លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជនទាំង ២កន្លែង នៅខេត្តព្រះសីហនុ និងដាច់ខាតមិនឱ្យមានការបើកក្លឹបបាញ់កាំភ្លើងឯកជនថ្មី ខណៈរដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងសារាចរណែនាំ ដើម្បីហាមមិនឱ្យចេញអាជ្ញាបណ្ណសម្រាប់ក្លឹបបាញ់កាំភ្លើងឯកជនថ្មីទៀតនៅកម្ពុជា។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅឯខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាទៅអភិបាលខេត្តព្រះសីហនុ ឱ្យបិទក្លឹបបាញ់កាំភ្លើងឯកជនទាំងអស់នៅក្នុងខេត្តនេះ និងមិនត្រូវឱ្យមានការបើកថ្មីទៀតជាដាច់ខាត។
លោកថ្លែងថា៖ «ខ្ញុំថា មិនចាំបាច់[អ្នក]ទេសចរមកខេត្តព្រះសីហនុ មិនបាច់រៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង។ អ៊ីចឹងសូមឱ្យបិទតែម្តង ហើយមិនឱ្យបើកថ្មីទេ អារឿងបាញ់កាំភ្លើងក្លឹបឯកជនមិនបាច់ទេ […] ក្លឹបឯកជន បើបើកត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា?»។
ជាងនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកបានសម្រេចឱ្យរៀបចំសារាចរណែនាំមួយ ឱ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មី ចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬទីកន្លែងបាញ់ស៊ីបនេះតែម្ដង។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ចំពោះទីតាំងកងទ័ពរបស់យើងដែលមានទីលានបាញ់ គឺមិនបាច់ឱ្យបើកអាជីវកម្មឱ្យស៊ីវិលទៅបាញ់ទេ ទុកឱ្យទាហានបាញ់ទៅល្អជាង មានមួយនៅរាម ទុកប្រើសម្រាប់កងទ័ព ប៉ូលីស អាវុធហត្ថហ្វឹកហ្វឺនចុះ […] ខ្ញុំក៏បានឱ្យព្រាងសារាចរណែនាំទូទាំងប្រទេសមួយ គឺឈប់ឱ្យចេញលិខិតអនុញ្ញាតបើកកន្លែងបាញ់ស៊ីបបន្តទៅទៀត»។
ថ្លែងនៅក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យមានការធ្វើបច្ចុប្បន្នភាពចំពោះទីតាំងដែលបានបើករួចកន្លងមក ដើម្បីធានាឱ្យមានលក្ខណៈត្រូវតាមបច្ចេកទេស ក្នុងការធានាឱ្យបាននូវសុវត្ថិភាព ខណៈនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ លោកបានបញ្ជាដាច់ខាតឱ្យបិទចោលទាំងអស់តែម្តង។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងអនុវត្តបទបញ្ជានេះ ហើយការបិទនឹងចាប់ផ្តើមពីថ្ងៃនេះទៅតែម្តង។
លោកថា៖ «ក្នុងនាមជារដ្ឋបាល អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ យើងខ្ញុំសូមធ្វើការគាំទ្រ និងអនុវត្តចំពោះបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត […] ចំពោះចំណាត់ការនេះ គឺនឹងបិទចាប់ពីថ្ងៃនេះតទៅហើយ»។
លោក ឡុង ឌីម៉ង់ បន្ថែមថា៖ «បទបញ្ជានេះ គឺជារឿងដែលត្រឹមត្រូវបំផុត ដោយសារនៅក្នុងខេត្តព្រះសីហនុនេះ ជាទីតាំងនៃសក្តានុពលទេសចរណ៍ធម្មជាតិ ព្រៃប្រឹក្សា ទាំងលើភ្នំ និងនៅតាមលើបណ្តាកោះ និងធនធានធម្មជាតិក្រោមបាតសមុទ្រទៀតជាដើម […] វាជាគោលដៅទាក់ទាញទេសចរណ៍ ហើយវាមិនមានការចាំបាច់សម្រាប់ការបង្កើតទីតាំងបាញ់ស៊ីបនេះ សម្រាប់ទាក់ទាញទេសចរណ៍ទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ហាក់មិនមានជំនឿថា ការបិទទីតាំងបាញ់កាំភ្លើងទាំងនេះ អាចជួយបញ្ឈប់លែងឱ្យមានវប្បធម៌បាញ់បោះបាននោះទេ។ លោកយល់ថា រដ្ឋាភិបាល គួរតែមានចំណាត់ការទៅលើការប្រើប្រាស់អាវុធជាការប្រសើរជាង និងបានជំរុញដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ត ធ្វើយ៉ាងណាគ្រប់គ្រងអាវុធជាតិផ្ទុះនេះឱ្យបាន ដោយហេតុថាវាមានគ្រោះថ្នាក់ដល់សង្គមជាច្រើន។
លោកថា៖ «ការបិទក៏មិនជាជួយអីសម្រាប់ការបញ្ឈប់ការបាញ់បោះអីហ្នឹងដែរ រឿងដែលសំខាន់គឺការគ្រប់គ្រងអាវុធ អ្នកនៅកន្លែងបាញ់កាំភ្លើងហ្នឹង គួរតែគ្រប់គ្រងកាំភ្លើងឱ្យបានល្អ កុំឱ្យមានការបែងចែកទៅប្រើប្រាស់នៅខាងក្រៅអនាធិបតេយ្យ មិនមែនមានន័យថា ការបិទកន្លែងកាំភ្លើងហ្នឹង វានឹងធ្វើឱ្យមានភាពល្អអីទេ វាគ្រាន់តែជាវិធានការមួយនៅក្នុងការគ្រប់គ្រងប៉ុណ្ណោះ[…] ធ្វើយ៉ាងណាគ្រប់គ្រងឱ្យបាន កុំឱ្យអាវុធជាតិផ្ទុះធ្លាក់ចូលទៅក្នុងដៃជនដែលមិនអាចមានសម្ថតភាពនៅក្នុងការប្រើប្រាស់បាន និងដែលគ្មានសិទ្ធិប្រើប្រាស់ ហើយបើកាំភ្លើងនៅតែត្រូវបានចែកចាយទៅដល់ដៃអ្នកដែលគ្មានសិទ្ធិប្រើប្រាស់ អាហ្នឹងគឺគ្រោះថ្នាក់ដល់សង្គមណាស់»។
លោកក៏បានជំរុញឱ្យមានការអប់រំផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃអាវុធជាតិផ្ទុះ និងកាំភ្លើងជាដើម ទៅដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយចំនួនអាវុធគ្មានច្បាប់ និងជៀសវាងកុំឱ្យអាវុធជាតិផ្ទុះត្រូវបានចែកចាយទៅក្នុងសហគមន៍។
យោងទៅតាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ មាត្រា៦ បានចែងថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យមានក្លឹប និងទីលានសម្រាប់ហាត់បាញ់ដើម្បីហ្វឹកហ្វឺន៕