ប្រជាពលរដ្ឋរស់នៅ​ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្នើ​ឱ្យ​រដ្ឋាភិបាលដោះស្រាយរឿង​ប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ)​ជូនពួកគាត់​ ក្នុងរយៈពេល​១០ថ្ងៃ ដោយគិតចាប់​ពីថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២៤ បើពុំនោះទេពួកគាត់នឹងនាំគ្នាទៅប្រមូលផ្តុំ​តវ៉ានៅមុខប្រាសាទអង្គរវត្ត។

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រុមការងារនៃក្រសួងផែនការ បានធ្វើបណ្ណសមធម៌ដល់ពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ក្រសួង​បានផ្ដល់បណ្ណសមធម៌​ជូនពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅភូមិរុនតាឯកចំនួន២លើក ដែលសរុបមានពលរដ្ឋ​ជាង​ ៩ ០០០​​គ្រួសារ (៩ ០២២គ្រួសារ)។

លោក មុត ខុន ជាប្រជាពលរដ្ឋរស់នៅ​ភូមិរុនតាឯក បានឱ្យដឹងថា ចាប់តាំងពីពួកគាត់ត្រូវបានជម្លៀសចេញពីតំបន់អង្គរ ទៅរស់នៅឃុំរុនតាឯក រដ្ឋាភិបាល​បានផ្តល់​ប្រាក់ឧបត្ថម្ភជួយផ្គត់ផ្តង់ជីវភាព​តាមរយៈប័ណ្ណ​​សមធម៌ ចំនួន ៥៦ម៉ឺនរៀលក្នុងមួយខែ។ ប៉ុន្តែនៅខែមករា ឆ្នាំ២០២៤នេះ លោកថា គ្រួសាររបស់លោក ទទួលបានប្រាក់ឧបត្ថម្ភត្រឹម ១២ម៉ឺនរៀល ដែលធ្វើឱ្យ​ពួក​គាត់​មិន​អាច​ទប់ទល់នឹងជីវភាពប្រចាំថ្ងៃបាន។ 

ករណីនេះ លោកស្នើដល់រាជរដ្ឋាភិបាល​ ជួយ​ដោះស្រាយផ្តល់សាច់ប្រាក់ឧបត្ថម្ភ​ប្រចាំខែដូចដើមវិញ​ និង​​​​​បង្កើត​​ការ​​ងារ​​ដ​ល់​​ប្រជា​ពលរដ្ឋនៅតំបន់​រុនតាឯកនេះ ព្រោះ​ការរស់នៅទីតាំងថ្មីនេះ ពួកគាត់រស់នៅពឹងផ្អែកតែលើប្រាក់ឧបត្ថម្ភតាមរយៈប័ណ្ណសមធម៌នេះ ខណៈពួកគាត់​​​​មិនមានមុខរបរច្បាស់​លាស់ និង​មិនមានដី​ធ្វើស្រែ​ចម្ការ។

លោក​ថា៖ «តែបើ​អត់​ទម្លាក់​លុយ​តាម​សន្យា​ទេ គឺ​ពលរដ្ឋឡើងតវ៉ាទៀតហើយ កន្លែងណាមានមហាជន កន្លែងណាមិនដឹងទេ ធ្វើដឹង​តែធ្វើហើយ បើមិនទម្លាក់លុយ​ឱ្យ​វិញទេ ព្រោះប័ណ្ណនេះ សម្តេចតេជោ[ហ៊ុន សែន]​ថាឱ្យ​ប្រើប្រាស់ ១០​ឆ្នាំ តែនេះ​ទើបបាន១ឆ្នាំទេ»។

កាលពីចុងឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​អះអាងថា ប័ណ្ណសមធម៌​ដែលរដ្ឋាភិបាល​ចែក​ជូន​ពលរដ្ឋ​ដែលស្ម័គ្រចិត្តទៅរស់នៅឃុំរុនតាឯក គឺមានសុពលភាពរយៈពេល ១០​ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តទៅ។ លោកបញ្ជាក់ថា អ្នក​ដែលមាន​ប័ណ្ណក្រីក្រប្រភេទ២ ត្រូវផ្លាស់ប្ដូរមកប្រភេទ១ វិញ ហើយ​ការ​ផ្តល់​ជូន​ប័ណ្ណក្រីក្រប្រភេទ១ នេះ គឺទទួលបានទឹកប្រាក់ច្រើនជាងប័ណ្ណក្រីក្រប្រភេទ២ ខណៈចំនួនទឹកប្រាក់ដែលត្រូវទទួលបាន អាស្រ័យទៅលើសមាជិកគ្រួសារ ដែល​មានន័យថា អ្នកដែលមានកូនច្រើន នឹងទទួលបានលុយកាន់តែច្រើន។

ពលរដ្ឋរស់នៅតំបន់រុនតាឯក​ម្នាក់​ទៀត អ្នកស្រី អេង សុខ មាន​ប្រសាសន៍ថា​ ខែមករា​កន្លងទៅនេះ គ្រួសារ​​អ្នកស្រីបើកប្រាក់ឧបត្ថម្ភតាមរយៈប័ណ្ណសមធម៌នេះ បានត្រឹមតែ ១៦ម៉ឺនរៀល​ ខណៈរាល់​ខែ​​គ្រួសារអ្នកស្រីទទួលបានប្រាក់ ​៥២ម៉ឺ​នរៀល​ ហើយបញ្ហានៃការ​​កាត់ប្រាក់នេះ អាជ្ញាធរ​មិន​​បាន​ជូន​ដំណឹង​ជាមុន​នោះ​ឡើយ។

តែយ៉ាងណា អ្នកស្រីថា នៅពេល​​ជួប​ប្រជុំជាមួយ​ប្រជាពលរដ្ឋ ​កាលពីថ្ងៃទី២៩ ខែ​មករា ឆ្នាំ​២០២៤ អាជ្ញាធរខេត្ត បានសន្យាថានឹងដោះស្រាយបំពេញ​ថវិកា​ឱ្យពលរដ្ឋ​វិញ នៅរយៈពេល ២សប្តាហ៍​ទៀត​​។

អ្នកស្រី​ថា៖ «ប្រជាជនគេចាំមើលតែកន្លះខែដែលគេសន្យាទេ បើអត់ទេមានប្រតិកម្មហើយ ថាទៅមុខអង្គរហើយ»។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី ប្រាប់ពីហេតុ​ផល​ថា ការធ្លាក់ចុះខ្លះ​នៃប្រាក់ឧបត្ថម្ភជូនពលរដ្ឋ​នៅសហគមន៍រុនតាឯក ​តាមរយៈប័ណ្ណសមធម៌នេះ​ ដោយសារតែរដ្ឋាភិបាល​មានការ​កែសម្រួល​របបប្រាក់ឧបត្ថម្ភ នៅក្នុងអនុក្រឹត្យថ្មី ហើយ​ការអនុវត្តនោះ មិនបានគិតដល់ករណី​​ពលរដ្ឋនៅតំបន់រុនតាឯក ដែលរដ្ឋាភិបាលធ្លាប់ផ្តល់អនុសាសន៍​ពីការ​​ផ្តល់​ប្រាក់ឧបត្ថម្ភសម្រាប់រយៈពេល១០ឆ្នាំ។

តែយ៉ាងណា​ លោកថា​៖ «ក្រសួងបានដោះស្រាយជូនពួកគាត់ហើយ នឹងផ្តល់ជូនគាត់តាមអ្វីដែលគាត់បាត់បង់អត់មានបញ្ហាអ្វី តែកំណត់​ថាថ្ងៃណា​ខែណា ខ្ញុំអត់ធានាបានទេ តែលុយគាត់មិនបាត់ទេ ក្រសួងកំពុងដោះស្រាយហើយ»។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ប្រសិន​បើ​អាជ្ញាធរ​មិន​គោរពតាមការសន្យា ហើយ​ពលរដ្ឋចង់ជួបជុំ​គ្នាទាមទារ​ឱ្យមានដំណោះស្រាយនោះ គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋដូចមាន​ចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកបន្ថែមថា៖ «អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវមានភាពច្បាស់លាស់ជាមួយពលរដ្ឋ ពួកគាត់អត់មានអ្វីទីពឹងទេ ដឹង​ស្រាប់ហើយ ថាកាលគាត់នៅតំបន់អង្គរ​ គាត់មានចំណូលបាន តែនៅ​រុនតាឯក ល្ហល្ហេវ​​អត់មានចំណូលទេ គាត់ពឹង​លើ​ប័ណ្ណ​សមធម៌ ហើយអ្នករើទៅហ្នឹង​ គាត់​ខ្ចីបុល​គេ ជំពាក់បំណុលគេវ័នករ ទោះថា​មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ តែ​បើសិន​ជាកាត់​[ប្រាក់ឧបត្ថម្ភ​]ទៅ​​ទៀត កាន់​តែធ្ងន់ធ្ងរ»។​

លោកបញ្ជាក់ថា ច្បាប់ជាតិ និងនៅក្នុងខ្លឹមសារនៃកតិកាសញ្ញាអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចា​ប័ណ្ណ ស្តីពី​ ការបណ្តេញចេញ គឺរដ្ឋនីមួយៗត្រូវគោរពសិទ្ធិ​របស់ពលរដ្ឋ ដែល​មានន័យថា នៅពេល​រដ្ឋត្រូវការ​ដី ឬទីកន្លែង​ដែលប៉ះពាល់ដល់ពលរដ្ឋ​ រដ្ឋត្រូវផ្តល់​សំណង​ដោយសមរម្យ និងយុត្តិ​ធម៌​គ្រប់គ្រាន់ដល់ពលរដ្ឋ​​ជាមុនសិន​។

កាលពីខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺនគ្រួសារ ដែលរស់នៅជុំវិញតំបន់ឧទ្យាន​​​អង្គរ ត្រូវបានជូនដំណឹងឱ្យរុះរើចេញ ហើយផ្លាស់ទៅកាន់ទីតាំងថ្មី នៅ​​​តំបន់រុនតាឯក ដែល​មាន​ចម្ងាយជាង ២០គីឡូម៉ែត្រ។ រដ្ឋាភិបាល អះអាងថា ការស្នើឱ្យមានការរុះរើ និង​ចាកចេញនេះ គឺត្រូវបានធ្វើឡើងតាមការស្នើសុំរបស់អង្គការយូណេស្កូ ខណៈអង្គការមួយនេះអះ​អាង​ថា សកម្មភាពនេះអាចធ្វើឱ្យខូច និងប៉ះពាល់ដល់ឋានៈជាបេតិកភណ្ឌពិភពលោករបស់ប្រាសាទអង្គរវត្ដ។

កន្លងមក មាន​ការរិះគន់ជា​ច្រើន​​ពីអង្គការជាតិ​ និង​អន្តរជាតិ ​លើរដ្ឋាភិបាលកម្ពុជា​ ​ជុំវិញការតម្រូវឱ្យ​ពលរដ្ឋ​​រុះរើចេញ​​ពី​តំបន់ឧទ្យាន​​អង្គរ ឱ្យ​ទៅ​តាំងទីលំនៅថ្មីនៅតំបន់រុន​តាឯក ដោយ​ពួកគេថា តំបន់រុនតាឯក នៅ​​ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ​ប៉ុន្តែរដ្ឋាភិបាល​បាន​អះអាងម្តងហើយ​ម្តងទៀតថា ការតាំងទីលំនៅថ្មីរបស់ពលរដ្ឋ​ទាំង​នោះ​ ធ្វើ​ឡើង​ដោយ​ការស្ម័គ្រចិត្ត។

ជាមួយគ្នានេះដែរ អតីតនាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន ក៏បា​នគូសបញ្ជាក់កាលពីចុងឆ្នាំ២០២២ដែរ​ថា រដ្ឋាភិបាល​នឹងរៀបចំឃុំរុនតាឯក ឱ្យក្លាយជាទីក្រុងទាន់សម័យមួយ គឺ​ក្រុង​រុនតាឯក ដែល​ជាភូមិអភិវឌ្ឍន៍ មិនមែនជាជនបទទៀតទេ ដើម្បីឱ្យពលរដ្ឋរស់នៅតំបន់នេះ មានជីវភាព​ធូរធារទៅថ្ងៃមុខ៕