែទម្រង់អភិបាលកិច្ចល្អជាស្នូល ដើម្បីខិតខំដឹកនាំប្រទេសឱ្យមានភាពស្អាតស្អំ លុបបំបាត់អំពើពុករលួយ លុបបំបាត់ភាពមិនប្រក្រតីផ្សេងៗ សំដៅបម្រើប្រជាពលរដ្ឋឱ្យបានល្អបំផុត»។
ចំណែក លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់Newsroom Cambodia ថា កម្ពុជាជារដ្ឋភាគីមួយ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ ដូចនេះកម្ពុជាមានកាតព្វកិច្ចក្នុងការរួមចំណែកក្នុងការប្រឆាំងអំពើពុករលួយ ហើយកម្ពុជាតែងតែគោរព និងអនុវត្តកាតព្វកិច្ចនេះ។
លោកបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ថា របាយការណ៍ដែលបានផ្តល់ដោយអង្គការមួយនេះ មិនបានឆ្លុះបញ្ជាំងពីការពិតជាក់ស្តែងដែលកើតនៅកម្ពុជាឡើយ។ ទោះយ៉ាងនេះក្តី អង្គភាពក៏ចាត់ទុកថារបាយការណ៍នេះ ជាព័ត៌មានមួយសម្រាប់អង្គភាព ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ»។
យោងតាមរបាយការណ៍សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅឆ្នាំ២០១៦ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៦, នៅឆ្នាំ២០១៧និងឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់លេខ១៦១, នៅឆ្នាំ២០១៩ ជាប់ចំណាត់ថ្នាក់លេខ១៦២, នៅឆ្នាំ២០២០ ជាប់ចំណាត់ថ្នាក់លេខ១៦០, នៅឆ្នាំ២០២១ ជាប់ចំណាត់ថ្នាក់លេខ១៥៧, នៅឆ្នាំ២០២២ ជាប់ចំណាត់ថ្នាក់លេខ១៥០ និងឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់លេខ១៥៨ ក្នុងចំណោមប្រទេសចំនួន១៨០ នៅទូទាំងពិភពលោក។ តាមរយតៈសន្ទស្សន៍នេះ បង្ហាញថា កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងសន្ទស្សន៍ពុករលួយខ្លាំងតាំងពីឆ្នាំ២០១២មក។
យ៉ាងណា តាមរយៈរបាយការណ៍សិក្សាពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា បានអំពាវនាវជាថ្មីដល់រដ្ឋាភិបាល ធ្វើការពង្រឹង និងពន្លឿនកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ខ្លួន ក្នុងការលុបបំបាត់អំពើពុករលួយ។ ជាមួយគ្នានេះ អង្គការនេះបានទាមទារឱ្យមានការអនុវត្តនូវវិធានការសំខាន់ៗមួយចំនួន ដូចជា ផ្តន្ទាទោសរាល់អំពើពុករលួយ ពង្រឹងគណនេយ្យភាពនិងការត្រួតពិនិត្យ ធ្វើទំនើបកម្មក្របខ័ណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ លើកកម្ពស់តម្លាភាពនិងការត្រួតពិនិត្យសាធារណៈ និងលើកកម្ពស់តម្លាភាពសាជីវកម្មនិងការប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងធានាការគោរពច្បាប់ដោយស្មើភាពសម្រាប់អាជីវកម្មទាំងអស់៕