ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ស្ថាប័ន ស្នើឱ្យដើមបណ្ដឹងពិចារណាដកពាក្យបណ្តឹងប្រឆាំងលោក ស៊ឹង សែនករុណា ដោយចាត់ទុកថា អ្វីដែលអ្នកការពារសិទ្ធិមនុស្សរូបនេះ ផ្តល់ការវិភាគគឺមិនមានចេតនាទុចរិតចំពោះគណបក្សប្រជាជនកម្ពុជាណាមួយនោះទេ។
តាមរយៈសេចក្តីថ្លែងការណ៍ដែលចេញនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ យល់ឃើញថា លោក ស៊ឹង សែនករុណា មិនបានមួលបង្កាច់ ឬមានចេតនាដោយទុចរិត ណាមួយដែលនាំឱ្យមានផលប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាឡើយ។ហេតុនេះ ក្នុងនាមស្ថាប័នមែនរដ្ឋាភិបាល ស្នើសុំម្ចាស់បណ្តឹងដាក់ពាក្យបណ្តឹង ប្រឆាំងអ្នកការពារសិទ្ធិមនុស្សរូបនេះ ក្នុងស្មារតីដើម្បីជំរុញ និងលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដូចមានចែងនៅក្នុងរដ្ឋមធ្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
អនុប្រធានផ្នែក អង្កេត និងជាអ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក ស៊ឹង សែនករុណា កំពុងរងបណ្ដឹងក្រោយលោកផ្តល់ការវិភាគជាមួយ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាលពីថ្ងៃទី២ ខែកុម្ភៈ ក្នុងអត្ថបទព័ត៌មានដែលមានចំណងជើងថា «លោក សុន ឆៃ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១ លានដុល្លារ ដើម្បីសងជំងឺចិត្តបក្សកាន់ អំណាច »។
ក្រោយពេលលោក ហ៊ុន សែន ប្រតិកម្មកាលពីថ្ងៃទី៤ ខែកុម្ភៈភ្លាម បានមួយថ្ងៃក្រុមមេធាវីតំណាងដោយអាណត្តិរបស់លោក បានរៀបចំពាក្យបណ្តឹងមួយរំពេចដែរ ដាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។នៅក្នុងបណ្តឹងនោះ គណបក្សប្រជាជនកម្ពុជា ទាមទារសំណងជំងឺចិត្តកន្លះលានដុល្លារអាមេរិក និងចោទប្រកាន់ពីបទ«បង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា »។
នៅមុនពេលមានលិខិតអំពាវនាវរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ទាំង៨ស្ថាប័ន កើតឡើងនៅថ្ងៃនេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក៏បានចេញសារកែតម្រូវរបស់ខ្លួនរួចហើយដែរ កាលពីថ្ងៃទី៧ ខែកុម្ភៈ។តាមរយៈលិខិតកែសម្រួលនេះ ប្រភពបន្តថាការចែករំលែករបស់លោក ស៊ឹង សែនករុណា គឺជាទុនដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរក្នុងការត្រិះរិះពិចារណា។លើសពីនេះទៀត នៅក្នុងបទសម្ភាសន៍នោះក្រុមអង្គការ មិនមែនរដ្ឋាភិបាល លោក ស៊ឹង សែនករុណា មិនមានចេតនាទុច្ចរិត ណាមួយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់គណបក្សប្រជាជនកម្ពុជានោះទេ។មិនតែប៉ុណ្ណោះ អ្នកការពារសិទ្ធិមនុស្សរូបនេះក៏បានបដិសេធរាល់ការបន្ថែមបន្ថយលើសម្រង់សម្តីដើមរបស់លោក ដែលអាចធ្វើឱ្យប៉ះពាល់មិនថាតែគណបក្សប្រជាជនកម្ពុជាដែរ។
បន្ថែមលើសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ យល់ថាការចោទប្រកាន់ពីសំណាក់អតីតនាយករដ្ឋមន្ត្រី ឬគណបក្សប្រជាជនកម្ពុជានេះ គឺរកមិនឃើញថាមានព្យសនកម្មណាមួយមួយបានកើតឡើងទេ។
លោកបន្តថា៖ « យើងបានធ្វើការពិនិត្យទៅលើ អង្គហេតុអង្គច្បាប់ ហើយយើងក៏បានធ្វើការពិនិត្យទៅលើលទ្ធភាពមួយចំនួន ឃើញថាសម្រង់ពាក្យសម្តីរបស់បង ករុណាដែលគាត់និយាយ នៅក្នុងសារព័ត៌មានដែលត្រូវបានចុះផ្សាយដោយ សារព័ត៌មានឌឹខេមបូឌាដេលី យើងមើលឃើញថា វាគឺជាសេរីភាព នៃការនិយាយនៅក្នុងសារព័ត៌មាន ហើយប្រសិនជាមានករណីខុស គាត់ក៏បានធ្វើការបកស្រាយ អំពីមតិយោបល់របស់គាត់ ម្យ៉ាង ខេមបូឌាដេលី ក៏បានធ្វើការកែសម្រួលសម្រង់ពាក្យសម្តីរបស់គាត់ផងដែរ ដូច្នេះយើងមើលឃើញថា វាមិនគួរវិវត្តទៅជា ការប្ដឹងផ្ដល់គ្នាទៀតទេ »។
មិនខុសគ្នាដែរ ប្រធានក្រុមអ្នកវិភាគវ័យក្មេងទា កញ្ញា លី ស្រីស្រស់ លើកឡើងថា ការអំពាវនាវរបស់អង្គការសង្គមស៊ីវិល គឺជាការបង្ហាញជំហរទន់ភ្លន់ ព្រោះបញ្ហានេះមិនពាក់ព័ន្ធជាមួយនឹងចេតនារបស់លោក ស៊ឹង សែនករុណា ក្នុងការបង្កាច់ គណបក្សប្រជាជននោះទេ វាគឺផ្នែកមួយនៃជាការបញ្ចេញមតិដែលមានធានានៅក្នុងច្បាប់ថែមទៀតផង។
កញ្ញបន្តថា៖ «ជាពិសេសនោះសម្រង់សម្ដីរបស់លោកស៊ឹងសែនករុណានោះ គឺលោកមិនបានបង្ហាញឬក៏បញ្ជាក់អំពីឈ្មោះគណបក្សទេ អញ្ជឹងវាមានភាពភាន់ច្រឡំ ហើយសាធារណៈ ហើយឌឹខេមបូឌាដេលីខ្លួនឯង ក៏បានកែសម្រួលសម្រង់សម្ដីដែរ »។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន្ត យល់ឃើញថា ការដែលមានពាក្យបណ្តឹងនេះពីព្រោះថាលោក ស៊ឹង សែនករុណា បាននិយាយប៉ះពាល់ដល់កិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាការបញ្ចេញមតិក្រៅក្រមខណ្ឌនៃសិទ្ធបញ្ចេញមតិ។
លោកបន្តថា៖«គណបក្សប្រជាជនមានសិទ្ធិក្នុងនាមជាជនទទួលរងនូវការប្រមាថការបៀតបៀនពីខាងក្រៅត្រូវដោះស្រាយរកយុត្តិធម៌ ហើយដើម្បីដោះស្រាយរកយុត្តិធម៌គឺមានតែផ្លូវម្យ៉ាងគឺដោះស្រាយតាមប្រព័ន្ធតុលាការកម្ពុជាដែលជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ ។ ការចេញសេចក្តីថ្លែងការណ៌អ្វីក៏ដោយវាគ្មានបានផល គ្មានបានប្រយោជន៍អ្វី ឬគ្មានឥទ្ធិពលអ្វី ដល់ដំណើរការនីតិវិធីរបស់តុលាការតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាទេ » ។
បើទោះជាបែបណា អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា យល់ឃើញថា ដើម្បីឱ្យមានការឯកភាពជាតិ បញ្ហានេះអតីតនាយករដ្ឋមន្រ្តី គួរមានការអនុគ្រោះ និងយោគយល់ជាជាង ប្រើប្រាស់ប្រព័ន្ធតុលាការ ដាក់ការគាប់សង្កត់ប្រឆាំងនឹងសំឡេងជំទាស់ ឬក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលតែងជួយការពារ និងលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស។
អ្នកស្រីបន្ថែមថា៖«រឿងនៅក្នុងសង្គម យើងបើសិនជាលើសលស់តួសម្តែងយ៉ាងណាក៏ដោយក៏មិនមែនទៅដល់មានការបង្ហូរឈាមបែកគ្នាឬក៏មាននរណាម្នាក់បាត់បង់សមាជិកគ្រួសារអីដែរអ៊ីចឹង យើងសុំឲ្យសម្តេចគួរតែបើកចិត្តទូលាយ បើកចិត្ដសន្ដោសប្រណី ក្នុងការស្តាប់ការស្នើសុំរបស់ប្រជាពលរដ្ឋ របស់សង្គមស៊ីវិល »។