អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតចាប់ពីរដ្ឋាភិបាល​ថ្មីចូលកាន់តំណែង​​ និង​ប្រកាសពីការអនុវត្ត​អភិក្រមទី៥ គឺ​មានមន្ត្រីប្រមាណ ១០០នាក់ហើយ ត្រូវបាន​លុបឈ្មោះចេញពីក្រប​ខ័ណ្ឌ​ក្រសួងមហាផ្ទៃ ក្រោយរកឃើញថាមន្ត្រីទាំងនោះមានជាប់​ពាក់ព័ន្ធនឹងគ្រឿងញៀន និង​ល្មើស​វិន័យរបស់កងកម្លាំង​នគរបាលជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់ Newsroom Cambodia ​នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា គិតចាប់តាំងពីរដ្ឋាភិបាល​ថ្មី ចូលកាន់តំណែង​មកដល់នេះ​ ក្រសួងមហាផ្ទៃ បានបណ្ដេញ​ចេញ ឬ​លុបឈ្មោះមន្ត្រីពីក្របខ័ណ្ឌប្រមាណ ១០០នាក់ ក្នុងនោះមន្ត្រីជាង ៥០នាក់ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និង​មន្ត្រីប្រមាណ៥០រូបផ្សេងទៀត ត្រូវបានរកឃើញថាល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ។

លោកមានប្រសាសន៍ថា៖ «ទន្ទឹមនេះ ក៏មានបញ្ចប់មុខតំណែង និងបន្ថយឋានន្តរស័ក្តិ មួយចំនួនដែរ វិធានការនេះ ផ្អែកលើមូលដ្ឋាន អភិក្រមទី៥ គឺវះកាត់ របស់សម្ដេច ហ៊ុន សែន នៃអតីតរាជរដ្ឋាភិបាលមុន ផ្អែកលើការដាក់ចេញនូវគោលការណ៍សម្អាតផ្ទះយើង របស់សម្ដេចនាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងផ្អែកលើទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក៏​បានសម្រេចដកហូតមុខតំណែង ឋានន្តរ​​ស័ក្តិ និងបណ្ដេញអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិផងដែរ ​ក្រោមមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី៩ ខែមករា ​ឆ្នាំ២០២៤ ក្រសួងការពារជាតិ ក៏បានលុបឈ្មោះនាយទាហាន ២រូប ពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន​ផងដែរ ក្នុងនោះមាន​​វរនារីត្រី គ្រី ដារ៉ា មេបញ្ជាការរងកងកម្លាំងការពារអាកាសមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ នៅមិនទាន់អាចបញ្ជាក់ពីចំនួន​មន្ត្រី​នៃក្រសួងការពារ​ជាតិ ដែលត្រូវបានលុបឈ្មោះពីក្របខ័ណ្ឌ​នៅឡើយ។ ប៉ុន្តែ លោក​​ថា ការបញ្ឈប់មន្ត្រីពីតួនាទី​គិតចាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឡើងកាន់ដំណែងនេះ ភាគច្រើនដោយមូលហេតុនៃការប្រើប្រាស់គ្រឿងញៀន។

លោកបន្ថែមថា នៅ​មុនពេល​លុបឈ្មោះពីក្របខណ្ឌ គឺក្រសួង​​បានទុកពេល​​ឱ្យមន្ត្រីទាំង​នោះ​រយៈពេល ២សប្តាហ៍ ដើម្បី​​កែប្រែ​ខ្លួន ប៉ុន្តែបើពួកគេ​នៅ​មិនព្រមបញ្ឈប់​ការ​ប្រើ​ប្រាស់គ្រឿងញៀន​នោះ ក្រសួងនឹងលុបឈ្មោះចេញតែម្តង។

លោកបញ្ជាក់ថា​៖ «ក្រសួង​មានតែហាមដាច់ខាតកុំប្រើ[គ្រឿងញៀន] ព្រោះប្រើ[គ្រឿងញៀន] ប៉ះពាល់ដល់ប្រទេសជាតិ ប៉ះពាល់ដល់អង្គភាព ប៉ះពាល់ដល់ប្រជាជន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កន្លងមក បាន​ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហា​ផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

នាយកប្រតិបត្តិ​នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី គាំទ្រចំពោះ​ចំណាត់ការរបស់រដ្ឋាភិបាល ទៅលើមន្រ្តីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ដែលប្រើប្រាស់គ្រឿងញៀន និងល្មើសនឹងវិន័យនេះ។ លោកបន្ថែម​ថា ប្រសិន​បើ​ក្រសួង​មុខងារសាធារណៈ ទីស្តីការគណរដ្ឋមន្រ្តី និងក្រសួង​ផ្សេងទៀត ធ្វើការត្រួតពិនិត្យជាប្រព័ន្ធ ទៅលើបញ្ហាសុច្ចរិត​ភាព ក្រម​សីលធ​ម៌​វិជ្ជាជីវៈ និងការអនុវត្តការងាររបស់មន្រ្តីរាជការដែរនោះ នឹងកាន់តែប្រសើរ ដើម្បីធានាថាមន្រ្តីរាជការទាំង​អស់​នឹង​​មិនប្រព្រឹត្តខុស ហើយ​រំលោភបំពានអំណាច ឬក៏មានការប្រព្រឹត្តអំពើពុករលួយ។

លោកបញ្ជាក់ថា៖ «ដើម្បីធានាថាកម្ពុជាអាចប្រកួតប្រជែងនូវទីផ្សាអន្តរជាតិបាន ទាល់តែយើងធ្វើការកែទម្រង់ ៣សំខាន់ ទី១ ការកែទម្រង់លើប្រព័ន្ធតុលាការ ដើម្បីធានានីតិរដ្ឋ ទី២ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាប្រព័ន្ធ ទាំង​តូចទាំង​ធំ ទី៣ ការកាត់បន្ថយ​ការិយាធិបតេយ្យ និង​ការជំរុញ​នូវការប្រកួតប្រជែង​ឱ្យស្មើភាព​គ្នា ជាពិសេសក្នុងវិស័យធុរកិច្ច»។

នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត យល់ថា បញ្ហាគ្រឿង​ញៀន គឺជាបញ្ហាធំ និងជាការបារម្ភសម្រាប់ប្រទេសកម្ពុជា។ លោកបន្តថា បើសិនជាបញ្ហា​គ្រឿងញៀន នៅតែបន្តចរាចរ​​ ហើយ​ជ្រាបចូលទៅដល់ជនបទ នោះ​នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ​សម្រាប់សង្គមជាតិ ដូចជាការ​​បាត់បង់នូវធនធានមនុស្ស ប៉ះពាល់ដល់សេដ្ឋកិច្ច និង​ប៉ះពាល់ដល់សន្តិ​សុខ​សណ្ដាប់ធ្នាប់នៅមូលដ្ឋានជាដើម។

លោកបន្តថា៖ «ដើម្បីឱ្យការបង្ក្រាប និងការទប់ស្កាត់គ្រឿងញៀនហ្នឹងវាមានប្រសិទ្ធភាពទៅបាន ទាល់តែមន្ត្រីក្នុងការអនុវត្តច្បាប់ឱ្យនៅឆ្ងាយពីគ្រឿងញៀន ទី២ ត្រូវលុបបំបាត់អំពើពុករលួយដែលពាក់ព័ន្ធ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង[…] ហើយមួយទៀត គឺត្រូវមានកិច្ចសហការល្អ រវាងអាជ្ញាធរគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងការបង្ក្រាប ការទប់ស្កាត់គ្រឿងញៀន ហើយមន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀនហ្នឹង ហើយនិងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជិតខាងក្នុងតំបន់និងអន្តរជាតិ ដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀន ក៏ដូចជាអ្នកជួញដូរគ្រឿងញៀន ដើម្បីកុំឱ្យមានលំហូរឆ្លងកាត់ចូលក្នុងប្រទេសកម្ពុជាយើង»៕