អង្គជុំនំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.ឬ ECCC) នឹងប្រើប្រាស់រថយន្តក្រុងចល័តមួយគ្រឿង ដើម្បីផ្សព្វផ្សាយពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម ទៅដល់ប្រជាពលរដ្ឋ នៅតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរថយន្តក្រុងចល័ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីម្សិលមិញ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្ដីទី អ.វ.ត.ក. លោក ហែម ក្រាញ់តូនី បានឱ្យដឹងថា រថយន្តក្រុង អ.វ.ត.ក. ចល័ត ឬហៅថា «មជ្ឈមណ្ឌលធនធានចល័ត» នឹងបម្រើឱ្យការងារអប់រំ និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន សិស្ស និស្សិត យុវជន និងសហគមន៍នៅក្នុងតំបន់ដាច់ស្រយាល អំពីដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហម និងសិមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. ដែលបានចំណាយពេលជាង ១៦ឆ្នាំមក ពោលគឺចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២។
លោកបន្តថា៖ «វាជាផ្នែកមួយដ៏សំខាន់នៃការពង្រីកវិសាលភាពរបស់មជ្ឈមណ្ឌល អ.វ.ត.ក. ហើយក៏ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការអនុវត្តសកម្មភាពផ្សាព្វផ្សាយ និងអប់រំឱ្យបានទូលំទូលាយទៅដល់ប្រជាជនគ្រប់ទីកន្លែងផងដែរ»។
បើតាម លោក ហែម ក្រាញ់តូនី រថយន្តក្រុង អ.វ.ត.ក. មួយគ្រឿងនេះ នឹងធ្វើដំណើរទូទាំង២៥រាជធានី-ខេត្តនៅទូទាំងប្រទេស ដោយឈប់សំចតនៅគ្រប់ទីតាំងសំខាន់ៗ ដូចជា សាលារៀន សាកលវិទ្យាល័យ ទីប្រជុំជន វត្តអារាម ផ្សារ និងរដ្ឋបាលស្រុកជាដើម។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជាលី មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាមួយសាលាក្តីខ្មែរក្រហមនេះ គឺជារឿងមួយដែលសំខាន់ និងគួរតែមានយូរណាស់មកហើយ។ លោកបន្តថា មានសិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើន ដែលមិនទាន់បានដឹងច្បាស់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។
លោកថា៖ «ដំណើរជាតិសាសន៍នៃប្រទេសកម្ពុជា ដែលមានអាយុកាលរាប់ពាន់ឆ្នាំ មានកំណាត់ផ្លូវមួយដែលជាតិសាសន៍នេះ បានកាប់សម្លាប់គ្នាដោយមិនរើសមុខ នោះគឺកំណាត់ផ្លូវខ្មែរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃ[…] ការរៀនប្រវត្តិសាស្ត្រ មិនមែនសម្រាប់សងសឹងគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែរៀនឱ្យដឹងថា ផ្លូវណាដែលដើរទៅមុតបន្លា ផ្លូវណាដើរខុស ដើម្បីជៀសវាងកុំឱ្យដើរជាន់ដានប្រវត្តិសាស្ត្របន្តទៀត»។
ជាមួយគ្នានេះដែរ លោកបានបង្ហាញពីសារៈសំខាន់នៃរថយន្តក្រុង អ.វ.ត.ក. នេះថានឹងអាចពាំនាំយកនូវចំណេះដឹងស្តីពីរបរខ្មែរក្រហម ទៅដល់សាធារណៈជន ជាពិសេសអ្នកនៅឆ្ងាយពីទីក្រុង។
លោកថា៖ «បណ្ណាល័យហ្នឹងវាធំ ឯកសារនិយាយពីខ្មែរក្រហមហ្នឹងវាច្រើនលានទំព័រ ហើយក៏មានបំពាក់ជាឌីជីថលScreen ឱ្យគេមើល ហើយគាត់ចល័តទៅមក […] បើបណ្ណាល័យនៅភ្នំពេញប្រហែលបានមើលតែអ្នកក្រុង ឬបញ្ញវ័ន្តទេ ដោយឡែកបណ្ណាល័យចល័តនេះល្អ ព្រោះគាត់អាចផ្តល់ឱ្យប្រជាជនទូទៅមើលបាន ដឹងថារឿងរ៉ាវដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមហ្នឹងវាបែបណាខ្លះ»។
លោក ជុំ ម៉ីជាជនរងគ្រោះក្នុងសម័យខ្មែរក្រហមដែលបច្ចុប្បន្នបម្រើការងារនៅសារមន្ទីរទួលស្លែង បានប្រាប់ Newsroom Cambodia ឱ្យដឹងថា វាជារឿងមួយដ៏សំខាន់ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវតែដឹងអំពីដំណើរការនៃការកាត់ក្តីនៅក្នុងសាលាក្តីខ្មែរក្រហម ព្រោះនេះជាសោកនាដកម្មដ៏សោកសៅចំពោះប្រជាជនកម្ពុជាគ្រប់រូប។
លោកថា៖ «ខ្ញុំគាំទ្រចំពោះរឿងនេះ ដោយសារសាលាក្តីហ្នឹងមានបរទេសចូលរួមដែរ […] រឿងនេះគឺសំខាន់ណាស់ ជាក់ស្តែងដូចខ្ញុំ មានប្រពន្ធ និងកូន៤នាក់ បានបាត់បង់ជីវិតទាំងអស់នៅក្នុងរបបនេះ»។
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលធនធានចល័តនេះ មានតម្លៃប្រមាណជិត ២០ម៉ឺនដុល្លារ មានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ដូចជា កុំព្យូទ័រយួរដៃទំនើប (laptop) បន្ទប់ប្រជុំដែលភ្ជាប់ជាមួយម៉ាស៊ីនបញ្ចាំងរូបភាព (LCD screen and projector) រួមជាមួយនឹងការបំពាក់ដោយទូរទស្សន៍អេក្រង់អន្តរកម្ម (interactive touch screen panel/TV) ដែលអាចគូសវាសដោយផ្ទាល់ងាយស្រួលសម្រាប់ធ្វើបទបង្ហាញ និងសម្រាប់ចាក់បញ្ចាំងវីដេអូ ឬក៏ភាពយន្ត (video/movie screening) និងសម្ភារអប់រំ និងមាតិកាពហុព័ត៌មានជាច្រើនទៀត ពាក់ព័ន្ធនឹងដំណើរការកាត់សេចក្ដីរបស់សាលាក្តីខ្មែរក្រហម។
កាលពីខែកញ្ញា ឆ្នាំ២០២៣ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបើកសម្ពោធមជ្ឈមណ្ឌលធនធាន ឱ្យប្រើប្រាស់ជាផ្លូវការ ដែលជាផ្នែកស្នូលនៃការងារផ្សព្វផ្សាយ និងការលើកកម្ពស់ដល់កេរដំណែលរបស់អ.វ.ត.ក.។
មជ្ឈមណ្ឌលធនធាននៃសាលាក្តីខ្មែរក្រហម មានសមាសភាគសំខាន់ៗមួយចំនួនរួមមាន បណ្ណាល័យនិងកន្លែងស្រាវជ្រាវ គេហទំព័រថ្មីដែលកំពុងកែលម្អនិងធ្វើបច្ចុប្បន្នភាព និហិតដ្ឋានបណ្ណសារ បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលា និងតុលាការត្រាប់ បន្ទប់ពិគ្រោះយោបល់និងតាំងពិព័រណ៍ និងឧទ្យានសម្រាប់ការចងចាំ៕