អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា មន្ត្រីអាវុធហត្ថខេត្តក្រចេះ​ម្នាក់ ​ដែលត្រូវបានចាប់​ឃាត់ខ្លួន ពាក់ព័ន្ធនឹងការ​​ប្រើប្រាស់​កាំភ្លើងខ្យល់បាញ់សត្វស្លាប(សត្វកុក)នោះ កំពុងស្ថិតនៅក្នុងចំណាត់ការរបស់រដ្ឋបាលព្រៃឈើ។

កាល​ពី​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានការ​ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ករណី​បុរស​​ម្នាក់​​ពាក់អាវយឺតពណ៌ត្រេអ៊ី និងជិះរថយន្ត​ម៉ាកកាមរីបាឡែនមួយគ្រឿង​ ដែល​មានអក្សរពីខាងក្រោយ “អ.ហ” និង​មានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ” បានប្រើប្រាស់កាំភ្លើង​ខ្យល់​បាញ់សម្លាប់​សត្វស្លាប(សត្វកុក) នៅទីតាំងបឹងរំលាច ស្ថិតក្នុងភូមិល្ពៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ រូបភាពភ្ជាប់ជាមួយវីដេអូ ក៏បានបង្ហាញពីរូបសត្វកុក​ដែលបាន​ងាប់​ និងសកម្មភាពបុរសនោះបាញ់ស៊ីបពីរថយន្តថែមទៀតផង។

ករណីនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឱ្យដឹងថា បុរសដែលបាញ់សត្វស្លាប​នោះមាន​ឈ្មោះ​ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារ​ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី៣១ ខែមករា ហើយ​ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់មន្ត្រីរូបនោះ​ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។

លោកបន្តថា៖ «ចំពោះការពិន័យអន្តរកាណ៍ ឬក៏មានទោស អាហ្នឹងនៅលើអយ្យកការលោកជាអ្នកចោទប្រកាន់ ប្រសិនជាបុគ្គល​នោះមិ​ន​ចោទប្រកាន់ទេ អាហ្នឹងមកធ្វើការវិញទៅ តែបើបុគ្គលនោះត្រូវការចោទប្រកាន់​ដោយអយ្យការ ឬមួយក៏មានសាល​ក្រម​នគរបាល​ជំនុំ​ជម្រះមានទោស អាហ្នឹងត្រូវតែលុបឈ្មោះចោល»។

លោក អេង ហ៊ី ក៏បានបកស្រាយបន្ថែមដែរ​ថា ការឃាត់ខ្លួនលោក កង សុផាណារ័ត្ន​ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើ គឺកងរាជអាវុធហត្ថអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងក្រមនីតិវិធីព្រហ្ម​ទណ្ឌ មិនមែនធ្វើតាមអារម្មណ៍ ឬធ្វើតាមការបញ្ចេញមតិក្នុងប្រព័ន្ធព័ត៌មានសង្គមនោះទេ។

លោកបន្ថែមថា៖ «​​យោធិន​នៃកងរាជអាវុធហត្ថគ្រប់រូប ត្រូវបានអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺន ជា​ពិសេសការអប់រំ​ចិត្តសាស្រ្ត​ជាប្រចាំ ឱ្យគោរពច្បាប់ គោរពវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ កុំថាឡើយបាញ់សត្វកុក សូម្បីតែសត្វចាបក៏មិនត្រូវបាញ់ទេ ព្រោះ​យើងជាមន្ត្រីប្រតិបត្តិច្បាប់​»។​​

បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ​ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ​​រដ្ឋបាលព្រៃឈើជាអ្នកដែល​មានសមត្ថកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទ​ល្មើស​ព្រៃឈើ និងចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដូចមានចែងក្នុងមាត្រា៧៦នៃច្បាប់​ស្តីពី​ព្រៃឈើ។

គេហទំព័រ Newsroom Cambodia មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះ ពី លោក នួន ពៅរតនា នាយខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តក្រចេះ​បាន​ទេ ខណៈ​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន បានបដិសេធឆ្លើយតប។

លោក វ៉ា ថន ថ្លែង​ថា៖ «វាមានសេចក្តីប្រកាសព័ត៌មានអស់ហើយ មើលតាមហ្នឹងទៅ»។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ លោកស្រី ឆាន់ ស្រីមុំ បញ្ជាក់​ថា តុលាការ​មិន​ទាន់​ទទួល​បានសំណុំរឿងនេះនៅឡើយ​​។

នាយក​ប្រតិបត្តិ​នៃសមាគមបណ្តាញ​យុវជនកម្ពុជា​ លោក​ ហេង គីមហុង ​លើកឡើងថា ​នេះ​ជាគំរូមិន​ល្អនោះទេ​ នៅពេលដែលកងកម្លាំងប្រដាប់អាវុធដែលជាមន្ត្រីមានវិជ្ជាជីវៈ ជា​រាជការសាធារណៈ ឬក៏ជាជាមន្ត្រីប៉ូលីសប៉េអឹម ដែលគេចាត់ទុកជាអ្នកដើរតួនាទីយ៉ាង​​សំខាន់នៅក្នុងការផ្ដល់គំរូភាពចំពោះ​សង្គមជាតិនោះ​ បែរជាប្រព្រឹត្តិអំពើ​ខុសសីលធម៌ វិជ្ជាជីវៈ​ និងខុសទាំងច្បាប់ទៀតនោះ។

លោក​ថ្លែងថា៖ «កងរាជអាវុធហត្ថ ត្រូវតែធ្វើការណែនាំជាបន្ទាន់ ឬផ្សព្វផ្សាយឡើងវិញទៅដល់មន្ត្រីរបស់ខ្លួន។ បើសិនជាផ្សព្វ​ផ្សាយ ឬណែនាំហើយនៅតែមានសកម្មភាពបែបហ្នឹងទៀត នឹងមិនមានការលើកលែងចំពោះមុខ​ពួកគេ​ដែលប្រព្រឹត្តទង្វើទាំងអស់នឹងទេ។ ខ្ញុំអត់គាំទ្រទេ!»៕