កម្មករនិយោជិតប្រមាណ ១០០នាក់ ធ្វើការនៅរោងចក្រសេងបូ ហ្គាមិន ខេមបូឌា (Shengbo Garment (Cambodia)Co.,LTD.) បានផ្អាកការតវ៉ាជាបណ្តោះអាសន្ន ដោយរងចាំដំណោះស្រាយពីក្រសួងការងារ និងថៅកែរោងចក្រ ពាក់ព័ន្ធនឹងការបញ្ឈប់តំណាងកម្មករ ២នាក់ ដោយគ្មានកំហុស និងមានការរើសអើងសហជីពក្នុងរោងចក្រ។
កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករនិយោជិតរោងចក្រសេងបូ ដែលមានទីតាំងនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាននាំគ្នាប្រមូលផ្តុំតវ៉ា ទាមទារឱ្យថៅកែរោងចក្រទទួលយកតំណាងកម្មករ ២នាក់ ចូលធ្វើការវិញ ក្រោយភាគីរោងចក្របញ្ឈប់ពួកគេពីការងារ បន្ទាប់ពីការបង្កើតសហជីពថ្មីក្នុងរោងចក្រ។
លោក ហេង ហាក់ អះអាងថាជាកម្មករធ្វើការនៅរោងចក្រសេងបូ បានឱ្យដឹងថា មូលហេតុដែលពួកគាត់តវ៉ានេះ គឺដោយសារតែខាងរោងចក្របញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលទើបនឹងបង្កើតថ្មីចំនួន ២នាក់ ចេញពីការងារ ទាំងដែលពួកគាត់គ្មានកំហុស។
លោកថា៖ «ក្រុមហ៊ុនមិនគោរពច្បាប់សហជីព»។
ពាក់ព័ន្ធនឹងវិវាទការងារនេះ ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ បានឱ្យដឹងដែរថា កម្មករនិយោជិតធ្វើការនៅរោងចក្រសេងបូ បានរៀបចំបោះឆ្នោតបង្កើតសហជីពសេរីកម្មករប្រចាំនៅរោងចក្រ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដោយមានលោក ថុន ធី ជាប់ជាប្រធាន និងលោក សៀក ថុង ជាប់ជាអនុប្រធាន។ បន្ទាប់មកថ្ងៃទី០៩ ខែមករា បេក្ខជនជាប់ឆ្នោតទាំង២រូប បានជូនដំណឹងពីលទ្ធផលនៃការបោះឆ្នោតនេះ ទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ តាមរយៈប្រធានរដ្ឋបាល ប៉ុន្តែត្រូវបានបដិសេធ។
ប្រភពដដែល បន្តថា បន្ទាប់មកទៀត បេក្ខជនជាប់ឆ្នោតបានដាក់ពាក្យស្នើសុំបញ្ចិកានៅនាយកដ្ឋានវិវាទការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាល ហើយក្រោយមកនៅថ្ងៃទី៣១ ខែមករា ភាគីក្រុមហ៊ុន បានហៅលោក ថុន ធី និងលោក សៀក ថុង ទៅជួប និងជូនដំណឹងពីការមិនបន្ដកិច្ចសន្យាការងារ។
តំណាងកម្មករដែលជាប់ឆ្នោតជាប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសេងបូហ្កាមិន លោក ថុន ធី បានលើកឡើងថា កាលដែលលោកចងក្រងបង្កើតជាសហជីពនេះ គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍ស្របច្បាប់ជូនកម្មករ ដោយមិនមានចេតនាញុះញង់ ឬបង្កបញ្ហាណាមួយនៅក្នុងរោងចក្រទេ។ លោកចាត់ទុកការបណ្តេញរូបលោក និងតំណាងកម្មករម្នាក់ទៀតពីការងារ ក្រោយមានការបង្កើតសហជីពនេះ ថាជាការរើសអើងទៅលើសហជីព ពីសំណាក់ភាគីរោងចក្រ។
លោកថា៖ «ខ្ញុំគិតថា នេះវាជាការរើសអើងសម្រាប់ថ្នាក់ដឹកនាំសហជីពឯករាជ្យ ដែលបានបោះឆ្នោតជាប់ឆ្នោត ហើយខ្ញុំយល់ថាករណីនេះជាការរើសអើងសុទ្ធសាធ […] ខ្ញុំសំណូមពរទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចូលរួមតាមដាន និងដោះស្រាយករណីវិវាទពួកខ្ញុំផង គឺសំណូមពរឱ្យខាងក្រុមហ៊ុនអនុញ្ញាតឱ្យពួកខ្ញុំចូលធ្វើការវិញ ហើយនិងបញ្ឈប់រាល់ការរើសអើងគ្រប់រូបភាពមកលើពួកខ្ញុំដែលជាថ្នាក់ដឹកនាំសហជីពឯករាជ្យ»។
តំណាងកម្មករមួយទៀត និងជាបេក្ខភាពជាប់ឆ្នោតជាអនុប្រធានសហជីពប្រចាំនៅរោងចក្រនេះដែរ លោក សៀក ថុង មានប្រសាសន៍ថា វាជារឿងអយុត្តិធម៌មួយសម្រាប់ខាងសហជីពកម្មករ ដែលការពារសិទ្ធិ និងផលប្រយោជន៍ជូនកម្មករ បែរជាត្រូវភាគីរោងចក្របញ្ឈប់ពួកគាត់ពីការងារ ទាំងដែលពួកគាត់គ្មានកំហុសទៅវិញ។
លោកបន្តថា កន្លងមក រោងចក្រនេះក៏មានសហជីពមួយដែរ ហើយសហជីពនោះមានទំនោរទៅខាងរោងចក្រ ដែលមិនអាចការពារសិទ្ធិ និងផលប្រយោជន៍ជូនកម្មករបានពេញលេញនោះទេ ទើបក្រុមកម្មករបោះឆ្នោតជ្រើសរើសប្រធាននិងអនុប្រធានសហជីពថ្មីមួយនេះបន្ថែម។ ករណីនេះ លោកបានទាមទារឱ្យភាគីរោងចក្រ បញ្ឈប់ការរើសអើងសហជីពដែលបង្កើតថ្មីនេះ និងទទួលយកពួកគាត់ទាំង២នាក់ចូលធ្វើការវិញ។
លោកថា៖ «ខ្ញុំស្នើសុំឱ្យថៅកែរោងចក្រសេងបូហ្កាមិន ចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ដើម្បីកុំឱ្យមានការរើសអើងសហជីពដែលការពារសិទ្ធិបងប្អូនកម្មករអញ្ចឹង»។
បើតាមតំណាងកម្មករទាំង២រូបនេះ កម្មករបានផ្អាកការតវ៉ាជាបណ្តោះអាសន្នសិន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ដោយរងចាំឱ្យក្រសួងការងារ និងភាគីពាក់ព័ន្ធ សម្របសម្រួលដោះស្រាយទៅតាមនីតិវិធីច្បាប់។
Newsroom Cambodia មិនអាចសុំការអធិប្បាយជុំវិញករណីនេះពីលោក អាំ មុន្នី ប្រធានរដ្ឋបាលរោងចក្រសេងបូហ្កាមិន ខេមបូឌា ឯ.ក បានទេ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យវិវាទការងារទី៤ នៃក្រសួងការងារ បានទទួលពាក្យបណ្ដឹងពីតំណាងកម្មករទាំង២រូបនោះហើយ ហើយការិយាល័យបានសួរព័ត៌មានភាគីដើមបណ្ដឹងភ្លាមៗ និងអញ្ជើញភាគីនិយោជកចូលរួមផ្តល់ព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខនេះ ដូច្នេះសំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការនៃនីតិវិធី។
លោកថា៖ «ក្រសួងបានសម្រុះសម្រួល និងពន្យល់ភាគីសហជីព និងកម្មករនិយោជិត មកដល់ថ្ងៃនេះ កម្មករនិយោជិតបញ្ឈប់ការតវ៉ា និងបានចូលធ្វើការងារជាប្រក្រតី ដោយឡែកឈ្មោះទាំង២ខាងលើ ក្រសួងបន្តសម្របសម្រួលដោះស្រាយបន្ត»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីព ឬសកម្មភាពសហជីពត្រូវបានរើសអើង ជាអំពើខុសច្បាប់ ព្រោះច្បាប់ការងារហាមការរើសអើង ឬបញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលត្រូវបានការពារដោយច្បាប់។
លោកថា៖ «វាជាអំពើខុសច្បាប់ នៅក្នុងច្បាប់សហជីពរកឃើញភស្តុតាង អាចស្នើឱ្យក្រសួងឬស្ថាប័នពាក់ព័ន្ធ ប្តឹងដើម្បីបញ្ឈប់ ឬក៏ប្តឹងទាមទារពីអ្នកដែលធ្វើទុក្ខបុកម្នេញបាន»។
បើតាមអង្គការសង់ត្រាល់ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំសហជីព អ្នកស្រី រឿន កូលាប ក៏ត្រូវបានក្រុមហ៊ុននេះបញ្ឈប់ពីការងារដូចគ្នា បន្ទាប់ពីចូលរួមបង្កើតសហជីព ហើយពេលនេះសំណុំរឿងវិវាទការងារទាក់ទងនឹងការបញ្ឈប់មេដឹកនាំសហជីពដែលជាស្ត្រីរូបនេះ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ ខេត្ត កំពង់ស្ពឺ៕