លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន​ទាំង​ ២កន្លែង នៅខេត្តព្រះសីហនុ និងដាច់ខាតមិនឱ្យ​មានការបើក​ក្លឹបបាញ់កាំភ្លើងឯកជនថ្មី ខណៈរដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងសារាចរណែនាំ​ ដើម្បីហាម​មិនឱ្យចេញអាជ្ញាបណ្ណ​សម្រាប់ក្លឹបបាញ់កាំភ្លើងឯកជនថ្មីទៀតនៅកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅឯខេត្តព្រះសីហនុ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បានបញ្ជាទៅអភិបាលខេត្តព្រះសីហនុ ឱ្យបិទក្លឹបបាញ់កាំភ្លើង​ឯកជនទាំងអស់នៅក្នុងខេត្តនេះ និងមិនត្រូវឱ្យមានការបើកថ្មីទៀតជាដាច់ខាត។

លោកថ្លែង​ថា៖ «ខ្ញុំថា មិនចាំបាច់[អ្នក​]ទេសចរ​មកខេត្តព្រះសីហនុ មិនបាច់រៀន​បាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង។ អ៊ីចឹងសូមឱ្យ​​បិទតែម្តង ហើយមិនឱ្យ​បើកថ្មីទេ អារឿងបាញ់កាំភ្លើងក្លឹបឯកជនមិនបាច់ទេ​ […] ក្លឹបឯកជន បើបើកត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា?»។

ជាងនេះទៅទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកបានសម្រេច​ឱ្យរៀបចំសារាចរណែនាំ​មួយ ឱ្យបញ្ឈប់ការផ្ដល់​អាជ្ញាបណ្ណថ្មី ចំពោះ​ទីកន្លែង​បាញ់កាំភ្លើងឯកជន ឬទីកន្លែងបាញ់ស៊ីបនេះតែម្ដង។

លោក​នាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ចំពោះទីតាំងកងទ័ពរបស់យើងដែលមានទីលានបាញ់ គឺមិន​បាច់​ឱ្យ​​បើក​អាជីវកម្មឱ្យ​​​ស៊ីវិលទៅបាញ់​​ទេ ទុកឱ្យ​​ទាហានបាញ់ទៅល្អជាង មានមួយនៅរាម ទុកប្រើសម្រាប់កងទ័ព ប៉ូលីស អាវុធហត្ថ​ហ្វឹកហ្វឺនចុះ​ […] ខ្ញុំក៏បានឱ្យ​ព្រាង​សារាចរណែនាំទូទាំងប្រទេសមួយ គឺឈប់ឱ្យ​​ចេញលិខិតអនុញ្ញាត​បើកកន្លែង​បាញ់ស៊ីប​បន្ត​ទៅទៀត»។

ថ្លែងនៅក្នុងឱកាសនេះដែរ​ លោក ហ៊ុន ម៉ាណែត ក៏បានជំរុញ​ឱ្យ​មានការធ្វើបច្ចុប្បន្នភាពចំពោះទីតាំងដែលបានបើករួចកន្លងមក ដើម្បីធានាឱ្យ​មានលក្ខណៈត្រូវតាម​បច្ចេកទេស ក្នុងការធានាឱ្យ​បាននូវសុវត្ថិភាព ខណៈ​នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ លោក​បានបញ្ជា​ដាច់ខាតឱ្យ​បិទ​ចោលទាំងអស់តែម្តង។​

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា រដ្ឋបាល​ខេត្ត​នឹង​​អនុវត្តបទបញ្ជានេះ ហើយ​ការបិទនឹងចាប់ផ្តើមពីថ្ងៃនេះទៅតែម្តង។

លោកថា៖ «​ក្នុងនាមជារដ្ឋបាល អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ យើងខ្ញុំសូមធ្វើការគាំទ្រ និងអនុវត្តចំ​ពោះបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត […] ចំពោះចំណាត់ការនេះ គឺនឹងបិទចាប់ពីថ្ងៃនេះតទៅហើយ»។

លោក ឡុង ឌីម៉ង់ បន្ថែម​​ថា៖ «​បទបញ្ជានេះ គឺជារឿងដែលត្រឹមត្រូវបំផុត ដោយសារនៅក្នុងខេត្តព្រះ​សីហនុនេះ ជាទីតាំងនៃសក្តានុពលទេសចរណ៍ធម្មជាតិ ព្រៃប្រឹក្សា ទាំងលើភ្នំ​ និងនៅតាមលើបណ្តាកោះ និងធនធានធម្មជាតិ​ក្រោមបា​តសមុទ្រទៀតជាដើម […] វាជាគោលដៅទាក់ទាញទេសចរណ៍ ហើយវាមិនមានការចាំបាច់សម្រាប់ការបង្កើតទីតាំងបាញ់ស៊ីបនេះ សម្រាប់ទាក់ទាញទេសចរណ៍ទេ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​ លោក យង់​ គិមអេង ហាក់​មិន​មាន​ជំនឿ​ថា ការបិទទីតាំងបាញ់កាំភ្លើងទាំងនេះ អាចជួយបញ្ឈប់លែងឱ្យ​មាន​វប្បធម៌បាញ់បោះបាននោះទេ។ លោកយល់ថា រដ្ឋាភិបាល​ គួរតែមានចំណាត់ការ​ទៅ​លើ​ការ​ប្រើប្រាស់​អាវុធ​ជាការប្រសើរជាង និងបានជំរុញដល់​រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ត ធ្វើ​យ៉ាង​ណាគ្រប់គ្រង​អាវុធជាតិផ្ទុះនេះឱ្យ​បាន ដោយហេតុថាវាមានគ្រោះថ្នាក់ដល់សង្គមជាច្រើន។

លោកថា៖ «​ការបិទក៏មិនជាជួយអីសម្រាប់ការបញ្ឈប់ការបាញ់បោះអីហ្នឹងដែរ រឿងដែលសំខាន់គឺការគ្រប់គ្រងអាវុធ អ្នកនៅកន្លែងបាញ់កាំភ្លើងហ្នឹង គួរតែគ្រប់គ្រងកាំភ្លើងឱ្យ​បានល្អ កុំឱ្យ​មានការបែងចែកទៅប្រើប្រាស់​នៅ​ខាងក្រៅ​អនាធិបតេយ្យ មិន​មែន​មានន័យថា ការបិទកន្លែងកាំភ្លើងហ្នឹង វានឹងធ្វើឱ្យ​មានភាពល្អអីទេ វាគ្រាន់តែជាវិធានការ​មួយ​នៅក្នុងការគ្រប់គ្រងប៉ុណ្ណោះ​[…] ធ្វើយ៉ាងណាគ្រប់គ្រងឱ្យ​បាន កុំឱ្យ​​អាវុធជាតិផ្ទុះធ្លាក់​ចូល​ទៅ​ក្នុង​ដៃជនដែល​មិន​អាច​មាន​សម្ថតភាពនៅក្នុងការប្រើប្រាស់បាន និងដែលគ្មានសិទ្ធិប្រើប្រាស់ ហើយបើកាំភ្លើងនៅតែត្រូវបានចែកចាយទៅដល់ដៃអ្នកដែលគ្មានសិទ្ធិប្រើប្រាស់ អាហ្នឹងគឺគ្រោះថ្នាក់ដល់សង្គមណាស់»។

លោកក៏បានជំរុញឱ្យ​មានការអប់រំផ្សព្វផ្សាយ អំពីផលប៉ះពាល់នៃអាវុធជាតិផ្ទុះ និងកាំភ្លើងជាដើម ទៅដល់​ប្រជាពលរដ្ឋ ដើម្បីរួមចំណែកនៅក្នុងការកាត់បន្ថយចំនួនអាវុធគ្មានច្បាប់ និងជៀស​វាងកុំឱ្យអាវុធជាតិផ្ទុះត្រូវបានចែកចាយទៅក្នុងសហគមន៍។

យោងទៅតាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ មាត្រា៦ បានចែងថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារ​ជាតិប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យ​មាន​ក្លឹប និង​ទីលាន​សម្រាប់​ហាត់បាញ់​ដើម្បីហ្វឹកហ្វឺន៕