ពលរដ្ឋឥផើនៅស្រុកពារាំង ខេត្តព្រៃវែង បង្ហាញការព្រួយបារម្ភដីបាក់ស្រុតបន្តទៀត បន្ទាប់ពីផ្ទះចំនួនខ្នងបាក់ធ្លាក់ចូលទន្លេកាលពីសប្តាហ៍មុននេះ។
លោក យន់ បូរី អាយុ៤៦ ឆ្នាំ រស់នៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង អះអាងរូបគេមានការព្រួយបារម្ភខ្លាចបាក់ដីទៀត ក្រោយមានហេតុការណ៍បាក់ដីនៅតាមច្រាំងទន្លេនេះ ទើបតែបានកើតឡើងថ្មីនេះ។លោកបន្តថា មូលហេតុនៃការបាក់ដីច្រាំងទន្លេនេះ តាមការសង្កេតដោយសារតែទឹកស្រក ក្រោយពេលទឹកស្រកធ្វើឱ្យដីបាក់ស្រុតតែម្តង។លោកអំពាវនាវសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជួយដោះស្រាយជូនពលរដ្ឋ ដែលកំពុងតែជួបការខ្វះខាតផ្នែកជីវភាព។
លោកបន្តថា៖ « សូមជួយដោះស្រាយចំពោះគ្រោះថ្នាក់នេះផង ពួកខ្ញុំជាប្រជាពលរដ្ឋក្រខ្សត់ពេកហើយ »។
មិនមែនមានតែលោក យន់ រី ម្នាក់ទេ ដែលបង្ហាញក្តីកង្វល់ចំពោះបញ្ហាដីច្រាំងទន្លេបន្តបាក់ជាថ្មីទៀតនេះ។ស្ថិតក្នុងវ័យ៣៩ ឆ្នាំ និងរស់នៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងដែរ អ្នកស្រី សំ សំអាត ក៏បង្ហាញអារម្មណ៍ភ័យភិតដូចគ្នាដែរ។អ្នកស្រីបានប្រាប់បន្ថែមទៀតថាផ្ទះរបស់អ្នកស្រីប្រហែលជារស់នៅលែងកើតទៀតហើយ បើបាក់ពាក់កណ្តាលផ្ទះហើយ ហើយគៀកផ្លូវទៀត។
អ្នកស្រីបន្តថា៖ «ការខូចខាតដោយគ្រោះធម្មជាតិនេះអាជ្ញាធរមូដ្ឋានបានជួយរុសរើ ដឹកជញ្ជូនដែរ តែអត់មានជាសំណងខូចខាតអ្វីទេ ខ្ញុំសូមជួយដោះស្រាយពួកខ្ញុំប៉ុន្មានគ្រួសារ ព្រោះពួកខ្ញុំទីទាល់ក្រខ្លាំងណាស់ ម្យ៉ាងបំណុលធនាគារ ហើយបែមកជួបគ្រោះធម្មជាតិអញ្ជឹងទៀត »។
ដោយឡែក អ្នកស្រី រី ដែលអះអាងធ្លាប់រងគ្រោះដោយសារបាក់ស្រុតផ្ទះចូលទន្លេទាំងស្រុង បានប្រាប់ គេហទំព័រ Newsroom Cambodia ថា ក្រុមគ្រួសារអ្នកស្រីមិនមានរបួសដោយសារគ្រោះថ្នាក់នេះនោះទេ។ទន្ទឹមនឹងនេះ អ្នកស្រីស្នើឱ្យអ្នកមានចិត្តសប្បុរសនានា ជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាក់ស្រុតដីនៅខេត្តព្រៃវែងនេះផង។
អ្នកស្រីបន្តថា៖ « សូមអាជ្ញាធរ ឬសម្បុរសជនជួយផង ព្រោះសុទ្ធជាអ្នកអត់ៗ » ។
ទាក់ទិនបញ្ហានេះ មេឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង លោក ឈាង សាវី ឱ្យដឹងថាផ្ទះប្រជាពលរដ្ឋដែលបាក់ចូលទន្លេនេះ មកពីពលរដ្ឋមិនអនុវត្ត និងធ្វើតាមការអំពាវនាវពីអាជ្ញាធរមូលដ្ឋាន។លោកថា នេះមិនមែនជាលើកទីមួយទេ កន្លងមកផ្ទះពលរដ្ឋតែងបាក់របៀបនេះជារៀងរាល់ឆ្នាំរបៀបនេះដែរ។
លោកបន្តថា៖ «ខ្ញុំឃាត់គាត់ជារឿយៗ មិនឱ្យធ្វើទេនៅមាត់ទន្លេ ប៉ុន្តែគាត់មានលេសថា អត់មានដីនៅ ណាមួយនៅតំបន់នេះនៅតាមមាត់ទន្លេអ្នកភូមិធ្វើផ្ទះតាំងពីណាពីណីមក ពីដើមផ្ទះតិច ឥឡួវផ្ទះច្រើន នោះជាដីកម្មសិទ្ធិគាត់ តែដីនោះជាដីចំណីទន្លេ អញ្ចឹងប័ណ្ណកម្មសិទ្ធក៏អត់ចេញឱ្យគាត់ដែរ »។
បើតាមលោក ឈាង សាវី កាលពីឆ្នាំ២០២៣ ផ្ទះនៅឃុំកំពង់ពពិលនេះ បាក់សរុបប្រហែល៩៥ ខ្នងមកហើយ ដែលនេះជាទិន្នន័យសរុបទាំងធ្ងន់ និងទាំងស្រាល ដោយក្នុងនោះ មានផ្ទះ ៣ខ្នង បានបាក់ចូលទន្លេទាំងស្រុង។
ជាមួយគ្នានេះ លោក ចេម ប្រា អភិបាលស្រុកពារាំង អះអាងដោយខ្លីថាគ្រោះធម្មជាតិនេះ បណ្ដាលឱ្យខូចខាតផ្ទះសរុបចំនួន ៥ខ្នងទាំងធ្ងន់ និងស្រាល កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។
គណនីហ្វេសប៊ុក «ឈ្មោះ ប្រុស ម៉ៅ» ដែលត្រូវជាជាកូនរបស់អ្នកស្រី សំ សំអាត ហើយអះអាងថាជាជនរងគ្រោះបាក់ស្រុតដីកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថាផ្ទះរបស់ឱពុកម្តាយលោកទើបតែធ្វើបាន ៤ឆ្នាំ ហើយក៏ត្រូវបាក់ស្រូតចូលទៅក្នុងទន្លេ ស្របពេលជីវភាពកំពុងជួបការខ្វះខាត។
គណនីហ្វេសប៊ុកនេះបន្ថែថា៖ « ឥឡូវនេះរុះរើអស់ហើយលែងមានផ្ទះនៅទីនោះទៀតហើយអាណិតគ្រួសារខ្ញុំខ្លាំងណាស់ហេតុអ្វីជីវិតគ្រួសារខ្ញុំ វាជូរចត់ម៉្លេះជាតិនេះខំប្រឹងនាំគ្នារត់គេចពីភាពក្រលំបាកកន្លែងរស់នៅគេងមិនល្អដល់ពេលបានធ្វើបានល្អហើយមិចបានមកជួបរឿងអាក្រក់បែបនេះចឹង »។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក វណ្ណ សុផាត មានប្រសាសន៍ថាដីរបស់ពួកគេសាងសង់គឺជាដីសាធារណៈរបស់រដ្ឋ ដូចនេះរដ្ឋមិនអាចចេញប្លង់កម្មសិទ្ធិឱ្យបាននោះទេ។លោកថាអាជ្ញាធរគួរហាមឃាត់ប្រជាពលរដ្ឋដែលសាងសង់ដីដែលប្រឈមនឹងគ្រោះថ្នាក់នេះតាំងពីដើមទីមក ហើយអនុវត្តដោយហ្មត់ចត់ជាងនេះ។បើទោះជាបែបណា អ្នកការពារសិទ្ធិមនុស្សរូបនេះ ក៏នៅតែដាក់ការទទួលខុសត្រូវចំពោះបញ្ហានេះថាគឺជាបន្ទុករបស់អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារ។
លោកបន្តថា៖ « រដ្ឋគួរតែពិចារណារកដីឱ្យពួកគាត់នៅ ជាពិសេសគឺដីសម្បទានសង្គមកិច្ច ប្រសិនបើពួកគាត់អត់មានដីនៅ ហើយគាត់នៅប្រឈមនឹងគ្រោះថ្នាក់ចឹង ដីសាធារណៈរបស់រដ្ឋចឹង គាត់ពឹតជាអត់ដីមែន អាជ្ញាធរមូលដ្ឋានហ្នឹង គឺថាត្រូវអនុវត្តតួនាទីរបស់ខ្លួនក្នុងការស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការរកដីសម្បទានសង្គមកិច្ចឱ្យគាត់ដើម្បីឱ្យគាត់បានទៅរស់នៅ មានជីវភាពដូចប្រជាពលរដ្ឋធម្មតា » ។
ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយបញ្ញត្តិមាត្រា៣៩ កំណត់ថារដ្ឋាភិបាលកម្ពុជា «ត្រូវមានថវិកា និងធនធានបម្រុងសមស្របដើម្បីធានាដល់ការគ្រប់គ្រងគ្រោះមហន្តរាយ» រួមទាំងការត្រៀមឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងការស្តារឡើងវិញផងដែរ។តារាងទិន្នន័យស្ដីពីចំនួនគ្រោះមហន្តរាយ ដែលចេញដោយអង្គការទិន្នន័យស្តីពីការអភិវឌ្ឍ(ODC) រកឃើញថាចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០៣០ កម្ពុជារងគ្រោះទឹកជំនន់ច្រើនជាងគេ ខណៈចំណាត់ថ្នាក់លេខពីរ គឺបញ្ហាខ្យល់ព្យុះ អគ្គិភ័យ និងគ្រោះរាំងស្ងួត៕