មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងសមត្ថភាពជំនាញ និងផ្សព្វផ្សាយព័ត៌មានពិត ដែលជាការរួមចំណែកលើកកម្ពស់វិស័យសារព័ត៌មាន និងបញ្ចៀសនូវរាល់បណ្តឹង ខណៈក្នុងឆ្នាំ២០២៣កន្លងទៅ ក្រសួងបានដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មានជាង ៤០ករណី។
ការក្រើនរំលឹកនេះ បានធ្វើឡើងក្រោយពីសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បានចេញរបាយការណ៍មួយកាលពីចុងខែមករា ឆ្នាំ២០២៤ ស្តីពីស្ថានភាពសារព័ត៌មាននៅកម្ពុជា (ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣) ដោយរកឃើញថា អ្នកសារព័ត៌មាននៅកម្ពុជា នៅតែបន្តប្រឈមមុខនឹងការយាយី ខណៈពួកគេព្យាយាមធ្វើសេចក្តីរាយការណ៍អំពីបញ្ហា និងព្រឹត្តការណ៍រស៊ើបនៅក្នុងប្រទេស ក្នុងនោះត្រឹមរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ៨នាក់ ក្នុងចំណោម ៩ករណី បានរងនូវការប្រឈមផ្នែកផ្លូវច្បាប់ ការគំរាមកំហែង និងការបំភិតបំភ័យ។ ក្នុងរបាយការណ៍នោះ ខេមបូចា បន្តថា អ្នកសារព័ត៌មាន នៅតែភ័យខ្លាចបញ្ហាផ្លូវច្បាប់ និងការគំរាមកំហែងតាមរូបភាពផ្សេងៗ ពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានស្វាគមន៍ចំពោះការចេញរបាយការណ៍នេះ ដោយថា នេះជាផ្នែកមួយនៃការកត់ត្រានូវរឿងរ៉ាវដែលបានកើតឡើង ដែលអាចផ្តល់ជាធាតុចូលសម្រាប់ការតាមដាន ស៊ើបអង្កេតឱ្យបានស៊ីជម្រៅបន្ថែមទៀត ទាំងអង្គហេតុ និងអង្គច្បាប់ ដើម្បីអាចក្លាយជាបច្ច័យដល់ដំណោះស្រាយណាមួយ។
លោកបន្តថា អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលបានចុះបញ្ជី ហើយជួបប្រទះបញ្ហាណាមួយ ខណៈបំពេញភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងក្នុងក្របខណ្ឌច្បាប់កំណត់ ត្រូវទទួលបានការការពារ។
លោកថ្លែងថា៖ «ជាពិសេសក្នុងអាណត្តិទី៧នេះតែម្តង ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន ក្នុងករណីជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងាររបស់ខ្លួន»។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត ខ្លឹមសារមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាព ដើម្បីធានាភាពជឿជាក់ ទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
លោកមានប្រសាសន៍ថា៖ «សូមសំណូមពរយ៉ាងទទូចដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយត្រូវបំពេញភារកិច្ចខ្លួនក្នុងក្របខណ្ឌដែលច្បាប់កំណត់ និងមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ»។
បើតាមលោក ទេព អស្នារិទ្ធ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងព័ត៌មាន បានទទួលដោះស្រាយវិវាទរបស់អង្គភាពសារព័ត៌មានចំនួន ៤៣លើក និងបានផ្តល់ជំនួយប្រឹក្សាផ្នែកច្បាប់ដល់អង្គភារពសារព័ត៌មានចំនួន ៥០លើក។
ក្រៅពីនោះ លោកថា ក្រសួងបាននិងកំពុងលើកកម្ពស់គុណភាពសារព័ត៌មាន តាមរយៈការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ការបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ការបង្កើនភាពងាយស្រួលដល់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មាន និងអនុវត្តអាជីពជាអ្នកសារព័ត៌មាន ដើម្បីធ្វើឱ្យវិស័យសារព័ត៌មានក្លាយជាវិស័យស្នូលមួយសម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។
នាយកប្រតិបត្តិអង្គការខេមបូចា លោក ណុប វី មានប្រសាសន៍ថា បើពិនិត្យមើលក្នុងស្ថានភាពបច្ចុប្បន្ន អ្នកសារព័ត៌មាននៅតែបន្តរងការរឹតត្បិត និងការគំរាមគំហែងទៅតាមរូបភាពខុសៗពីគ្នា និងទៅតាមទម្រង់នៃស្ថានភាពដែលពួកគាត់ជួបប្រទះ។ លោកក៏មើលឃើញដែរថា បច្ចុប្បន្ន ក៏នៅមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់គោរពវិជ្ជាជីវៈ និងក្រមសីលធម៌ផងដែរ ដែលករណីនេះ លោកស្នើយ៉ាងទទូចដល់អ្នកសារព័ត៌មាន ត្រូវពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានពិត ដើម្បីឱ្យវិស័យមួយនេះកាន់តែមានភាពប្រសើរឡើង។
លោកបានថ្លែងបន្តថា៖ «អ្វីដែលយើងទាមទារឱ្យអាជ្ញាធរ រដ្ឋាភិបាលឱ្យគាត់ពង្រឹងនូវការពារការអនុវត្តច្បាប់ និងការការពារដល់អ្នកសារព័ត៌មាន រួមទាំងការផ្តល់មធ្យោបាយផ្សេងៗដើម្បីឱ្យពួកគាត់អាចអនុវត្តការងារកាន់តែប្រសើរឡើង»។
កាលពីចុងខែធ្នូ ឆ្នាំ២០២៣ ខេមបូចា ក៏បានចេញរបាយការណ៍ឃ្លាំមើលប្រចាំឆ្នាំរបស់ខ្លួនផងដែរ ដោយបានរកឃើញអ្នកសារព័ត៌មានចំនួន ៤៤នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យ បានប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ ក្នុងឆ្នាំ២០២៣ ជាពិសេសអំឡុងពេលប៉ុន្មានខែនៅមុនការបោះឆ្នោតសកលត្រូវចាប់ផ្តើម។
របាយការណ៍បន្តថា មានការយាយីប្រឆាំងអ្នកសារព័ត៌មាន ៣៣ករណី ដោយ២០ករណី ជាការគំរាម ៦ករណីជាការយាយីតាមប្រព័ន្ធឌីជីថល។ ដោយឡែកចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន មាន១៣ករណី ក្នុងនោះអ្នកសារព័ត៌មាន៦នាក់ ត្រូវបានឃុំខ្លួន។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអនឡាញចំនួន ៦ករណី ត្រូវរដ្ឋាភិបាលបិទ និងដកហូតអាជ្ញាប័ណ្ណ នៅក្នុងឆ្នាំ២០២៣។ ប្រភពដដែលបន្តថា អ្នកសារព័ត៌មានតែងតែមានអារម្មណ៍ថា មានការបំភិតបំភ័យ ឬការគំរាមកំហែងពីសកម្មភាពរបស់រដ្ឋាភិបាល អាចជាសកម្មភាពប៉ូលិស ឬសន្តិសុខ ឬចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានដោយគ្រាន់តែបំពេញការងាររបស់ខ្លួន។
កំណត់ត្រាមួយផ្នែកនៃរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ ខេមបូចា បញ្ជាក់ក្នុងន័យដើមថា៖ «អ្នកសារព័ត៌មានយ៉ាងហោចណាស់ ៦ នាក់ ត្រូវបានឃុំខ្លួន និងដាក់ពន្ធនាគារ រីឯឆ្នាំ ២០២២មាន ៧ នាក់។ ការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងផ្សាយព័ត៌មានក្លែងក្លាយ ត្រូវបានប្រើប្រាស់ជាទូទៅប្រឆាំងនឹងអ្នកសារព័ត៌មានអនឡាញដោយប្រើក្រមព្រហ្មទណ្ឌ»។
ចំណែក របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកកាសែតគ្មានព្រំដែន ក៏បានចាត់ចំណាត់ថ្នាក់កម្ពុជានៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ប្រទេស នៅឆ្នាំ២០២៣ ខណៈឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀង ១៤២ ក្នុងចំណោម ១៨០ប្រទេស ដែលមានន័យថា បន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ៕