ក្រុម​យុវជ​នប្រមាណ ២០នាក់ ស្នើជាថ្មីដល់​​ក្រសួងអប់រំ យុវជន និងកីឡា ​ផ្តល់យុត្តិធម៌​ជុំវិញ​ភាពមិនប្រក្រតីនៃការលុបឈ្មោះ​គរុនិស្សិតចំនួន ១២រូប​ ចេញពីបញ្ជីរាយនាមសិស្សរៀនថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀនកម្រិត​មូលដ្ឋាន នៅវិទ្យាល័យជាតិអប់រំកាយ និងកីឡា។

ការស្នើនេះ ធ្វើឡើងក្នុងពេលដែលក្រុមយុវជនទាំងនោះ ធ្វើធម្មយាត្រាដោយថ្មើរជើងពីសួនច្បារ​មុខវត្តបទុមវត្តី ទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ញត្តិ​​ នៅព្រឹក​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ការ​ធ្វើធម្មតាយាត្រានេះ បានធ្វើឡើង​ក្រោយពី​វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កាលពីថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០២១ បានលុបឈ្មោះ​គុរនិស្សិត​ចំនួន ១២នាក់ ក្នុងនោះមានគរុនិសិ្សតឈ្មោះ កែវ សុវណ្ណឬទ្ធិ​ផងដែរ ក្រោមហេតុ​ផល ខុសលក្ខខន្តិកៈ។

យុវជន រៀម ស្រីពេជ្ររតនា ជានិសិត្ស​ឆ្នាំទី១ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ ដែលបានចូលរួមក្នុងធម្មយាត្រានេះ បាន​លើកឡើង​​ថា ការលុបឈ្មោះគរុនិស្សិត​ទាំង១២រូបនោះ ជារឿងអយុត្តិធម៌ និងមានភាពមិនប្រក្រតី ដែលពួកគាត់​មិនអាចទទួលយកបាន។ ករណីនេះ កញ្ញា ស្នើ​ដល់​ក្រសួងអប់រំ បកស្រាយបំភ្លឺឱ្យបានជាក់លាក់ ចំពោះការបញ្ឈប់គរុនិសិ្សតទាំងនោះ និងស្វែង​រកយុត្តិធម៌ជូនពួកគេ។​

កញ្ញា​ថា៖ «មូលហេតុដែលយើងគិតថារឿងហ្នឹង វាជារឿងមួយអយុត្តិធម៌ចំពោះ សុវណ្ណាឬទ្ធិ មិនត្រឹម​តែ​អយុត្តិធម៌រឿង​ដកគាត់ចេញ ដោយសារលក្ខខណ្ឌកម្ពស់​ បន្ទាប់មកហៅគាត់​មក​រៀន ហើយ​ដកគាត់ចេញវិញ មិនមែនត្រឹមតែរឿងប៉ុណ្ណឹងទេ គឺក្រសួងមិនបានស្រាយបំភ្លឺមិនទទួលស្គាល់កំហុសរបស់ខ្លួនឯង។ រូបភាពមួយទៀត ដែលយើងមើលឃើញថា វាជារឿងអយុត្តិធម៌សម្រាប់​គាត់ គឺឃើញថាមានយុវជនផ្សេង​ដែលគាត់មានវ័យលើស​អាយុ​ តែពួកគាត់អាចចូលរៀនបាន ពួកគាត់អាចចេញធ្វើការបាន។​ ក្នុងនោះពួកយើងជានិស្សិត​បានមើលឃើញពីរូបភាពអយុត្តិធម៌សម្រាប់​ប្រជាពលរដ្ឋ»

នៅក្នុងញត្តិរបស់ក្រុមយុវជនដែលដាក់ជូនក្រសួងអប់រំ បានលើកឡើងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ គរុនិសិ្សត​ទាំង១២នាក់ មានឈ្មោះក្នុងបញ្ជីរាមនាមឈ្មោះប្រឡងជាប់​ជាស្ថាពរ នៅថ្នាក់បណ្តុះបណ្តាលគ្រូបង្រៀន​កម្រិត​មូលដ្ឋាន (១២+២)​ជំនាន់ទី៣០ និង(១២+៤)ជំនាន់ទី៣ នៅ​វិទ្យាស្ថានជាតិ​អប់រំកាយ និងកីឡា។ ក្រោយពីប្រឡងជាប់ជាស្ថាពរ វិទ្យាស្ថាននេះបាន​ប្រកាស​ឱ្យគរុសិស្ស​ដែលប្រឡងជាប់ទាំងអស់​ទៅវាស់កម្ពស់ដើម្បីដាក់ពាក្យចូលរៀន ហើយនៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២១ គរុនិសិត្ស​ទាំង១២នាក់ បានចូល​រៀនស្របតាម​គោលការណ៍របស់​វិទ្យា​ស្ថាន​។

ញត្តិដដែលបន្តថា ប៉ុន្តែកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បែរជាលុបឈ្មោះគរុនិស្សិតទាំង១២នាក់ ដោយលើកហេតុផលថាខុសលក្ខន្តិកៈទៅវិញ។

ញត្តិនោះបញ្ជាក់ទៀតថា៖ «ខ្ញុំបាទ-នាងខ្ញុំជាគរុនិសិ្សត និស្សិត សិស្ស ដែលតាមដានយ៉ាងយកចិត្ត​ទុកដាក់​នូវភាពអយុត្តិធម៌ដែលកើតមានចំពោះគរុនិស្សិត​ កែវ សុវណ្ណឬទ្ធិ និងគរុនិសិ្សត​១១នាក់ផ្សេងទៀត ស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា បកស្រាយជុំវិញភាពមិនក្រតីនៃការលុបឈ្មោះ កែវ សុណ្ណឬទ្ធិ ព្រមទាំងគរុនិស្សិត ១១នាក់ទៀត និងផ្តល់យុត្តិធម៌ផ្លុវចិត្ត ដើម្បីបញ្ចប់ការ​តស៊ូមតិនៅសាធារណៈ»។

លោក លឹម ស៊ីវម៉េង ជានិស្សិត​នៃសាកលវិទ្យាល័យបញ្ញាជាតិ ដែលចូលរួមធម្មយាត្រា​នោះដែរ បាន​និយាយថា ការដែលពួកគាត់ដាក់ញត្តិនេះ គឺស្នើដល់ក្រសួងអប់រំ ជួយ​រកយុត្តិធម៌ដល់គរុនិសិ្សតទាំង១២រូបនេះ ដើម្បីឱ្យពួកគាត់បានចូលរៀនវិញ។ លោកបន្តថា ប្រសិនបើក្រសួងមិនមានដំណោះស្រាយសមរម្យ​សម្រាប់ពួកគេទេនោះ នោះក្រុមយុវជននឹងបន្តការ​តស៊ូមតិ​នៅទីសាធារណៈ​បន្តទៀត រហូតដល់មានដំណោះស្រាយ។

លោកថា៖ «ចំពោះបញ្ហានេះ យើងនៅតែបន្តទាមទារ ដរាបណាយើងមិនទាន់ឃើញមានយុត្តធម៌ចំពោះយុវជន កែវ សុវណ្ណាឬិទ្ធ»

យុវជន ​​កែវ សុវណ្ណឬទ្ធិ ជាយុវជនម្នាក់ក្នុងចំណោមគរុនិសិ្សត ១២នាក់ ដែលត្រូវបានលុបឈ្មោះចេញនោះ មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ក្រសួងអបរំគួរតែឆ្លើយតប រាល់បញ្ហាដែលខ្លួនអនុវត្តមិនត្រឹមត្រូវ ដូចខ្ញុំមិនទាន់អស់ចិត្តទេ ដែលក្រសួងលុបឈ្មោះខ្ញុំត្រឹមតែលក្ខខណ្ឌកម្ពស់អញ្ចឹង ​ទាំងដែលខ្ញុំបានចូលសិក្សារយៈពេល១ខែហើយ ខ្ញុំ​ស្នើឱ្យក្រសួងអប់រំធ្វើការឆ្លើយតបនូវបញ្ហា និងសូមកុំឱ្យក្រសួងអប់រំធ្វើការ​ខុសម្តងហើយម្តងទៀត គឺខុសអត់ចេះចប់ ហើយមិនធ្វើការដោះស្រាយ»។

ជុំវិញករណីនេះ ​អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បាន​បដិសេធ​ឆ្លើយតប ដោយថា​ រឿងនេះក្រសួងអប់រំ បានចេញសេចក្តីបំភ្លឺរួចមក​ហើយ កាលពីថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៣។

យោង​តាមសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ កាលពីថ្ងៃ១៨ ខែកក្កដា ឆ្នាំ​២០២៣ បានឱ្យដឹងថា ​នៅមុន​ការ​ប្រឡង ក្រសួងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពី​លក្ខខណ្ឌជ្រើសរើស ដោយបានកំណត់កម្រិតវប្បធម៌ អាយុ ភាព​នៅលីវរហូតដល់បញ្ចប់ការសិក្សា កម្ពស់ (នារី​ចាប់ពី ១,៥៥ម ឡើងទៅ បុរស​ចាប់ពី ១,៦៥ម ឡើងទៅ) និងបានបញ្ជាក់ថា «ករណីបេក្ខជនក្លែងបន្លំឯកសារ ឬល្មើសនឹងលក្ខខណ្ឌនៃការជ្រើសរើសណាមួយដូចបញ្ជាក់ខាងលើ ត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងត្រូវលុបឈ្មោះចេញពីបញ្ជី ឈ្មោះប្រឡងជាប់ជាស្ថាពរ ករណីរកឃើញក្រោយពេលប្រឡង»។

សេចក្តីបំភ្លឺដដែល ​បាន​បន្ថែម​ថា គណកម្មការ​​បាន​​ពិនិត្យ និងរកឃើញថា គរុនិស្សិតចំនួន ១២នាក់ ខុសនឹងលក្ខខណ្ឌនៃការប្រឡងជ្រើសរើសគ្រូ​បង្រៀនកម្រិតមូលដ្ឋាន ឯកទេស​អប់រំ​កាយ និង​កីឡា ហើយក្នុងចំណោមនោះមានឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែល​បានជ្រើសរើស ប៉ុស្តិ៍បម្រើការ​ងារ​នៅ​វិទ្យាល័យហ៊ុន សែន ពញាក្រែក ខេត្តត្បូងឃ្មុំ មានកម្ពស់ជាក់ស្តែងគឺ ១,៦២ម ខុសនឹងកម្ពស់ដែលបេក្ខជនបានបំពេញក្នុងពាក្យស្នើសុំប្រឡងគឺ ១,៦៥ម។

ប្រភពដដែល​បន្តថា ដោយពិនិត្យឃើញថា កម្ពស់ដែលបានបំពេញនៅក្នុងឯកសារ និងកម្ពស់វាស់ជាក់​ស្តែង​ខុស​គ្នា ផ្ទុយ​ពីលក្ខខណ្ឌនៃការជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡា ផ្អែកតាមគោលការណ៍ ដែលបានកំណត់ ក្រសួងបានសម្រេចលុបឈ្មោះចេញពីបញ្ជីរាយនាមគរុសិស្ស គរុនិស្សិតថ្នាក់បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិ​អប់រំកាយ និងកីឡា។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានជំរុញឱ្យ​ក្រសួង និងអ្នកពាក់ព័ន្ធ គួរជជែករកដំណោះស្រាយសមរម្យ​មួយ ដើម្បីបញ្ចៀសនូវការកើតមានភាពអយុត្តិធម៌ក្នុង​សង្គម។

អ្នកស្រីថ្លែងថា៖ «​គួរតែមាននីតិវិធីបែបណាដើម្បីឱ្យគាត់ទទួលយកបាន […] បើតាមខ្ញុំមើលឃើញនេះ​ជា​ភាពអយុត្តិ​ធម៌​ចំពោះ​គាត់​ហើយ គាត់នាំគ្នាតវ៉ាដើម្បីយុត្តិធម៌ ចឹង​សូមឱ្យយុត្តិធម៌ឱ្យគាត់ទៅ»៕