អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលអនុញ្ញាតិឱ្យ​អ្នក​ទេសចរ ធ្វើដំណើរកម្សាន្តបែប Trekking និង​ស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃ​ទំហំ ១៥០​ហិកតា ពីក្លោងទ្វារចូលនៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុខាងត្បូងនៃប្រាសាទអង្គរវត្ត ខេត្តសៀមរាប។​

យោងតាមទំព័រហ្វេស​ប៊ុករបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែល​សម្បូរទៅ​ដោយសក្តានុពលទេសចរណ៍ ទាំង​ផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែល​បាន​និងកំពុងយកចិត្តទុកដាក់ខ្ពស់​ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប។

លោក​បន្តថា៖ «ដើម្បីបន្ថែមសក្តានុពលដល់តំបន់រមណីយដ្ឋានអង្គរ​ឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរ​ជាតិអប្សរា បាន​និងកំពុងរៀបចំនូវផ្លូវក្នុងព្រៃធម្មជាតិ ក្នុងសួនរុក្ខជាតិអង្គរ ដែលនឹងផ្តល់ភាពងាយស្រួលដល់អ្នកទេសចរ អាច​ធ្វើការ​ដើរ​កម្សាន្ត​បែប Trekking និងស្វែងយល់អំពីជីវចម្រុះ នៅក្នុងព្រៃទំហំ ១៥០ហិកតា ដោយឥតគិតថ្លៃ ពីក្លោង​ទ្វារ​ចូល​នៃសួនរុក្ខជាតិអង្គរ រហូតដល់កសិន្ធុ ខាងត្បូងនៃប្រាសាទអង្គរវត្ត»។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និង​ជាអ្នកនាំពាក្យអាជ្ញាធរជាតិ​អប្សារា លោក ឡុង កុសល មាន​ប្រសាសន៍​ថា ការសាងសង់ផ្លូវដើរក្នុងព្រៃធម្មជាតិ​នេះ បានចាប់ផ្តើមតាំងពីកំឡុងខែកញ្ញា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់នៅខ្ទង់​​ប្រមាណ ៦ខែទៀត។ លោកបន្ត​ថា ផ្លូវ​នេះ មានទទឹង​ប្រមាណ ២ម៉ែត្រ និងប្រវែងវែងគួរសម ព្រមទាំង​មានការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេង​ៗផងដែរ

លោកថា៖ «អ្វីដែលសំខាន់បំផុតនោះ នៅតាមដងផ្លូវ យើងរៀបចំឱ្យ​​មានកន្លែងអង្គុយ ឱ្យ​​មានកន្លែងឈប់សំរាកជើង ឱ្យ​មានអីត្រឹមត្រូវ ដោយសារតែអាគន្លងផ្លូវហ្នឹង ក៏វាឆ្ងាយដែរ ចឹងយើងត្រូវរៀបចំកន្លែងឱ្យ​មានកន្លែងឈប់សំរាកដែលមានផាសុខភាព។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ផងដែរថា ផ្លូវនេះជាគន្លងដែលត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សារា តម្រាយថ្មី ដែលបានរៀបចំដោយមិនឱ្យ​មានការប៉ះពាល់ទៅដល់ដើមឈើធំៗ ដែល​មានវត្តមាននៅក្នុងព្រៃនៃសួនរុក្ខអង្គរនេះទេ​។ លោកបន្ថែមថា ការដើរកម្សាន្តនៅក្នុងផ្លូវនេះអាចផ្តល់ឱកាសឱ្យ​អ្នកទេសចរ​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​នឹង​ធម្មជាតិ និងអាចទស្សនា​ជាមួយនឹងសត្វដែលមានវត្តមាននៅក្នុងព្រៃផងដែរ។

លោកថា៖ «ផ្លូវនេះផ្សារភ្ជាប់ទៅនឹងធម្មជាតិ ដែលអាចនឹងមានសត្វផ្សេងៗ ដូចជា សត្វស្លាបជាដើម ដែលភ្ញៀវទេសចរណ៍អាចនឹងគយគន់បាន»។

ប្រធាន​ស្តីទីមន្ទីរទេសចរណ៍​ខេត្តសៀមរាប លោក ថុង សេរីវុធ មានប្រសាសន៍ថា ការដែលបង្កើតផ្លូវនេះ​ អាចជាឱកាសមួយដែលខេត្តសៀមរាបអាចទាក់ទាញភ្ញៀវទេសចរ​បានកាន់​​តែ​ច្រើន ជាពិសេសអ្នកទេសចរ​បែបផ្សងព្រេង។ 

លោកថា៖ «វាអាចនឹងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវដែរ ព្រោះតំបន់អង្គរយើងវាមានដើមឈើធំៗ បើយើងដើរតែតាមផ្លូវមុខប្រាសាទ និងជុំវិញប្រាសាទ អ្នកទេសចរ​ផ្សងព្រេង​គាត់អាចទាក់ទាញដែរកន្លែងនេះ​ […] វាមានទេស​ចរណ៍​ច្រើន​ប្រភេទ​ណាស់ ទេសចរណ៍បែបផ្សងព្រេង​គាត់ចូលចិត្តឡើងភ្នំ រុក​ព្រៃអីផ្សេងៗ ព្រោះកន្លងមកអ្នក​​ទេស​ចរមួយ​ចំនួន​គាត់ទៅមើលប្រាសាទដែរ តែគាត់ដើរថតសត្វ ថតរុក្ខជាតិអីផ្សេងទេ»។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បាន​និង​កំពុង​យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង​ការរៀប​ចំ និង​អភិវឌ្ឍន៍​សម្បទា​ទេសចរណ៍​ សម្រួលដល់ការទស្សនាឱ្យ​កាន់តែល្អប្រសើរ និងសម្បូរបែបដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានទៅ​កម្សាន្តនៅខេត្តសៀមរាប​។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀម​រាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើស​ពីការទស្សនាតែប្រាង្គប្រាសាទ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវ​ទេសចរទៅ​ទស្សនានៅទីនោះ​កាន់តែច្រើន​ឡើងបន្ថែមទៀត៕​