ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុនឯកជនមួយ ឈ្មោះ វិឡាឌីវែលឡុបមិន (villa development ) ថាបានដាក់ថ្នាំបំពុលសត្វគោរបស់ពួកគាត់បណ្តាលឱ្យងាប់ជាង ១០ក្បាល នៅចំណុចចំការកៅស៊ូរបស់ក្រុមហ៊ុន ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។
អ្នកស្រី ភ្លឹក ភីរម្យ មានអាយុ ៤៤ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រស់នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សត្វគោចំនួន ១២ក្បាល របស់ពលរដ្ឋជនជាតិដើមភាគតិចពូនង ដែលព្រលែងឱ្យស៊ីស្មៅនៅឃុំពូជ្រៃ ស្រុកព្រេជ្រាដា ត្រូវបានប្រទះឃើញងាប់ដោយសារថ្នាំបំពុល នៅចំណុចចំការកៅស៊ូរបស់ក្រុមហ៊ុនវិឡាឌីវែលឡុបមិន។ ស្ត្រីដែលមានសត្វគោចំនួន ៤ក្បាលបានងាប់ដែរនោះ បានដាក់ការសង្ស័យថា ភាគីខាងក្រុមហ៊ុនបានបំពុលសត្វគោរបស់ពលរដ្ឋ ហើយការបាត់បង់ជីវិតសត្វគោនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ជនជាតិដើមភាគតិចផងដែរ។
អ្នកស្រីលើកឡើងថា៖ «ពីពេលនេះ ជនជាតិដើមអស់ដី អស់ទ្រព្យសម្បត្តិ តើអនាគតក្រុមហ៊ុននេះនឹងធ្វើអ្វីទៀតដល់អ្នកភូមិជនជាតិដើមភូមិឡៅកា?»។
បើតាមអ្នកស្រី ភ្លឹក ភីរម្យ ក្រុមហ៊ុនឯកជនមួយនេះ បានទៅវិនិយោគនៅលើដីសហគមន៍ជនជាតិដើមភាគតិចតាំងពីឆ្នាំ២០០៨មក ហើយនៅឆ្នាំ២០១២ ទើបរដ្ឋបានផ្តល់ដីវិនិយោគទៅឱ្យក្រុមហ៊ុនក្នុងទំហំ ៧០០ហិកតា ប៉ុន្តែគិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានឈូសឆាយដីជាង ១ ០០០ហិកតា ដែលធ្វើឱ្យប៉ះពាល់ដល់ដីពលរដ្ឋជាង ២០០គ្រួសារ។ អ្នកស្រីបន្តថា ក្រោយមានវិវាទ សហគមន៍តែងមានបញ្ហាជាមួយក្រុមហ៊ុនជាបន្តបន្ទាប់ ជាពិសេសបញ្ហាការទន្ទ្រានយកដីសហគមន៍។
អ្នកស្រីនិយាយថា៖ «ការទន្ទ្រានយកដីពលរដ្ឋ ពិតជាធ្វើឱ្យប៉ះពាដល់ប្រជាសហគមន៍ជាខ្លាំង ទី១ ប៉ះពាល់ដល់ដែនជម្រកសត្វព្រៃ ទី២ ប៉ះពាល់ដើមជ័រទឹករបស់ពលរដ្ឋ ទី៣ បាត់បង់អនុផលព្រៃឈើក្នុងភូមិឡៅកាទាំងមូល»។
ចំណែក អ្នកស្រី ភ្លឹក ណារី អាយុ ៤១ឆ្នាំ ជាជនជាតិដើមភាគតិចពូនងម្នាក់ទៀត ដែលមានសត្វគោចំនួន ៦ក្បាល បានងាប់នៅក្នុងដីរបស់ក្រុមហ៊ុនដែរនោះ បានឱ្យដឹងថា មានអ្នកបំពុល ឬអត់នោះទេ ប៉ុន្តែនៅទីតាំងសត្វគោងាប់ មានកានទឹក ដែលអ្នកស្រីសង្ស័យថាមានគេដាក់ទឹកក្នុងកាននោះឱ្យគោផឹក បានជាវាងាប់។
អ្នកស្រី ភ្លឹក ណារី មានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងទេ តែបើសិនជាស្លាប់ដោយសារតែជំងឺ វាមិនដល់ថ្នាក់ថានៅកន្លែងតែមួយ ប្រកាច់ស្លាប់ដល់ទៅ ៦ក្បាល វាមិនសម ណាមួយនៅក្រុមហ៊ុន មានកាន និងត្រសក់ចាវ ប្រហែលគេដាក់ទឹកឱ្យគោផឹក»។
អ្នកស្រីថា នេះមិនមែនជាលើកទី១ នោះទេ ដែលមានបញ្ហាបែបនេះ ម្យ៉ាងសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនតាំងពីជាង១០ឆ្នាំមុនមកម្លេះ ក្នុងនោះក្រុមហ៊ុនឈូសឆាយ និងកាប់បំផ្លាញដើមជ័រច្បោះ ជ័រទឹក ជ័ររាំង ដើមបេង និងដើមកកោះជាដើម ទើបសហគមន៍បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរភូមិឃុំ និងខេត្ត ព្រមទាំងតុលាការ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មិនទាន់មានដំណោះស្រាយនោះទេ។
ភាគីក្រុមហ៊ុន villa development លោក យឹម លុច មានប្រសាសន៍ថា លោកពុំបានដឹងពីចំនួនសត្វគោដែលងាប់នោះទេ ហើយក៏មិនដឹងថា សត្វទាំងនោះងាប់ដោយសារអ្វីនោះដែរ។ លោកបន្តថា កន្លងមក សត្វគោរបស់ប្រជាពលរដ្ឋទាំងនោះ បានដើរពាសវាលពាសកាលនិងជាន់កូនកៅស៊ូដែលក្រុមហ៊ុនដាំ ព្រមទាំងស៊ីស្លឹកត្រួយកៅស៊ូជាដើម។
លោកថា៖ «ហើយយើងក៏បានផ្សព្វផ្សាយទៅកាន់បងប្អូនដែលមានសត្វគោ គឺគោធ្វើយ៉ាងម៉េចដាក់កន្លុះ ដាក់អីមើលថែទាំ ឃ្វាលវាផង ព្រោះវាប៉ះពាល់ទៅដល់កូនកៅស៊ូអីហ្នឹង ហើយកន្លងមក យើងមិនបានចាប់គោដែលបំផ្លាញកូនកៅស៊ូហ្នឹងទេ ក្រោយមកគោនោះមកផឹកទឹកនៅក្នុងធុង ឬនៅឯណាមិនដឹងទេ ដឹងថានៅក្នុងចម្ការហ្នឹង»។
លោកបន្តថា ជាធម្មតា នៅក្នុងចានកៅស៊ូ ឬធុងកៅស៊ូសុទ្ធតែមានជាតិគីមី ថ្នាំ អាម៉ូញ៉ាក់ និងជាតិអាស៊ីត ដើម្បីបង្កក ដូចនេះនៅពេលដែលសត្វគោទៅផឹកទឹកនោះ គឺអាចប៉ះពាល់ដល់សុខភាពសត្វ។
ចៅសង្កាត់សុខដុម អ្នកស្រី នេត ឆាយា បានប្រាប់ Newsroom Cambodia ថាក្រុមកាងារព្រមទាំងអ្នកស្រីផ្ទាល់ បានចុះទៅធ្វើកោសលវិច័យចំនួន៣ដងរួចមកហើយ ព្រមទាំងបានធ្វើរបាយការណ៍ទៅរដ្ឋបាលក្រុងរួចរាល់ដែរ តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។
អ្នកស្រីបន្ថែមថា៖ «តាមការសន្និដ្ឋានខ្ញុំក្រៅផ្លូវការ ជាទូទៅចិញ្ចឹមគោត្រូវមានគ្រោល មាក្លូល មានអ្នកមើល ប៉ុន្តែទម្លាប់ពួកគាត់ ប្រហែស ជាការសន្និដ្ឋានដែលខ្ញុំបានទៅមើលជាក់ស្តែង គោងាប់ដោយសាក្នុងចំការកៅស៊ូបង្កកកៅស៊ូ ក្នុងធុងទឹកកៅស៊ូគេអាចមានជាតិអាស៊ីត។ បច្ចុប្បន្ននេះខែក្តៅ កាលណាក្តៅ គោស្រេកទឹក រកអីផឹកមិនបាន ផឹកទឹកហ្នឹង អាហ្នឹងជាការគិតរបស់ខ្ញុំទេ»។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ ជំរុញទៅអាជ្ញាធរស៊ើបអង្កេតទៅលើករណីនេះឱ្យបានច្បាស់ ដើម្បីកុំឱ្យមានករណីបែបនេះកើតឡើងទៀត។
លោកថា៖ «ធម្មតា ភាគីទាំងសងខាង គាត់ចោទប្រកាន់ ហើយនិងយកត្រូវរៀងខ្លួន តែសំខាន់គឺអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការស៊ើបអង្កេតទៅលើរឿងនេះ ដើម្បីទប់ស្កាត់ករណីបែបនេះទៀត។ អាជ្ញាធរគួរតែរកដំណោះស្រាយ»៕