លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប ខណៈលោកថា ដីបឹងទន្លសាបជាអត្តសញ្ញាណរបស់កម្ពុជា និងសម្បូរទៅដោយធនធានធម្មជាតិ ដែលចាំបាច់ត្រូវការពារ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអភិបាលខេត្តដែលជាប់បឹងទន្លេសាបទាំង៦ រួមមាន កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង ចូលរួមការពារដីអភិរក្សបឹងទន្លេសាប និងថែរក្សាបឹងទន្លេសាបឱ្យបានគង់វង្ស។ លោកបន្តថា បឹងទន្លេសាបនេះ គឺអាចសម្គាល់អំពីអត្តសញ្ញាណរបស់កម្ពុជា ហើយលោកអំពាវនាវដល់អ្នកដែលទន្ទ្រានកាន់កាប់តំបន់៣នៃបឹងទន្លេសាប ត្រូវប្រញាប់ដកខ្លួនចេញ មុននឹងលោកប្រើប្រាស់អភិក្រមទី៥។
លោកមានប្រសាសន៍ថា៖ «វាគ្មានតម្លៃអី ដីណាថ្លៃជាងតម្លៃអនាគតរបស់យើងទេ វាគ្មានតម្លៃណា ដែលល្អបំផុតអាចកាត់តម្លៃបាននូវការថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៍ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ដែលបឹងទន្លេសាបធំជាងគេលើពិភពលោក និងជាផលសម្រាប់ឱ្យកូនចៅយើងតជំនាន់តទៅទៀត។ អីចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដីកន្លែងតំបន់៣នោះ សូមម្ចាស់ការដកថយមុននឹងត្រូវការអនុវត្តច្បាប់ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឱ្យបាន ត្រូវការពារឱ្យបាន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា ដីអភិរក្សបឹងទន្លេសាបនេះ ត្រូវតែការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាបដែលជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ ហើយអាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹង។
បឹងទន្លេសាបនៅកម្ពុជា ត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ និងជាបឹងមួយដែលមានសារៈសំខាន់សម្រាប់កម្ពុជា។ ក្រសួងស្ថាប័នដែលគ្រប់គ្រងបឹងទន្លេសាបនេះ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប និងអាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប។
បឹងទន្លេសាប គឺជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥សែនហិកតា នៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ នេះបើតាមមគ្គុទេសព័ត៌មានបឹងទន្លេសាបរបស់ក្រសួងបរិស្ថាន។ ប្រភពដដែលបន្តថា បឹងនេះ មានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។ បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។
អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ លោក សុខ ហៃ មានប្រសាសន៍នៅថ្ងៃទី០១ ខែកុម្ភៈនេះថា រដ្ឋបាលខេត្ត បានជំរុញឱ្យមានការល្បាតជាប្រចាំនៅតំបន់ហាមឃាត់នៃបឹងទន្លេសាប និងពង្រឹងការអនុវត្តច្បាប់។ លោកបន្តថា អាជ្ញាធរខេត្តក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការតាមរកបុគ្គលដែលរំលោភដីបឹង និងអ្នកនៅពីក្រោយខ្នង ក្នុងករណីមានការទន្ទ្រានដីតំបន់ការពារនេះផងដែរ។
លោកថា៖ «កន្លងមកនេះ ឯកឧត្តមអភិបាលខេត្តក្នុងនាមប្រធានគណបញ្ជាការ គឺបានជំរុញឱ្យបណ្ដាក្រុងស្រុកក្នុងការល្បាតជាប្រចាំ ហើយក្រុងស្រុកក៏មានដាក់ទីបញ្ជាការនៅក្នុងតំបន់ដែលមានការហាមឃាត់ហ្នឹង ហើយបច្ចុប្បន្នក្រុងស្រុកជាមួយខាងអាជ្ញាធរទន្លេសាប កំពុងតែល្បាតមើលទៅលើទីតាំងដែលតំបន់៣ ទីតាំងតំបន់ហាមឃាត់[…]យើងពង្រឹងការល្បាត ពង្រឹងវិធានការច្បាប់ក្នុងការអនុវត្ត ទិដ្ឋភាពច្បាប់ ក៏ដូចជាបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ចង់ឃើញរដ្ឋាភិបាលអាណត្តិថ្មី ចាត់វិធានការឱ្យមានប្រសិទ្ធភាពទៅការរំលោភដីនៅជុំវិញបឹងទន្លេសាប ជាជាងការព្រមាន ដោយលោកថា រដ្ឋាភិបាលអាណត្តិចាស់ក៏ធ្លាប់ព្រមានដែរ។
លោកថា៖ «ខ្ញុំថារឿងហ្នឹងដូចជាព្រមានៗហ្នឹង តាំងពីជំនាន់អាណត្តិមុន អ៊ីចឹងខ្ញុំគិតថា គួរមានវិធានការតែម្ដងទៅ បើរកឃើញមន្ត្រីទាំងអស់ហ្នឹង[…] មិនគួរត្រឹមតែព្រមានទេ ពីព្រោះការដែលព្រមានៗអ៊ីចឹងមិនរៀងចាលទេ នៅតែប្រព្រឹត្តបន្ដទៀតហើយ អ៊ីចឹងយើងមិនចង់ឃើញការលើកឡើងអ៊ីចឹងទេ យើងចង់ឱ្យមានការចុះធ្វើការស្រាវជ្រាវតែម្ដងទៅ ហើយរកឃើញមន្ត្រីណាដែលពាក់ព័ន្ធហ្នឹង មានវិធានការតែម្ដងទៅ អាហ្នឹងវាជារឿងដែលល្អ ហើយវាជាគំរូមួយដែលបញ្ចប់នូវអំពើដែលមិនត្រឹមត្រូវហ្នឹង កុំឱ្យចេះតែបន្ដទៀតបាន»។
លោកបារម្ភថា ការចុះស្រាវជ្រាវរកអ្នករំលោភដីនៅជុំវិញបឹងទន្លេសាបធ្វើដោយមិនឯករាជ្យ ខណៈលោកសង្កេតឃើញថា ការចុះស្រាវជ្រាវកន្លងមក ធ្វើឡើងដោយមានបក្សពួកនិយម និងការទទួលបានផលប្រយោជន៍ជាដើម។
លោក ស៊ឹង សែនករុណា បន្ថែមថា៖ «យើងឃើញមានមិនប្រក្រតីមួយចំនួន ដែលពាក់ព័ន្ធទៅនឹងអ្នកមានប្រាក់មានអំណាច ទៅទទួលបាននូវផលប្រយោជន៍នៅទីតាំងដីតំបន់ទាំងអស់ហ្នឹង[…] ខ្ញុំមើលឃើញរឿងខ្លះដែលធ្វើឱ្យការចុះប្រមូលព័ត៌មានហ្នឹងមិនបានស៊ីជម្រៅ មិនបានគ្រប់ជ្រុងជ្រោយ អាចថាអ្នកដែលចុះហ្នឹងទៅពាក់ព័ន្ធនិងផលប្រយោជន៍។ ខ្លាចថាគណៈកម្មការ ឬក៏ក្រុមថ្នាក់ជាតិណាទៅចុះស្រាវជ្រាវហ្នឹងមិនឯករាជ្យ ហើយចេះតែយោគយល់បក្សពួកអ៊ីចឹងទៅ ឬក៏បានផលប្រយោជន៍ទៅ រាយការណ៍ទៅថ្នាក់ដឹងនាំ គេហៅថាមិនពិត មិនច្បាស់លាស់អីអ៊ីចឹងការសម្រេចរបស់ថ្នាក់ដឹកនាំហ្នឹង ក៏អត់ឆ្លើយតបនឹងបញ្ហាហ្នឹងដែរ ហើយបញ្ហាហ្នឹងនៅដដែល»។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើងក្នុងពិធីដាំដើមឈើជាង ២ ០០០ដើម នៅតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបងថា មានបញ្ហាប្រឈមខ្លាំងចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញបឹងទន្លេសាប ក្នុងនោះរួមមាន បញ្ហាភ្លើងឆេះព្រៃ ការទន្ទ្រានព្រៃយកដី និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
គួរបញ្ជាក់ថា ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាប ត្រូវបានចែកចេញជា៣តំបន់ តំបន់ទី១ ជាតំបន់ដែលមានពលរដ្ឋរស់នៅអាស្រ័យអាចកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។ តំបន់ទី២ ជាតំបន់ពលរដ្ឋអាចអាស្រ័យផលបាន តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ និងតំបន់ទី៣ ជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានការរំលោភបំពាន។
កាលពីឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានដាក់ចេញនូវវិធានការក្តៅក្នុងការទប់ស្កាត់ការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃបឹងទន្លេសាប និងព្រមានចាត់វិធានការច្បាប់ចំពោះមន្ត្រីណាដែលពាក់ព័ន្ធការរំលោភដីនៅតំបន់ការពារនោះ ដោយដកហូតទ្រព្យសម្បត្តិរបស់ពួកគេដាក់ជាសម្បត្តិរដ្ឋ។
តាមរយៈការអនុវត្តវិធានការក្តៅនេះ រដ្ឋាភិបាលបានរកឃើញករណីរំលោភបំពានដីព្រៃលិចទឹកក្នុងបឹងទន្លេសាបជាច្រើនហិកតា។ ជាក់ស្តែងនៅចុងឆ្នាំ២០២១នោះ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង ២ ០០០ហិកតា ទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀត៕