អង្គការសង្គមស៊ីវិលចំនួន៥៥ ស្នើភាគីដើមបណ្តឹង​ដកពាក្យបណ្តឹង និងអំពាវនាវ​ឱ្យ​មានការ​​​បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធច្បាប់ ដើម្បីដាក់​​គំនាបលើអ្នកការពារសិទិ្ធមនុស្ស លោក ស៊ឹង សែន​ករុណា។

សេច​ក្តីថ្លែងការណ៍រួមរបស់អង្គការ សមាគម សហជីព និង​សហគមន៍​ទាំង​៥៥ ចុះ​នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បង្ហាញពីការសោកស្តាយយ៉ាងខ្លាំង ចំពោះការដាក់ពាក្យបណ្តឹងទៅ​លើលោក ស៊ឹង សែនករុណា បុគ្គលិកជាន់ខ្ពស់នៃអង្គការសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ហៅកាត់​ថា អាដហុក) ពាក់ព័ន្ធទៅនឹងការធ្វើបទអត្ថាធិប្បាយរបស់​លោកនៅក្នុងអត្ថបទសារព័ត៌មានមួយ។

សេចក្តីថ្លែងការណ៍បន្តថា កាលពីថ្ងៃទី៤ ខែកុម្ភៈ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា បានស្នើមេធាវីរបស់គណបក្ស​សិក្សា​ពីផ្លូវច្បាប់ ដើម្បីប្តឹងលោក ស៊ឹង សែនករុណា ដោយសារតែលោក​ត្រូវបាន​សារព័ត៌មាន​ ឌឹ ខេមបូឌា ដេលី បានស្រង់សម្តីដែលថា វិវាទរបស់អ្នកនយោបាយគួរតែបញ្ចប់ដោយនយោបាយ មិនគួរប្រើប្រព័ន្ធតុលាការ​មកដោះស្រាយ និង​ថាគណបក្សកាន់អំណាច តែងតែយក​តុលាការ​មកធ្វើជារបាំង​ក្នុងការគាបសង្កត់​ដៃគូនយោបាយ​​ប្រឆាំងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍រួម បន្តទៀតថា ការ​ដាក់គំនាបតាមរយៈផ្លូវតុលាការ​នេះ ជាការ​ដាក់គំនាប​ចុងក្រោយតាមរយៈបណ្តឹង​ទៅតុលាការ​ជាច្រើនផ្សេងទៀត ទៅលើសកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជនសហជីព សកម្មជនបរិស្ថាន និងសកម្មជន​ជាច្រើននាក់​ផ្សេងទៀត កាលពីពេលកន្លងទៅ។

ករណីនេះ អង្គការ​ សមាគម សហជីព និងសហគមន៍មូលដ្ឋានទាំង៥៥ ស្នើដល់​ភាគីដើមបណ្ដឹង ​ដកពាក្យបណ្ដឹង និងអំពាវនាវដល់អាជ្ញាធរ បញ្ឈប់នូវគ្រប់ទម្រង់នៃការរំលោភបំពាន​លើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនសង្គម ។

ពួកគេបន្តទៀត​​ថា៖ «យើងខ្ញុំ​សង្ឃឹមថា តុលាការនឹងពិនិត្យពិចារណា មិនធ្វើការចោទប្រកាន់លើលោក ស៊ឹង សែនករុណា។ យើងខ្ញុំទាំងអស់គ្នា ក៏នៅតែបន្តឈរជាមួយលោក ករុណា និងពលរដ្ឋខ្មែរគ្រប់រូប ដែលធ្វើការងារដោយអហិង្សា ក្នុងការលើក​កម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេស»។

អង្គការ សមាគម​ សហជីព និងសហគមន៍មូលដ្ឋានទាំងនោះ មានដូចជា សហគមន៍អមលាំង(កំពង់ស្ពឺ) សហគមន៍ដីធ្លីអណ្តូងត្របែក(ស្វាយរៀង) សម្ព័ន្ធសហជីពកម្ពុជា មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិ​មនុស្ស​ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា អង្គការ​លីកាដូ និង​បណ្តាញយុវជនកម្ពុជា​ ជាដើម។

សេចក្តីថ្លែងការណ៍រួម​នោះបន្ថែមទៀតថា៖ «សេរីភាពក្នុងការបញ្ចេញមតិរិះគន់ពាក់ព័ន្ធនឹង​សិទ្ធិ​នយោ​បាយ គឺត្រូវបានការពារ​ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញា​អន្តរជាតិ​ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលកម្ពុជាបានអនុម័តផ្តល់សច្ចាប័ន។ ការនិយាយក្នុងអត្ថបទសារព័ត៌មានបែបនេះ មិនគួរត្រូវបាន​គេប្តឹងពីបទល្មើសព្រហ្ម​ទណ្ឌ​នោះទេ»។

នាយកប្រតិបត្តិនៃបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា ក្រោយ​ពីមានការ​បកស្រាយ​ពីលោក ស៊ឹង សែនករុណា និងសារព័ត៌មានឌឹ ខេមបូឌា ដេលីរួចមក លោកសង្ឃឹមថា អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា នឹងមានការយោគយល់ខ្ពស់ចំពោះលោក ស៊ឹង សែនករុណា។

លោកថា៖ «បន្ទាប់ពីមានការភ័ន្តច្រឡំនូវអ្វីដែលលោក ស៊ឹង សែនករុណា បានធ្វើការបកស្រាយជាមួយខាង ឌឹ ខេមបូឌា ដេលី លោក ករុណា ខ្លួនឯង​ក៏បានបង្ហាញថានេះគឺជាការយល់ច្រឡំ ថាលោកមិនមានចេតនាណាមួយធ្វើឱ្យ​ប៉ះពាល់ដល់ប្រយោជន៍ខាងណានោះទេ […] បន្ទាប់ពីមានការមកស្រាយទាំងនេះហើយ អាចធ្វើឱ្យ​មានការយល់ពីគ្នាឡើងវិញ»។

លោក ហេង គឹមហុង បន្ថែមថា៖ «ខ្ញុំរំពឹងថា លោក ហ៊ុន សែន គួរតែមានអធ្យាស្រ័យ និងមានការយល់យោគចំពោះលោក ស៊ឹង សែនករុណា ពីព្រោះអីកម្ពុជាយើងជាប្រទេសប្រជាធិបតេយ្យ ឈរលើគោលការណ៍សេរីភាពបញ្ចេញមតិ​ […] ធម្មតា សេរីភាពបញ្ចេញមតិវាតែងតែមានការយល់ឃើញ និងទស្សនៈខុសគ្នាពីម្នាក់ទៅម្នាក់។ សង្ឃឹមថា នេះគឺជាសេរីភាពបញ្ចេញមតិ ហើយ​ក៏ជាការជំរុញ​លើកទឹកចិត្តទៅ​លើគំនិតផ្ទុយនៅក្នុងសង្គមប្រជាធិបតេយ្យ»។

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីមានការ​ស្នើពី លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុមមេធាវីតំ​​ណាងគណបក្សនេះ​ បានដាក់​ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា ​​ទៅ​​អយ្យ​ការអម​​សាលាដំ​​បូងរាជធា​​នី​​ភ្នំ​​​​ពេញ​ ដោយគណបក្ស​បានស្នើ​ឱ្យ​ពិនិត្យ ចោទប្រកាន់ និងផ្តន្ទាទោស​ លោក ស៊ឹង សែនករុណា ព្រមទាំង​​ទាម​ទារ​សំណង​ជំងឺ​ចិត្ត ២ ០០០ ០០០ ០០០ (ពីរពាន់លានរៀល) ឬស្មើប្រហាក់ប្រហែល​កន្លះលាន​ដុល្លារអា​​មេរិ​ក។

នៅក្នុងបណ្តឹងនោះ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា៖ ​«ការប្រព្រឹត្តរបស់បុគ្គលរូបនេះ[លោកស៊ឹង សែនករុណា​] ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យ​មាន​ការ​ស្អប់ រើស​អើង​ចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ»។

ពាក់ព័ន្ធនឹងករណីនេះ សារ​ព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី០៧ ខែកុម្ភៈ ក៏បានចេញ​សេចក្តីជូនដំណឹង ពីការ​​​កែតម្រូវសម្រង់សម្តីរបស់លោក ស៊ឹង សែនករុណា នៅក្នុង​អត្ថបទ​ព័ត៌មានរបស់ខ្លួន ដែលមានចំណងជើងថា «លោក​ សុន ឆ័យ គ្រោង​លក់ផ្ទះចុងក្រោយរបស់​លោកជាង ១លានដុល្លារដើម្បីសងជំងឺចិត្ត​បក្សកាន់អំណាច»ផងដែរ។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន្ត បានទេ។ ប៉ុន្តែកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក​​ធ្លាប់បានគូសបញ្ជាក់ថា ការដែលមានពា​ក្យបណ្តឹងពីគណបក្សប្រជាជនកម្ពុជា ក៏ព្រោះ​តែ​លោក ស៊ឹង សែនករុណា បាននិយាយ​ប៉ះពាល់ដល់កិតិ្តយស និង​សេចក្តីថ្លៃ​​ថ្នូ​រ​រ​ប​​ស់គណបក្សនេះ​ ដែលជាការបញ្ចេញមតិក្រៅក្របខណ្ឌនៃសិទ្ធិបញ្ចេញមតិ។

លោកបន្តថា៖ «គណបក្សប្រជាជន​មានសិទ្ធិក្នុងនាមជាជនទទួលរងនូវការប្រមាថការបៀតបៀនពីខាងក្រៅ ត្រូវដោះស្រាយរកយុត្តិធម៌ ហើយដើម្បីដោះស្រាយរកយុត្តិធម៌ គឺមានតែផ្លូវម្យ៉ាង គឺដោះស្រាយតាមប្រព័ន្ធតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ ការចេញសេចក្តីថ្លែងការណ៍អ្វីក៏ដោយ វាគ្មានបានផល គ្មាន​បានប្រយោជន៍​អ្វី ឬគ្មាន​ឥទ្ធិពល​អ្វី ដល់ដំណើរការនីតិវិធីរបស់តុលាការ តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាទេ »។

ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍នៅថ្ងៃទី១៤ ខែកុម្ភៈនេះ​​ថា សង្គមស៊ីវិលទាំងនោះ ពុំមានសិទ្ធិ​អ្វី​នៅក្នុង​ការចេញ​សេចក្តី​ថ្លែង​ការណ៍ សុំឱ្យ​មានការដកពាក្យបណ្តឹងជំនួសលោក ស៊ឹង សែនករុណា នោះ​ទេ។ លោកបន្ត​ថា លោក ស៊ឹង សែនករុណា ខ្លួ​នឯងគួរតែបានបង្ហាញនូវចេតនា​នៃ​ការចង់​​បាននូវការលើកលែងទោស ហើយ​ការ​សម្រេចដកពាក្យបណ្តឹង ឬមិនដក គឺអាស្រ័យ​​ទៅ​លើ​​ដើមបណ្តឹង។

លោកថា៖ «លោក ករុណា ទទួលស្គាល់ថា ខាងកាសែតបានស្រង់សម្តីគាត់ខុស ចឹង​បានន័យ​ថា​ គាត់ទទួលស្គាល់នូវកំហុសពីបទបរិហារកេរ្តិ៍ ទៅដល់គណបក្សប្រជាជនកម្ពុជាមែន​ហើយ ​បានគាត់ទៅកែកាសែត កែ​សម្តីវិញ ប៉ុន្តែមុននឹងគេប្តឹង ម៉េចក៏គាត់​មិនកែ? […] ហើយ​គាត់​ខ្លួន​ឯង​ហ្នឹង មាន​បានធ្វើអីទេជាមួយដើមបណ្តឹង ហេតុអីក៏មានសង្គមស៊ីវិលណាមកចេញសេចក្តីថ្លែងការណ៍ណាជំនួសទៅវិញ? លោក ករុណា មានបានបង្ហាញចេតនាទៅសម្របសម្រូល សុំទោសអីយ៉ាងម៉េចទេ?»។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា ពាក្យបណ្តឹងផ្លូវច្បាប់ដែលបានដាក់ទៅដល់តុលាការ មិនអាចឱ្យ​អ្នកណា​មកហៅថាជាការធ្វើទុក្ខបុកម្នេញនោះទេ ព្រោះអ្នក​ដែលប្រព្រឹត្តិ​ខុស​​ ត្រូវតែប្រឈមមុខនឹងវិធានការផ្លូវច្បាប់។

លោកថា៖ «ពាក្យបណ្តឹងផ្លូវច្បាប់ អ្នកបំពានច្បាប់គឺត្រូវតែទទួលខុសត្រូវ អ្នកដែលត្រូវបានគេបរិហារកេរ្តិ៍នោះ គេក៏ត្រូវមានសិទ្ធិទទួលបានយុត្តិធម៌ដែរ […] បណ្តឹងផ្លូវច្បាប់ មិនមែនជាការរំលោភបំពានដល់អ្នកណាទេ នេះគឺជាដំណើរការនីតិវិធីនៅក្នុងនីតិរដ្ឋ រាល់ពាក្យបណ្តឹងទៅតុលាការ មិនអាចមានអ្នកណាបកស្រាយថាជាការធ្វើទុក្ខបុកម្នេញនោះទេ ពីព្រោះអ្នកដែលត្រូវបានគេចោទប្រកាន់នោះ តើគេឈឺចាប់ប៉ុណ្ណា?»។

បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល លោក ស៊ឹង សែន​ករុណា គឺជាអនុ ប្រធានផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគម​អាដហុក ហើយ​​អស់រយៈពេលជា​ច្រើនឆ្នាំមកហើយ ដែលលោកហ៊ាននិយាយ​ជាសាធារណៈអំពីការរំលោភសិទ្ធិមនុស្ស ការបា​ត់បង់ធនធានធម្ម​ជាតិ ព្រៃឈើ បរិស្ថាន និងភាពអយុត្តិធម៌នៅក្នុងសង្គម៕