អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា មន្ត្រីអាវុធហត្ថខេត្តក្រចេះម្នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើងខ្យល់បាញ់សត្វស្លាប(សត្វកុក)នោះ កំពុងស្ថិតនៅក្នុងចំណាត់ការរបស់រដ្ឋបាលព្រៃឈើ។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ករណីបុរសម្នាក់ពាក់អាវយឺតពណ៌ត្រេអ៊ី និងជិះរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ដែលមានអក្សរពីខាងក្រោយ “អ.ហ” និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” បានប្រើប្រាស់កាំភ្លើងខ្យល់បាញ់សម្លាប់សត្វស្លាប(សត្វកុក) នៅទីតាំងបឹងរំលាច ស្ថិតក្នុងភូមិល្ពៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ រូបភាពភ្ជាប់ជាមួយវីដេអូ ក៏បានបង្ហាញពីរូបសត្វកុកដែលបានងាប់ និងសកម្មភាពបុរសនោះបាញ់ស៊ីបពីរថយន្តថែមទៀតផង។
ករណីនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឱ្យដឹងថា បុរសដែលបាញ់សត្វស្លាបនោះមានឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី៣១ ខែមករា ហើយជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់មន្ត្រីរូបនោះជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។
លោកបន្តថា៖ «ចំពោះការពិន័យអន្តរកាណ៍ ឬក៏មានទោស អាហ្នឹងនៅលើអយ្យកការលោកជាអ្នកចោទប្រកាន់ ប្រសិនជាបុគ្គលនោះមិនចោទប្រកាន់ទេ អាហ្នឹងមកធ្វើការវិញទៅ តែបើបុគ្គលនោះត្រូវការចោទប្រកាន់ដោយអយ្យការ ឬមួយក៏មានសាលក្រមនគរបាលជំនុំជម្រះមានទោស អាហ្នឹងត្រូវតែលុបឈ្មោះចោល»។
លោក អេង ហ៊ី ក៏បានបកស្រាយបន្ថែមដែរថា ការឃាត់ខ្លួនលោក កង សុផាណារ័ត្ន ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គមនោះទេ។
លោកបន្ថែមថា៖ «យោធិននៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺន ជាពិសេសការអប់រំចិត្តសាស្រ្តជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះយើងជាមន្ត្រីប្រតិបត្តិច្បាប់»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលព្រៃឈើជាអ្នកដែលមានសមត្ថកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់ស្តីពីព្រៃឈើ។
គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពី លោក នួន ពៅរតនា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះបានទេ ខណៈអភិបាលខេត្តក្រចេះ លោក វ៉ា ថន បានបដិសេធឆ្លើយតប។
លោក វ៉ា ថន ថ្លែងថា៖ «វាមានសេចក្តីប្រកាសព័ត៌មានអស់ហើយ មើលតាមហ្នឹងទៅ»។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ លោកស្រី ឆាន់ ស្រីមុំ បញ្ជាក់ថា តុលាការមិនទាន់ទទួលបានសំណុំរឿងនេះនៅឡើយ។
នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង លើកឡើងថា នេះជាគំរូមិនល្អនោះទេ នៅពេលដែលកងកម្លាំងប្រដាប់អាវុធដែលជាមន្ត្រីមានវិជ្ជាជីវៈ ជារាជការសាធារណៈ ឬក៏ជាជាមន្ត្រីប៉ូលីសប៉េអឹម ដែលគេចាត់ទុកជាអ្នកដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្ដល់គំរូភាពចំពោះសង្គមជាតិនោះ បែរជាប្រព្រឹត្តិអំពើខុសសីលធម៌ វិជ្ជាជីវៈ និងខុសទាំងច្បាប់ទៀតនោះ។
លោកថ្លែងថា៖ «កងរាជអាវុធហត្ថ ត្រូវតែធ្វើការណែនាំជាបន្ទាន់ ឬផ្សព្វផ្សាយឡើងវិញទៅដល់មន្ត្រីរបស់ខ្លួន។ បើសិនជាផ្សព្វផ្សាយ ឬណែនាំហើយនៅតែមានសកម្មភាពបែបហ្នឹងទៀត នឹងមិនមានការលើកលែងចំពោះមុខពួកគេដែលប្រព្រឹត្តទង្វើទាំងអស់នឹងទេ។ ខ្ញុំអត់គាំទ្រទេ!»៕