អង្គការសង្គមស៊ីវិល​ដែលធ្វើការផ្នែកសិទ្ធិមនុស្សចំនួន៣ បាន​រកឃើញ​ការ​ប្រើ​យុទ្ធ​សាស្ត្រ​បណ្ដឹង​ផ្លូវ​ច្បាប់ពី​សំណាក់​រដ្ឋាភិបាល និង​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ ដើម្បី​បំបិទ​​សំឡេង​រិះ​គន់ និង​បំបាក់​ទឹក​ចិត្ត​ចូល​រួម​ពី​ពលរដ្ឋ ជាង​​៣០ដងលើបុគ្គលជាង ១០០​នាក់​​​ក្នុង​ឆ្នាំ២០២៣ ខណៈ​​រដ្ឋាភិបាល​ថា​ករណី​ទាំង​នោះ​ ជា​​ការ​អនុវត្ត​ច្បាប់​មិនមែន​​ជា​ការបំបិទ​សិទ្ធិឡើយ។

តាមរយៈសាលាកប័ត្រព័ត៌មានរួមគ្នារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍនៅកម្ពុជា (ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព (Solidarity Center) ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មានការការប្រើយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ប្រឆាំងការចូលរួមជាសារធារណៈនៅប្រទេសកម្ពុជាចំនួន ៣៩ករណី លើមនុស្សចំនួន ១២៧នាក់ ស្ថិតក្នុង៧ក្រុមផ្សេងគ្នា រួមមាន​ សកម្មជននយោបាយ អ្នកសារព័ត៌មាន និងសមាជិកសហគមន៍ដីធ្លី។

សាលាកប័ត្រព័ត៌មានបន្ដថា៖ «បុគ្គលចំនួន ១២៧នាក់ ទទួលរងយុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ក្នុងទម្រង់នៃការដាក់​​ទណ្ឌកម្មព្រហ្មទណ្ឌ ដែលក្នុងនោះមនុស្សចំនួន ៦១នាក់ ត្រូវបានកោះហៅឱ្យចូលខ្លួននៅបុស្តិ៍នគរបាល ឬតុលាការដើម្បីបំភ្លឺករណីរបស់ពួកគេ»។

សាលាកប័ត្រព័ត៌មានដដែល បានឱ្យដឹងថា ប្រភេទជនរងគ្រោះដែលទទួលរងពាក្យបណ្ដឹងតាម​ផ្លូវច្បាប់មានដូចជា ៣១ភាគរយ​ ជាសកម្មជននយោបាយ ឬអ្នកនយោបាយ ២៣ភាគរយជាសកម្មជនដីធ្លី និង២១ភាគរយជាអ្នកសារព័ត៌មានរាយការណ៍ពីអំពើពុករលួយ ឬបញ្ហារសើប​ជាដើម។

លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការសិទ្ធិមនុស្ស​​លីកាដូ យល់ថា ការប្រើយុទ្ធសាស្ត្របណ្ដឹង​ផ្លូវច្បាប់បានធ្វើឱ្យប៉ះពាល់ដល់​​សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ហើយកន្លងមកលោកក៏បានស្នើឱ្យអាជ្ញាធរបែងចែកឱ្យដាច់រវាងការបញ្ចេញមតិ និងបទល្មើស។

លោកថា៖ «កន្លងទៅយើងជាអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ក៏យើងបានស្នើសុំឱ្យអាជ្ញាធរក៏ដូចជាតុលាការ​លោកពិចារណាថា អ្វីជាសេរីភាពក្នុងការបញ្ចេញមតិ អ្វីជាបទល្មើសដែលនាំឱ្យមានការអនុវត្តច្បាប់ ពីព្រោះកន្លងមកពេលយើងឃើញមានករណីជាច្រើន យើងមើលទៅវាជាករណីនៃការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលធានាដោយរដ្ឋធម្មនុញ្ញ ដោយបទដ្ឋានអន្តរជាតិ ក៏ប៉ុន្តែផ្ទុយទៅវិញគឺត្រូវបានធ្វើការចោទប្រកាន់ កាត់ទោស ឬក៏ធ្វើការឃុំខ្លួន»។

លោក អំ សំអាត បានបន្តថា លោកមិនគាំទ្រទង្វើដែលខុសច្បាប់ទេ ក៏ប៉ុន្តែលោកចង់ឱ្យមានការបញ្ឈប់ការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

លោកថា៖ «យើងអង្គការសង្គមស៊ីវិល យើងមិនលើកទឹកចិត្ត ឬក៏គាំទ្រទៅលើទង្វើណាដែលខុសច្បាប់ទេ តែទាក់ទងនឹងសេរីភាពជាមូលដ្ឋាន សេរីភាពនៃការបញ្ចេញមតិ គួរតែពិចារណាឱ្យបានត្រឹមត្រូវ ដែលចៀសវាងការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិដែលធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានហើយនិងបញ្ហាសិទ្ធិមនុស្ស»។

អ្នកស្រី ផាវ ញ៉ើង ជាសកម្មជនដីធ្លីនៅខេត្តកោះកុង យល់ថា ការឃាត់ខ្លួនអ្នកស្រីកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ជាការបំបិទសិទ្ធិសេរីភាពអ្នកស្រី​ដោយគា​ត់​មិនបានប្រព្រឹត្តកំហុសអ្វីឡើយ គ្រាន់តែទៅដាក់ញត្តិបុណ្ណោះ។

អ្នកស្រីថា៖ «នេះគឺជាការបំបិទសិទ្ធិសេរីភាពទាំងស្រុងហើយ ប្រសិនបើគាត់អត់បំបិទគាត់អត់ធ្វើអ៊ីចឹងទេ ព្រោះដូចជាអត់មានបទល្មើសអីហ្មងនិយាយទៅគ្រាន់តែចេញទៅដាក់ញត្តិខុសច្បាប់ដែរ ចាប់ដាក់ពន្ធនាគារដែរ[…] ពួកយើងគោរពច្បាប់ឡើងលើសពីការគោរពហើយ ចុះអ្នកមានលុយមានអំណាចមកយកដីផ្ទះខ្ញុំ ដូចលោក ហេង ហ៊ុយ អ៊ីចឹង ហើយសមត្ថកិច្ចមកចាប់​ពួកខ្ញុំឃុំខ្លួនរាប់ខែអាហ្នឹងវាជារឿងមួយអយុត្តិធម៌ទេ? គួរតែផ្ដន្ទាទោសបុគ្គលដែលចាប់គេតាមអំពើចិត្តនិងបំបិទសេរីភាពគេរំលោភច្បាប់ដែរទេ?»។

សកម្មជនដីធ្លីរូបនេះ ស្នើឱ្យតុលាការបញ្ឈប់ការចោទប្រកាន់ដោយគ្មានបទល្មើស និងស្នើឱ្យរដ្ឋាភិបាលកែទម្រង់ប្រព័ន្ធយុត្តិធម៌ ព្រមទាំងស្នើឱ្យដោះស្រាយវិវាទដីធ្លីឱ្យឆាប់រហ័ស។

អ្នកស្រីថ្លែងថា៖ «ជាសំណូមពរជារួមរបស់ខ្ញុំ ស្នើសុំទី១ ឱ្យឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមពិនិត្យទៅលើចៅក្រម​មួយចំនួនទាក់ទងនឹងការចោទប្រកាន់ដោយគ្មានបទល្មើស។ ទី២ ស្នើសុំឱ្យរដ្ឋាភិបាលហ្នឹង កែបែបគេហៅថាឱ្យមានភាពវៃឆ្លាត​ដូចអ្នកជំនាន់ថ្មីទៅ ពីព្រោះមកដល់ពេលនេះហើយមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំ អ៊ីចឹងខ្ញុំគិតថាសម្ដេច ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលហ្នឹង គាត់នឹងកែទម្រង់ប្រព័ន្ធយុត្តិធម៌ហ្នឹង។ ហើយទី៣ ខ្ញុំស្នើសុំថា បើដោះស្រាយដី ដោះ​ឱ្យ​ចប់​កុំ​ដោះ​ទុក​ចោល​ទុកផ្ទះខ្ញុំហើយ មកយកតែដីខ្ញុំ ពេលខ្ញុំទៅតវ៉ានិយាយថាខ្ញុំសន្សំរឿងថាខ្ញុំហ្នឹងញុះញង់»។

ជុំវិញរឿងនេះ ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានប្រាប់ Newsroom Cambodia ថា នេះជាការអនុវត្តច្បាប់មិនមែនការបំបិទសិទ្ធិ​ទេ ហើយលោកថា នៅតុលាការមានបណ្ដឹងច្រើនណាស់មិនមែនមានតែ ៣៩ករណីទេ។

លោកបានថ្លែងថា៖ «មានច្រើនណាស់ដែលពាក្យបណ្ដឹងផ្លូវច្បាប់ មានន័យថា​ប្រទេសកម្ពុជាកំពុងតែអនុវត្តច្បាប់ប្រទេសនីតិរដ្ឋ ដូច្នេះនរណាក៏ដោយឱ្យតែបំពានច្បាប់ គឺគេប្ដឹងហើយច្បាប់​ចាត់​នីតិវិធីតុលាការ តុលាការចាត់នីតិវិធីទៅតាមផ្លូវច្បាប់ ដូច្នេះការអនុវត្តច្បាប់មិនត្រូវបានប​ក​ស្រាយទៅជាការបំបិទសិទ្ធិ ឬក៏រំលោភសិទ្ធិអ្នកណាម្នាក់ទេ គឺច្បាប់គេបង្ខំឱ្យមនុស្សត្រូវតែគោរពតាម អ៊ីចឹងអ្នកបំពានច្បាប់ត្រូវតែទទួលការផ្ដន្ទាទោស»។

លោក ប៉ែន បូណា ក៏បានសំណូមពរទៅវិញឱ្យអង្គការសង្គមស៊ីវិល​ដែលចេញសាលាកប័ត្រនេះ បង្រៀនច្បាប់មាត្រា៤១ អំពីការបញ្ចេញមតិទៅដល់ប្រជាពលរដ្ឋ និងសកម្មជននយោបាយ។

លោកថា៖ «សុំឱ្យគាត់ជួយបង្ហាត់បង្រៀនប្រជាពលរដ្ឋជាទូទៅ ឬមួយក៏ក្រុមដែលគាត់ចាត់ទុកថាជាមនុស្សដែលសកម្ម​ជននយោបាយ សកម្មជនអីផ្សេងៗហ្នឹង សូមឱ្យគាត់យល់ជួយបង្រៀនទាំងអស់ហ្នឹង ឱ្យគាត់យល់ផងមាត្រា៤១ គេបញ្ជាក់​ហើយ​ជនណាក៏ដោយមិនអាចប្រើសិទ្ធិ ដើម្បីរំលោភបំពានប៉ះពាល់កិត្តិយសរបស់អ្នកដទៃ ប៉ះពាល់សេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ល្អរបស់ប្រទេសជាតិ សណ្ដាប់ធ្នាប់សាធារណៈ ហើយនិងសន្តិសុខជាតិបានឡើយ‍។ នេះគឺជាច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់កំពូលដែលគេចែង‌‍»។

បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ក្នុងឆ្នាំ២០២២ មានការប្រើប្រាស់យុទ្ធសាស្ត្របណ្ដឹងផ្លូវច្បាប់ចំនួន ៣៧ករណី ទៅលើមនុស្សចំនួន ៧៩នាក់៕