អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតចាប់ពីរដ្ឋាភិបាលថ្មីចូលកាន់តំណែង និងប្រកាសពីការអនុវត្តអភិក្រមទី៥ គឺមានមន្ត្រីប្រមាណ ១០០នាក់ហើយ ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ ក្រោយរកឃើញថាមន្ត្រីទាំងនោះមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់ Newsroom Cambodia នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា គិតចាប់តាំងពីរដ្ឋាភិបាលថ្មី ចូលកាន់តំណែងមកដល់នេះ ក្រសួងមហាផ្ទៃ បានបណ្ដេញចេញ ឬលុបឈ្មោះមន្ត្រីពីក្របខ័ណ្ឌប្រមាណ ១០០នាក់ ក្នុងនោះមន្ត្រីជាង ៥០នាក់ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងមន្ត្រីប្រមាណ៥០រូបផ្សេងទៀត ត្រូវបានរកឃើញថាល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ។
លោកមានប្រសាសន៍ថា៖ «ទន្ទឹមនេះ ក៏មានបញ្ចប់មុខតំណែង និងបន្ថយឋានន្តរស័ក្តិ មួយចំនួនដែរ វិធានការនេះ ផ្អែកលើមូលដ្ឋាន អភិក្រមទី៥ គឺវះកាត់ របស់សម្ដេច ហ៊ុន សែន នៃអតីតរាជរដ្ឋាភិបាលមុន ផ្អែកលើការដាក់ចេញនូវគោលការណ៍សម្អាតផ្ទះយើង របស់សម្ដេចនាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងផ្អែកលើទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក៏បានសម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិផងដែរ ក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ទន្ទឹមនឹងនេះ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ក្រសួងការពារជាតិ ក៏បានលុបឈ្មោះនាយទាហាន ២រូប ពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនផងដែរ ក្នុងនោះមានវរនារីត្រី គ្រី ដារ៉ា មេបញ្ជាការរងកងកម្លាំងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ នៅមិនទាន់អាចបញ្ជាក់ពីចំនួនមន្ត្រីនៃក្រសួងការពារជាតិ ដែលត្រូវបានលុបឈ្មោះពីក្របខ័ណ្ឌនៅឡើយ។ ប៉ុន្តែ លោកថា ការបញ្ឈប់មន្ត្រីពីតួនាទីគិតចាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងនេះ ភាគច្រើនដោយមូលហេតុនៃការប្រើប្រាស់គ្រឿងញៀន។
លោកបន្ថែមថា នៅមុនពេលលុបឈ្មោះពីក្របខណ្ឌ គឺក្រសួងបានទុកពេលឱ្យមន្ត្រីទាំងនោះរយៈពេល ២សប្តាហ៍ ដើម្បីកែប្រែខ្លួន ប៉ុន្តែបើពួកគេនៅមិនព្រមបញ្ឈប់ការប្រើប្រាស់គ្រឿងញៀននោះ ក្រសួងនឹងលុបឈ្មោះចេញតែម្តង។
លោកបញ្ជាក់ថា៖ «ក្រសួងមានតែហាមដាច់ខាតកុំប្រើ[គ្រឿងញៀន] ព្រោះប្រើ[គ្រឿងញៀន] ប៉ះពាល់ដល់ប្រទេសជាតិ ប៉ះពាល់ដល់អង្គភាព ប៉ះពាល់ដល់ប្រជាជន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កន្លងមក បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី គាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល ទៅលើមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលប្រើប្រាស់គ្រឿងញៀន និងល្មើសនឹងវិន័យនេះ។ លោកបន្ថែមថា ប្រសិនបើក្រសួងមុខងារសាធារណៈ ទីស្តីការគណរដ្ឋមន្រ្តី និងក្រសួងផ្សេងទៀត ធ្វើការត្រួតពិនិត្យជាប្រព័ន្ធ ទៅលើបញ្ហាសុច្ចរិតភាព ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តការងាររបស់មន្រ្តីរាជការដែរនោះ នឹងកាន់តែប្រសើរ ដើម្បីធានាថាមន្រ្តីរាជការទាំងអស់នឹងមិនប្រព្រឹត្តខុស ហើយរំលោភបំពានអំណាច ឬក៏មានការប្រព្រឹត្តអំពើពុករលួយ។
លោកបញ្ជាក់ថា៖ «ដើម្បីធានាថាកម្ពុជាអាចប្រកួតប្រជែងនូវទីផ្សាអន្តរជាតិបាន ទាល់តែយើងធ្វើការកែទម្រង់ ៣សំខាន់ ទី១ ការកែទម្រង់លើប្រព័ន្ធតុលាការ ដើម្បីធានានីតិរដ្ឋ ទី២ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាប្រព័ន្ធ ទាំងតូចទាំងធំ ទី៣ ការកាត់បន្ថយការិយាធិបតេយ្យ និងការជំរុញនូវការប្រកួតប្រជែងឱ្យស្មើភាពគ្នា ជាពិសេសក្នុងវិស័យធុរកិច្ច»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាធំ និងជាការបារម្ភសម្រាប់ប្រទេសកម្ពុជា។ លោកបន្តថា បើសិនជាបញ្ហាគ្រឿងញៀន នៅតែបន្តចរាចរ ហើយជ្រាបចូលទៅដល់ជនបទ នោះនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សង្គមជាតិ ដូចជាការបាត់បង់នូវធនធានមនុស្ស ប៉ះពាល់ដល់សេដ្ឋកិច្ច និងប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋានជាដើម។
លោកបន្តថា៖ «ដើម្បីឱ្យការបង្ក្រាប និងការទប់ស្កាត់គ្រឿងញៀនហ្នឹងវាមានប្រសិទ្ធភាពទៅបាន ទាល់តែមន្ត្រីក្នុងការអនុវត្តច្បាប់ឱ្យនៅឆ្ងាយពីគ្រឿងញៀន ទី២ ត្រូវលុបបំបាត់អំពើពុករលួយដែលពាក់ព័ន្ធ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង[…] ហើយមួយទៀត គឺត្រូវមានកិច្ចសហការល្អ រវាងអាជ្ញាធរគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងការបង្ក្រាប ការទប់ស្កាត់គ្រឿងញៀន ហើយមន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនហ្នឹង ហើយនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់និងអន្តរជាតិ ដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន ក៏ដូចជាអ្នកជួញដូរគ្រឿងញៀន ដើម្បីកុំឱ្យមានលំហូរឆ្លងកាត់ចូលក្នុងប្រទេសកម្ពុជាយើង»៕