មន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺអុតស្វា ក្រោយរកឃើញករណីឆ្លងថ្មី ទៅលើបុរសម្នាក់។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការរកឃើញជំងឺអឹមផក (ឈ្មោះដើមជំងឺអុតស្វា)ចំនួន ១ករណីទៀត ដែលជាករណីទី៥ លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២ ខែកុម្ភៈ។
ក្រសួងបន្តថា ជំងឺអុកស្វានេះ អាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺ និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូកជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ស្លាបព្រា ចាន កែវទឹកជាដើម។ ជាមួយគ្នានេះ ជំងឺអុតស្វានេះ ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។
រោគសញ្ញាជំងឺអុតស្វានេះ មានដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ ដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ និងមានអាការៈក្តៅខ្លួន ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នង អស់កម្លាំងជាដើម។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី០៦ ខែកុម្ភៈនេះថាជំងឺអុតស្វា មិនមែនជាជំងឺថ្មីនោះ និងមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ តែយ៉ាងណា លោកអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបង្ការពីការឆ្លងជំងឺនេះ ដើម្បីជៀសវាងការខាតបង់ពេលវេលាក្នុងការព្យាបាល។
លោកបានថ្លែងថា៖ «សូមអស់លោកទាំងអស់ លោកមានការប្រុងប្រយ័ត្ន ពីព្រោះរបៀបនៃការឆ្លង ត្រូវជៀសវាងនៅសជាមួយអ្នកឈឺ ព្រោះយើងមិនចង់ឱ្យបងប្អូនយើង លោកបាត់បង់ឱកាស ពេលវេលា នៃការរកទទួលទានសម្រាប់ជីវភាព ហើយបែរជាឆ្លង ហើយសម្រាកពេទ្យស្ថិតក្នុងការតាមដាន អញ្ចឹងបើយើងទាំងអស់គ្នាប្រុងប្រយ័ត្នទៅ យើងមិនអាចឆ្លងជំងឺនេះទេ ជំងឺអាចបាត់ទៅវិញនៅពេលដែលមិនមានការឆ្លងបន្តបន្ទាប់ទៀត»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបង្ហាញនៅវិធីបង្ការនៃការចម្លងជំងឺអុតស្វានេះផងដែរ ដោយក្នុងនោះមាន ការអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ និងចៀសវាង មានដៃគូរួមភេទច្រើន និងចៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺនេះ។ ម្យ៉ាងវិញទៀត ដើម្បីបង្ការជំងឺនេះ ពលរដ្ឋត្រូវចៀសវាងការប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់របស់អ្នកជំងឺ និងចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺ ព្រមទាំងអនុវត្តអនាម័យខ្លួនប្រាណជាដើម។
បើតាមក្រសួងសុខាភិបាល បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វានេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។
វេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់ប្រាប់ Newsroom Cambodia ថា ជំងឺអុតស្វានេះជាជំងឺដ៏កម្រនៅក្នុងកម្ពុជា ដែលជំងឺនេះកើតរមាស់ដុំៗពេញខ្លួន ហើយវាឆ្លងដោយទឹករងៃ និងការរួមភេទជាដើម។ លោកបន្តថា ជំងឺនេះងាយស្រួលឆ្លង ហើយលោកមិនចង់ឱ្យជំងឺនេះ កើតឡើងច្រើនលើប្រជាពលរដ្ឋខ្មែរនោះទេ។
បច្ចុប្បន្ននេះ លោកថា ជំងឺអុតស្វាមិនមានថ្នាំព្យាបាលជាក់លាក់នោះទេ គឺមានតែវិធីសាស្ត្រព្យាបាលបឋមចំពោះអ្នកដែលឆ្លងជំងឺប្រភេទនេះប៉ុណ្ណោះ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានរកឃើញថាមនុស្សភាគច្រើនអាចជាសះស្បើយពីជំងឺប្រភេទនេះដោយមិនចាំបាច់ព្យាបាលទេ ប៉ុន្តែក្នុងករណីខ្លះ ពួកគេអាចធ្លាក់ខ្លួនឈឺធ្ងន់។ ប្រភពដដែល បន្តថា ជំងឺនេះត្រូវគេហៅថា ជាជំងឺអុតស្វា ព្រោះវាត្រូវបានរកឃើញដំបូងលើសត្វស្វា។
គួរបញ្ជាក់ថា នៅកម្ពុជា ករណីជំងឺអឹមផក ឬជំងឺអុតស្វានេះ បានបន្តកើនឡើងចំនួន ៥ករណីហើយ ក្នុងនោះករណីដំបូងបានកើតមានលើបុរសអាយុ ២៨ឆ្នាំម្នាក់ ស្នាក់នៅភូមិពពែ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ធ្នូ ២០២៣ ខណៈករណីទី២ និងទី៣ ត្រូវបានរកឃើញកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ និងករណីទី៤ កើតឡើងទៅលើបុរសម្នាក់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤៕