សមត្ថកិច្ច ឱ្យដឹងថា តុលាការនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសមាជិកគណបក្សភ្លើងទៀនចំនួន ២រូប នៅពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន លោក ហាក់ កុសល លេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងលោក ម៉ា ចិន្តា គណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២រូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី១ ខែកុម្ភៈម្សិលមិញ។
លោកបញ្ជាក់ថា ការអនុវត្តរបស់មន្ត្រីនគរបាលរាជធានីភ្នំពេញ ដែលចាប់ខ្លួនជនសង្ស័យទាំង២រូបនោះ គឺជាការអនុវត្តតាមច្បាប់ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
លោកថ្លែងថា៖ «អ្វីដែលយើងអនុវត្ត គឺអនុវត្តតាមវិធានការច្បាប់ មិនមានហេតុផលណាមួយពាក់ព័ន្ធរឿងនយោបាយនោះទេ អញ្ចឹងបុគ្គលគ្រប់រូបដែលអនុវត្តខុសច្បាប់ គឺយើងធ្វើការអនុវត្តទៅតាមវិធានការច្បាប់ហើយ […] មិនមានហេតុផលណាដែលយើងអនុវត្ត ដោយគ្មានដីកាទេ នៅពេលយើងអនុវត្ត យើងបានបង្ហាញដីកាជូនដល់បុគ្គលនោះ យើងមានរូបភាពដើម្បីបង្ហាញជូនសាធារណជន អញ្ចឹងអ្វីដែលចោទប្រកាន់ គឺមិនមានហេតុផល ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ ព្រោះអីសមត្ថកិច្ចអនុវត្តតាមអ្វីដែលជាការបញ្ជារបស់តុលាការ»។
យោងតាមដីការបស់ចៅក្រមស៊ើបសួរ លោក យី សុខវួច បានសម្រេចឱ្យចាប់ និងនាំខ្លួនឈ្មោះ ហាក់ កុសល និង ម៉ា ចិន្តា ប្រគល់ឱ្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោមការចោទពីបទ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង តាមមាត្រា៦២៦ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ គណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី០១ ខែកុម្ភៈ ដោយចាត់ទុកការចាប់ខ្លួន លោក ហាក់ កុសល និងលោក ម៉ា ចិន្តា ថាជារូបភាពគំរាមកំហែងថ្មីៗទៀត ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឱ្យចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សនេះ និងជាការធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកល (ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ) ក្នុងឆ្នាំ២០២៤នេះ រឹតតែមានភាពអាប់អួរថែមទៀត។
សេចក្តីថ្លែងការណ៍ដដែល បន្តថា ការចាប់ខ្លួនរបស់សមាជិកគណបក្សទាំង២រូប ពីសំណាក់សមត្ថកិច្ច ធ្វើឡើងនៅតាមដងផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ និងដោយពុំដឹងមូលហេតុ ហើយក៏មិនមានបង្ហាញដីកាផងដែរ។
អគ្គលេខាធិការនៃគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មានប្រសាសន៍ថា គណបក្សហាក់មិនយល់ចំពោះការចាប់ខ្លួននេះទេ។ លោកបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក ហាក់ កុសល និងលោក ម៉ា ចិន្តា ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ។
លោកថា៖ «គណបក្សភ្លើងទៀនស្នើឱ្យមានការដោះលែងមន្រ្តី ឬសកម្មជនគណបក្សភ្លើងទៀន និងប្រគល់សេរីភាពដល់ពួកគាត់ដោយគ្មានលក្ខខណ្ឌ ហើយបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការរំខានផ្នែកនយោបាយ ការគំរាមកំហែង និងការចាប់ចងលើថ្នាក់ដឹកនាំ មន្រ្តី និងសកម្មជនគណបក្សភ្លើងទៀន ដើម្បីធានាឱ្យមានបរិយាកាសល្អ សម្រាប់ដំណើរការបោះឆ្នោតអសកលទាំងពីរនាពេលខាងមុខនេះ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា នៅរាល់ពេលជិតបោះឆ្នោតម្តងៗ ទាំងការបោះឆ្នោតសកល និងអសកល គឺតែងមានការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់។ លោកបន្តថា ករណីនេះ បាននាំឱ្យមានការរិះគន់ និងការស្នើឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនបក្សប្រឆាំង ពីសំណាក់អង្គការជាតិ និងអន្តរជាតិ ទោះបីជាអាជ្ញាធរ ឬតុលាការ អះអាងថាការចាប់ខ្លួននេះ ជាការអនុវត្តច្បាប់នៅកម្ពុជាក៏ដោយ។
លោកថ្លែងថា៖ «តាមពិតទៅយើងជាអង្គការសង្គមស៊ីវិល តែងតែចង់ឃើញការបោះឆ្នោត ទោះជាការបោះឆ្នោតជាសកលក្តី អសកលក្តី។ សម្រាប់កម្ពុជា យើងចង់ឃើញមុនការបោះឆ្នោត និងក្រោយបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ដោយមិនមានការរិះគន់អំពីការធ្វើទុក្ខបុកម្នេញទៅលើសកម្មជនគណបក្សប្រឆាំង ជាពិសេសការចាប់ខ្លួនហ្នឹង»។
បើតាមមន្ត្រីគណបក្សភ្លើងទៀន គិតត្រឹមខែមករា នៃឆ្នាំ២០២៤នេះ សកម្មជនគណបក្សនេះ ចំនួន ៤រូបហើយ ដែលត្រូវសមត្ថកិច្ចបានចាប់ខ្លួន និងត្រូវតុលាការបញ្ជាឱ្យឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារ ក្នុងនោះមាន លោក ម៉ា ចិន្តា លោក ហាក់ កុសល លោក ខឹម ចាន់វណ្ណៈ និងអ្នកស្រី ឆាយ ចិន្តា៕