ប្រជាពលរដ្ឋ​ជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុន​​ឯកជនមួយ ឈ្មោះ វិឡាឌីវែលឡុបមិន (villa development ) ថាបានដាក់ថ្នាំ​បំពុលសត្វគោរបស់ពួកគាត់បណ្តាលឱ្យងាប់ជាង ១០ក្បាល នៅចំណុចចំការកៅស៊ូរបស់ក្រុមហ៊ុន ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។

អ្នកស្រី ភ្លឹក ភីរម្យ មានអាយុ ៤៤ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រស់នៅ​សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សត្វ​គោចំនួន ១២ក្បាល របស់ពលរដ្ឋជនជាតិដើមភាគតិច​ពូនង ដែលព្រលែងឱ្យស៊ីស្មៅនៅឃុំពូជ្រៃ ស្រុកព្រេជ្រាដា ត្រូវបាន​ប្រទះឃើញ​ងាប់ដោយ​សារ​ថ្នាំបំពុល នៅចំណុចចំការកៅស៊ូរបស់ក្រុមហ៊ុនវិឡាឌីវែលឡុបមិន។ ស្ត្រីដែលមានសត្វគោចំនួន ៤ក្បាលបានងាប់ដែរនោះ បានដាក់​ការសង្ស័យ​ថា ភាគីខាងក្រុមហ៊ុន​បាន​បំពុល​សត្វគោរបស់​ពលរដ្ឋ ហើយ​​ការបាត់បង់ជីវិតសត្វគោនេះ បានធ្វើឱ្យ​​ប៉ះពាល់​ដល់ជីវភាព​របស់​ជនជាតិដើមភាគតិចផងដែរ​។

អ្នក​ស្រី​លើកឡើងថា៖ «ពីពេល​នេះ ជនជាតិដើមអស់ដី អស់ទ្រព្យ​សម្បត្តិ​ តើអនាគត​ក្រុមហ៊ុន​នេះ​​នឹង​ធ្វើអ្វី​ទៀត​​ដល់អ្នក​​ភូមិ​​ជនជាតិ​ដើមភូមិឡៅ​កា​?»។

បើតាមអ្នកស្រី ភ្លឹក ភីរម្យ ក្រុមហ៊ុនឯកជនមួយ​នេះ បានទៅវិនិយោគនៅលើដីសហគមន៍​ជនជាតិ​ដើមភាគតិចតាំងពីឆ្នាំ២០០៨មក ហើយនៅឆ្នាំ២០១២ ទើប​រដ្ឋបានផ្តល់ដីវិនិយោគទៅឱ្យក្រុមហ៊ុន​ក្នុងទំហំ ៧០០ហិកតា ប៉ុន្តែគិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានឈូសឆាយដីជាង ១ ០០០ហិកតា ដែលធ្វើឱ្យប៉ះពាល់ដល់ដីពលរដ្ឋជាង ២០០គ្រួសារ។ អ្នកស្រីបន្ត​ថា ក្រោយមានវិវាទ សហគមន៍តែង​មានបញ្ហាជាមួយក្រុមហ៊ុនជាបន្តបន្ទាប់ ជាពិសេសបញ្ហាការទន្ទ្រានយកដីសហគមន៍។

អ្នកស្រីនិយាយ​ថា៖ «ការទន្ទ្រានយកដីពលរដ្ឋ ពិតជាធ្វើឱ្យប៉ះពាដល់ប្រជាសហគមន៍ជាខ្លាំង ទី១ ប៉ះពាល់ដល់ដែនជម្រក​សត្វព្រៃ ទី២ ប៉ះពាល់ដើមជ័រទឹករបស់ពលរដ្ឋ ទី៣ បាត់បង់អនុផលព្រៃឈើក្នុងភូមិ​ឡៅកា​ទាំងមូល»។

ចំណែក អ្នកស្រី ភ្លឹក ណារី អាយុ ៤១ឆ្នាំ ជាជនជាតិដើមភាគតិចពូនងម្នាក់ទៀត ដែល​មាន​សត្វគោ​ចំនួន ៦ក្បាល បានងាប់នៅក្នុងដីរបស់ក្រុមហ៊ុនដែរនោះ បាន​ឱ្យដឹងថា មានអ្នកបំពុល ឬអត់នោះទេ ប៉ុន្តែនៅទីតាំង​​សត្វ​គោងាប់ មានកានទឹក ​ដែល​អ្នកស្រី​សង្ស័យថាមានគេដាក់ទឹកក្នុងកាន​​​នោះ​ឱ្យគោផឹក បានជាវាងាប់។

អ្នកស្រី ភ្លឹក ណារី មានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងទេ តែបើសិនជាស្លាប់ដោយសារតែជំងឺ វាមិនដល់ថ្នាក់ថានៅកន្លែងតែមួយ ប្រកាច់ស្លាប់ដល់ទៅ ៦ក្បាល វាមិនសម ណាមួយនៅក្រុមហ៊ុន មានកាន និងត្រសក់ចាវ ប្រហែលគេដាក់ទឹកឱ្យ​គោផឹក»។

អ្នកស្រីថា នេះមិនមែនជាលើកទី១ នោះទេ ដែលមានបញ្ហាបែបនេះ ម្យ៉ាងសហគមន៍មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនតាំងពីជាង១០ឆ្នាំមុន​មកម្លេះ ក្នុងនោះ​ក្រុមហ៊ុន​ឈូស​ឆាយ និង​កាប់​បំផ្លាញដើមជ័រច្បោះ ជ័រទឹក ជ័ររាំង ដើម​បេង និង​ដើមកកោះជាដើម ទើប​សហគមន៍​​បាន​​ដាក់​​ពាក្យ​បណ្តឹងទៅអាជ្ញាធរ​​ភូមិ​ឃុំ និងខេត្ត ព្រមទាំង​តុលាការ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មិនទាន់​មានដំណោះ​ស្រាយ​នោះទេ។​

ភាគីក្រុមហ៊ុន villa development លោក យឹម លុច មានប្រសាសន៍ថា លោកពុំបានដឹងពីចំនួន​សត្វគោ​ដែលងាប់នោះទេ ហើយក៏មិនដឹងថា សត្វទាំងនោះងាប់ដោយ​សារអ្វីនោះដែរ។ លោកបន្តថា​ កន្លងមក សត្វគោរបស់ប្រជាពលរដ្ឋទាំងនោះ​ បានដើរពាសវាលពាសកាលនិងជាន់កូន​កៅ​ស៊ូដែលក្រុមហ៊ុនដាំ ព្រមទាំងស៊ីស្លឹកត្រួយកៅស៊ូជាដើម។

លោកថា៖ «ហើយយើងក៏បានផ្សព្វផ្សាយទៅកាន់បងប្អូនដែលមានសត្វ​គោ​ គឺ​គោធ្វើយ៉ាងម៉េច​ដាក់​កន្លុះ ដាក់​អី​មើលថែ​ទាំ ឃ្វាល​វា​ផង​ ព្រោះវាប៉ះពាល់ទៅដល់កូនកៅស៊ូអីហ្នឹង ហើយកន្លងមក​ ​យើងមិនបានចាប់គោដែលបំផ្លាញកូនកៅស៊ូហ្នឹងទេ ក្រោយមក​​គោ​នោះ​មក​ផឹកទឹកនៅក្នុងធុង ឬនៅឯណាមិនដឹងទេ ដឹងថានៅក្នុងចម្ការហ្នឹង»

លោកបន្តថា ជាធម្មតា នៅក្នុងចានកៅស៊ូ ឬធុងកៅស៊ូសុទ្ធតែមានជាតិគីមី ថ្នាំ អាម៉ូញ៉ាក់ និង​ជាតិ​​អាស៊ីត ដើម្បី​បង្កក​ ដូច​នេះ​នៅពេលដែលសត្វ​គោទៅផឹក​​​ទឹកនោះ គឺអាចប៉ះពាល់ដល់សុខភាពសត្វ​។

ចៅសង្កាត់សុខដុម អ្នកស្រី នេត ឆាយា បានប្រាប់​ ​Newsroom Cambodia ថាក្រុមកាងារព្រមទាំងអ្នកស្រីផ្ទាល់ បានចុះទៅធ្វើកោសលវិច័យចំនួន៣ដងរួចមកហើយ ព្រមទាំងបានធ្វើរបាយការណ៍ទៅរដ្ឋបាល​ក្រុងរួចរាល់​ដែរ តែមិនទាន់មានដំណោះស្រាយនៅឡើយទេ។

អ្នកស្រីបន្ថែម​ថា៖ «តាមការសន្និដ្ឋានខ្ញុំក្រៅផ្លូវការ ជាទូទៅចិញ្ចឹម​គោ​ត្រូវ​មាន​គ្រោល មាក្លូល មាន​អ្នក​មើល ប៉ុន្តែទម្លាប់ពួកគាត់ ប្រហែស​ ជាការសន្និដ្ឋានដែលខ្ញុំបានទៅមើលជាក់ស្តែង គោងាប់ដោយសាក្នុងចំការកៅស៊ូបង្កក​កៅស៊ូ ក្នុង​ធុង​ទឹកកៅស៊ូគេអាច​មាន​ជាតិ​អាស៊ីត។ បច្ចុប្បន្ននេះខែក្តៅ កាលណាក្តៅ គោស្រេកទឹក រក​អីផឹកមិនបាន ផឹកទឹកហ្នឹង អាហ្នឹងជាការគិតរបស់ខ្ញុំទេ​»។

នាយក​ទទួលបន្ទុកចាត់ការទូទៅ​នៃអង្គការសិទ្ធិមនុស្ស​​លីកាដូ ជំរុញទៅ​អាជ្ញាធរ​​ស៊ើបអង្កេតទៅលើករណីនេះ​​​ឱ្យបានច្បាស់ ដើម្បីកុំឱ្យមានករណីបែបនេះកើតឡើងទៀត​។

លោក​​ថា​៖​ «ធម្មតា ភាគីទាំងសងខាង គាត់ចោទប្រកាន់ ហើយនិង​​យកត្រូវរៀងខ្លួន​ តែសំខាន់គឺអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ត្រូវធ្វើការស៊ើបអង្កេតទៅលើរឿងនេះ ដើម្បីទប់ស្កាត់ករណីបែបនេះទៀត។ អាជ្ញាធរគួរតែរកដំណោះស្រាយ»៕