កំពុងតម្រេតខ្លួនសម្រាកលើអង្រឹងក្នុងផ្ទះឈើលើថ្មក្រោមនៅក្បែរស្ពានជ្រោយចង្វារ លោកឈឿន ប៊ុនឆាន ដែលមានអាយុ៦៧ឆ្នាំ គឺជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោម៧គ្រួសារ ដែលកំពុងទាមទារឱ្យមានការផ្តល់សំណងបន្ថែមពីការបណ្តេញចេញ បន្ទាប់ពីគ្រួសារនៅតំបន់នោះប្រមាណជាជាង៣០០ បានទទួលយកសំណង និងរុះរើចេញ។
លោក ប៊ុន ឆាត គឺជាអតីតយុទ្ធជនដែលត្រូវពិការជើងដោយសារជំងឺគ្រុនចាញ់ផងនោះ ប្រាប់ Newsroom Cambodia ថា លោកនឹងមិនរុះរើផ្ទះចេញនោះទេ ប្រសិនបើអាជ្ញាធរមិនផ្ដល់ដី២ឡូតិ៍ និងលុយ២ ទៅ៣ពាន់ដុល្លាតាមសំណើ។
លោកនិយាយថា៖ «បើថាបាន២ឡូត៍ៗទៅចុះឱ្យបាន២ឡូតិ៍អរងាប់ហើយឱ្យឯងតែ១ឡូតិ៍ទៀតហ្នឹងបញ្ហាលំបាកគឺវាអញ្ចឹង។ហើយបើមិនឱ្យខ្ញុំ២ ៣ឡូតិ៍ ខ្ញុំមិនទៅណាទេ ខ្ញុំនៅហ្នឹង ដេកហ្នឹង ដេកអង្រឹងនៅហ្នឹង មិនទៅណាទេ។ មានដីប៉ុណ្ណាណី គ្រាន់សុំ២ឡូតិ៍ ៣ឡូតិ៍មិនឱ្យដែរ ហើយខ្ញុំ១២នាក់។ ហើយឱ្យខ្ញុំ១ឡូតិ៍ម៉ែត្រឱ្យទៅនៅម៉េច? មិន១២នាក់ វាលើសហ្នឹងទៀត វាគិតឱ្យល្អិតទៅវាលើស កូនប្រសារ៣ កូនបង្កើត៥ ចៅ៣»។
លោក ឈឿន ប៊ុនឆាន
កាលពីខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យសម្រេចផ្ដល់ដីទំហំ១២,៩៨ហិកតានៅតាមបណ្ដោយមាត់ទន្លេ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ១ និងសង្កាត់ឫស្សីកែវ ទៅឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះថា អ៊ែតវ៉ានស៍ ត្រាស់ (ខេមបូឌា) ឯ.ក (Advanced Trust (Cambodia) Co., Ltd)។
ប្រជាជនសេសសល់៧គ្រួសារនៅដងទន្លេសាបក្នុងខណ្ឌឫស្សីកែវ ក្បែរស្ពានជ្រោយចង្វារក្នុងនោះគ្រួសារលោកឈឿន ប៊ុនឆាន ផងដែរនោះ កំពុងទាមទារសំណងបន្ថែមជាថ្នូរនឹងការរុះរើចេញទៅកន្លែងថ្មី បន្ទាប់ពីអាជ្ញាធរអះអាងថា ប្រជាជនប្រមាណជាង៣០០គ្រួសារផ្សេងទៀតបានចាកចេញទៅនៅភូមិសំរោង ខណ្ឌព្រែកព្នៅតាមការរៀបចំរបស់អាជ្ញាធរ។
លោក ឈឿន ប៊ុនឆាត បន្តថា បញ្ហាដែលលោកបារម្ភជាងគេរាល់ថ្ងៃ គឺការដេញចេញឱ្យរុះរើផ្ទះទៅនៅតាំងទីលំនៅថ្មី និងការផ្តល់សំណងមិនសមស្របទៅតាមការស្នើសុំរបស់លោក។
លោករៀបរាប់ទាំងទឹកមុខមាំ និងសំឡេងខ្លាំងៗថា៖ «បើនិយាយពីការលំបាក លំបាកពេកហើយ ច្រើនពេកហើយ។ បញ្ហាគិតធំជាងគេ គឺអារឿងរុះរើផ្ទះហ្នឹងតែម្តង ដេញផ្ទះហ្នឹងតែម្តង។ មិនដឹងចេញពីហ្នឹង ទៅនៅហ្នឹង ដីណា អីណី គេឱ្យកន្លែងណា? ដីប៉ុណ្ណា? លុយប៉ុន្មាន? អាហ្នឹងលំបាកជាងគេបញ្ហាលំបាក។ ថាគេឱ្យប៉ុន្មានម៉ែត្រ? ប៉ុន្មានម៉ែត្រ? ប៉ុន្មានលុយអ៊ីចឹងទៅ យើងដឹងស្រួល ដល់មិនដឹងមិនប្រាប់ផង មិនដឹងជាម៉េច»។
ផ្ទះរបស់លោក ឈឿន ប៊ុនឆាន
ស្រដៀងនឹងគ្រួសាររបស់លោក ឈឿន ប៊ុនឆាន ដែរ អ្នកស្រី ជា វណ្ណា ពលរដ្ឋនៃគ្រួសារមួយក្នុងចំណោមគ្រួសារទាំង៧ដែលមិនព្រមរើចេញ ក៏បានស្នើទៅអាជ្ញាធរសុំសំណងបន្ថែម ឬដីនៅវត្តទួលដែលនៅជិត ឬដី៥ឡូតិ៍នៅព្រែកព្នៅ ប៉ុន្តែមិនទាន់មានដំណោះស្រាយ។
អ្នកស្រី វណ្ណា និយាយដោយទឹកភ្នែករលីងរលោង និងអួលដើមកថា៖ «មុនដំបូងខ្ញុំសុំគាត់ជាថរិកា៨ម៉ឺនផ្ទះរបស់ខ្ញុំ គាត់ថាអត់ឱ្យគាត់ថាអត់មាន។ ខ្ញុំស្នើសុំគាត់ ទី១ស្នើសុំលុយ ទី២សុំយកដីវត្តទួល ទី៣បើគាត់ឱ្យខ្ញុំនៅសំរោងខ្ញុំសុំយក៥ឡូតិ៍ខ្ញុំនិយាយចឹង។ តែទី១ក៏អត់បាន ទី២ក៏អត់បាន មានតែទី៣ ទី៣គាត់ឱ្យខ្ញុំតែ២ឡូតិ៍ម៉េចកើត យើងឃើញផ្ទះស្រាប់ហើយ ផ្ទះប៉ុន្មាន? គាត់ឱ្យខ្ញុំ២ឡូតិ៍ ខ្ញុំទទួលយកមិនបានទេ។ ខ្ញុំមិនមែនប្រឆាំង ឬក៏អត់មានបញ្ហាអី គ្រាន់តែខ្ញុំសុំសំណូមពរឱ្យគាត់ដោះស្រាយតាមសំណើរបស់ខ្ញុំទៅ ខ្ញុំគ្រាន់ថាប៉ុណ្ណឹង»។
ស្ត្រីមេផ្ទះវ័យជាង៧០ឆ្នាំរូបនេះបន្ថែមថា អ្នកស្រីបារម្ភថានៅទីតាំងថ្មីក្នុងភូមិសំរោងពិបាករស់នៅដោយសារគ្មានអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។
អ្នកស្រីនិយាយថា៖ «កាលពួកហ្នឹង [ពលរដ្ឋដែលបានរើចេញ] មិនទាន់ទៅច្រើន ប៉ុន្មានគ្រួសារមុនគាត់និយាយថាទៅៗ គេសង់ផ្ទះឱ្យនៅដល់ពេលយកគ្នាទៅ សង់ជាផ្ទះដូចថាបិទស័ង្កសីជុំវិញអ៊ីចឹងទៅដំបូលបំាងស័ង្កសី ភ្លើងមិនទាន់ទឹកមិនទាន់មានពេលនុងមុនដំបូង»។
អ្នកស្រីអះអាងថា អាជ្ញាធរដេញប្រជាជនដែលជាម្ចាស់ផ្ទះដោយមិនគោរពសិទ្ធិរបស់ពួកគាត់ និងដោយប្រើអំពើហិង្សា។
អ្នកស្រីលើកឡើងដោយសំឡេងខ្លាំងៗថា៖ «គេចាប់ផ្តើមដេញ២ទៅ៣ឆ្នាំគេគ្រាន់តែដេញមិនទាន់ឱ្យរុះរើខ្លាំងទើបឆ្នាំទៅដើមឆ្នាំពេលមុនបោះឆ្នោតហ្នឹងគេសន្ទុះខ្លាំង គេដេញយើងតាំងខែ៣ខែ៤។ មានបាតុកម្មខែ៣ខែ៤ ចុះមកដល់ទាញគ្នាទម្លាក់ចុះគ្នាដេកអត់ដឹងអីទៅទាញទម្លាក់ផ្ទះគេប៉ាតណាប៉ាតណីឡើងផ្អើលគេ កាសែតចុះមកថតពេញទឹកពេញដី»។
ចំណែកអ្នកស្រី នី ជាប្រជាពលរដ្ឋម្នាក់ទៀតដែលប្រកបរបរលក់ដូរមុខផ្ទះបាននិយាយថា អ្នកស្រីមករស់នៅទីនេះបានជិត២០ឆ្នាំហើយ ខណៈស្វាមីរបស់អ្នកស្រីរស់នៅបាន៤០ឆ្នាំមកហើយ។ អ្នកស្រីថា អ្នកស្រីបានស្នើសុំទៅខណ្ឌសុំទំហំដីហ្នឹង១ឡូតិ៍ដែលនៅតំបន់ជិតនោះ ដោយសារមិនអាចទៅនៅឆ្ងាយបាន។
អ្នកស្រីនិយាយថា៖ «បើដូរពីផ្ទះខ្ញុំទៅកន្លែងឆ្ងាយខ្ញុំអត់ទៅទេ។ ព្រោះដោយសារទី១ កូនខ្ញុំរៀន កូនខ្ញុំ៣នាក់រៀនចិន។ ចិនគឺអត់អាចទៅដល់ហ្នឹងគឺអត់មានទេ អ៊ីចឹងពិបាកក្នុងការធ្វើដំណើរ ទី២ខ្ញុំអត់មានមធ្យោបាយធ្វើដំណើរដូចគេខ្ញុំមានតែម៉ូតូអាកញ្ចាស់មួយធាក់៣ជើងមិនទាន់ឆេះផង»។
អ្នកស្រីនិយាយបន្ថែមទាំងកំពុងលក់ដូរបណ្តើរថា មូលហេតុផ្សេងទៀតដែលគ្រួសារអ្នកស្រីមិនព្រមរុះរើទៅកន្លែងថ្មី គឺដោយសារតែឳពុកម្ដាយរបស់អ្នកស្រីមានវ័យចំណាស់មិនអាចទៅនៅឆ្ងាយបានទេណាមួយអ្នកស្រីបារម្ភពីមុខរបរនៅកន្លែងថ្មីផង។
អ្នកស្រីលើកឡើងថា៖ «ពេលដែលយើងចេញទៅវាអត់មានមុខរបរ ទៅហ្នឹងអត់មានដឹងរកស៊ីអីបានទេ នៅនេះទៅគ្រាន់មានមុខរបរខ្លះអ៊ីចឹង លក់ដូរបានអ៊ីចឹងណា»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធអាជ្ញាធរយកចិត្តទុកដាក់ទៅលើគ្រួសារដែលសេសសល់ដោយពិចារណាលើការទាមទាររបស់ពួកគេ។
លោកលើកឡើងថា៖ «យើងទទូចឱ្យមានការពិនិត្យមើលឡើងវិញថាតើហេតុផលនៃការទាមទាររបស់ពួកគាត់ដែលគាត់ចង់បានហ្នឹងតើអាចសម្របសម្រួលគ្នា និងរកដំណោះស្រាយជូនពួកគាត់បានឬយ៉ាងណា អ៊ីចឹងយើងទទួចឱ្យមានការដោះស្រាយជូនពួកគាត់ឱ្យបានឆាប់រហ័ស ជាជាងចេះតែអូសបន្លាយពេលវេលា»។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវបានបដិសេធការអធិប្បាយលំអិតដោយលោកបានប្រាប់ដោយខ្លីថា លោកកំពុងដោះស្រាយបញ្ហាដីជូនពលរដ្ឋ។
លោកលើកឡើងថា៖ «បញ្ហាហ្នឹងយើងកំពុងតែបន្តដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋហើយយើងសង្ឃឹមថាគាត់នឹងឯកភាពជាមួយគោលការណ៍ដោះស្រាយរបស់យើង»។
ងាកមកលោក ឈឿន ប៊ុនឆាន ដែលកំពុងអង្គុយលើអង្រឹងក្នុងផ្ទះនិយាយថា លោកនឹងមិន ចាកចេញទៅនៅកន្លែងថ្មីនោះទេ ប្រសិនបើខាងអាជ្ញាធរខណ្ឌឬស្សីកែវមិនផ្តល់សំណងសមរម្យដល់ក្រុមគ្រួសាររបស់លោកទៅតាមអ្វីដែលបានស្នើសុំ។
លោកនិយាយថា៖ «ខ្ញុំគ្រាន់តែថាបើគេដេញខ្ញុំមិនប្រកែកទេគេទៅហើយ ប៉ុន្តែថាដោះស្រាយឱ្យសមរម្យបើខ្ញុំទារប៉ុណ្ណឹងគិតគូរគ្នាទៅពិភាក្សាគ្នាឱ្យតាប៉ុណ្ណឹងទៅខ្ញុំមិនទាមទារហួសហេតុពេកណា»៕