មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា ករណីជួញដូរមនុស្សតាមគ្រប់រូបភាព នៅក្នុងឆ្នាំ២០២៣ ហាក់នៅមិនទាន់មានការថមថយទេ បើធៀបនឹងឆ្នាំចាស់ ដែលកត្តាបានជះឥទិ្ធពលមិនល្អដល់ប្រទេសកម្ពុជា ក្នុងនោះមានផលប៉ះពាល់ដល់សុខភាពសាធារណ: និងអាយុជីវិតប្រជាពលរដ្ឋ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ប្រាប់ Newsroom Cambodia នៅថ្ងៃទី០១ ខែកុម្ភៈនេះថា បើតាមរបាយការណ៍រយៈពេល ១០ខែក្នុងឆ្នាំ២០២៣ បទឧក្រិដ្ឋជួញដូរមនុស្សនៅកម្ពុជា ហាក់មិនថមថយឡើយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ហើយមកដល់ពេលនេះ គ្រប់ប្រទេសទាំងអស់ខ្វាយខ្វល់ដូចគ្នា ដោយសារតែមានសកម្មភាព និងទម្រង់ថ្មីៗនៃបទល្មើសបានកើតឡើងជាបន្តបន្ទាប់។
លោកស្រីបន្តថា ទម្រង់នៃករណីជួញដូរមនុស្ស ក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ មានទម្រង់ផ្លាស់ប្តូរពីឆ្នាំមុនៗ ដោយឆ្នាំមុនៗអង្គភាពរកឃើញទម្រង់នៃការជួញដូរមនុស្ស ដូចជា ការជួញដូរកម្លាំងពលកម្ម ឬជួញដូរផ្លូវភេទ និងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ដែលជាពលរដ្ឋកម្ពុជាត្រូវបានគេនាំចេញទៅធ្វើអាជីវកម្មនៅក្រៅប្រទេស តែបច្ចុប្បន្ននេះ មានទម្រង់ថ្មី ដោយមានជនបរទេសក៏ត្រូវបានគេនាំចូលមកធ្វើអាជីវកម្មនៅកម្ពុជាផងដែរ។
លោកស្រីលើកឡើងថា៖ «បញ្ហាប្រឈមបច្ចុប្បន្ននេះ គឺការទំនាក់ទំនងជនរងគ្រោះជាមួយជនល្មើស តាមប្រព័ន្ធOnline ដំណាក់ការដំបូង ជនរងគ្រោះមានភាពជិតស្និតជាមួយជនល្មើស មានន័យថាទម្រាំសមត្ថកិច្ចទទួលដំណឹង គឺរងគ្រោះរួចទៅហើយ ហេតុនេះពិបាកស្រាវជ្រាវ ដោយជនរងគ្រោះខ្លះភ្លេច ពេលខ្លះលាក់លៀម ពេលខ្លះជ្រុលប្រទាក់ក្រឡា រហូតសឹងតែក្លាយជាជនល្មើស»។
លោកស្រី ជូ ប៊ុនអេង បន្តថា ការទប់ស្កាត់បញ្ហាជួញដូរមនុស្សនេះ កម្ពុជាតែឯងមិនអាចធ្វើបាននោះទេ ព្រោះវាជះឥទ្ធិពលជុំវិញពិភពលោក ដូច្នេះអ្វីដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បាននិងកំពុងគិតគូធ្វើ គឺឈានចូលដល់ការបង្កើតផែនការយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ២០២៤ -២០២៨ ផ្តោតជាសំខាន់ទៅលើការទប់ស្កាត់ ដោយផ្តើមចេញពីពលរដ្ឋម្នាក់ៗ។
លោកស្រីថ្លែងបន្តថា៖ «ជនល្មើសគេមិនឈប់ទេ ជាអាជីពរបស់គេ ប៉ុន្តែចាំបាច់ត្រូវតែកុំឆោត រកវិធីយ៉ាងណាកុំឱ្យពលរដ្ឋចាញ់បោក នឹងជាមធ្យោបាយល្អបំផុត កាត់បន្ថយភាពរងគ្រោះពលរដ្ឋ និងបង្ក្រាបជនល្មើសបានដោយងាយស្រួលជាងមុន បើជនរងគ្រោះសហការ»។
បើតាមលោកស្រី ជូ ប៊ុនអេង របាយការណ៍ ១០ខែក្នុងឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងសមត្ថកិច្ចពាក់ព័ន្ធ បានតាមដានស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សរុបបាន ១៣៧ករណី ដែលចំនួននេះមានការកើនឡើង ៣ករណី បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ សម្រាប់ករណីសរុបឆ្នាំ២០២៣ លោកស្រីថា នៅមិនទាន់បូកសរុបរួចនៅឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ការជួញដូរមនុស្សបានប៉ះពាល់ធ្ងន់ធ្ងរ ទាំងធនធានមនុស្ស សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ លោកបន្តថា សេចក្តីថ្លៃថ្នូរបស់មនុស្សត្រូវបានបាត់បង់ ព្រោះជនរងគ្រោះត្រូវបានគេជួញដូរ ទោះបីក្នុងទម្រង់រូបភាពណាក៏ដោយ។
មួយវិញទៀត លោកថា នៅពេលមានករណីជួញដូរមនុស្សកើតឡើងច្រើន ហើយកម្ពុជាត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬចំណាត់ថ្នាក់មិនល្អ នោះនាំឱ្យអ្នកវិនិយោគមានការរារែក ដែលនាំឱ្យប៉ះពាល់ទៅដល់ការវិនិយោគ និង ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមជាដើម។
លោកថា៖ «ការជួញដូរមនុស្សកាន់តែទំនើប តាមទម្រង់ឆបោក ជួញដូរតាមប្រព័ន្ធអនឡាញ ដែលនាំឱ្យអាជ្ញាធរពិបាកធ្វើការស៊ើបអង្កេត កំណត់អត្តសញ្ញាណបទល្មើសបានលឿន អញ្ចឹងការរងគ្រោះអាចធ្ងន់ធ្ងរ ជាការព្រួយបារម្ភនោះ គឺការជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលទាមទារឱ្យអាជ្ញាធរ ពង្រឹងនូវចំណេះដឹងបន្ថែមទៅលើប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីរត់ឱ្យទាន់ទៅនឹងបទល្មើសនៃការជួញដូរទំនើបកម្មតាមប្រព័ន្ធ Online ឬប្រព័ន្ធDigitalនេះ»។
លោក អំ សំអាត បញ្ជាក់ថា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា កម្ពុជាត្រូវលុបបំបាត់អំពើពុករលួយ និទណ្ឌភាព និងបង្កើតកិច្ចសហប្រតិបត្តការល្អក្នុងស្រុក និងបណ្តាប្រទេសជិតខាង។ ជាមួយគ្នានោះ លោកថា អាជ្ញាធរត្រូវតែបង្កលក្ខណៈងាយស្រួល បើសិនជាមានការរាយការណ៍អំពីការជួញដូរមនុស្សណាមួយកើតឡើង និងកុំដាក់បន្ទុកលើអ្នករាយការណ៍។
លោកបន្តថា៖ «ត្រូវលុបបំបាត់អំពើពុករលួយជាមុនសិន ព្រោះវាជាឬសគល់នៃបញ្ហា និទណ្ឌភាពក៏ជាផ្នែកមួយនៃអំពើពុករលួយដែរ អញ្ចឹងទោះបុគ្គលណាក៏ដោយ មានឋាន្តរន្តស័ក្កណាក៏ដោយ ឱ្យតែពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ត្រូវតែអនុវត្តតាមផ្លូវច្បាប់ ហើយធានាថា ជនដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស ត្រូវតែបញ្ជូនទៅតុលាការកាត់ទោសតាមផ្លូវច្បាប់ និងពង្រឹងការអនុវត្តច្បាប់ អញ្ចឹងច្បាប់ដែលមានស្រាប់យើងត្រូវតែពង្រឹង នៅក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពលើកការជួញដូរមនុស្ស ដោយគ្មានការយោគយល់»។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៤ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួន ដើម្បីធានាដល់សុខសន្ដិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងនោះការបន្តទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បង្ក្រាបក្រុមដែលមានឧបាយកលជ្រុលនិយម បង្ក្រាបបទល្មើសដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបង្ក្រាបករណីគ្រឿងញៀនជាដើម៕