របាយការណ៍របស់ក្រសួងបរិស្ថាន បង្ហាញថា ការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មានកា​រ​ថយចុះ​ប្រមាណ ៥០% នៅត្រីមាសទី៤ បើប្រៀបធៀបនឹងត្រីមាសទី៣ ក្នុងឆ្នាំ២០២៣ ប៉ុន្តែសង្គមស៊ីវិល និងក្រុមយុវជនផ្នែកបរិស្ថាន​ថា ការនាំចូល​ថយចុះនេះ មិនបា​នធ្វើឱ្យអត្រា​នៃការប្រើប្រាស់​ថយចុះនោះ​ទេ។​

យោង​តាម​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​នៅលើទំព័រហ្វេសប៊ុក​​របស់​​ក្រសួង​បរិស្ថាន កាលពីថ្ងៃទី៧ ខែកុម្ភៈ​ ឆ្នាំ២០២៤ បង្ហាញ​ថា ​ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ (ខែតុលាដល់ខែធ្នូ ឆ្នាំ២០២៣) មានចំនួន ៣៣៤៩៧.៦៣ គីឡូក្រាម ថយចុះ ៥០% បើធៀបនឹងត្រីមាស​ទី៣ (ខែកក្កដា ដល់ខែកញ្ញា) ដែលមានចំនួន ៥៨៣៤២.១៥គីឡូក្រាម​។

របាយការណ៍ដដែល បន្តថា នៅក្នុងត្រីមាសទី១ (ខែមករា ដល់ខែមីនា) ឆ្នាំ២០២៣ ចំនួនប្លាស្ទិកដែលនាំចូលមាន ៨០៣១៤,៦៧ គីឡូក្រាម និង​ត្រីមាសទី២ (ខែមេសា ដល់ខែមិថុនា) មានចំនួន ៦៥៧២៦.៣៦គីឡូក្រាម។ ដោយឡែក​ បើប្រៀបធៀបការនាំចូល​ប្លាស្ទិកក្នុង​ខែមករា ឆ្នាំ២០២៣ ដែល​ចំនួន ១២ ០៧៨,០៤ គីឡូក្រាម និង​ខែមករា ឆ្នាំ២០២៤ ដែលមានចំនួនសរុប ៦២ ២៨៤,០១ គីឡូក្រាម គឺការនាំចូលមានការថយចុះរហូតដល់ទៅ ៨០%។

ក្រសួង​បានគូសបញ្ជាក់ថា តួលេខនៃការថយចុះ​នេះ គឺឆ្លុះបញ្ចាំងពីឥទ្ធិពលនៃការផ្សព្វផ្សាយបញ្ជ្រាប​ចំណេះដឹង​ជាសាធារណៈ ជំរុញឱ្យមាន​ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថជាវិជ្ជមានចំពោះប​រិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វែ អាទិត្យា មានប្រសាសន៍ថា តួលេខ​នេះបានមកពីចំនួន​ប្លាស្ទិក​​ដែល​ក្រុមហ៊ុន​សុំអនុញ្ញាតនាំចូលពីបណ្តាប្រទេសផ្សេងៗ ហើយវា​បាន​អនុលោម​ទៅ​តាមលក្ខ​ខណ្ឌ​អនុញ្ញាត​ឱ្យ​នាំ​ចូល ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យលេខ១៦៨ អនក្រ.បក ស្តីពីការគ្រប់​គ្រង​ថង់​ប្លាស្ទិក (កម្រាស់ចាប់ពី ០,០៣មីល្លីម៉ែត្រ ឡើងទៅ)។

លោកបន្តថា ការ​ថយចុះ​នៃការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មាន ២ករណី ក្នុងនោះករណីទី១ ដោយសារ​មាន​ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយ​ការប្រើប្រាស់ប្លាស្ទិក​ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែល​បាន​ចាប់​ផ្តើម​ពីថ្ងៃទី១ ខែកញ្ញា ២០២៣ ហើយ​បច្ចុប្បន្នមានមនុស្សប្រមាណ​ជិត ៥លាននាក់ បានចូលរួមអនុវត្តដោយផ្ទាល់ និងករណីទី២ ដោយសារ​​មាន​ការចូលរួមបន្ថែមពីវិស័យឯកជន។

ស្របពេលគ្នានេះ លោក ខ្វៃ អាទិត្យា បានស្នើឱ្យប្រជា​ពលរដ្ឋបន្តចូលរូមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ដោយឈប់ប្រើថង់ប្លាស្ទិក១ថ្ងៃ​យ៉ាង​តិច ដើម្បីជួយឱ្យកម្ពុជាស្អាត។

លោកបានលើកឡើងថា៖ «សំណូមពរឱ្យបន្តសកម្មភាពជាប្រចាំ និង​អនុវត្តឱ្យ​បាន ១០០ភាគរយ ជាមួយគ្រប់សាលា​រៀន បណ្តា​សហគមន៍ ទីអារាម ទីប្រជុំជន រោងចក្រ សហគ្រាស នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីមូលដ្ឋានយើងស្អាតគ្មានសំរាម ប្លាស្ទិក»។

បើតាមអ្នកនាំពាក្យរូបនេះ ​ក្រសួង​បរិស្ថាន ក៏​មានយន្តការបន្តយុទ្ធនាការ​សម្អាត​ថង់​ប្លាស្ទិក នៅលើគោក និង​​ក្នុងទឹក ដែលចាប់ផ្តើម​ពីបឹង​ទន្លេសាប ដោយមិន​ឱ្យមានការនាំប្លាស្ទិកចូលបឹង​ទន្លេ​សាប  និង​នៅ​លើ​អាកាស ដែលកន្លងមកក្រសួងបានដាក់ចេញយុទ្ធនាការ blue Sky ដែលឆ្ពោះទៅកម្ពុជាអព្យាក្រឹតកាបូនឆ្នាំ២០៥០។

នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់​ថា ជារឿងល្អដែលក្រសួង​រៀបចំជារបាយការណ៍ជុំវិញ​ការនាំ​ចូល​ថង់ប្លាស្ទិកនេះ។ តែយ៉ាងណា លោក​សង្កេតឃើញថា បើទោះជាតួលេខនៃការនាំចូលថយចុះ ប៉ុន្តែ​ចំនួន​នៃ​ការប្រើប្រាស់ និងការចែកចាយនៅលើទីផ្សារ ហាក់បីដូចជាមិនទាន់បង្ហាញ​ពីការធ្លាក់ចុះនៅឡើយ​ ហើយតម្លៃប្លាស្ទិកនៅតែ​ទាប​ដែលធ្វើឱ្យ​ប្រជាពលរដ្ឋងាយស្រួលក្នុងការរកទិញ ​និងប្រើប្រាស់។

លោកថា៖ «ខ្ញុំយល់ថា ការដាក់បញ្ហាប្លាស្ទិកជាទំនិញគ្រោះថ្នាក់ ជារឿងមួយសំខាន់ ដែលគួរតែត្រូវបានគិតគូរ និងពិចារ​ណា ដាក់​ទិស​ដៅ។ លើស​ពីការផ្សព្វផ្សាយ ក្រសួងបរិស្ថានគួរតែធ្វើការជាមួយ​បណ្ដាសា​លារៀន ឬក្រសួងអប់រំ ដើម្បីធ្វើការអប់រំណែនាំ និងឈានទៅរកការគ្រប់គ្រងប្លាស្ទិកបាន […] មួយ​ទៀត​​ ការដំឡើងថ្លៃប្លាស្ទិក ទាំងអស់ហ្នឹង ខ្ញុំយល់ថាគឺសុទ្ធសឹងតែជាគោលនយោបាយ និងទិសដៅគួរតែត្រូវបានធ្វើការអនុវត្តឱ្យបានខ្ជាប់ខ្ជួន ចាប់ពីពេលនេះតទៅ ដើម្បីជាគោលនយោបាយមានភាពល្អប្រសើរនាថ្ងៃអនាគត»។

សកម្មជនបរិស្ថាន​នៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា សាទរចំពោះការ​ថយចុះនូវការ​​​នាំ​ចូលប្លាស្ទិក​​ពីក្រៅប្រទេស​មកកម្ពុជា ប៉ុន្តែលោកមិនទាន់ដឹងច្បាស់ទេថា ការថយចុះនេះ ដោយ​សារតែ​ប្រជាពលរដ្ឋ​ កាត់បន្ថយការប្រើប្រាស់ ឬមានការផលិត​នៅក្នុង​ស្រុក។

លោក​បន្ថែម​ថា៖ «ក្រសួងស្ថាប័នពាក់ព័ន្ធ គឺមានតួនាទីក្នុងការបង្ហាញអំពីផលប៉ះពាល់ ដើម្បីឱ្យប្រជាជនខ្មែរបាន​ដឹង បាន​ឃើញ​អំពី​ផល​ប៉ះពា​ល់​ដែលបណ្តាលមកពីការប្រើប្រាស់ប្លាស្ទិក និងលើកទឹកចិត្តឱ្យមានការចូលរួមការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់វត្ថុដែលធ្វើពីរុក្ខជាតិវត្ថុដែលអាចរំលាយបាន»។

លោកស្នើឱ្យ​ប្រជាពលរដ្ឋព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក​ឱ្យអស់ពីលទ្ធភាព ដើម្បីនាំឱ្យមានសុខភាពល្អ និង​បរិស្ថានស្អាត។

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិមួយរូបទៀត លោក គឹម ជីលីន លើកឡើងថា ការថយចុះនៃការនាំចូលប្លាស្ទិកនេះ ​ជាតួរ​លេខ​មួយក្នុងរយៈពេលខ្លី ប៉ុន្ដែជាការរំពឹងទុក លោកចង់ឃើញ​ភាព​ជានិរន្ត ដែលពលរដ្ឋ​​ចាប់ផ្តើមឈប់ប្រើប្រាស់ថង់​ប្លាស្ទិក។

លោកបន្តថា៖ «ខ្ញុំសំណូមពរទៅដល់ក្រសួងពាក់ព័ន្ធទាំងអស់ និងលើកទឹកចិត្តឱ្យ​មាន​ការរៀបចំធុងសំរាម​នៅតាមទីសាធារណៈ ឱ្យមានការសម្អាត ជាពិសេសយកចិត្តទុកដាក់ជុំវិញការប្រមូលសំរាម ផ្ដល់លក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងសំរាម»។

ចំណែក ស្ថាបនិក​នៃស៊ីងប្លាស្ទិក (Think Plastic) លោក​ស្រី អាត  សុធាវី លើកឡើងថា ការ​ធ្លាក់ចុះនៃ​បរិមាណ​នាំចូលប្លាស្ទិកមកកម្ពុជា​ ជាក្តីសង្ឃឹមមួយ​ដែលអាចជួយឱ្យមានការ​​កាត់​បន្ថយ​​សំរាម​​​ប្លាស្ទិកនៅក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជានៅប្រទេស​​កម្ពុជាទាំងមូល។

លោក​ស្រីថា៖ «សង្ឃឹមថា ឆាប់ៗ គឺក្រសួងនឹងធ្វើការដាក់ផែនការ​ហាមឃាត់ការនាំចូលតែម្ដង ហើយបើសិនជាយើងមាន​ដល់ ក្នុងកម្រិតក្លាយទៅជាច្បាប់ហាមឃាត់មិនឱ្យមានការនាំចូលហើយ អញ្ចឹង​រឿងមួយ​ដែល​យើង​មើល​ឃើញ គឺ​ចំនួននិង​ការប្រើប្រាស់ហ្នឹង វានឹងត្រូវបានកាត់បន្ថយ»។

លោក ប៉ោ ចាន់ផល ជា​អ្នករត់រម៉កកង់បី​នៅរាជធានីភ្នំពេញ មានប្រសាសន៍​ថា ការ​ប្រើប្រាស់​ថង់ប្លាស្ទិក ហើយ​បោះចោលនៅទីសាធារណៈ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។ លោកបន្តថា ប្រសិន​​បើ​​មាន​សម្ភារៈ​ដែល​អាច​ដាក់​ក្នុង​កាបូប​បាន ឬមានសម្ភារៈដែលអាចប្រើប្រាស់ជំនួស​ប្លាស្ទិក​បាននោះ លោកនឹង​មិនប្រើប្រាស់ប្លាស្ទិក​ទៀត​ទេ។

លោកបន្ថែម​ថា៖ «មុនយើងបោះយើងយកដាក់នៅក្នុងធុងសំរាម ដើម្បីកាត់បន្ថយសំរាមនៅជុំវិញកន្លែងដែលយើងរស់នៅ សូមឱ្យប្រជាពលរដ្ឋ​ទាំងអស់ ចេះយកសំរាមទៅដាក់នៅក្នុងធុងសំរាម ចំណែកអ្នកលក់របស់ផ្សេងៗគួរតែណែនាំដល់អ្នក​ទិញ»។

ទន្ទឹមនឹងនេះ លោកស្នើឱ្យមន្ត្រីបរិស្ថាន និង​អង្គការដៃគូ បង្កើនការផ្សព្វផ្សាយ និង​ណែនាំ​​អំពីផល​ប៉ះពា​ល់​នៃការប្រើប្រាស់ប្លាស្ទិកទៅ​ដល់ប្រជាពលរដ្ឋបន្ថែមទៀត ​ដើម្បីកាត់​​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ និងផលប៉ះពាល់ទៅ​បរិស្ថាន និងសុខភាពមនុស្ស​សត្វ​។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ នៅកម្ពុជា មានកាកសំណល់​ប្រមាណ​ជាង ១ម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានសំណល់ពី ៦០​ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ ២០ភាគរយ​ជាសំណល់ប្លាស្ទិក និង​ប្រមាណ ១០ភាគរយ ជាសំណល់រឹង។

ចំណែក មន្ត្រីកម្មវិធីជីវភាពនៃអង្គការអភិរក្សដើម្បីធនធានធម្មជាតិ (FACT) លោក ឡាយ ម៉េងហួត​ ធ្លាប់បាន​លើកឡើងដែរថា បើសិនមិនមានវិធានការ​ទប់ស្កាត់ និងកាត់បន្ថយ ឬឈប់ប្រើប្រាស់ប្លាស្ទិកនោះទេ វានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់បរិស្ថាន និង​សុខភាព។

លោកថា៖ «ប្លាស្ទិកជាវត្ថុមួយអត់ងាយរលាយទេ ទោះបីនៅលើផែនដីយើង ត្រូវហាលក្តៅ ហាល​ថ្ងៃ​រយៈពេល១០០ឆ្នាំ វាអត់ទាន់ទៅណាផង[…] ប្លាស្ទិកវាជាកត្តា​មួយ​ដែលធ្វើឱ្យ​មាន​បញ្ហា​​​ច្រើនណាស់ទាក់ទងទៅនឹងទីមួយបរិស្ថាន ទី២ បើវាទៅកន្លែងណា​វាចង្រៃកន្លែងហ្នឹង ឧទាហរណ៍ថា វាទៅក្នុងទឹក​ ជីវចម្រុះនៅក្នុងទឹកវាអត់អាចរស់បានទេ ហើយ​បើនៅលើដីយើងអត់អាច​ដាំដំណាំបានទេ ព្រោះវាធ្វើឱ្យដីខ្សោះគ្មានជីជាតិ អីចឹង​យើង​ត្រូវ​រកវិធីសាស្ត្រ​កែច្នៃវា ហើយ​កាត់បន្ថយវា​។ បើប្រជាពលរដ្ឋយើងព្យាយាមប្រើវាជាប្រចាំថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើង​អត់ Ricycle វាមកវិញទេយើងនឹងជួបបញ្ហាហើយ»