លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងទូទាំងប្រទេស ហើយក្នុងករណីមានបន្តបើកថ្មីទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់។
តាមរយៈសារជាសំឡេងនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមក លោកធ្លាប់បានចេញបទបញ្ជាឱ្យផ្អាកការចេញអាជ្ញាបណ្ណផ្តល់សិទ្ធិឱ្យមានការបើកល្បែងផ្សងសំណាង នៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកក៏បានឱ្យគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាមួយអាជ្ញាធររាជធានីខេត្ត ដើម្បីពិនិត្យឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេស។
លោកថ្លែងថា៖ «ខ្ញុំសូមឱ្យឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ចាត់វិធានការជាបន្ទាន់នូវការត្រួតពិនិត្យល្បែងផ្សងសំណាងនៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីដែលមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការ ដើម្បីឈានទៅដកអាជ្ញាបណ្ណនៅក្នុងខេត្ត គឺនៅទូទាំងប្រទេសតែម្តង»។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា ការដាក់បទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី គឺសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅបានសុខ។ លោកបន្តថា នេះជាការធានាខុសត្រូវជាមួយនឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដែលមានចែងនៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកបន្ថែមថា៖ «អំពើចោរកម្មផ្សេងៗដែលកើតចេញអំពីការប្រព្រឹត្ត នៃល្បែងពាលាអាវាសែ ដំបូងទៅលេង អ្នកខ្លះមានលុយ ប៉ុន្តែលេងអស់លុយខ្លួនឯង ចាប់ផ្តើមទៅយករបស់ក្នុងផ្ទះទៅលក់ លក់អស់អារបស់ក្នុងផ្ទះទៅលក់ សំឡឹងឃើញរបស់អ្នកដទៃ ហើយរបស់អ្នកដ៏ទៃធ្វើម៉េច មានតែគេលួចឆក់ប្លន់គេហ្នឹងឯង អញ្ចឹងវាសុទ្ធតែជាចលករជំរុញឱ្យមនុស្សទៅប្រព្រឹត្តនូវអំពើមិនគួរគប្បី អញ្ចឹងលោក[លោកនាយករដ្ឋមន្រ្តី] ដាក់បញ្ជានេះគឺជារឿងមួយល្អបំផុត»។
អភិបាលរងខេត្តព្រះសីហនុ លោក ឡង់ ឌី ម៉ង់ ទទួលយកការណែនាំរបស់នាយករដ្ឋមន្ត្រី ដោយលោកថានឹងធ្វើការងារនេះបន្តជាមួយអាជ្ញាធរក្រុងស្រុកទាំង៥ ដើម្បីលុបបំបាត់ល្បែងផ្សងសំណាងនានា នៅក្នុងខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «ក្នុងនាមជារដ្ឋបាលខេត្ត ខ្ញុំនឹងសូមទទួលយកការណែនាំ និងអនុវត្តឱ្យមានប្រសិទ្ធភាពនូវបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនេះ។ គណៈមេបញ្ជាការខេត្តព្រះសីហនុ នឹងចាត់វិធានការបន្តទៀតជាមួយនឹងគណៈបញ្ជាការឯកភាពក្រុងស្រុកខណ្ឌរបស់ខ្លួន ដើម្បីចាត់វិធានការបន្តទៀត»។
ចំណែក លោក លី វណ្ណៈ នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប មានប្រសាសន៍ដែរថា អាជ្ញាធរខេត្តនឹងចុះត្រួតពិនិត្យ និងទប់ស្កាត់មិនឱ្យមានបើកល្បែងផ្សេងសំណាងថ្មីនៅក្នុងខេត្តនេះបន្តទៀតទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា អាជ្ញាធរគួរតែចាត់វិធានការឱ្យបានតឹងរឹងលើបញ្ហានេះ ដើម្បីធានាឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់។
លោកថា៖ «លុះត្រាតែអភិបាលខេត្តមានការប្តេជ្ញាចិត្តខ្ពស់ ខ្ញុំជឿជាក់ថាវានឹងអាចអនុវត្តទៅបាន»។ឮ
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ដែរថា ការត្រួតពិនិត្យលើទីតាំងល្បែងស៊ីសង គឺជារឿងចាំបាច់ដែលអាជ្ញាធរត្រូវអនុវត្ត។ លោកថា អាជ្ញាធរត្រូវតែចាត់វិធានការបង្រ្កាបល្បែងស៊ីសង និងអនុវត្តតាមផ្លូវច្បាប់ឱ្យបានតឹងរឹង ដោយមិនមានការយោគយល់ ជាពិសេសអាជ្ញាធរត្រូវនៅឱ្យឆ្ងាយពីល្បែងស៊ីសង។
លោកថា៖«ព្រោះបញ្ហាល្បែងស៊ីសង ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កឱ្យមានបទល្មើសផ្សេងៗក្នុងសង្គម បង្កឱ្យមានអំពើហិង្សា»។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក៏ធ្លាប់បានចេញបទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ រាប់តាំងពីឡូតូ និងកន្ទុយលេខ ដោយភ្ជាប់សារព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ដែលអសកម្មលើបញ្ហានេះផងដែរ។
លោកថា៖ «វាស្ទើរតែមិនមានការចាំបាច់ឱ្យមានអន្តរាគមន៍ពីថ្នាក់ជាតិនោះទេ បើឯកឧត្តម លោកជំទាវ ជាអភិបាលខេត្តរាជធានី យកការទទួលខុសត្រូវ ចេញកម្លាំងបង្ក្រាបលើមណ្ឌលលេងល្បែងទាំងនោះ ខ្ញុំសូមចេញបញ្ជាដោយម៉ឺងម៉ាត់បំផុត សូមឱ្យចាត់វិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត។ យើងមិនអាចបណ្ដោយឱ្យសភាពការណ៍កើតឡើងបែបអណាធិបតេយ្យតទៅទៀតទេ ទាក់ទងនឹងល្បែងនេះ ការបើកបនល្បែង វាមិនមែនជាកំណើនសេដ្ឋកិច្ចទេ»។
មាត្រា១ នៃច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង បញ្ញត្តិថា ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា លើកលែងតែមានការអនុញ្ញាតពីរដ្ឋាភិបាល។
បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់សរុបចំនួន ៤២៧ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន ៩១២នាក់ ក្នុងនោះមានស្រី ៤០៤នាក់៕