ប្រជាពលរដ្ឋចំនួន ៤រូប នៅខេត្តព្រះវិហារ ដែល​រង​បណ្ដឹងពីមន្ត្រីមន្ទីរ​បរិស្ថានថា​បានកាប់គាស់ និងទិន្ទ្រានដីព្រៃជាកម្មសិទ្ធ បានស្នើឱ្យតុលាការទម្លាក់ចោលនូវបទចោទប្រកាន់​ ដោយថាពួកគាត់ពុំបានប្រព្រឹត្ត​កំហុស​ដូចការចោទ។

ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បាន​ចេញដីកា​​កោះហៅ​ឱ្យ​ពួកគេ​ទាំង ៤នាក់ ទៅឆ្លើយបំភ្លឺ ជុំវិញបណ្តឹងរបស់មន្ត្រីមន្ទីរ​បរិស្ថាន កាលពីថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹង​បទចោទ​ «កាប់​គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ» ដែល​ប្រព្រឹត្តនៅ​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ 

ពលរដ្ឋរងបណ្ដឹងម្នាក់សុំមិនបញ្ចេញឈ្មោះរស់នៅភូមិដងផ្លិត បានរៀបរាប់​ថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៣ ​ខាងមន្ត្រីបរិស្ថាន​មាន​​គម្រោងធ្វើក្រោលគោនៅតំបន់ភូមិដងផ្លិត និងភូមិណារ៉ុង ដែលជាព្រៃសហគមន៍ការពារ ហើយការសាង​សង់​នោះ​ មន្ត្រីបរិស្ថានមិន​បានផ្សព្វ​ផ្សាយ​​ទៅដល់​ភូមិ​ឃុំ​ និង​ប្រជាពលរដ្ឋនោះទេ ទើបប្រជាពលរដ្ឋនាំគ្នាទៅរុះរើ​​ចេញ។​

លោកថា៖ «គេធ្វើលើកទី១ យើង​គ្រាន់តែទប់ស្កាត់រុះរើទុកចោលហ្នឹងឯង ហើយគេធ្វើលើកទី២ទៀត​ ដល់ពេល​លើកទី២ហ្នឹង យើងនាំគ្នាទៅទប់ស្កាត់ហើយ យើងនាំគ្នាប្រមូលយកវត្ថុតាង មានដូចជាឈើ មាន​ដូចជារណាយន្ត មានម៉ាស៊ីនខួងដែលគេនឹង​បោះបង្គោលព័ទ្ធយកដី​ហ្នឹង​មកទុក​នៅ​វត្ត។ ដល់ពេលយើងនាំគ្នាទៅទប់ស្កាក់អ៊ីចឹង ដក​ហូតយកសំភារៈគេទៅ គេចោទយើងពីបទទៅប្លន់យកវត្ថុតាងគេ ហើយក៏គេដាក់បណ្ដឹងទៅ​ ដល់ពេលក្នុងបណ្ដឹង ខាងតុលាការចោទយើងពីបទ កាប់ឈូសឆាយ រុករាន ទន្ទ្រានដីយកធ្វើជាកម្មសិទ្ធិ គេប្ដឹងយើង»។ 

ករណីនេះ លោកបានស្នើទៅតុលាការ ពិចារណាក្នុងការទម្លាក់ចោលបទចោទប្រកាន់នេះទៅលើពួកគាត់​ទាំង​៤នាក់ ដោយថាពួកគាត់ពុំបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។

ពលរដ្ឋរូបនេះថា៖ «ខ្ញុំក៏ដូចជាបុគ្គល៣នាក់ទៀតដែរ សូមសំណូមពរទៅតុលាការមេត្តាឈប់ចោទប្រកាន់ពួក​ខ្ញុំទៅ ហើយសំណុំរឿងដែលគេចោទហ្នឹង មេត្តាតម្កល់ទុកកុំចាត់ការផង»។

ប្រ​ជាពលរដ្ឋរងបណ្ដឹងម្នាក់ទៀត លោក សូម ណៃ បានឱ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅទីនោះ ​តាំងពីដូនតាមក មិនដែលមានបញ្ហាកើតឡើងនោះទេ ទើបពេលនេះបែរជា​មន្ត្រីបរិស្ថាន​ទៅសាងសង់សំណង់​លើដីព្រៃសហគមន៍ដែលធ្លាប់បាននិងកំពុងអាស្រ័យផលចិញ្ចឹមជីវិតនេះទៅវិញ។ 

លោកថា៖ «មន្រ្តីបរិស្ថានគេនិយាយថាគេនៅតែយក គេមិនឱ្យយើងទៅទប់ស្កាត់ គេធ្វើ គេអភិវឌ្ឍន៍​ហ្នឹងឯង ប៉ុន្តែ​ពួកខ្ញុំមិនចង់ឱ្យបាត់បង់ទៅលើមន្រ្តី អ្នកមានអំណាចមកយកដីធ្លីជិតមូលដ្ឋានជិតសម្រចផល រស់នៅពីដូនតា»។ 

លោក សូម ណៃ បន្តទៀតថា​ នេះជាលើកទី២ហើយតុលាការកោះហៅពួកគាត់ ឱ្យចូលសវនាការ ព្រោះតែការ​ទប់ស្កាត់មន្រ្តីបរិស្ថានកុំឱ្យមានការទន្រ្ទានដី​ព្រៃ និងធ្វើក្រោលគោ ប៉ុន្តែបែរជាត្រូវតុលារការចោទពួកគាត់​​ថា​ជាអ្នកទន្រ្ទានដី​​នេះទៅវិញ។ 

លោកស្នើ​ថា៖ «ខ្ញុំ​ជាប្រជាពលរដ្ឋទាំងអស់គ្នា ស្នើសុំទៅមន្រ្តី អ្នកដែលមកយកដី​នៅ​ទីនោះ មិនថាជាមន្រ្តីណាទេ ពួកខ្ញុំស្នើសុំថាមិនឱ្យគាត់យក និងសុំឱ្យ​នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន ម៉ាណែត ដែល​កាន់​កាប់​នៅក្នុងប្រទេសកម្ពុជាយើង ឱ្យគាត់ជួយទប់ស្កាត់ និងទុកដីទាំងអស់នោះ ទុកឱ្យប្រជាពលរដ្ឋគាត់ប្រើប្រាស់ និងអាស្រ័យផលស្រែចម្ការនៅទីនោះផងដែរ»។ 

សហមេធាវីការពារក្តីជូនប្រជាពលរដ្ឋទាំង៤រូបនោះ លោក លូត សាំង មានប្រសាសន៍​ថា ការចោទប្រកាន់របស់តុលាការ​ចំពោះកូនក្ដីលោក ជាការមិនត្រឹមត្រូវទេ ដោយ​លោកអះអាងថាកូនក្ដីលោកមានភស្តុតាងពេល​ទៅទប់ស្កាត់ការទន្ទ្រានដីនោះ។ ករណីនេះ លោកស្នើដល់តុលាការ ពិចារណាក្នុងការលើកលែងការ​ចោទប្រកាន់​ទៅកូនក្តីរបស់ខ្លួន។

លោក​ថា៖ «ក្នុងនាមជាមេធាវី យើងគិតថា វាខុសដែរ ព្រោះប្រជាពលរដ្ឋគាត់ជាអ្នកការពារទេ បើយើងមើលមានភស្តុតាងមានអីត្រឹមត្រូវ ហើយមានរូបភាពមានអី យើងឃើញថាប្រជាជនគាត់ទៅទប់ស្កាត់ពិតប្រាកដមែន។ ហេតុអីបានខ្ញុំអះអាង ព្រោះនៅតំបន់ហ្នឹង ខ្ញុំបានចុះទៅឃើញជាកស្ដែង[…] ដូច្នេះ​យើងសង្ឃឹមថា តុលាការ​គាត់នឹង​សម្រេចលើកលែងការចោទប្រកាន់ ព្រោះគាត់[ប្រជាជន]​មិនមែនបានប្រព្រឹត្តដូចការចោទប្រកាន់​នៅក្នុងដីការនោះទេ»។ 

តែយ៉ាងណា លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់ Newsroom Cambodia ថាការកែណ្ឌកម្លាំងទៅប្លន់ និងកំហែងយកវត្ថុតាងដោយខុសច្បាប់​ពីមន្ត្រីពង្រឹងការអនុវត្តច្បាប់ ជាអំពើល្មើសច្បាប់ ហើយ​ជនប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។  

លោក​ថា៖ «មន្ទីរបរិស្ថាន តែងតែគាំទ្រ ចូលរួមសហការជាមួយសហគមន៏មូលដ្ឋាន ក្នុងកិច្ចការពារបរិស្ថានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយស្របច្បាប់។ តែផ្ទុយទៅវិញ មន្ទីរបរិស្ថាន ក៏មិនគាំទ្រលើការធ្វើចលនា បះបោរ ឱ្យ​​មានសកម្មភាពចូលកាន់កាប់ដីព្រៃដោយខុសច្បាប់​ដែរ»។ 

តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង មានប្រសាសន៍ថា តាមរយៈការសាកសួរ ជនសង្ស័យទាំង៤រូបនោះ បានបដិសេធថាមិនបានប្រព្រឹត្ត។ តែយ៉ាងណា តំណាងអយ្យការ​នឹង​បន្ត​​​សាកសួរទៅកាន់​ដើមបណ្តឹងបន្ថែមទៀត មុននឹងមានការ​សម្រេចថា​យ៉ាងណានោះ។

លោកថា៖ «ខ្ញុំឆ្ងល់ដែរ ប្រសិនគាត់ជាអ្នកការពារដីព្រៃហ្នឹង ចុះមន្ត្រីបរិស្ថានដែលការពារដែនរបស់គេហ្នឹង ហេតុអីមកកសាងសំណុំរឿង មកខុសពីការឆ្លើយបំភ្លឺរបស់គាត់? ហើយខ្ញុំក៏បានសួរទៅគាត់[ពលរដ្ឋ] បើសិនជាគាត់មិនបានរុករានទន្ទ្រានទេ ហេតុអីក៏មានកសាងសំណុំរឿងបង្កើតជាបទល្មើសមកកាន់តុលាការ?[…]​​ហើយខ្ញុំនឹងអង្កេតបន្តទៀត គឺហៅមន្ត្រីបរិស្ថានហ្នឹងមកបំភ្លឺ ខាងបរិស្ថានបានសន្មតចងក្រងសំណុំរឿងមកគឺគាត់[ពលរដ្ឋ]បានពង្រីកដីបន្ថែមដើម្បីកាន់កាប់ តែបែរជាគាត់មកឆ្លើយថាអត់បានពង្រីកទេ គាត់គ្រាន់តែជាអ្នក​ការពារទេ»។ 

ពាក់ព័ន្ធនឹងករណីនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅ​អង្គការសិទ្ធិមនុស្ស​​លីកាដូ លោកអំ សំអាត យល់​ឃើញ​ថា មន្រ្តីបរិស្ថាន គួរ​មានការពន្យល់ និជជែកគ្នា​​​ឱ្យបាន​ច្បាស់លាស់ជាមួយ​​ប្រជាពលរដ្ឋ មុនពេលចុះសាងសង់សំណង់ ឬរៀបចំហេដ្ឋា​រចនាសម្ព័ន្ធណាមួយ នៅក្នុងព្រៃសហគមន៍ដែលពលរដ្ឋ​ធ្លាប់អាស្រ័យ​ផល ជាជាងការ​យកបណ្តឹងតាមផ្លូវតុលាការ​ ដែលធ្វើឱ្យប៉ះពាល់​ដល់ការរស់នៅរបស់ប្រជា​ពលរដ្ឋ។

លោកបន្ត​ថា៖«តុលាការគួរតែទម្លាក់បទចោទប្រកាន់ ខាង​បរិស្ថានគួរតែជជែក និងដោះស្រាយជាមួយប្រជា​ពលរដ្ឋ​​ដោយសន្តិវិធី ដើម្បីឱ្យមានការយោគយល់គ្នា ហើយរួមគ្នាការពារទ្រព្យសម្បត្តិរួមរបស់រដ្ឋ»៕