របាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា ការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មានការថយចុះប្រមាណ ៥០% នៅត្រីមាសទី៤ បើប្រៀបធៀបនឹងត្រីមាសទី៣ ក្នុងឆ្នាំ២០២៣ ប៉ុន្តែសង្គមស៊ីវិល និងក្រុមយុវជនផ្នែកបរិស្ថានថា ការនាំចូលថយចុះនេះ មិនបានធ្វើឱ្យអត្រានៃការប្រើប្រាស់ថយចុះនោះទេ។
យោងតាមរបាយការណ៍ដែលចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញថា ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ (ខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣) មានចំនួន ៣៣៤៩៧.៦៣ គីឡូក្រាម ថយចុះ ៥០% បើធៀបនឹងត្រីមាសទី៣ (ខែកក្កដា ដល់ខែកញ្ញា) ដែលមានចំនួន ៥៨៣៤២.១៥គីឡូក្រាម។
របាយការណ៍ដដែល បន្តថា នៅក្នុងត្រីមាសទី១ (ខែមករា ដល់ខែមីនា) ឆ្នាំ២០២៣ ចំនួនប្លាស្ទិកដែលនាំចូលមាន ៨០៣១៤,៦៧ គីឡូក្រាម និងត្រីមាសទី២ (ខែមេសា ដល់ខែមិថុនា) មានចំនួន ៦៥៧២៦.៣៦គីឡូក្រាម។ ដោយឡែក បើប្រៀបធៀបការនាំចូលប្លាស្ទិកក្នុងខែមករា ឆ្នាំ២០២៣ ដែលចំនួន ១២ ០៧៨,០៤ គីឡូក្រាម និងខែមករា ឆ្នាំ២០២៤ ដែលមានចំនួនសរុប ៦២ ២៨៤,០១ គីឡូក្រាម គឺការនាំចូលមានការថយចុះរហូតដល់ទៅ ៨០%។
ក្រសួងបានគូសបញ្ជាក់ថា តួលេខនៃការថយចុះនេះ គឺឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងជាសាធារណៈ ជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថជាវិជ្ជមានចំពោះបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វែ អាទិត្យា មានប្រសាសន៍ថា តួលេខនេះបានមកពីចំនួនប្លាស្ទិកដែលក្រុមហ៊ុនសុំអនុញ្ញាតនាំចូលពីបណ្តាប្រទេសផ្សេងៗ ហើយវាបានអនុលោមទៅតាមលក្ខខណ្ឌអនុញ្ញាតឱ្យនាំចូល ដែលមានចែងក្នុងអនុក្រឹត្យលេខ១៦៨ អនក្រ.បក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក (កម្រាស់ចាប់ពី ០,០៣មីល្លីម៉ែត្រ ឡើងទៅ)។
លោកបន្តថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មាន ២ករណី ក្នុងនោះករណីទី១ ដោយសារមានការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ២០២៣ ហើយបច្ចុប្បន្នមានមនុស្សប្រមាណជិត ៥លាននាក់ បានចូលរួមអនុវត្តដោយផ្ទាល់ និងករណីទី២ ដោយសារមានការចូលរួមបន្ថែមពីវិស័យឯកជន។
ស្របពេលគ្នានេះ លោក ខ្វៃ អាទិត្យា បានស្នើឱ្យប្រជាពលរដ្ឋបន្តចូលរូមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដោយឈប់ប្រើថង់ប្លាស្ទិក១ថ្ងៃយ៉ាងតិច ដើម្បីជួយឱ្យកម្ពុជាស្អាត។
លោកបានលើកឡើងថា៖ «សំណូមពរឱ្យបន្តសកម្មភាពជាប្រចាំ និងអនុវត្តឱ្យបាន ១០០ភាគរយ ជាមួយគ្រប់សាលារៀន បណ្តាសហគមន៍ ទីអារាម ទីប្រជុំជន រោងចក្រ សហគ្រាស នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីមូលដ្ឋានយើងស្អាតគ្មានសំរាម ប្លាស្ទិក»។
បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងបរិស្ថាន ក៏មានយន្តការបន្តយុទ្ធនាការសម្អាតថង់ប្លាស្ទិក នៅលើគោក និងក្នុងទឹក ដែលចាប់ផ្តើមពីបឹងទន្លេសាប ដោយមិនឱ្យមានការនាំប្លាស្ទិកចូលបឹងទន្លេសាប និងនៅលើអាកាស ដែលកន្លងមកក្រសួងបានដាក់ចេញយុទ្ធនាការ blue Sky ដែលឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូនឆ្នាំ២០៥០។
នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ថា ជារឿងល្អដែលក្រសួងរៀបចំជារបាយការណ៍ជុំវិញការនាំចូលថង់ប្លាស្ទិកនេះ។ តែយ៉ាងណា លោកសង្កេតឃើញថា បើទោះជាតួលេខនៃការនាំចូលថយចុះ ប៉ុន្តែចំនួននៃការប្រើប្រាស់ និងការចែកចាយនៅលើទីផ្សារ ហាក់បីដូចជាមិនទាន់បង្ហាញពីការធ្លាក់ចុះនៅឡើយ ហើយតម្លៃប្លាស្ទិកនៅតែទាបដែលធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការរកទិញ និងប្រើប្រាស់។
លោកថា៖ «ខ្ញុំយល់ថា ការដាក់បញ្ហាប្លាស្ទិកជាទំនិញគ្រោះថ្នាក់ ជារឿងមួយសំខាន់ ដែលគួរតែត្រូវបានគិតគូរ និងពិចារណា ដាក់ទិសដៅ។ លើសពីការផ្សព្វផ្សាយ ក្រសួងបរិស្ថានគួរតែធ្វើការជាមួយបណ្ដាសាលារៀន ឬក្រសួងអប់រំ ដើម្បីធ្វើការអប់រំណែនាំ និងឈានទៅរកការគ្រប់គ្រងប្លាស្ទិកបាន […] មួយទៀត ការដំឡើងថ្លៃប្លាស្ទិក។ ទាំងអស់ហ្នឹង ខ្ញុំយល់ថា គឺសុទ្ធសឹងតែជាគោលនយោបាយ និងទិសដៅគួរតែត្រូវបានធ្វើការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ចាប់ពីពេលនេះតទៅ ដើម្បីជាគោលនយោបាយមានភាពល្អប្រសើរនាថ្ងៃអនាគត»។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា សាទរចំពោះការថយចុះនូវការនាំចូលប្លាស្ទិកពីក្រៅប្រទេសមកកម្ពុជា ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ទេថា ការថយចុះនេះ ដោយសារតែប្រជាពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ ឬមានការផលិតនៅក្នុងស្រុក។
លោកបន្ថែមថា៖ «ក្រសួងស្ថាប័នពាក់ព័ន្ធ គឺមានតួនាទីក្នុងការបង្ហាញអំពីផលប៉ះពាល់ ដើម្បីឱ្យប្រជាជនខ្មែរបានដឹង បានឃើញអំពីផលប៉ះពាល់ដែលបណ្តាលមកពីការប្រើប្រាស់ប្លាស្ទិក និងលើកទឹកចិត្តឱ្យមានការចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់វត្ថុដែលធ្វើពីរុក្ខជាតិវត្ថុដែលអាចរំលាយបាន»។
លោកស្នើឱ្យប្រជាពលរដ្ឋព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យអស់ពីលទ្ធភាព ដើម្បីនាំឱ្យមានសុខភាពល្អ និងបរិស្ថានស្អាត។
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិមួយរូបទៀត លោក គឹម ជីលីន លើកឡើងថា ការថយចុះនៃការនាំចូលប្លាស្ទិកនេះ ជាតួរលេខមួយក្នុងរយៈពេលខ្លី ប៉ុន្ដែជាការរំពឹងទុក លោកចង់ឃើញភាពជានិរន្ត ដែលពលរដ្ឋចាប់ផ្តើមឈប់ប្រើប្រាស់ថង់ប្លាស្ទិក។
លោកបន្តថា៖ «ខ្ញុំសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធទាំងអស់ និងលើកទឹកចិត្តឱ្យមានការរៀបចំធុងសំរាមនៅតាមទីសាធារណៈ ឱ្យមានការសម្អាត ជាពិសេសយកចិត្តទុកដាក់ជុំវិញការប្រមូលសំរាម ផ្ដល់លក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងសំរាម»។
ចំណែក ស្ថាបនិកនៃស៊ីងប្លាស្ទិក (Think Plastic) លោកស្រី អាត សុធាវី លើកឡើងថា ការធ្លាក់ចុះនៃបរិមាណនាំចូលប្លាស្ទិកមកកម្ពុជា ជាក្តីសង្ឃឹមមួយដែលអាចជួយឱ្យមានការកាត់បន្ថយសំរាមប្លាស្ទិកនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាទាំងមូល។
លោកស្រីថា៖ «សង្ឃឹមថា ឆាប់ៗ គឺក្រសួងនឹងធ្វើការដាក់ផែនការហាមឃាត់ការនាំចូលតែម្ដង ហើយបើសិនជាយើងមានដល់ ក្នុងកម្រិតក្លាយទៅជាច្បាប់ហាមឃាត់មិនឱ្យមានការនាំចូលហើយ អញ្ចឹងរឿងមួយដែលយើងមើលឃើញ គឺចំនួននិងការប្រើប្រាស់ហ្នឹង វានឹងត្រូវបានកាត់បន្ថយ»។
លោក ប៉ោ ចាន់ផល ជាអ្នករត់រម៉កកង់បីនៅរាជធានីភ្នំពេញ មានប្រសាសន៍ថា ការប្រើប្រាស់ថង់ប្លាស្ទិក ហើយបោះចោលនៅទីសាធារណៈ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ លោកបន្តថា ប្រសិនបើមានសម្ភារៈដែលអាចដាក់ក្នុងកាបូបបាន ឬមានសម្ភារៈដែលអាចប្រើប្រាស់ជំនួសប្លាស្ទិកបាននោះ លោកនឹងមិនប្រើប្រាស់ប្លាស្ទិកទៀតទេ។
លោកបន្ថែមថា៖ «មុនយើងបោះយើងយកដាក់នៅក្នុងធុងសំរាម ដើម្បីកាត់បន្ថយសំរាមនៅជុំវិញកន្លែងដែលយើងរស់នៅ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ចេះយកសំរាមទៅដាក់នៅក្នុងធុងសំរាម ចំណែកអ្នកលក់របស់ផ្សេងៗគួរតែណែនាំដល់អ្នកទិញ»។
ទន្ទឹមនឹងនេះ លោកស្នើឱ្យមន្ត្រីបរិស្ថាន និងអង្គការដៃគូ បង្កើនការផ្សព្វផ្សាយ និងណែនាំអំពីផលប៉ះពាល់នៃការប្រើប្រាស់ប្លាស្ទិកទៅដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផលប៉ះពាល់ទៅបរិស្ថាន និងសុខភាពមនុស្សសត្វ។
បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ នៅកម្ពុជា មានកាកសំណល់ប្រមាណជាង ១ម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានសំណល់ពី ៦០ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិក និងប្រមាណ ១០ភាគរយ ជាសំណល់រឹង។
ចំណែក មន្ត្រីកម្មវិធីជីវភាពនៃអង្គការអភិរក្សដើម្បីធនធានធម្មជាតិ (FACT) លោក ឡាយ ម៉េងហួត ធ្លាប់បានលើកឡើងដែរថា បើសិនមិនមានវិធានការទប់ស្កាត់ និងកាត់បន្ថយ ឬឈប់ប្រើប្រាស់ប្លាស្ទិកនោះទេ វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាព។
លោកថា៖ «ប្លាស្ទិកជាវត្ថុមួយអត់ងាយរលាយទេ ទោះបីនៅលើផែនដីយើង ត្រូវហាលក្តៅ ហាលថ្ងៃរយៈពេល១០០ឆ្នាំ វាអត់ទាន់ទៅណាផង[…] ប្លាស្ទិកវាជាកត្តាមួយដែលធ្វើឱ្យមានបញ្ហាច្រើនណាស់ទាក់ទងទៅនឹងទីមួយបរិស្ថាន ទី២ បើវាទៅកន្លែងណាវាចង្រៃកន្លែងហ្នឹង ឧទាហរណ៍ថា វាទៅក្នុងទឹក ជីវចម្រុះនៅក្នុងទឹកវាអត់អាចរស់បានទេ ហើយបើនៅលើដីយើងអត់អាចដាំដំណាំបានទេ ព្រោះវាធ្វើឱ្យដីខ្សោះគ្មានជីជាតិ អីចឹងយើងត្រូវរកវិធីសាស្ត្រកែច្នៃវា ហើយកាត់បន្ថយវា។ បើប្រជាពលរដ្ឋយើងព្យាយាមប្រើវាជាប្រចាំថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងអត់ Ricycle វាមកវិញទេយើងនឹងជួបបញ្ហាហើយ»៕