មន្ត្រី​ក្រសួងសុខាភិបាល បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្នចំពោះការ​ឆ្លងជំងឺអុតស្វា ក្រោយរកឃើញករណីឆ្លងថ្មី ទៅលើបុរសម្នាក់។

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ ​ស្តីពីការរកឃើញជំងឺអឹមផក (ឈ្មោះដើម​ជំងឺអុតស្វា)ចំនួន ១ករណីទៀត ដែលជាករណីទី៥ លើបុរស​ម្នាក់ដែ​​​ល​​បានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២ ខែកុម្ភៈ។

ក្រសួងបន្តថា ជំងឺ​អុក​ស្វានេះ អាច​ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺ និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារ​ពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូក​ជាមួយ​នឹង​វីរុស រួមមាន សម្លៀក​បំពាក់ ពូក ​កន្សែង ឬសម្ភារៈ ស្លាប​ព្រា ចា​ន កែវទឹកជាដើម​។ ជាមួយ​គ្នា​នេះ ជំងឺអុតស្វានេះ ក៏អាចឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។

រោគសញ្ញាជំងឺអុតស្វានេះ មានដូចជា កន្ទួលរមាស់ជាមួយពងទឹក​នៅលើមុខ ដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ និងមានអាការៈ​ក្តៅខ្លួន ហើម​កូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺខ្នង អស់កម្លាំងជាដើម។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី០៦ ខែកុម្ភៈនេះថាជំងឺអុតស្វា មិនមែនជាជំងឺថ្មីនោះ និង​មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ តែយ៉ាងណា លោកអំពាវនាវ​ដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបង្ការពីការឆ្លងជំងឺនេះ ដើម្បីជៀសវាងការ​ខាតបង់​ពេលវេលា​ក្នុងការព្យាបាល។

លោកបានថ្លែង​​ថា៖ «សូម​​អស់លោកទាំងអស់ លោកមានការប្រុងប្រយ័ត្ន​ ពីព្រោះរបៀប​នៃការឆ្លង ត្រូវជៀសវាងនៅសជាមួយអ្នកឈឺ ព្រោះយើងមិនចង់ឱ្យបងប្អូនយើង លោក​បាត់​បង់ឱកាស ពេលវេលា នៃការរក​ទទួលទានសម្រាប់​ជីវភាព ហើយ​បែរជាឆ្លង ហើយសម្រាកពេទ្យស្ថិតក្នុងការតាមដាន អញ្ចឹង​បើយើងទាំងអស់គ្នាប្រុងប្រយ័ត្នទៅ យើងមិនអាចឆ្លងជំងឺនេះទេ ជំងឺអាចបាត់ទៅវិញនៅពេលដែលមិនមានការឆ្លង​បន្តបន្ទាប់​ទៀត»។

សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល ក៏បានបង្ហាញនៅវិធីបង្ការនៃ​ការចម្លងជំងឺអុតស្វា​នេះ​ផងដែរ ដោយក្នុងនោះមាន​ ការអនុវត្ត​ការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យ​ និងចៀសវាង មានដៃគូរួមភេទច្រើន និងចៀសវាងប៉ះពាល់ផ្ទាល់​ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺនេះ។ ម្យ៉ាងវិញទៀត ដើម្បីបង្ការជំងឺនេះ ពលរដ្ឋត្រូវចៀសវាងការ​ប៉ះពាល់​ជាមួយ​សម្ភារៈប្រើប្រាស់​របស់អ្នកជំងឺ​ និង​ចៀស​វាង​ការ​ប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺ​ ព្រមទាំងអនុវត្តអនាម័យខ្លួនប្រាណជាដើម។

បើតាមក្រសួងសុខាភិបាល បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា​នេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

វេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈ លោកវេជ្ជបណ្ឌិត​ គួច ម៉េងលី ធ្លាប់ប្រាប់ Newsroom Cambodia ថា ជំងឺអុតស្វានេះជាជំងឺដ៏កម្រនៅក្នុងកម្ពុជា ដែលជំងឺនេះកើតរមាស់ដុំៗពេញខ្លួន ហើយវាឆ្លងដោយទឹករងៃ និង​ការរួមភេទជាដើម។ លោកបន្ត​ថា ជំងឺនេះងាយស្រួលឆ្លង ហើយលោកមិនចង់ឱ្យជំងឺនេះ កើតឡើងច្រើនលើប្រជាពលរដ្ឋខ្មែរនោះទេ។

បច្ចុប្បន្ននេះ លោកថា ជំងឺអុតស្វាមិនមានថ្នាំព្យាបាលជាក់លាក់នោះទេ គឺមានតែវិធីសាស្ត្រព្យាបាលបឋមចំពោះអ្នកដែល​ឆ្លងជំងឺប្រភេទនេះប៉ុណ្ណោះ។​

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២​​០​២២ បានរកឃើញថាមនុស្សភាគច្រើនអាចជាសះស្បើយពីជំងឺប្រភេទនេះដោយមិនចាំបាច់ព្យាបាលទេ ប៉ុន្តែក្នុងករណីខ្លះ ពួកគេអាចធ្លាក់ខ្លួនឈឺធ្ងន់។ ប្រភពដដែល​ បន្តថា ជំងឺនេះត្រូវ​គេហៅថា ជា​ជំងឺអុតស្វា ព្រោះវាត្រូវបា​​ន​រកឃើញដំបូងលើសត្វស្វា។ 

គួរបញ្ជាក់ថា នៅកម្ពុជា ករណី​ជំងឺអឹមផក ឬជំងឺអុតស្វានេះ បាន​​បន្ត​​កើ​​ន​​​​ឡើ​​​​ងចំនួន ៥ករណីហើយ ក្នុងនោះ​ករណីដំបូងបានកើតមាន​លើ​បុរសអាយុ ២៨ឆ្នាំម្នាក់ ស្នាក់នៅភូមិពពែ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ធ្នូ ២០២៣ ខណៈករណីទី២ និងទី៣ ត្រូវបានរកឃើញកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ និង​ករណីទី៤ កើតឡើងទៅលើបុរសម្នាក់កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤៕