ប្រធានគណបក្សភ្លើងទៀន ហៅប្រតិកម្មរបស់រដ្ឋាភិបាលថាវាគឺជាលេសដើម្បីយករួចខ្លួន ចំពោះការប៉ុនប៉ងតាមដានលោកតាមរយៈការប្រើប្រាស់ប្រយោជន៍សាធារណៈ មកបិទបាំងសកម្មភាពផ្ទុយពីច្បាប់បែបន។
ថ្លែងប្រាប់គេហទំព័រ Newsroom Cambodia តាមបណ្តាញសង្គមនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ទាវ វណ្ណុល យល់ឃើញថានេះគ្រាន់តែជាការដោះសារបស់អាជ្ញាធរប៉ុណ្ណោះ ព្រោះថាបើអាជ្ញាធរដាក់សម្រាប់សន្តិសុខតាមផ្លូវសាធារណៈ វាគួរដាក់ឱ្យឆ្ងាយពីផ្ទះរបស់ខ្លួន។
លោកបន្ថែមថា៖«ចុះហេតុអ្វីចម្ងាយផ្លូវប្រមាណ៤គីឡូម៉ែត្រ គេដាក់ចំ តែមុខផ្ទះខ្ញុំមួយ? ហើយមុខ កាមេរ៉ា បាញ់មកទ្វារចូលផ្ទះខ្ញុំទៀត។ផ្ទះខ្ញុំលេខ ២០៩ ផ្លូវ លំអូរអំពិល សង្កាត់ វាលស្បូវ ខណ្ឌ ច្បារអំពៅ ភ្នំពេញ »។
ការលើកឡើងនេះ ធ្វើឡើងក្រោយពេល រដ្ឋាភិបាលចេញប្រតិកម្មកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាត់ទុកថា ការមេរ៉ាដែលអាជ្ញាធរប្រើប្រាស់នោះ គឺជាប្រភេទកាមេរ៉ាសម្រាប់រក្សាសន្តិសុខ និងសណ្ឋាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនត្រូវបានសារព័ត៌មាន Nikkei Asia របស់ជប៉ុនដកស្រង់សម្ដីមកចុះផ្សាយ និងផ្សាយបន្តដោយ វិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា ដោយខ្លឹមសារនៃបទសម្ភាសន៍នោះលោក ទាវ វណ្ណុល បានអះអាងថា រដ្ឋាភិបាលបាន ដាក់កាមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព២៤ម៉ោង។
លោកបន្តថា៖« រាជរដ្ឋាភិបាលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលដ្ឋដែលរិះគន់រាជរដ្ឋាភិបាល »។
ប្រតិកម្មនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយលើកឡើងថា ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មាន ការបែងចែកថា អ្នកនោះមានឋានៈ តួនាទីថ្មី ឬជាអ្នកនយោបាយនោះឡើយ។
សេចក្តីថ្លែងការណ៍បន្តថា នៅកម្ពុជា គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្ដន្ទាទោស ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។
ប្រភពបន្តថា៖« នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និង ការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនឹងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទៃ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការ បំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ »។
បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក ប៉ែន ប៊ុណ្ណា អ្នកនាំពាក្យរដ្ឋាភិបាល និយាយថាសំខាន់ការបញ្ចេញមតិដែលចូលចិត្តនិយាយថា សេរីភាពបញ្ចេញមតិ សុំមើលមាត្រា៤១ នៃរដ្ឋធម្មនុញ្ញហើយមើលឲ្យចប់ អានឲ្យជាប់កុំអានកំណាត់ និងមកអនុវត្តឲ្យតែបានប៉ុណ្ណឹង នៅកម្ពុជាបានសុខសប្បាយទាំងអស់គ្នាហើយ។
លោកបន្ថែមថា ៖«សូមកុំយក រឿងនយោបាយមកទាញបិទបាំងកំហុសរបស់ខ្លួនឲ្យសោះ ពីព្រោះប្រទេសមានច្បាប់ រួចហើយកាលណាយើងប្រព្រឹត្តខុសច្បាប់ច្បាប់ផ្តន្ទាទោសគឺជារឿងសាមញ្ញ អញ្ចឹងកុំខំទាញវាទៅចូលនយោបាយ មានតែការខិតខំគោរពច្បាប់ទាំងអស់គ្នាទេ ទើបប្រទេសយើងមានសុខដុមរមនា និងបន្តទៅថ្ងៃអនាគតបាន »។
ជាងនេះទៀត លោក ប៉ែន ប៊ុណ្ណា ចំអកឱ្យថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ពិតជាមានចេតនាមិនល្អ ក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្តែងរបស់ លោក ទាវ វណ្ណុល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិ។ម្យ៉ាងទៀត នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែលរដ្ឋធម្មនុញ្ញបានហាមឃាត់។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ(Licadho)លោក អំ សំអាត ថាបញ្ហានេះ ជាការមិនយល់អំពីគ្នា ហើយជួនកាលដោយសារអ្នកនយោបាយគិតគូ និងព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ចំពេលដែលមានការដាក់កាមេរ៉ា នៅខាងមុខផ្ទះទៀត តែខាងអាជ្ញាធរមកបកស្រាយ លោកថា ការដាក់កាមេរ៉ានៅទីសាធារណៈ គឺដើម្បីសុវត្ថិភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
លោកបន្ថែមថា៖«សម្រាប់ខ្ញុំគ្រាន់តែថា អាចមានការយល់ខុសគ្នា អញ្ជឹងគួតែមានការជជែកគ្នាដើម្បីស្វែងរក ដំណោះស្រាយ ដើម្បីកុំឱ្យមានការចោទប្រកាន់គ្នាទៅវិញទៅមក »៕