ប្រជាពលរដ្ឋរស់នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្នើឱ្យរដ្ឋាភិបាលដោះស្រាយរឿងប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)ជូនពួកគាត់ ក្នុងរយៈពេល១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បើពុំនោះទេពួកគាត់នឹងនាំគ្នាទៅប្រមូលផ្តុំតវ៉ានៅមុខប្រាសាទអង្គរវត្ត។
កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមការងារនៃក្រសួងផែនការ បានធ្វើបណ្ណសមធម៌ដល់ពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ក្រសួងបានផ្ដល់បណ្ណសមធម៌ជូនពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅភូមិរុនតាឯកចំនួន២លើក ដែលសរុបមានពលរដ្ឋជាង ៩ ០០០គ្រួសារ (៩ ០២២គ្រួសារ)។
លោក មុត ខុន ជាប្រជាពលរដ្ឋរស់នៅភូមិរុនតាឯក បានឱ្យដឹងថា ចាប់តាំងពីពួកគាត់ត្រូវបានជម្លៀសចេញពីតំបន់អង្គរ ទៅរស់នៅឃុំរុនតាឯក រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភជួយផ្គត់ផ្តង់ជីវភាពតាមរយៈប័ណ្ណសមធម៌ ចំនួន ៥៦ម៉ឺនរៀលក្នុងមួយខែ។ ប៉ុន្តែនៅខែមករា ឆ្នាំ២០២៤នេះ លោកថា គ្រួសាររបស់លោក ទទួលបានប្រាក់ឧបត្ថម្ភត្រឹម ១២ម៉ឺនរៀល ដែលធ្វើឱ្យពួកគាត់មិនអាចទប់ទល់នឹងជីវភាពប្រចាំថ្ងៃបាន។
ករណីនេះ លោកស្នើដល់រាជរដ្ឋាភិបាល ជួយដោះស្រាយផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែដូចដើមវិញ និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះ ព្រោះការរស់នៅទីតាំងថ្មីនេះ ពួកគាត់រស់នៅពឹងផ្អែកតែលើប្រាក់ឧបត្ថម្ភតាមរយៈប័ណ្ណសមធម៌នេះ ខណៈពួកគាត់មិនមានមុខរបរច្បាស់លាស់ និងមិនមានដីធ្វើស្រែចម្ការ។
លោកថា៖ «តែបើអត់ទម្លាក់លុយតាមសន្យាទេ គឺពលរដ្ឋឡើងតវ៉ាទៀតហើយ កន្លែងណាមានមហាជន កន្លែងណាមិនដឹងទេ ធ្វើដឹងតែធ្វើហើយ បើមិនទម្លាក់លុយឱ្យវិញទេ ព្រោះប័ណ្ណនេះ សម្តេចតេជោ[ហ៊ុន សែន]ថាឱ្យប្រើប្រាស់ ១០ឆ្នាំ តែនេះទើបបាន១ឆ្នាំទេ»។
កាលពីចុងឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានអះអាងថា ប័ណ្ណសមធម៌ដែលរដ្ឋាភិបាលចែកជូនពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅឃុំរុនតាឯក គឺមានសុពលភាពរយៈពេល ១០ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តទៅ។ លោកបញ្ជាក់ថា អ្នកដែលមានប័ណ្ណក្រីក្រប្រភេទ២ ត្រូវផ្លាស់ប្ដូរមកប្រភេទ១ វិញ ហើយការផ្តល់ជូនប័ណ្ណក្រីក្រប្រភេទ១ នេះ គឺទទួលបានទឹកប្រាក់ច្រើនជាងប័ណ្ណក្រីក្រប្រភេទ២ ខណៈចំនួនទឹកប្រាក់ដែលត្រូវទទួលបាន អាស្រ័យទៅលើសមាជិកគ្រួសារ ដែលមានន័យថា អ្នកដែលមានកូនច្រើន នឹងទទួលបានលុយកាន់តែច្រើន។
ពលរដ្ឋរស់នៅតំបន់រុនតាឯកម្នាក់ទៀត អ្នកស្រី អេង សុខ មានប្រសាសន៍ថា ខែមករាកន្លងទៅនេះ គ្រួសារអ្នកស្រីបើកប្រាក់ឧបត្ថម្ភតាមរយៈប័ណ្ណសមធម៌នេះ បានត្រឹមតែ ១៦ម៉ឺនរៀល ខណៈរាល់ខែគ្រួសារអ្នកស្រីទទួលបានប្រាក់ ៥២ម៉ឺនរៀល ហើយបញ្ហានៃការកាត់ប្រាក់នេះ អាជ្ញាធរមិនបានជូនដំណឹងជាមុននោះឡើយ។
តែយ៉ាងណា អ្នកស្រីថា នៅពេលជួបប្រជុំជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរខេត្ត បានសន្យាថានឹងដោះស្រាយបំពេញថវិកាឱ្យពលរដ្ឋវិញ នៅរយៈពេល ២សប្តាហ៍ទៀត។
អ្នកស្រីថា៖ «ប្រជាជនគេចាំមើលតែកន្លះខែដែលគេសន្យាទេ បើអត់ទេមានប្រតិកម្មហើយ ថាទៅមុខអង្គរហើយ»។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី ប្រាប់ពីហេតុផលថា ការធ្លាក់ចុះខ្លះនៃប្រាក់ឧបត្ថម្ភជូនពលរដ្ឋនៅសហគមន៍រុនតាឯក តាមរយៈប័ណ្ណសមធម៌នេះ ដោយសារតែរដ្ឋាភិបាលមានការកែសម្រួលរបបប្រាក់ឧបត្ថម្ភ នៅក្នុងអនុក្រឹត្យថ្មី ហើយការអនុវត្តនោះ មិនបានគិតដល់ករណីពលរដ្ឋនៅតំបន់រុនតាឯក ដែលរដ្ឋាភិបាលធ្លាប់ផ្តល់អនុសាសន៍ពីការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់រយៈពេល១០ឆ្នាំ។
តែយ៉ាងណា លោកថា៖ «ក្រសួងបានដោះស្រាយជូនពួកគាត់ហើយ នឹងផ្តល់ជូនគាត់តាមអ្វីដែលគាត់បាត់បង់អត់មានបញ្ហាអ្វី តែកំណត់ថាថ្ងៃណាខែណា ខ្ញុំអត់ធានាបានទេ តែលុយគាត់មិនបាត់ទេ ក្រសួងកំពុងដោះស្រាយហើយ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរមិនគោរពតាមការសន្យា ហើយពលរដ្ឋចង់ជួបជុំគ្នាទាមទារឱ្យមានដំណោះស្រាយនោះ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកបន្ថែមថា៖ «អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវមានភាពច្បាស់លាស់ជាមួយពលរដ្ឋ ពួកគាត់អត់មានអ្វីទីពឹងទេ ដឹងស្រាប់ហើយ ថាកាលគាត់នៅតំបន់អង្គរ គាត់មានចំណូលបាន តែនៅរុនតាឯក ល្ហល្ហេវអត់មានចំណូលទេ គាត់ពឹងលើប័ណ្ណសមធម៌ ហើយអ្នករើទៅហ្នឹង គាត់ខ្ចីបុលគេ ជំពាក់បំណុលគេវ័នករ ទោះថាមិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ តែបើសិនជាកាត់[ប្រាក់ឧបត្ថម្ភ]ទៅទៀត កាន់តែធ្ងន់ធ្ងរ»។
លោកបញ្ជាក់ថា ច្បាប់ជាតិ និងនៅក្នុងខ្លឹមសារនៃកតិកាសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ណ្ណ ស្តីពី ការបណ្តេញចេញ គឺរដ្ឋនីមួយៗត្រូវគោរពសិទ្ធិរបស់ពលរដ្ឋ ដែលមានន័យថា នៅពេលរដ្ឋត្រូវការដី ឬទីកន្លែងដែលប៉ះពាល់ដល់ពលរដ្ឋ រដ្ឋត្រូវផ្តល់សំណងដោយសមរម្យ និងយុត្តិធម៌គ្រប់គ្រាន់ដល់ពលរដ្ឋជាមុនសិន។
កាលពីខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺនគ្រួសារ ដែលរស់នៅជុំវិញតំបន់ឧទ្យានអង្គរ ត្រូវបានជូនដំណឹងឱ្យរុះរើចេញ ហើយផ្លាស់ទៅកាន់ទីតាំងថ្មី នៅតំបន់រុនតាឯក ដែលមានចម្ងាយជាង ២០គីឡូម៉ែត្រ។ រដ្ឋាភិបាល អះអាងថា ការស្នើឱ្យមានការរុះរើ និងចាកចេញនេះ គឺត្រូវបានធ្វើឡើងតាមការស្នើសុំរបស់អង្គការយូណេស្កូ ខណៈអង្គការមួយនេះអះអាងថា សកម្មភាពនេះអាចធ្វើឱ្យខូច និងប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់ប្រាសាទអង្គរវត្ដ។
កន្លងមក មានការរិះគន់ជាច្រើនពីអង្គការជាតិ និងអន្តរជាតិ លើរដ្ឋាភិបាលកម្ពុជា ជុំវិញការតម្រូវឱ្យពលរដ្ឋរុះរើចេញពីតំបន់ឧទ្យានអង្គរ ឱ្យទៅតាំងទីលំនៅថ្មីនៅតំបន់រុនតាឯក ដោយពួកគេថា តំបន់រុនតាឯក នៅខ្វះខាតហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ប៉ុន្តែរដ្ឋាភិបាលបានអះអាងម្តងហើយម្តងទៀតថា ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋទាំងនោះ ធ្វើឡើងដោយការស្ម័គ្រចិត្ត។
ជាមួយគ្នានេះដែរ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏បានគូសបញ្ជាក់កាលពីចុងឆ្នាំ២០២២ដែរថា រដ្ឋាភិបាលនឹងរៀបចំឃុំរុនតាឯក ឱ្យក្លាយជាទីក្រុងទាន់សម័យមួយ គឺក្រុងរុនតាឯក ដែលជាភូមិអភិវឌ្ឍន៍ មិនមែនជាជនបទទៀតទេ ដើម្បីឱ្យពលរដ្ឋរស់នៅតំបន់នេះ មានជីវភាពធូរធារទៅថ្ងៃមុខ៕