តំណាងអយ្យការអមសាលាសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ជនជាតិថៃ ៣នាក់ ពីបទ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅចំណុចបុរីខេធី អេក ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនសង្ស័យជាជនជាតិថៃចំនួន ៣នាក់ និងបានដកហូតគ្រឿងញៀនជាច្រើនប្រភេទ រួមទាំងសំបកកញ្ចប់សម្រាប់ច្រក ថ្នាំញៀនមួយចំនួនធំ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៣គ្រឿង គ្រាប់កាំភ្លើងចំនួន១៧គ្រាប់ បង់កាំភ្លើងខ្លីចំនួន ១កុំព្យូទ័រចំនួនមួយគ្រឿង និងលិខិតឆ្លងដែនចំនួន ៣ក្បាល។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់ថា៖ «បានដកហូតគ្រឿងញៀន ប្រភេទម្សៅក្រាមសរថ្លា(K) ចំនួន២ថង់ ទម្ងន់ ១៤.៤៥ក្រាម ម្សៅម៉តំសប្តា(K) ចំនួន១១ថង់ ទម្ងន់ ៤៨១,៨១ក្រាម ថ្នាំកញ្ចប់ពណ៌ក្រហម(K) មានអក្សរចិនពីលើចំនួន២១កញ្ចប់ ថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃចំនួន ៥កញ្ចប់ ថ្នាំកញ្ចប់ពណ៌ផ្កាឈូក(K)មានរូបបេះដូងពីលើ ចំនួន ៣កញ្ចប់ ដែលសរុបទាំងបីប្រភេទថ្នាំ កញ្ចប់ទម្ងន់ ៨២,៨៩ក្រាម»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក រឿន លីណា បានឱ្យដឹងថា ក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់រួច ជនជាតិថៃទាំង៣នាក់នេះ កំពុងស្ថិតក្នុងដំណាក់កាលសាកសួរ របស់ចៅក្រមស៊ើបសួរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ថា ការបង្ក្រាបគ្រឿងញៀនទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស គឺជាឆន្ទៈរបស់រដ្ឋាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងបង្ហាញអំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ លោកបន្តថា កម្ពុជា ជាប្រទេសដែលរងគ្រោះ មិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ ខណៈឧក្រិដ្ឋជនគ្រឿងញៀន យកកម្ពុជាជាគោលដៅឆ្លងកាត់ដើម្បីដឹកជញ្ជូនទៅប្រទេសផ្សេងទៀត។
លោកថ្លែងថា៖ «គ្រឿងញៀនមិនអាចធ្វើតែម្នាក់ឯងបានទេ វាជារឿងពិភពលោកទាំងមូល ដែលបណ្តាប្រទេសផ្សេងៗរងគ្រោះដូចកម្ពុជាយើង ហើយរងគ្រោះខ្លាំងជាងកម្ពុជាយើងទៀតផង។ នៅប្រទេសផ្សេងៗ គេមានទោសប្រហារជីវិត អ្នកដែលជួញដូរគ្រឿងញៀន ប៉ុន្តែគ្រឿងញៀននៅតែកើតឡើងច្រើន ហើយច្រើនជាងកម្ពុជា»។
ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ ប្រចាំអង្គការតម្លាភាពកម្ពុជា លោកមេធាវី សុក សំអឿន សាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចនេះ ខណៈលោកសង្កេតឃើញថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនទាំងទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំបានជាច្រើនករណី។
លោកបន្ថែមថា៖ «សំខាន់គឺចាប់អ្នកចែកអ្នកចាយ អ្នកដឹកចូល អ្នកលក់ អ្នកផលិត តែករណីនេះការដឹកចូលមានន័យថាផលិតនៅក្រៅទេ អញ្ចឹងរឹតបណ្តឹងតាមទល់ដែនទៅ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា នេះជារឿងត្រឹមត្រូវមួយរបស់អាជ្ញាធរ ហើយលោកលើកទឹកចិត្តឱ្យអាជ្ញាធរប្រឹងប្រែងរកអ្នកពាក់ព័ន្ធបន្ថែមទៀត រួមទាំងអ្នកដែលមានអំណាចបុណ្យសក្តិនៅពីក្រោយខ្នង។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងការអនុវត្តច្បាប់នេះ វាជារឿងសំខាន់ដែលត្រូវតែដាក់ទោសទណ្ឌយ៉ាងណាទៅដល់អ្នកជួញដូរ អ្នកចែកចាយគ្រឿងញៀនទាំងអស់ហ្នឹង ហើយដែលជាអំពើបំផ្លាញសង្គមហ្នឹង ត្រូវតែដាក់ទោសទណ្ឌឱ្យបានធ្ងន់ធ្ងរទៅតាមច្បាប់កំណត់»។
លោកក៏បានស្នើឱ្យអាជ្ញាធរធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនជាប្រចាំ ព្រមទាំងសហការជាមួយភាគីពាក់ព័ន្ធ ដូចជាប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់រាយការណ៍អំពីព័ត៌មានការជួញដូរគ្រឿងញៀននេះ។ ទន្ទឹមនឹងនេះ លោកថា សមត្ថកិច្ចត្រូវអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាព ពីព្រោះបញ្ហាគ្រឿងញៀន និងអំពើពុករលួយនេះគឺជាប់ពាក់ព័ន្ធគ្នា។
យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣ បង្ហាញថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានជិត ៨ពាន់ករណី ដោយរឹបអូសបានគ្រឿងញៀនប្រមាណ ៤តោន និងឃាត់ខ្លួនជនសង្ស័យជិត ២ម៉ឺននាក់។
គិតត្រឹមខែមករា នៃឆ្នាំ ២០២៤ អាជ្ញាធរបានបានបង្ក្រាបករណីគ្រឿងញៀនធំៗមួយចំនួនទៀត និងដកហូតបានគ្រឿងញៀនជាង ២តោនកន្លះ ហើយឃាត់ខ្លួនជនបរទេសចំនួន ៥នាក់ នៅរាជធានីភ្នំពេញ ព្រះសីហនុ និងខេត្តព្រះវិហារ។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបង្ហាញពីចំនួនអ្នកជាប់ពន្ធនាគារ គិតត្រឹមឆ្នាំ២០២៣ បានកើនឡើងដល់ ៤២ ២៣៤នាក់ ក្នុងនោះមានស្ត្រី ២ ៥៧៦នាក់។ លោកថា អ្នកជាប់ពន្ធនាគារសរុបទាំងជាង ៤២ ០០០នាក់ គឺមាន ៥១ភាគរយ ជាប់ដោយសារគ្រឿងញៀន៕