អង្គការសង្គមស៊ីវិលចំនួន៥៥ ស្នើភាគីដើមបណ្តឹងដកពាក្យបណ្តឹង និងអំពាវនាវឱ្យមានការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់គំនាបលើអ្នកការពារសិទិ្ធមនុស្ស លោក ស៊ឹង សែនករុណា។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការ សមាគម សហជីព និងសហគមន៍ទាំង៥៥ ចុះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការដាក់ពាក្យបណ្តឹងទៅលើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ហៅកាត់ថា អាដហុក) ពាក់ព័ន្ធទៅនឹងការធ្វើបទអត្ថាធិប្បាយរបស់លោកនៅក្នុងអត្ថបទសារព័ត៌មានមួយ។
សេចក្តីថ្លែងការណ៍បន្តថា កាលពីថ្ងៃទី៤ ខែកុម្ភៈ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើមេធាវីរបស់គណបក្សសិក្សាពីផ្លូវច្បាប់ ដើម្បីប្តឹងលោក ស៊ឹង សែនករុណា ដោយសារតែលោកត្រូវបានសារព័ត៌មាន ឌឹ ខេមបូឌា ដេលី បានស្រង់សម្តីដែលថា វិវាទរបស់អ្នកនយោបាយគួរតែបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងថាគណបក្សកាន់អំណាច តែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។
សេចក្តីថ្លែងការណ៍រួម បន្តទៀតថា ការដាក់គំនាបតាមរយៈផ្លូវតុលាការនេះ ជាការដាក់គំនាបចុងក្រោយតាមរយៈបណ្តឹងទៅតុលាការជាច្រើនផ្សេងទៀត ទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនសហជីព សកម្មជនបរិស្ថាន និងសកម្មជនជាច្រើននាក់ផ្សេងទៀត កាលពីពេលកន្លងទៅ។
ករណីនេះ អង្គការ សមាគម សហជីព និងសហគមន៍មូលដ្ឋានទាំង៥៥ ស្នើដល់ភាគីដើមបណ្ដឹង ដកពាក្យបណ្ដឹង និងអំពាវនាវដល់អាជ្ញាធរ បញ្ឈប់នូវគ្រប់ទម្រង់នៃការរំលោភបំពានលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គម ។
ពួកគេបន្តទៀតថា៖ «យើងខ្ញុំសង្ឃឹមថា តុលាការនឹងពិនិត្យពិចារណា មិនធ្វើការចោទប្រកាន់លើលោក ស៊ឹង សែនករុណា។ យើងខ្ញុំទាំងអស់គ្នា ក៏នៅតែបន្តឈរជាមួយលោក ករុណា និងពលរដ្ឋខ្មែរគ្រប់រូប ដែលធ្វើការងារដោយអហិង្សា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេស»។
អង្គការ សមាគម សហជីព និងសហគមន៍មូលដ្ឋានទាំងនោះ មានដូចជា សហគមន៍អមលាំង(កំពង់ស្ពឺ) សហគមន៍ដីធ្លីអណ្តូងត្របែក(ស្វាយរៀង) សម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អង្គការលីកាដូ និងបណ្តាញយុវជនកម្ពុជា ជាដើម។
សេចក្តីថ្លែងការណ៍រួមនោះបន្ថែមទៀតថា៖ «សេរីភាពក្នុងការបញ្ចេញមតិរិះគន់ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ គឺត្រូវបានការពារដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលកម្ពុជាបានអនុម័តផ្តល់សច្ចាប័ន។ ការនិយាយក្នុងអត្ថបទសារព័ត៌មានបែបនេះ មិនគួរត្រូវបានគេប្តឹងពីបទល្មើសព្រហ្មទណ្ឌនោះទេ»។
នាយកប្រតិបត្តិនៃបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា ក្រោយពីមានការបកស្រាយពីលោក ស៊ឹង សែនករុណា និងសារព័ត៌មានឌឹ ខេមបូឌា ដេលីរួចមក លោកសង្ឃឹមថា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា នឹងមានការយោគយល់ខ្ពស់ចំពោះលោក ស៊ឹង សែនករុណា។
លោកថា៖ «បន្ទាប់ពីមានការភ័ន្តច្រឡំនូវអ្វីដែលលោក ស៊ឹង សែនករុណា បានធ្វើការបកស្រាយជាមួយខាង ឌឹ ខេមបូឌា ដេលី លោក ករុណា ខ្លួនឯងក៏បានបង្ហាញថានេះគឺជាការយល់ច្រឡំ ថាលោកមិនមានចេតនាណាមួយធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ខាងណានោះទេ […] បន្ទាប់ពីមានការមកស្រាយទាំងនេះហើយ អាចធ្វើឱ្យមានការយល់ពីគ្នាឡើងវិញ»។
លោក ហេង គឹមហុង បន្ថែមថា៖ «ខ្ញុំរំពឹងថា លោក ហ៊ុន សែន គួរតែមានអធ្យាស្រ័យ និងមានការយល់យោគចំពោះលោក ស៊ឹង សែនករុណា ពីព្រោះអីកម្ពុជាយើងជាប្រទេសប្រជាធិបតេយ្យ ឈរលើគោលការណ៍សេរីភាពបញ្ចេញមតិ […] ធម្មតា សេរីភាពបញ្ចេញមតិវាតែងតែមានការយល់ឃើញ និងទស្សនៈខុសគ្នាពីម្នាក់ទៅម្នាក់។ សង្ឃឹមថា នេះគឺជាសេរីភាពបញ្ចេញមតិ ហើយក៏ជាការជំរុញលើកទឹកចិត្តទៅលើគំនិតផ្ទុយនៅក្នុងសង្គមប្រជាធិបតេយ្យ»។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការស្នើពី លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុមមេធាវីតំណាងគណបក្សនេះ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយគណបក្សបានស្នើឱ្យពិនិត្យ ចោទប្រកាន់ និងផ្តន្ទាទោស លោក ស៊ឹង សែនករុណា ព្រមទាំងទាមទារសំណងជំងឺចិត្ត ២ ០០០ ០០០ ០០០ (ពីរពាន់លានរៀល) ឬស្មើប្រហាក់ប្រហែលកន្លះលានដុល្លារអាមេរិក។
នៅក្នុងបណ្តឹងនោះ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា៖ «ការប្រព្រឹត្តរបស់បុគ្គលរូបនេះ[លោកស៊ឹង សែនករុណា] ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ»។
ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី០៧ ខែកុម្ភៈ ក៏បានចេញសេចក្តីជូនដំណឹង ពីការកែតម្រូវសម្រង់សម្តីរបស់លោក ស៊ឹង សែនករុណា នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន ដែលមានចំណងជើងថា «លោក សុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង ១លានដុល្លារដើម្បីសងជំងឺចិត្តបក្សកាន់អំណាច»ផងដែរ។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានទេ។ ប៉ុន្តែកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកធ្លាប់បានគូសបញ្ជាក់ថា ការដែលមានពាក្យបណ្តឹងពីគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែលោក ស៊ឹង សែនករុណា បាននិយាយប៉ះពាល់ដល់កិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សនេះ ដែលជាការបញ្ចេញមតិក្រៅក្របខណ្ឌនៃសិទ្ធិបញ្ចេញមតិ។
លោកបន្តថា៖ «គណបក្សប្រជាជនមានសិទ្ធិក្នុងនាមជាជនទទួលរងនូវការប្រមាថការបៀតបៀនពីខាងក្រៅ ត្រូវដោះស្រាយរកយុត្តិធម៌ ហើយដើម្បីដោះស្រាយរកយុត្តិធម៌ គឺមានតែផ្លូវម្យ៉ាង គឺដោះស្រាយតាមប្រព័ន្ធតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ។ ការចេញសេចក្តីថ្លែងការណ៍អ្វីក៏ដោយ វាគ្មានបានផល គ្មានបានប្រយោជន៍អ្វី ឬគ្មានឥទ្ធិពលអ្វី ដល់ដំណើរការនីតិវិធីរបស់តុលាការ តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាទេ »។
ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍នៅថ្ងៃទី១៤ ខែកុម្ភៈនេះថា សង្គមស៊ីវិលទាំងនោះ ពុំមានសិទ្ធិអ្វីនៅក្នុងការចេញសេចក្តីថ្លែងការណ៍ សុំឱ្យមានការដកពាក្យបណ្តឹងជំនួសលោក ស៊ឹង សែនករុណា នោះទេ។ លោកបន្តថា លោក ស៊ឹង សែនករុណា ខ្លួនឯងគួរតែបានបង្ហាញនូវចេតនានៃការចង់បាននូវការលើកលែងទោស ហើយការសម្រេចដកពាក្យបណ្តឹង ឬមិនដក គឺអាស្រ័យទៅលើដើមបណ្តឹង។
លោកថា៖ «លោក ករុណា ទទួលស្គាល់ថា ខាងកាសែតបានស្រង់សម្តីគាត់ខុស ចឹងបានន័យថា គាត់ទទួលស្គាល់នូវកំហុសពីបទបរិហារកេរ្តិ៍ ទៅដល់គណបក្សប្រជាជនកម្ពុជាមែនហើយ បានគាត់ទៅកែកាសែត កែសម្តីវិញ ប៉ុន្តែមុននឹងគេប្តឹង ម៉េចក៏គាត់មិនកែ? […] ហើយគាត់ខ្លួនឯងហ្នឹង មានបានធ្វើអីទេជាមួយដើមបណ្តឹង ហេតុអីក៏មានសង្គមស៊ីវិលណាមកចេញសេចក្តីថ្លែងការណ៍ណាជំនួសទៅវិញ? លោក ករុណា មានបានបង្ហាញចេតនាទៅសម្របសម្រូល សុំទោសអីយ៉ាងម៉េចទេ?»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា ពាក្យបណ្តឹងផ្លូវច្បាប់ដែលបានដាក់ទៅដល់តុលាការ មិនអាចឱ្យអ្នកណាមកហៅថាជាការធ្វើទុក្ខបុកម្នេញនោះទេ ព្រោះអ្នកដែលប្រព្រឹត្តិខុស ត្រូវតែប្រឈមមុខនឹងវិធានការផ្លូវច្បាប់។
លោកថា៖ «ពាក្យបណ្តឹងផ្លូវច្បាប់ អ្នកបំពានច្បាប់គឺត្រូវតែទទួលខុសត្រូវ អ្នកដែលត្រូវបានគេបរិហារកេរ្តិ៍នោះ គេក៏ត្រូវមានសិទ្ធិទទួលបានយុត្តិធម៌ដែរ […] បណ្តឹងផ្លូវច្បាប់ មិនមែនជាការរំលោភបំពានដល់អ្នកណាទេ នេះគឺជាដំណើរការនីតិវិធីនៅក្នុងនីតិរដ្ឋ រាល់ពាក្យបណ្តឹងទៅតុលាការ មិនអាចមានអ្នកណាបកស្រាយថាជាការធ្វើទុក្ខបុកម្នេញនោះទេ ពីព្រោះអ្នកដែលត្រូវបានគេចោទប្រកាន់នោះ តើគេឈឺចាប់ប៉ុណ្ណា?»។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល លោក ស៊ឹង សែនករុណា គឺជាអនុ ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក ហើយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលលោកហ៊ាននិយាយជាសាធារណៈអំពីការរំលោភសិទ្ធិមនុស្ស ការបាត់បង់ធនធានធម្មជាតិ ព្រៃឈើ បរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គម៕