អង្គ​ជុំ​នំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​.ឬ ECCC) ​នឹង​​ប្រើប្រាស់​រថយន្តក្រុង​ច​ល័​ត​​មួយគ្រឿង ​ដើម្បី​​​ផ្សព្វផ្សាយ​ពី​​​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម ​ទៅដល់ប្រជាពលរដ្ឋ នៅ​តាម​បណ្ដា​​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​​។​​

ក្នុង​​ពិធី​​ប្រកាស​​ដាក់​ឱ្យ​ដំណើរ​ការ​​រថយន្តក្រុង​ចល័ត​ ​នៅ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​កាល​ពីម្សិលមិញ​ ​រដ្ឋលេខាធិការនៃ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​រដ្ឋបាល​ស្ដីទី​ ​អ​.​វ​.​ត​.​ក​. លោក​ ​ហែម​ ​ក្រាញ់​តូ​នី ​បាន​ឱ្យ​ដឹង​ថា​ ​រថយន្តក្រុង​ ​អ.វ.ត.ក. ​ចល័ត​ ​ឬ​ហៅថា​ ​«​មជ្ឈ​មណ្ឌល​​ធន​ធាន​​ចល័ត​»​ ​នឹង​​បម្រើ​ឱ្យ​ការងារ​អប់រំ​ ​និង​​​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​ ​សិស្ស​ ​និស្សិត​ ​យុវជន​ ​និង​​សហគមន៍​នៅ​ក្នុង​តំបន់​ដាច់ស្រយាល អំពីដំណើរ​​ការ​នៃការ​កាត់​ទោស​​មេដឹកនាំខ្មែរក្រហម និងសិមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. ដែលបានចំណាយ​ពេល​​​ជាង​ ១៦ឆ្នាំមក ពោល​គឺ​ចា​ប់ពីឆ្នាំ២០០៦ ដល់​​ឆ្នាំ​​២០២២។

លោក​បន្ត​ថា៖ «​វាជាផ្នែកមួយដ៏សំខាន់នៃការពង្រីកវិសាលភាពរបស់មជ្ឈមណ្ឌល អ​.​វ​.​ត​.​ក​. ហើយក៏ជាការឆ្លើយ​តប​ទៅនឹ​ងត​ម្រូវការជាក់ស្តែងក្នុងការអនុវត្តសកម្មភាពផ្សាព្វផ្សាយ និងអប់រំឱ្យ​​បាន​ទូលំទូលាយ​ទៅដល់ប្រជាជនគ្រប់ទីកន្លែងផងដែរ»។​

បើតាម លោក ហែម​ ​ក្រាញ់​តូ​នី រថយន្តក្រុង អ.វ.ត.ក. មួយគ្រឿងនេះ នឹងធ្វើដំណើរទូទាំង២៥រាជធានី-ខេត្តនៅទូទាំងប្រទេស​ ដោយ​ឈប់សំចត​នៅគ្រប់ទីតាំង​សំខាន់ៗ ដូច​ជា សាលា​​រៀន សាកល​វិទ្យាល័យ ទីប្រជុំជន វត្តអារាម ផ្សារ និងរដ្ឋបាល​​ស្រុកជាដើម។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ជេត ជាលី មានប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលាក្តីខ្មែរក្រហមនេះ គឺជារឿងមួយដែល​សំខាន់ និង​គួរ​តែមាន​យូរណាស់មក​ហើយ។ លោកបន្តថា មានសិស្ស និស្សិត និង​ប្រជាពលរដ្ឋជាច្រើន ដែល​មិន​ទាន់​បាន​​ដឹង​ច្បាស់ពីប្រវត្តិសាស្ត្រខ្មែរក្រហម។

លោកថា៖ «​ដំណើរ​ជាតិ​សាសន៍​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ មាន​កំណាត់​ផ្លូវ​មួយ​ដែល​ជាតិសាសន៍​នេះ​ បាន​កាប់​សម្លាប់​គ្នា​ដោយ​មិន​រើសមុខ នោះគឺកំណាត់ផ្លូវខ្មែរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃ[…] ការរៀន​ប្រវត្តិ​សាស្ត្រ មិនមែនសម្រាប់​សងសឹងគ្នាទៅវិញទៅមកនោះទេ ប៉ុន្តែរៀនឱ្យដឹងថា ផ្លូវ​ណាដែ​ល​ដើរ​ទៅ​មុត​បន្លា ផ្លូវ​ណាដើរ​ខុស ដើម្បីជៀសវាងកុំឱ្យដើរជាន់ដានប្រវត្តិសាស្ត្របន្ត​ទៀត»។​

ជាមួយគ្នានេះដែរ លោកបានបង្ហាញពីសារៈសំខាន់នៃរថយន្តក្រុង អ.វ.ត.ក.​ នេះថានឹងអាចពាំនាំយកនូវចំណេះដឹងស្តីពីរបរខ្មែរក្រហម ទៅដល់សាធារណៈជន ជាពិសេសអ្នកនៅឆ្ងាយពីទីក្រុង។

លោកថា៖ «​បណ្ណាល័យហ្នឹងវាធំ ឯកសារនិយាយពីខ្មែរក្រហមហ្នឹងវាច្រើនលានទំព័រ ហើយក៏មានបំពាក់ជាឌីជីថលScreen ឱ្យ​គេមើល ហើយ​គាត់​ចល័ត​ទៅ​មក […] បើបណ្ណាល័យនៅភ្នំពេញ​ប្រហែលបានមើលតែអ្នកក្រុង ឬបញ្ញវ័ន្តទេ ដោយឡែកបណ្ណាល័យចល័តនេះល្អ ព្រោះគាត់អាចផ្តល់ឱ្យ​ប្រជាជនទូទៅ​មើល​បាន ដឹង​ថា​រឿងរ៉ា​វ​ដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហមហ្នឹងវាបែបណាខ្លះ»​។

លោក ជុំ ម៉ីជាជនរងគ្រោះក្នុងសម័យខ្មែរក្រហមដែលបច្ចុប្បន្នបម្រើការងារនៅសារមន្ទីរ​ទួល​ស្លែង បាន​​ប្រាប់​ Newsroom Cambodia ឱ្យ​ដឹងថា វាជារឿងមួយដ៏សំខាន់ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវតែដឹងអំពីដំណើរការនៃការកាត់ក្តីនៅក្នុងសាលាក្តីខ្មែរក្រហម ព្រោះ​នេះ​ជាសោកនាដកម្មដ៏សោកសៅចំពោះប្រជាជនកម្ពុជាគ្រប់រូប។

លោកថា៖ «​ខ្ញុំគាំទ្រចំពោះរឿងនេះ ដោយសារសាលាក្តីហ្នឹងមានបរទេសចូលរួមដែរ […] រឿងនេះគឺសំខាន់ណាស់ ជាក់ស្តែងដូចខ្ញុំ មាន​ប្រពន្ធ និងកូន៤នាក់ បានបាត់បង់ជីវិតទាំងអស់នៅក្នុងរបបនេះ»។​

គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលធនធានចល័តនេះ មានតម្លៃប្រមាណជិត ២០ម៉ឺន​​ដុល្លារ​ មាន​បំពាក់​នូវ​បច្ចេកវិទ្យាចុងក្រោយ ​ដូចជា​ ​កុំព្យូទ័រ​យួរ​ដៃ​ទំនើប​ (​lap​top​) ​បន្ទប់​ប្រជុំ​ដែល​ភ្ជាប់​​ជាមួយ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ (LCD ​screen​ ​and​ ​projector​)​ រួមជាមួយនឹងការ​បំពាក់​ដោយ​ទូរទស្សន៍​អេក្រង់​អន្តរ​កម្ម​ (​interact​i​v​e​ ​touch​ ​screen​ ​panel​/​T​V​) ​ដែល​អាច​គូសវាស​ដោយ​ផ្ទាល់​ងាយស្រួល​សម្រាប់​ធ្វើ​បទ​បង្ហាញ​ ​និង​សម្រាប់​ចាក់​បញ្ចាំង​វីដេអូ​ ​ឬក៏​ភាពយន្ត​ (​video​/​movie​ ​screen​in​g​) ​និង​សម្ភារ​អប់រំ​ ​និង​មាតិកា​ពហុ​ព័ត៌មាន​ជាច្រើន​ទៀត​ ​ពាក់​ព័ន្ធ​​នឹង​ដំណើរការ​កាត់សេចក្ដី​របស់​សាលាក្តីខ្មែរក្រហម។​

កាលពីខែកញ្ញា ឆ្នាំ២០២៣ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានបើកសម្ពោធមជ្ឈមណ្ឌលធនធាន ឱ្យ​ប្រើប្រាស់ជាផ្លូវការ ដែលជាផ្នែកស្នូលនៃការងារផ្សព្វ​ផ្សាយ​ និងការលើកកម្ពស់ដល់កេរដំណែលរបស់អ.វ.ត.ក.។

មជ្ឈមណ្ឌលធនធាននៃសាលាក្តីខ្មែរក្រហម មានសមាសភាគសំខាន់ៗមួយចំនួនរួមមាន បណ្ណាល័យនិងកន្លែងស្រាវជ្រាវ គេហទំព័រថ្មីដែលកំពុងកែលម្អនិងធ្វើបច្ចុប្បន្នភាព និហិតដ្ឋានបណ្ណសារ បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលា និងតុលាការត្រាប់ បន្ទប់ពិគ្រោះយោបល់និងតាំងពិព័រណ៍ និងឧទ្យានសម្រាប់ការចងចាំ៕​​