របាយការណ៍​​សិក្សាមួយ​របស់​​អង្គការតម្លាភាពកម្ពុជា បង្ហាញថា ពិន្ទុសន្ទស្សន៍អំពើ​ពុករលួយ​នៅ​កម្ពុជា​សម្រាប់​​ឆ្នាំ​​២០២៣ មានការ​ធ្លាក់ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ​​ ដែលធ្វើឱ្យ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ប្រទេស​ដែលមាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្នុង​សកល​លោកដដែល។​

យោងតាមលទ្ធផលនៃការសិក្សាស្តីពី«សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣» ដែលចេញផ្សាយ​ដោយ​អង្គការ​តម្លាភាពកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាទទួលបានពិន្ទុ​២២ លើពិន្ទុអតិបរមា ១០០ពិន្ទុ ដែលជាការថយចុះចំនួន ០២ពិន្ទុ បើធៀបនឹងឆ្នាំ២០២២។

សន្ទស្សន៍នៃការយល់​ឃើញ​ពី​អំពើពុករលួយ ហៅកាត់ថា CPI គឺជាការដាក់ពិន្ទុចំណាត់ថ្នាក់ប្រទេស និងដែនដីនានានៅជុំវិញពិភពលោក ដោយ​ផ្អែកតាម​រយៈការវាយតម្លៃពីទំហំ នៃអំពើពុករលួយ ក្នុង​វិស័យសាធារណៈរបស់ប្រទេស និងដែនដីទាំងនោះ ដោយផ្អែកលើមូលដ្ឋានពី​ពិន្ទុ ០ ដល់ ១០០ ដោយពិន្ទុសូន្យ មានន័យថា ជាប្រទេសមានអំពើ​ពុករលួយខ្លាំងបំផុត ហើយពិន្ទុ​១០០ មានន័យថា ប្រទេស​ឬដែនដីនោះត្រូវបានគេយល់ឃើញថា មានភាពស្អាតស្អំបំផុត។

នេះជាលើកទី២៩ ដែលអង្គការតម្លាភាពកម្ពុជា ផ្សព្វផ្សាយអំពីលទ្ធផលនៃសន្ទុះនៃការយល់ឃើញពីអំពើពុករលួយ។ របាយការណ៍សិក្សានោះ បន្តថា ពិន្ទុនេះ ​ធ្វើ​ឱ្យ​​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ដែល​ត្រូវបាន​វាយ​តម្លៃ ដោយថយចុះ​ពី​ចំណាត់​​ថ្នាក់​ទី​១៥០ កាល​ពី​ឆ្នាំ​​មុន។ លទ្ធផលនេះ បានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយ​សារ​តែពិន្ទុ CPI របស់កម្ពុជា បន្តប្រែប្រួលឡើងចុះក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ និង​ជាពិន្ទុមួយ​ដែលទាប បើទោះបីជាមានការប្រសើរឡើងនៅឆ្នាំខ្លះក្តី។

របាយការណ៍សិក្សាដដែល បានបន្ថែមថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កម្ពុជាមានលេខរៀងទាប​ជាងគេបំផុតទី៤ ដោយនាំមុខតែអាហ្វហ្គានីស្ថាន (ពិន្ទុ២០) មីយ៉ាន់ម៉ា (ពិន្ទុ២០) និងកូរ៉េខាងជើង (ពិន្ទុ១៧)។

ការវិភាគស៊ីជម្រៅរបស់អង្គការតម្លាភាពកម្ពុជា លើប្រភពទិន្នន័យសំខាន់ៗចំនួន៧ នៅពីក្រោយសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ (CPI) របស់ប្រទេសកម្ពុជា ឆ្នាំ​២០២៣នេះ​​ បានបង្ហាញពីកង្វះខាតវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអំឡុងឆ្នាំកន្លងទៅ។

ប្រភពទិន្នន័យដដែល ក៏បាន​​បង្ហាញពីរូបភាពដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាប្រឈម​រ៉ាំរ៉ៃនានា រួមមាន កង្វះប្រសិទ្ធភាពក្នុងការផ្តន្ទាទោស​មន្ត្រីពុករលួយ ការប្រើ​ប្រាស់​ធនធាន​ដោយ​មិន​ត្រឹម​ត្រូវ និងយន្តការគណនេយ្យ​ភាពទន់ខ្សោយ។ ប្រភពទិន្នន័យ​ក៏បានគូសបញ្ជាក់ពី​ហានិភ័យខ្ពស់នៃសំណូក និងការប្រព្រឹត្តពុករលួយក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ប្រព័ន្ធតុលាការដែលមិនដំណើរ​ការ និងកំណើនឥទ្ធិពលនៃផលប្រយោជន៍​របស់​ក្រុម​មនុស្សមួយភាគតូច។ ​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បានលើកឡើង​ក្នុងរបាយការណ៍នោះ​​ថា ការ​ធ្លាក់ចុះ​នៃពិន្ទុ​នេះ គឺជាសញ្ញាបង្ហាញថាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជាកំពុងនៅស្ងៀមទ្រឹង។ លោក​បន្តថា ពិន្ទុនេះក៏​ជា​សារក្រើនរំលឹក​មួយ​ អំពី​ទំហំនៃបញ្ហា​ពុករលួយ​ដែល​កម្ពុជា​ នៅ​បន្ត​ប្រឈម​មុខ​ក្នុង​គ្រប់វិស័យ​។

លោកបន្តទៀត​​ថា៖ «ថ្វីបើមានវឌ្ឍនភាពនៅក្នុងវិស័យមួយចំនួន ដូចជា ការកៀរគរធនធាន និងសេវាសាធារណៈនៅថ្នាក់មូលដ្ឋានក្តី មតិអ្នកជំនាញនៅពីក្រោយCPI បានចង្អុលបង្ហាញយ៉ាងច្បាស់អំពីការបន្តកើតមាននូវអំពើពុករលួយខ្នាតធំ និងអំពើពុករលួយនយោបាយ ដែលក្នុងនោះកំណែទម្រង់សំខាន់ៗ ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ និងយុត្តិធម៌បានជាប់គាំង»។

ចំណែក លោក François Valérian ប្រធានអង្គការតម្លាភាពអន្តរជាតិ បានលើកឡើងក្នុងរបាយការណ៍សិក្សាដែរ​ថា អំពើពុករលួយនឹងបន្តរីកធំធាត់ បើប្រព័ន្ធយុត្តិធម៌មិន​អាចដាក់ទោស​កំហុសលើ​អ្នកប្រព្រឹត្តខុស​។  

លោកបន្តថា៖ «នៅពេល​យុត្តិធម៌​ត្រូវ​បានគេ​ទិញ​ ឬ​ជ្រៀត​ជ្រែកបែប​នយោបាយ​ ពិតហើយគឺ​ពលរដ្ឋជាអ្នកឈឺចាប់»។

លោក​ស្នើឱ្យមេដឹកនាំវិនិយោគឱ្យបានពេញលេញ និងធានាឱ្យបាននូវឯករាជ្យភាពនៃស្ថាប័នដែលទ្រទ្រង់ច្បាប់ និងដោះស្រាយអំពើពុករលួយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​ដែល​ប្រកាស​ថា ខ្លួន​ជាប្រទេសស្អាតស្អំ ឬ​គ្មានអំពើពុករលួយនោះទេ ហេតុនេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល បានដាក់ចេញនូវ​យុទ្ធ​សាស្រ្តដឹកនាំប្រទេស យុទ្ធ​សាស្រ្តត្រីកោណ ចតុកោណ បញ្ជា​កោណ ដោយ​​មានកំណែទម្រង់ និងអភិបាលកិច្ចល្អជាស្នូល។

លោកបន្ថែមថា៖ «សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញទៀតហើយ គឺយុទ្ធ​សាស្រ្តបញ្ជាកោណ ហើយ​ក្នុង​ហ្នឹង​មានកំណែទម្រង់អភិបាលកិច្ចល្អជាស្នូល ដើម្បីខិតខំដឹកនាំប្រទេសឱ្យមានភាពស្អាត​ស្អំ លុបបំបាត់អំពើពុករលួយ លុបបំបាត់ភាពមិនប្រក្រតី​ផ្សេងៗ សំដៅបម្រើ​ប្រជាពលរដ្ឋឱ្យបាន​ល្អបំផុត»។

ចំណែក លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ប្រាប់Newsroom Cambodia ថា កម្ពុជាជារដ្ឋភាគីមួយ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងអំពើពុករលួយ ដូចនេះកម្ពុជាមានកាតព្វកិច្ចក្នុងការរួមចំណែកក្នុងការប្រឆាំងអំពើពុករលួយ ហើយកម្ពុជាតែងតែគោរព និងអនុវត្តកាតព្វកិច្ចនេះ។

លោកបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ថា របាយការណ៍ដែលបានផ្តល់ដោយអង្គការមួយនេះ មិនបានឆ្លុះបញ្ជាំងពីការពិតជាក់​ស្តែងដែលកើតនៅកម្ពុជាឡើយ។ ទោះយ៉ាងនេះក្តី អង្គភាពក៏ចាត់ទុកថារបាយការណ៍នេះ ជាព័ត៌មានមួយសម្រាប់អង្គភាព ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ»។

យោងតាមរបាយការណ៍សន្ទស្សន៍នៃការយល់​ឃើញ​ពី​អំពើពុករលួយនៅ​ឆ្នាំ​២០១៦ ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៥៦​, ​នៅ​ឆ្នាំ​២០១៧​និងឆ្នាំ២០១៨ ជាប់ចំណាត់ថ្នាក់​​លេខ​១៦១, ​នៅ​ឆ្នាំ​២០១៩ ជាប់ចំណាត់ថ្នាក់​លេខ​១៦២, ​នៅ​ឆ្នាំ​២០២០ ជាប់ចំណាត់ថ្នាក់​លេខ​១៦០, ​នៅ​ឆ្នាំ​២០២១ ជាប់ចំណាត់ថ្នាក់លេខ​១៥៧,​ នៅ​​ឆ្នាំ​២០២២ ជាប់ចំណាត់ថ្នាក់​​​​លេខ​​១៥០​ និង​ឆ្នាំ​២០២៣​ ជាប់ចំណាត់ថ្នាក់​លេខ​១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ ​នៅ​ទូទាំង​ពិភព​លោក។ តាមរយតៈសន្ទស្សន៍នេះ បង្ហាញថា កម្ពុជា​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​សន្ទស្សន៍​ពុក​រលួយ​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១២​មក។

យ៉ាងណា តាមរយៈរបាយការណ៍សិក្សាពីសន្ទស្សន៍នៃការយល់​ឃើញ​ពី​អំពើពុករលួយ ឆ្នាំ២០២៣ ​អង្គការតម្លាភាពកម្ពុជា បានអំពាវនាវ​ជាថ្មីដល់រដ្ឋាភិបាល ធ្វើការពង្រឹង​ និងពន្លឿន​កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់ខ្លួន ក្នុងការ​លុបបំបាត់អំពើពុករលួយ។ ជាមួយគ្នានេះ អង្គការ​នេះបានទាមទារឱ្យមានការអនុវត្ត​នូវវិធានការសំខាន់ៗមួយចំនួន ដូចជា ផ្តន្ទាទោសរាល់អំពើពុករលួយ ពង្រឹងគណនេយ្យ​ភាពនិងការត្រួតពិនិត្យ​ ធ្វើទំនើបកម្ម​ក្របខ័ណ្ឌច្បាប់ប្រឆាំងអំពើពុក​រលួយ លើកកម្ពស់តម្លាភាពនិងការត្រួតពិនិត្យ​សាធារណៈ និងលើកកម្ពស់តម្លាភាពសាជីវកម្ម​និងការប្រកួតប្រជែងដោយយុត្តិធម៌ ព្រមទាំងធានាការគោរពច្បាប់ដោយស្មើភាពសម្រាប់អាជីវកម្មទាំងអស់៕