អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលអនុញ្ញាតិឱ្យអ្នកទេសចរ ធ្វើដំណើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
យោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរទៅដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប។
លោកបន្តថា៖ «ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាចធ្វើការដើរកម្សាន្តបែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុ ខាងត្បូងនៃប្រាសាទអង្គរវត្ត»។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា លោក ឡុង កុសល មានប្រសាសន៍ថា ការសាងសង់ផ្លូវដើរក្នុងព្រៃធម្មជាតិនេះ បានចាប់ផ្តើមតាំងពីកំឡុងខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់នៅខ្ទង់ប្រមាណ ៦ខែទៀត។ លោកបន្តថា ផ្លូវនេះ មានទទឹងប្រមាណ ២ម៉ែត្រ និងប្រវែងវែងគួរសម ព្រមទាំងមានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ
លោកថា៖ «អ្វីដែលសំខាន់បំផុតនោះ នៅតាមដងផ្លូវ យើងរៀបចំឱ្យមានកន្លែងអង្គុយ ឱ្យមានកន្លែងឈប់សំរាកជើង ឱ្យមានអីត្រឹមត្រូវ ដោយសារតែអាគន្លងផ្លូវហ្នឹង ក៏វាឆ្ងាយដែរ ចឹងយើងត្រូវរៀបចំកន្លែងឱ្យមានកន្លែងឈប់សំរាកដែលមានផាសុខភាព។”
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ផងដែរថា ផ្លូវនេះជាគន្លងដែលត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សារា តម្រាយថ្មី ដែលបានរៀបចំដោយមិនឱ្យមានការប៉ះពាល់ទៅដល់ដើមឈើធំៗ ដែលមានវត្តមាននៅក្នុងព្រៃនៃសួនរុក្ខអង្គរនេះទេ។ លោកបន្ថែមថា ការដើរកម្សាន្តនៅក្នុងផ្លូវនេះអាចផ្តល់ឱកាសឱ្យអ្នកទេសចរផ្សារភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិ និងអាចទស្សនាជាមួយនឹងសត្វដែលមានវត្តមាននៅក្នុងព្រៃផងដែរ។
លោកថា៖ «ផ្លូវនេះផ្សារភ្ជាប់ទៅនឹងធម្មជាតិ ដែលអាចនឹងមានសត្វផ្សេងៗ ដូចជា សត្វស្លាបជាដើម ដែលភ្ញៀវទេសចរណ៍អាចនឹងគយគន់បាន»។
ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ថុង សេរីវុធ មានប្រសាសន៍ថា ការដែលបង្កើតផ្លូវនេះ អាចជាឱកាសមួយដែលខេត្តសៀមរាបអាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ជាពិសេសអ្នកទេសចរបែបផ្សងព្រេង។
លោកថា៖ «វាអាចនឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវដែរ ព្រោះតំបន់អង្គរយើងវាមានដើមឈើធំៗ បើយើងដើរតែតាមផ្លូវមុខប្រាសាទ និងជុំវិញប្រាសាទ អ្នកទេសចរផ្សងព្រេងគាត់អាចទាក់ទាញដែរកន្លែងនេះ […] វាមានទេសចរណ៍ច្រើនប្រភេទណាស់ ទេសចរណ៍បែបផ្សងព្រេងគាត់ចូលចិត្តឡើងភ្នំ រុកព្រៃអីផ្សេងៗ ព្រោះកន្លងមកអ្នកទេសចរមួយចំនួនគាត់ទៅមើលប្រាសាទដែរ តែគាត់ដើរថតសត្វ ថតរុក្ខជាតិអីផ្សេងទេ»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរៀបចំ និងអភិវឌ្ឍន៍សម្បទាទេសចរណ៍ សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែបដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានទៅកម្សាន្តនៅខេត្តសៀមរាប។
លើសពីនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅទស្សនានៅទីនោះកាន់តែច្រើនឡើងបន្ថែមទៀត៕