រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឱ្យដឹងថា ម៉ាស៊ីនថតចំនួន ៤១០គ្រឿងបន្ថែមទៀត នឹងត្រូវបំពាក់ នៅក្នុងព្រៃនៃតំបន់អភិរក្សជួរភ្នំក្រវាញ ដើម្បីតាមដានសកម្មភាពសត្វព្រៃ និងបម្លាស់ទីរបស់​ពួក​គេ ព្រមទាំងជាផ្នែកមួយនៃការការពារ និងអភិរក្សសត្វព្រៃ​។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍ប្រាប់គេហទំព័រ Newsroom Cambodia ថា ការដាក់បំពាក់ម៉ាស៊ីនថតនៅក្នុងតំបន់ជួរភ្នំក្រវាញនេះ គឺដើម្បីតាមដានការចាប់ចំណីរបស់សត្វព្រៃ ដោយ​ផ្តោតសំខាន់លើសត្វខ្លា ដែលស្ថិតក្រោមការណែនាំពី​អ្នកបច្ចេក​ទេស​មក​ពី​ប្រទេសឥណ្ឌា។

លោកថា៖ «យើងត្រូវការដាក់កាមេរ៉ាបន្ថែម ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃដែល​ជា​ចំណីរបស់សត្វខ្លាធំ ដូចជា ប្រើស ខ្ទីង និងជ្រូកព្រៃ​ជាដើម តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា»។

លោក​បញ្ជាក់ថា ការដាក់នេះ តម្រូវឱ្យមានម៉ាស៊ីនថតចំនួនមួយ ក្នុង​មួយគីឡូម៉ែត្រ ហើយ​ការ​​ដាក់​​​នេះ​ធ្វើឡើង​​​​រយៈ​ពេល​ ៣​ខែ ​ក្នុង​រដូវ​ប្រាំង និង​រដូវ​វស្សា ដែល​អាច​វិភាគ​បាន​នូវ​ប្រភេទសត្វ​ជា​អាហារសម្រាប់ស្តារសត្វខ្លាធំបាន។

បន្ថែមពីលើនេះ​ រដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា ការបំពាក់ម៉ាស៊ីនថត នឹង​ជួយ​ឱ្យ​អ្នកអភិរក្សក្នុងការរៀបចំផែនការ​ដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិ​នមាន​សត្វព្រៃជាចំណីគ្រប់គ្រាន់ និងសិក្សាពីដង់ស៊ីតេសត្វព្រៃ​ដែលជាចំណីរបស់សត្វខ្លាធំផងដែរ។

លោកថា៖ «វានឹងផ្តល់នូវទិន្នន័យជាក់លាក់របស់ធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំដែរឬទេ? […]​ ហើយក៏នឹងជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស»។

លោករដ្ឋមន្ត្រី បានឱ្យ​ដឹងទៀតថា កន្លងមក ក្រសួងបានសហការជាមួយអង្គការ​ដៃគូ Wildlife Alliance, Conservation International, Fauna & Flora International និងគម្រោង Cambodia Sustainable Landscape & Ecotourism Project បានចុះសិក្សា បានប្រមាណ ៣៨២ម៉ាស៊ីនថត​ស្វ័យ​ប្រវត្ត ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ តែចំនួនពិតប្រាកដអាចច្រើនជាងនេះ។

Newsroom Cambodia មិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពី​​លោកស្រី​បណ្ឌិត Suwanna Gauntlett នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។

នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិប្រចាំកម្ពុជា លោក សេង ទៀក បានថ្លែងថា ការបំពាក់ម៉ាស៊ីនថតតាមដានសត្វព្រៃនេះ គឺជារឿងដែលសំខាន់ នៅក្នុងការកត់ត្រាតឹកតាងនៃវត្តមានសត្វព្រៃ និងសម្រាប់ការសិក្សាស្រាវជ្រាវ។

លោកថា៖ «វាមានសារៈសំខាន់ ដោយវាបង្ហាញពីភស្តុតាងពីវត្តមាននៃសត្វព្រៃដែលមានវត្តមាននៅក្នុងតំបន់ជួរភ្នំក្រវាញ បើគេថតឃើញខ្លា យើងអាចដឹងថាវាជាប្រភេទខ្លាអ្វី? វាអាចជាខ្លាដំបង ខ្លារខិន អីចឹងទៅ។ […] កាមេរ៉ាស្វ័យប្រវត្តិ ក៏អាចឱ្យ​យើងដឹងពីជម្រកនៃពពួកសត្វព្រៃ​ (Micro Habitats) ថាវានៅក្នុងដែនដែល​គេ​ថត​បាន​ហ្នឹង គុណភាពនៃទីជម្រកដែលវារស់នៅហ្នឹង វាយ៉ាងដូចម្តេចដែរ»។

លើសពីនេះទៅទៀត លោកថា ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះ នឹងជួយនៅក្នុងការផ្តល់ព័ត៌មានសំខាន់ៗជាច្រើន និងអាចជួយដល់ការរៀបចំផែនការនៅក្នុងការអភិវឌ្ឍ និងការ​ពារសត្វ​ព្រៃ ក៏ដូចជាជម្រកសត្វព្រៃឱ្យ​បានកាន់តែប្រសើរឡើង ព្រមទាំងការគំរាម​កំហែង​នានាទៅលើសត្វព្រៃផងដែរ។

លោក សេង ទៀក ថ្លែងថា៖ «លទ្ធផលដែលចេញពីកាមេរ៉ាស្វ័យប្រវត្តិនេះ យើងអាចយកទៅធ្វើជាគោលនៃការរៀបចំផែនការគ្រប់គ្រងសត្វព្រៃ និងទីជម្រកសត្វព្រៃឱ្យ​មានប្រសិទ្ធិភាពផងដែរ […]​​ ចំណុចដែលសំខាន់ កាមេរ៉ា​ យើងអាចរាប់ចំនួនសត្វបានទៀត ការរាប់បានលុះត្រាតែយើងធ្វើការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំ ហើយគួបផ្សំជាមួយ​នឹង​ការមើលនឹងភ្នែក គឺដើរព្រៃតែម្តង យកមករួមបញ្ចូលគ្នា យើងអាចវាយតម្លៃទៅលើចំនួនសត្វព្រៃបានហើយ»។

ស្ថិតនៅភាគនារតីនៃប្រទេសកម្ពុជា និងលាតសន្ធឹងលើផ្ទៃដី​ប្រមាណ ១.៥លានហិកតា ​ព្រៃនៅជួរភ្នំក្រវាញ ជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជា ដែលវាអាចស្រូបកាបូនបានច្រើនជាងគេនៅតំបន់អាស៊ី និងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

តំបន់​ជួរ​ភ្នំ​ក្រវាញ ដែល​ស្ថិត​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា គឺជា​​តំបន់​​ព្រៃ​ទឹកភ្លៀង​ទ្រង់​ទ្រាយ​​ដើម​​​ធំ​​ជាង​គេ​ទី​២ ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ហើយវា​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០ប្រភេទ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ ​ដំរី​​អាស៊ី ក្រពើ​ពូជ​​សៀម ខ្លាឃ្មុំ​​ព្រះ​អាទិត្យ ទោច និង​​ពង្រូល​​ផង​ដែរ៕