កម្មករនិយោជិតប្រមាណ ១០០នាក់ ធ្វើការនៅ​រោងចក្រសេងបូ ហ្គាមិន ខេមបូឌា (Shengbo Garment (Cambodia)Co.,LTD.) បានផ្អាក​ការ​​​តវ៉ាជាបណ្តោះអាសន្ន ដោយរងចាំដំណោះស្រាយពីក្រសួង​ការងារ និងថៅកែរោងចក្រ ពាក់ព័ន្ធនឹងការបញ្ឈប់តំណាងកម្មករ ២នាក់ ដោយគ្មានកំហុស និងមាន​ការ​​រើស​​អើង​សហជីពក្នុងរោងចក្រ​។

កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករនិយោជិតរោងចក្រសេងបូ ដែលមានទីតាំងនៅ​ភូមិពោធិ៍​កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បាននាំគ្នាប្រមូលផ្តុំតវ៉ា ទាមទារឱ្យថៅកែរោង​ចក្រទទួលយកតំណាងកម្មករ​ ២នាក់ ចូលធ្វើការ​វិញ ក្រោយ​ភាគីរោងចក្របញ្ឈប់ពួកគេពីការងារ បន្ទាប់ពីការបង្កើត​សហជីពថ្មីក្នុងរោងចក្រ។

លោក ហេង ហាក់ អះអាងថាជា​កម្មករធ្វើការនៅរោង​ចក្រសេងបូ បានឱ្យដឹងថា ​មូល​ហេតុ​ដែលពួកគាត់​​តវ៉ានេះ គឺដោយសារតែខាងរោង​ចក្រ​បញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលទើបនឹងបង្កើតថ្មីចំនួន ២នាក់ ចេញ​ពីការ​ងារ ទាំងដែលពួកគាត់​គ្មានកំហុស។

លោកថា៖ «ក្រុមហ៊ុនមិនគោរពច្បាប់សហជីព»។

ពាក់ព័ន្ធនឹងវិវាទការងារនេះ ​ទំព័រហ្វេសប៊ុក​របស់​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស​ ហៅកាត់ថា អង្គការសង់ត្រាល់ បានឱ្យដឹង​ដែរថា កម្មករនិយោជិតធ្វើការនៅរោង​ចក្រ​សេងបូ បានរៀបចំបោះឆ្នោតបង្កើតសហជីពសេរីកម្មករប្រចាំនៅរោង​ចក្រ​ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ដោយមាន​លោក ថុន ធី ជាប់ជាប្រធាន និងលោក សៀក ថុង ជាប់ជាអនុប្រធាន។ បន្ទាប់មកថ្ងៃទី០៩ ខែមករា បេក្ខជនជាប់ឆ្នោតទាំង២រូប បាន​ជូនដំណឹង​ពី​​លទ្ធផលនៃការបោះឆ្នោត​នេះ ទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ តាមរយៈប្រធានរដ្ឋបាល ប៉ុន្តែត្រូវ​បាន​បដិសេធ។

ប្រភពដដែល បន្តថា បន្ទាប់មកទៀត បេក្ខជនជាប់ឆ្នោត​បានដាក់ពាក្យស្នើសុំបញ្ចិកានៅនាយកដ្ឋានវិវាទការ​ងារ​នៃក្រសួងការងារ និងបណ្ដុះបណ្ដាល ហើយក្រោយមក​នៅថ្ងៃទី៣១ ខែមករា ភាគីក្រុមហ៊ុន បានហៅលោក ថុន ធី និងលោក សៀក ថុង ទៅជួប និង​ជូនដំណឹងពីការមិនបន្ដកិច្ចសន្យាការងារ។

តំណាងកម្មករ​ដែលជាប់ឆ្នោត​ជាប្រធាន​សហជីពសេរីកម្មករ​​ប្រចាំរោងចក្រសេងបូហ្កាមិន លោក ថុន ធី បាន​លើកឡើង​ថា កាល​ដែលលោកចងក្រងបង្កើតជាសហជីពនេះ គឺធ្វើ​ឡើងដើម្បីការពារផលប្រយោជន៍ស្របច្បាប់ជូនកម្មករ​ ដោយ​មិនមានចេតនាញុះញង់ ឬបង្កបញ្ហាណាមួយនៅក្នុងរោង​ចក្រ​​ទេ។ លោកចាត់ទុកការបណ្តេញរូបលោក និងតំណាងកម្មករម្នាក់ទៀតពីការងារ ក្រោយមានការ​បង្កើតសហជីពនេះ ថាជាការរើសអើង​ទៅលើ​សហជីព ពីសំណាក់ភាគីរោង​ចក្រ។

លោកថា៖ «ខ្ញុំគិតថា នេះវាជាការរើសអើងសម្រាប់ថ្នាក់ដឹកនាំសហជីពឯករាជ្យ ដែលបានបោះឆ្នោតជាប់ឆ្នោត ហើយខ្ញុំយល់ថាករណីនេះជាការរើសអើងសុទ្ធសាធ […] ខ្ញុំសំណូមពរ​ទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេត្តាចូលរួមតាមដាន និងដោះស្រាយករណីវិវាទពួកខ្ញុំផង គឺសំណូម​ពរ​ឱ្យ​ខាង​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យពួកខ្ញុំចូលធ្វើការវិញ ហើយនិង​បញ្ឈប់រាល់ការរើសអើងគ្រប់រូបភាពមកលើពួកខ្ញុំដែលជាថ្នាក់ដឹកនាំសហជីពឯករាជ្យ»។

តំណាងកម្មករមួយទៀត និងជាបេក្ខភាពជាប់ឆ្នោតជាអនុប្រធានសហជីពប្រចាំនៅរោង​ចក្រនេះដែរ លោក សៀក ថុង មានប្រសាសន៍ថា វាជារឿងអយុត្តិធម៌មួយសម្រាប់ខាងសហជីពកម្មករ ដែលការពារសិទ្ធិ និងផល​ប្រយោជន៍​ជូន​កម្មករ បែរជាត្រូវភាគីរោងចក្រ​​​បញ្ឈប់ពួកគាត់ពីការងារ ទាំងដែលពួកគាត់គ្មានកំហុសទៅវិញ។​​

លោកបន្ត​ថា កន្លងមក រោងចក្រនេះក៏​មាន​សហជីពមួយដែរ ហើយ​សហជីពនោះមានទំនោរទៅខាងរោងចក្រ ដែល​មិនអាចការពារសិទ្ធិ និងផលប្រយោជន៍ជូនកម្មករបានពេញលេញនោះទេ ទើបក្រុមកម្មករ​បោះឆ្នោត​​ជ្រើស​រើសប្រធាននិងអនុប្រធានសហជីពថ្មីមួយ​​នេះបន្ថែម។ ករណីនេះ លោកបាន​ទាមទារឱ្យ​ភាគីរោង​ចក្រ បញ្ឈប់​ការរើសអើងសហជីពដែលបង្កើតថ្មីនេះ និងទទួលយកពួកគាត់ទាំង២នាក់ចូលធ្វើការ​វិញ។

លោកថា៖ «ខ្ញុំស្នើសុំឱ្យថៅកែរោងចក្រសេងបូហ្កាមិន ចូលធ្វើការវិញដោយគ្មានលក្ខខណ្ឌអ្វី​ទាំងអស់ ដើម្បីកុំឱ្យមានការរើសអើងសហជីពដែលការពារសិទ្ធិបងប្អូនកម្មករអញ្ចឹង»។

បើតាមតំណាងកម្មករទាំង២រូបនេះ កម្មករបានផ្អាកការតវ៉ាជាបណ្តោះអាសន្ន​សិន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ដោយ​រងចាំឱ្យក្រសួងការងារ​ និងភាគីពាក់ព័ន្ធ សម្របសម្រួល​ដោះស្រាយទៅតាមនីតិវិធីច្បាប់។

Newsroom Cambodia មិនអាចសុំការអធិប្បាយជុំវិញករណីនេះ​ពីលោក អាំ មុន្នី ប្រធានរដ្ឋបាល​រោងចក្រសេងបូហ្កាមិន ខេមបូឌា ឯ.ក បានទេ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក​ កត្តា អ៊ន មានប្រសាសន៍ថា ​កាលពីថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២៤ ការិយាល័យវិវាទការងារទី៤ នៃក្រសួងការងារ បានទទួលពាក្យបណ្ដឹងពីតំណាងកម្មករទាំង២រូបនោះហើយ ហើយ​ការិយា​ល័យ​បាន​សួរព័ត៌មានភាគីដើមបណ្ដឹងភ្លាមៗ  និងអញ្ជើញភាគីនិយោជកចូលរួមផ្តល់ព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ខាងមុខ​នេះ ដូច្នេះ​​សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការនៃនីតិវិធី។

លោកថា៖ «ក្រសួង​បាន​សម្រុះសម្រួល និងពន្យល់ភាគីសហជីព និងកម្មករនិយោជិត មកដល់ថ្ងៃនេះ កម្មករនិយោជិតបញ្ឈប់ការតវ៉ា និងបានចូលធ្វើការងារជាប្រក្រតី ដោយឡែក​ឈ្មោះទាំង២ខាងលើ ក្រសួង​បន្តសម្រប​សម្រួល​ដោះស្រាយបន្ត»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់​ ធន់ បានលើកឡើងថា ការបញ្ឈប់ថ្នាក់ដឹកនាំសហជីព ឬសកម្ម​ភាព​សហជីព​ត្រូវបានរើសអើង ជាអំពើខុសច្បាប់ ព្រោះច្បាប់ការងារហាមការរើសអើង ឬបញ្ឈប់ថ្នាក់ដឹកនាំសហជីពដែលត្រូវបានការពារដោយច្បាប់។

លោកថា៖ «វាជាអំពើខុសច្បាប់ នៅក្នុងច្បាប់សហជីពរកឃើញភស្តុតាង អាចស្នើឱ្យក្រសួងឬស្ថាប័នពាក់ព័ន្ធ ប្តឹងដើម្បីបញ្ឈប់ ឬក៏ប្តឹងទាមទារពីអ្នកដែលធ្វើទុក្ខបុកម្នេញ​បាន»។

បើតាម​អង្គការសង់ត្រាល់​ កាលពីខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថ្នាក់ដឹកនាំសហជីព អ្នកស្រី រឿន កូលាប ក៏​ត្រូវបានក្រុមហ៊ុន​នេះ​បញ្ឈប់ពីការងារដូចគ្នា បន្ទាប់ពីចូលរួមបង្កើតសហជីព ហើយពេលនេះ​សំណុំរឿងវិវាទការងារទាក់ទងនឹងការបញ្ឈប់មេដឹកនាំសហជីពដែលជាស្ត្រីរូបនេះ កំពុង​ស្ថិតនៅក្នុង​នីតិវិធី​របស់​តុលាការ ខេត្ត កំពង់​ស្ពឺ៕