លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​ព្រមាន​ដក​តំណែង​មន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប ខណៈលោកថា ដីបឹងទន្លសាបជាអត្តសញ្ញាណរបស់កម្ពុជា និងសម្បូរទៅដោយធនធានធម្មជាតិ ដែលចាំបាច់ត្រូវការពារ។​

ថ្លែង​​ក្នុងពិធី​បិទសន្និបាត​បូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន ម៉ាណែត បានបញ្ជាឱ្យ​អភិបាល​ខេត្ត​ដែលជាប់បឹងទន្លេ​សាបទាំង៦ រួម​មាន​ កំពង់ធំ សៀម​រាប បាត់​ដំបង ពោធិ៍​សាត់ និង​កំពង់ឆ្នាំង​ ចូលរួមការពារ​​ដីអភិរក្សបឹងទន្លេសាប និង​ថែរក្សាបឹងទន្លេសាបឱ្យបានគង់វង្ស​។​​ លោ​កបន្តថា បឹងទន្លេសាបនេះ គឺ​អាចសម្គាល់អំពី​អត្តសញ្ញាណរបស់កម្ពុជា ហើយលោក​អំពាវនាវ​ដល់​អ្នក​ដែលទន្ទ្រាន​​កាន់កាប់តំបន់​៣​​នៃបឹងទន្លេ​សាប ត្រូវ​ប្រញាប់​​ដកខ្លួនចេញ មុននឹងលោកប្រើប្រាស់អភិក្រម​ទី៥។​

លោក​មានប្រសាសន៍​ថា៖ «វាគ្មានតម្លៃអី ដីណាថ្លៃជាង​តម្លៃ​អនាគតរបស់យើងទេ វាគ្មាន​តម្លៃណា ដែលល្អបំផុតអាចកាត់តម្លៃបាន​​នូវ​ការថែរក្សាធនធាន​ធម្មជាតិ ដែលជាផលប្រយោជន៍ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ដែល​បឹងទន្លេសាប​ធំជាងគេលើពិភពលោក និងជាផលសម្រាប់ឱ្យ​កូនចៅយើងតជំនាន់​តទៅទៀត។ អីចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដីកន្លែងតំបន់៣នោះ សូមម្ចាស់ការដកថយមុននឹងត្រូវការអនុវត្តច្បាប់ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឱ្យបាន ត្រូវការពារឱ្យបាន»

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បន្តថា ដីអភិរក្សបឹងទន្លេសាបនេះ ត្រូវតែការពារឱ្យបាន ដើម្បី​​ការពារកិត្តិនាមបឹងទន្លេសាប​ដែល​ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ ហើយអាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹង។​

បឹងទន្លេសាបនៅកម្ពុជា ត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ និងជាបឹងមួយដែលមានសារៈសំខាន់សម្រាប់កម្ពុជា។ ក្រសួងស្ថាប័នដែល​គ្រប់គ្រងបឹងទន្លេសាបនេះ​ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប និង​អាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប។

បឹងទន្លេសាប គឺជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥សែនហិកតា នៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ នេះបើតាមមគ្គុទេសព័ត៌មានបឹងទន្លេសាបរបស់ក្រសួងបរិស្ថាន។ ប្រភពដដែលបន្តថា បឹង​នេះ មាន​ប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។ បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុ​ក្នុង​តំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរ​ទៅដោយ​ជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ លោក សុខ ហៃ មានប្រសាសន៍នៅថ្ងៃទី០១ ខែកុម្ភៈនេះ​ថា រដ្ឋបាលខេត្ត បានជំរុញ​ឱ្យមានការល្បាតជាប្រចាំនៅតំបន់ហាម​ឃាត់នៃបឹងទន្លេ​សាប​ និងពង្រឹងការអនុវត្តច្បាប់។ លោកបន្តថា អាជ្ញាធរខេត្តក៏បានសហការជាមួយស្ថាប័ន​ពាក់​ព័ន្ធ​ក្នុងការ​តាមរកបុគ្គលដែលរំលោភដីបឹង​​ និង​អ្នកនៅពីក្រោយខ្នង ក្នុងករណីមានការទន្ទ្រានដីតំបន់ការពារនេះផងដែរ។

លោកថា៖ «កន្លងមកនេះ ឯកឧត្តម​អភិបាល​ខេត្ត​ក្នុងនាមប្រធានគណបញ្ជា​ការ គឺ​បាន​ជំរុញ​ឱ្យបណ្ដាក្រុងស្រុក​ក្នុង​ការល្បាតជាប្រចាំ ហើយក្រុងស្រុកក៏មានដាក់ទី​បញ្ជា​ការនៅក្នុងតំបន់ដែលមានការហាមឃាត់ហ្នឹង ហើយបច្ចុប្បន្នក្រុងស្រុកជាមួយ​ខាង​អាជ្ញាធរ​ទន្លេសាប កំពុងតែល្បាតមើលទៅលើទីតាំងដែលតំបន់៣ ទីតាំងតំបន់ហាមឃាត់[…]យើងពង្រឹង​ការល្បាត ពង្រឹងវិធានការច្បាប់ក្នុងការអនុវត្ត ទិដ្ឋភាព​ច្បាប់​ ក៏ដូចជាបទបញ្ជា​របស់សម្ដេចនាយករដ្ឋមន្ត្រី»។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ចង់ឃើញ​រដ្ឋាភិបាលអាណត្តិ​​ថ្មី ចាត់​​វិធានការឱ្យ​មានប្រសិទ្ធភាព​ទៅការរំលោភដីនៅជុំវិញបឹងទន្លេ​សាប​ ជាជាង​ការព្រមាន ដោយ​លោកថា រដ្ឋាភិបាលអាណត្តិចាស់​ក៏ធ្លាប់ព្រមាន​ដែរ។

លោកថា៖ «ខ្ញុំថារឿងហ្នឹងដូចជាព្រមានៗហ្នឹង តាំងពីជំនាន់អាណត្តិមុន អ៊ីចឹងខ្ញុំគិតថា គួរមាន​វិធានការតែម្ដង​ទៅ​ បើរកឃើញ​មន្ត្រីទាំងអស់ហ្នឹង[…] មិនគួរត្រឹមតែព្រមានទេ ពីព្រោះការដែលព្រមានៗអ៊ីចឹងមិនរៀងចាលទេ នៅតែប្រព្រឹត្តបន្ដ​ទៀត​​ហើយ អ៊ីចឹង​យើង​មិន​ចង់​ឃើញការ​លើកឡើងអ៊ីចឹងទេ យើងចង់ឱ្យមានការចុះធ្វើការស្រាវជ្រាវតែម្ដងទៅ ហើយរកឃើញ​មន្ត្រីណាដែលពាក់ព័ន្ធហ្នឹង មានវិធានការតែម្ដងទៅ អាហ្នឹងវាជារឿងដែលល្អ ហើយវាជាគំរូមួយដែលបញ្ចប់នូវអំពើដែលមិនត្រឹមត្រូវហ្នឹង កុំឱ្យចេះតែបន្ដទៀតបាន»។

លោកបារម្ភថា ការចុះស្រាវជ្រាវរកអ្នករំលោភដីនៅជុំវិញបឹងទន្លេសាបធ្វើដោយមិនឯករាជ្យ ខណៈលោកសង្កេតឃើញថា ការចុះស្រាវជ្រាវកន្លងមក ធ្វើឡើង​ដោយមាន​​បក្សពួកនិយម និងការទទួលបានផលប្រយោជន៍ជាដើម។

លោក ស៊ឹង សែនករុណា​ បន្ថែមថា៖ «យើងឃើញមានមិនប្រក្រតីមួយចំនួន ដែលពាក់ព័ន្ធទៅនឹង​អ្នក​មាន​ប្រាក់មានអំណាច​ ទៅទទួលបាននូវផលប្រយោជន៍នៅទីតាំង​ដី​តំបន់ទាំងអស់ហ្នឹង[…] ខ្ញុំមើលឃើញរឿងខ្លះដែលធ្វើឱ្យការចុះប្រមូល​ព័ត៌មានហ្នឹង​មិនបានស៊ីជម្រៅ មិនបានគ្រប់ជ្រុង​ជ្រោយ អាច​ថា​អ្នកដែលចុះហ្នឹងទៅពាក់ព័ន្ធនិងផលប្រយោជន៍។ ខ្លាចថាគណៈកម្មការ ឬក៏ក្រុមថ្នាក់ជាតិណាទៅចុះស្រាវ​ជ្រាវ​ហ្នឹង​មិន​ឯករាជ្យ ហើយចេះតែយោគយល់បក្សពួកអ៊ីចឹងទៅ ឬក៏បានផលប្រយោជន៍ទៅ រាយការណ៍ទៅថ្នាក់ដឹងនាំ គេហៅថាមិនពិត មិនច្បាស់លាស់អីអ៊ីចឹងការសម្រេចរបស់ថ្នាក់ដឹកនាំហ្នឹង ក៏អត់ឆ្លើយតបនឹងបញ្ហាហ្នឹងដែរ ហើយបញ្ហាហ្នឹងនៅដដែល»។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានលើកឡើង​ក្នុងពិធីដាំដើមឈើជាង ២ ០០០ដើម នៅតំបន់បឹងទន្លេសាបក្នុងខេត្តបាត់ដំបងថា មានបញ្ហាប្រឈមខ្លាំងចំនួន៣ ដែលកំពុងបំផ្លិចបំផ្លាញបឹងទន្លេសាប ក្នុងនោះ​រួមមាន បញ្ហាភ្លើងឆេះព្រៃ ការទន្ទ្រានព្រៃយកដី និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មាន​ក្នុងស្រុក។

គួរបញ្ជាក់ថា ផ្ទៃដី និងព្រៃលិចទឹកជុំវិញបឹងទន្លេសាប ត្រូវបានចែកចេញជា៣តំបន់ តំបន់ទី១ ជាតំបន់ដែល​មានពលរដ្ឋរស់នៅអាស្រ័យអាចកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។ តំបន់ទី២ ជាតំបន់ពលរដ្ឋអាចអាស្រ័យផលបាន តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ និងតំបន់ទី៣ ជាតំបន់ព្រៃលិចទឹកដែលរដ្ឋគ្រប់គ្រង និងហាមឃាត់ដាច់ខាតមិនឲ្យមានការរំលោភបំពាន។

កាលពីឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានដាក់ចេញនូវវិធានការក្តៅ​ក្នុងការទប់ស្កាត់​ការទន្ទ្រានដីរដ្ឋ​ក្នុងដែនព្រៃលិចទឹកនៃ​បឹងទន្លេសាប និងព្រមាន​ចាត់វិធានការច្បាប់ចំពោះមន្ត្រីណាដែលពាក់ព័ន្ធ​ការរំលោភដីនៅតំបន់ការពារ​​នោះ ​ដោយដកហូត​ទ្រព្យសម្បត្តិរបស់​ពួកគេដាក់ជាសម្បត្តិរដ្ឋ។

តាមរយៈការអនុវត្ត​​វិធានការក្តៅ​នេះ​ រដ្ឋាភិបាល​បានរកឃើញ​ករណី​រំលោភ​បំពានដីព្រៃលិចទឹកក្នុង​បឹងទន្លេសាបជាច្រើនហិកតា​។ ជាក់ស្តែង​នៅចុង​ឆ្នាំ២០២១នោះ អង្គភាព​ប្រឆាំងអំពើពុករលួយបាន​ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង ២ ០០០ហិកតា ទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀត៕